ភ្នំពេញៈ នៅ​កម្ពុជា​ការតែង​និពន្ធ មិនមែន​ជា​អាជីព​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះទេ គឺ​គ្រាន់តែ​ជា​ការងារ ដើម្បី​រកប្រាក់ចំណូល​បន្ថែម ឬ​ដោយ​ក្តី​ស្រឡាញ់​ប៉ុណ្ណោះ​។ ហេតុនេះ​ហើយ​បាន​ឃើញ​អ្នកនិពន្ធ​នៅ​ស្រុក​ខ្មែរ​មាន​តិចតួច​នៅឡើយ ជាពិសេស​អ្នកនិពន្ធ​ជា​ស្ត្រី​ ខណៈ​អ្នកនិពន្ធ​អាជីព​ពិបាក​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​ណាស់ ខណៈ​មាន​មនុស្ស​មួយចំនួន​មិនសូវ​ឲ្យ​តម្លៃ​អ្នកនិពន្ធ​នៅក្នុង​ការអភិវឌ្ឍ​សង្គមជាតិ ហើយ​ជួនកាល​អ្នកនិពន្ធ​ខ្លួនឯង ក៏​អស់សង្ឃឹម​ក្នុង​ការតែងនិពន្ធ​ផងដែរ​។

ដូច្នេះហើយ​ទើប​មាន​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​ជា​លើកដំបូង​នឹង​មាន​វត្តមាន​អ្នកនិពន្ធ​ជា​ស្ត្រី​ខ្មែរ​ចំនួន ១១ ​រូប​មាន​ឈ្មោះថា «​ប៉ាកកា​នារី​សំណេរ​នាង សំនៀង​សង្គម​» នៅ​សាកលវិទ្យាល័យ​ផារ៉ាហ្គន​នា​រសៀល​ថ្ងៃទី​ ២៩ ខែកុម្ភៈ ឆ្នាំ​ ២០២០ ចុង​សប្តាហ៍​នេះ​។

អ្នកស្រី ប៊ុត ធីតា (​កណ្តាល​) ជា​ម្តាយ​តារាចម្រៀង​ស្រី​អូរីជីណល​។ រូបថត ហ្វេសប៊ុក


ជាទូទៅ​វិស័យ​តែង​និពន្ធ​នៅ​ប្រទេស​កម្ពុជា​ចំនួន​អ្នកនិពន្ធ​បុរស និង​ស្ត្រី ស្ថិត​ក្នុង​វិសមភាព ខណៈ​ចរន្ត​គំនិត​ផុស​ជា​ឆន្ទៈ​ក្លាហាន​ហ៊ាន​សរសេរ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​នានា​របស់​ស្ត្រី​ក្នុង​សង្គម​ក៏​នៅមាន​កម្រិត​គឺ​ភាគច្រើន​ឃើញ​សម្បូរ​តែ​អ្នកនិពន្ធ​ប្រុសៗ​ដែល​ហ៊ាន​បញ្ចេញ​នូវ​ស្នាដៃ ឬ​ឆន្ទៈ​ដ៏មោះមុត​បរិយាយ​នូវ​សំណេរ​ខ្លួន​។

លោក ឃុត សុឃឿន ជា​នាយក​គ្រប់គ្រង​ការបោះពុម្ព​គ្រឹៈស្ថាន​បោះពុម្ព Creator ដែល​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហើប​ថា​៖ «​ដូច្នេះ​ហើយ​ទើប​ Creator Event រៀបចំ​ព្រឹត្តិការណ៍ ប៉ាកកានារី ក្រោម​ប្រធានបទ «​សំណេរ​នាង សំនៀង​សង្គម​» ដោយ​ចូលរួម​ពី​អ្នកនិពន្ធ​ស្ត្រី​ទាំង ១១ ​រូប​នឹង​ចែករំលែក​បទពិសោធ​ផ្សេងៗ​គ្នា​នៅ​ជុំវិញ​ការ​តែងនិពន្ធ ឱកាស ឧបសគ្គ និង​ការជំរុញ​ចិត្ត​អ្នកអាន ជាពិសេស ក្មេងស្រី​ឲ្យ​ហ៊ាន​ដើរ​តាម​ក្តីសុបិន​របស់​ខ្លួនឯង»​។


លោកបន្តថា «គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​លើក​ទី​ ១០៩ ឆ្នាំនេះ និង​រឹតចំណង​សាមគ្គីភាព​រវាង​អ្នកនិពន្ធ​ស្ត្រី និង​អ្នកអាន ជំរុញ និង​លើកទឹកចិត្ត​អ្នកអាន​ដែល​ជា​ស្ត្រី​ និង​ក្មេងស្រី​។ ចង់​ទាក់ទាញ​មជ្ឈដា្ឋន​ទូទៅ​ងាក​មក​ចាប់អារម្មណ៍​នឹង​អ្នកនិពន្ធ​ស្ត្រី ព្រោះ​យើង​ជឿជាក់ថា នៅពេល​ដែល​អ្នកនិពន្ធ​ស្ត្រី​ធ្វើការ​រួមគ្នា ពួកគេ​អាច​ចែករំលែក​នូវ​បទពិសោធ​ផែ្នក​តែង​និពន្ធ ស្វែងរក​មធ្យោបាយ​លើកកម្ពស់​ស្ត្រី និង​អប់រំ​ដល់​យុវជន និង​យុវតី ជំនាន់​ក្រោយ​បានល្អ​»​។

លោក ឃុត សុឃឿន បាន​បន្តថា​៖ «​ទោះបី​ជា​យ៉ាងនេះ​ក្តី យើង​សង្កេតឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​អ្នក​ស្រឡាញ់​សៀវភៅ និង​អ្នក​ចូលចិត្ត​អាន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះ​ទើប​គ្រឹះស្ថាន​បោះ​ពុម្ពផ្សាយ CREATOR យល់ឃើញ​ថា គួរតែ​យកចិត្ត​ទុកដាក់​នឹង​អ្នកនិពន្ធ​ពិសេស​អ្នកនិពន្ធ​ស្ត្រី​។ ហេតុអ្វី​ចាំបាច់​ត្រូវយក​ចិត្តទុកដាក់​នឹង​អ្នកនិពន្ធ​ស្ត្រី​? CREATOR មើលឃើញ​នូវ​សក្តានុពល​ដ៏ខ្លាំង​ក្នុងចំណោម​អ្នកនិពន្ធ​ស្ត្រី ហើយ​យើង​ជឿជាក់​ថា ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅក្នុង​ការតែងនិពន្ធ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដោយ​ភាពទន់ភ្លន់ នៅក្នុង​សង្គម​របស់​យើង​»​។

អ្នកស្រី សូ ភីណា អ្នកនិពន្ធ និង​បង្កើត​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​។ រូបថត ហ្វេសប៊ុក

ព្រឹត្តិការណ៍​ជុំគ្នា​ដ៏ធំ​មាន​អ្នកនិពន្ធ​ស្ត្រី​ចំនួន ១១ រូប​នោះ​រួមមាន អ្នកស្រី សូ ភីណា គឺជា​អ្នកនិពន្ធ និង​ជា​អ្នក​តែងកំណាព្យ ដោយ​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ និង​ជា​អ្នកនិពន្ធ​រឿង «​បុប្ផា​ណាផ្កា​មិន​រុះ​រោយ​» ជា​ប្រលោមលោក​ជា​បែប​ប្រវត្តិសាស្ត្រ​។

អ្នកនិពន្ធ ប៉ុល ពិសី ចូលរួម​សរសេរ​និពន្ធ​អត្ថបទ​ល្ខោននិយាយ​រឿង «​ឈូក​ក្នុង​បឹងភក់​» ​បាន​ជិត ៤០០ ភាគ​ជា​អ្នកនិពន្ធ​អត្ថបទ​ភាពយន្ត​យ៉ាងច្រើន​ទៀត​ដូចជា​រឿង «​ទឹកចិត្ត​ឪពុក​» រឿង​ «​ទឹកចិត្ត​គ្រូបង្រៀន​» រឿង​ «​ទឹកចិត្ត​បងស្រី​» រឿង «​កូនប្រសា​ស្រី​» ​រឿង «​ឃាតករ​» និង​រឿង «​ចិត្តសាវា​» ជាដើម និង​បាន​ជាប់​ពានរង្វាន់​និពន្ធ​កំណាព្យ និង​ប្រលោមលោក​ចំនួន ៥ ពី​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

កញ្ញា លឹម ផាន់ណា ជា​អ្នកនិពន្ធ និង​អ្នក​ប្រឹក្សា​ផ្លូវចិត្ត​ត្រូវគេ​ស្គាល់​ថា ជា​អ្នកនិពន្ធ​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទទួល​ពានរង្វាន់​ច្រើន និង​មាន​វត្តមាន​របស់​អ្នកស្រី ប៊ុត ធីតា ដែល​ជា​ម្តាយ​របស់​តារាចម្រៀង​ស្រី​អូរីជីណល​កញ្ញា ឡូរ៉ា ម៉ម ចូលរួម រួមទាំង​អ្នកនិពន្ធ​ទាំងចាស់​ក្មេង​ជាច្រើនរូប​ទៀតផង​ដែរ​៕

កញ្ញា លឹម ផាន់ណា អ្នកនិពន្ធ​ស្រី​ឈ្នះ​ពាន​ច្រើន​។ រូបថត ហ្វេសប៊ុក