ភ្នំពេញ៖ នា​ថ្ងៃទី ​១៥ ខែ ​កុម្ភៈ ឆ្នាំ ​២០២០​ ខាង​មុខ​នេះ នៅ​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា-ជប៉ុន​ (CJCC) ព្រះនាង​តូច នរោត្តម​ ជេនណា តារា​ចម្រៀង​ស្រី​វ័យ​ក្មេង ចេះ​​ច្រើន​ភាសា ជាប់​សែ​ស្រឡាយ​​រាជវង្ស​ មាន​ដុង​ពី​តូច​នឹង​មាន​វត្តមាន​​ជា​​តារា​កិត្តិយស​នៅ​ក្នុង​កម្មវិធី​ប្រគល់​ជយលាភី​នៃ​​​ការ​ប្រកួត​គំនូរ​សុបិន​​ស្រ្តី​រៀបចំ​ឡើង​ដោយ​​ក្រុមហ៊ុន​ SPA។​ ​

នេះ​គឺ​ជា​ការ​ប្រគល់​រង្វាន់​ជយលាភី​ផ្នែក​គូរ​គំនូរ​បាន​ស្អាត​ជាង​គេ​​លើក​ទី ​៩ ​​ប្រចាំ​ឆ្នាំ ​២០១៩ ​ក្រោម​​ប្រធានបទ​ «ភាព​អស្ចារ្យ​នៃ​ប្រទេស ​កម្ពុជា​»​ ​​ចាប់​​ពី​ម៉ោង ២ រសៀល​ រហូត​ចប់​កម្មវិធី ខណៈ​​វត្តមាន​អ្នក​អង្គម្ចាស់ ​នរោត្តម​ ជេនណា ជា​តារា​កិត្តិយស​ដោយ​ព្រះនាង​តូច​ក៏​មាន​ព្រះទ័យ​ចូលចិត្ត​សិល្បៈ​គំនូរ​នេះ​ដែរ​​​។

កញ្ញា​ ហ៊ាង វត្តី នាយិកា​គ្រប់គ្រង​​ក្រុមហ៊ុន ​SPA ​បង្ហើប​ឲ្យ​ដឹង​​​ថា​៖​ «​យើង​​ចាប់​​ផ្តើម​កម្មវិធី​ចាប់​ពី​ម៉ោង ​២​ ទៅ​ ដោយ​​​មាន​ការ​តាំង​រូប​គំនូរ​​គ្រប់​​ជំនាន់​មាន​​ការ​ថតរូប​ជុំ​គ្នា​ការ​ប្រគល់​រង្វាន់​​ម្ចាស់​​ជយលាភី​ ព្រម​​ទាំង​​មាន​វត្តមាន​អ្នក​អង្គ​ម្ចាស់​តូច​​​ នរោត្តម​ ជេនណា ផ្តល់​​កិត្តិយស​​ជា​តារា​ចម្រៀង​បក​​ស្រាយ​​ចម្រៀង​​​ ២ បទ​។ ដោយសារ​​តែ​ដឹង​ថា ព្រះ​នាង​ទ្រង់​​ក៏​ចូល​ចិត្ត​សិល្បៈ​​​គំនូរ​នេះ​ដែរ ទើប​​យើង​​​សម្រេច​ចិត្ត​អញ្ជើញ​ព្រះនាង​ជា​​ភ្ញៀវ​កិត្តិយស។ ​តាម​​ពិត​​ព្រះ​នាង​ទ្រង់​ក៏​ចង់​ចូល​រួម​គូរ​គំនូរ​នេះ​ដែរ តែ​ដោយសារ​កម្មវិធី​យើង​បាន​​ចប់​ហើយ ​ទើប​​ព្រះ​នាង​​មិន​អាច​ដាក់​​ពាក្យ​ប្រកួត​បាន។ អ៊ីចឹង​ហើយ​ទើប​​​ទ្រង់​យាង​​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ប្រគល់​​រង្វាន់​ជយលាភី​វិញ​ ​គឺ​​រៀបចំ​ធ្វើ​ថ្ងៃទី ​១៥ ខែ ​កុម្ភៈ ឆ្នាំ ​២០២០ ​នេះ​​»។​


ព្រះនាង​តូច នរោត្តម ជេនណា ជា​ពន្លក​សិល្បៈ​ថ្មី​ជាប់​សែ​ស្រឡាយ​រាជវង្ស​។ រូបថត ហ្វេសប៊ុក​

នាយិកា​​គ្រប់គ្រង​​​ក្រុមហ៊ុន​ SPA ក៏​​ប្រាប់​ពី​កម្មវិធី​​​ដែរ​​ថា​៖ ​«​​​កម្មវិធី​​ប្រកួត​គំនូរ​​​​សុបិន​​ស្រ្តី​របស់​ក្រុមហ៊ុន SPA​ ឆ្នាំ ​២០១៩ ក្រោម​ប្រធានបទ​ «ភាព​អស្ចារ្យ​​នៃ​ប្រទេស ​កម្ពុជា​» គឺ​ចង់​បង្ហាញ​ពី​គំនូរ ​ដែល​គូរ​ដោយ​ការ​​ប្រើ​អារម្មណ៍​យ៉ាង​ផ្ចិតផ្ចង់​​របស់​ស្ត្រី​ម្នាក់ ​​បង្ហាញ​ពី​ទេពកោសល្យ​ ដែល​កើត​​ចេញ​​ពី​​ការ​​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន ហើយ​​គូរ​រូប​​សម្រាប់​​​តំណាង​​ភាព​​អស្ចារ្យ​របស់​ខ្លួន ឬ​តំណាង​ប្រទេស​ខ្លួន​​​។ យើង​​​បង្កើត​កម្មវិធី​នេះ ​​ឡើង​​ដើម្បី​ជួយ​ជំរុញ​ឲ្យ​​ស្រ្តី​ខ្មែរ​​យើង ​កុំ​​បោះបង់​អាជីព​​ជា​អ្នក​ឌីហ្សាញ​​ និង​​បន្ត​ក្តី​សុបិន​របស់​ពួក​គាត់​ តាមរយៈ​ការ​បង្កើត​​ស្នាដៃ​​​​នានា​ ដូចជា​ការ​ច្នៃ​​ម៉ូដ​សម្លៀក​បំពាក់​កាបូប​ ដែល​កិច្ចការ​ទាំង​នេះ​អាច​រក​​ចំណូល​បន្ថែម​​ក្នុង​អាជីព​ជា​អ្នក​ស្រឡាញ់​សិល្បៈ​មួយ​រូប។​ ​​ការ​ប្រកួត​នេះ​ យើង​ទទួល​តែ​ស្រ្តី​​ខ្មែរ​ទេ​​ ដោយសារ​តែ​ចង់​លើក​កម្ពស់​ស្នាដៃ​ស្ត្រី​ខ្មែរ​យើង​​»។


កញ្ញា​ ហ៊ាង វត្តី ដែល​ធ្លាប់​ជា​​បេក្ខនារី​​ទទួល​​ជយលាភី​​​ក្នុង​ឆ្នាំ ២០១៣ ក៏​បាន​​បន្ត​ទៀត​ថា​៖​ «​សម្រាប់​កម្មវិធី​របស់​យើង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ខាង​ប្រទេស ​ជប៉ុន និង​ក្រុមហ៊ុន ​ឬ​ស្ថាប័ន​នានា​នៅ​ក្នុង​ប្រទេស ហើយ​យើង​​ក៏​បន្ត​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ដោយ​មាន​ការ​ផ្លាស់ប្តូរ​នូវ​​ប្រធានបទ​រៀងរាល់​ឆ្នាំ​​ផង​​ដែរ​។ សម្រាប់​​កម្មវិធី​ប្រកួត​នៅ​ឆ្នាំ​ ២០២០ យើង​នឹង​ចាប់​ផ្តើម​រើស​បេក្ខភាព​​ក្នុង​ខែ​តុលា ឆ្នាំ ​២០២០ ខាង​មុខ​​​។ ​​ចំពោះ​ការ​​ដាក់​ពាក្យ​បេក្ខនារី​​ទាំង​អស់​ត្រូវ​បំពេញ​នូវ​​ព័ត៌មាន​​​ផ្ទាល់​ខ្លួន (មាន​ឈ្មោះ អាយុ លេខ​ទូរស័ព្ទ​ សាលារៀន​ ឬមុខងារ ឬ​ទីកន្លែង​​ស្នាក់នៅ​ និង​ព័ត៌មាន​ផ្សេងៗ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​)​ ​លើ​​ផ្ទាំង​ក្រដាស​​មាន​គំនូរ​មិន​ទាន់​ផាត់​​ពណ៌ និង​គំនូរ ​ដែល​ផាត់​ពណ៌​​រួច​ ​(គំនូរ​ដូចគ្នា មាន​បំពេញ​ព័ត៌មាន​​ផ្ទាល់​ខ្លួន​ដូច​គ្នា​) ដែល​បេក្ខភាព​​គូរ ​សម្រាប់​ចូលរួម​ប្រកួត​ (គូរ​ដោយ​ដៃ ឬ​កុំព្យូទ័រ)។ បេក្ខជន​ដាក់​ពាក្យ​ប្រកួត​មាន​​សិទ្ធិ​​​​គូរ​​រូប​លើស​​​ពី ​១​ បាន​សម្រាប់​ដាក់​ប្រកួត​​ដែល​អាច​ផ្ញើ​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​មាន​ឈ្មោះ​ DREAM GIRLS Design Contest»។​

កញ្ញា​នាយិកា​ក្រុមហ៊ុន​ SPA បាន​បន្ថែម​ថា៖ «សម្រាប់​បេក្ខភាព​ដាក់​ពាក្យ​​ប្រឡង​​​មាន​ ២ ដំណាក់​កាល។​ ​ដំណាក់​កាល​ទី ​១​ បំពេញ​​បែប​បទ​ភ្ជាប់​ជាមួយ​រូប​គំនូរ​សម្រាប់​ប្រកួត ខណៈ​​​​ដំណាក់​កាល​ទី ២ សម្រាប់​​បេក្ខនារី​ ដែល​រស់នៅ​​តាម​ខេត្ត​ត្រូវ​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ដោយ​ខាង​កម្មវិធី​ផ្តល់​នូវ​​ថវិកា​បន្តិច​បន្តួច​​សម្រាប់​ការ​ស្នាក់នៅ​ និង​អាហារ​។ យើង​​ក៏​​មាន​គណៈកម្មការ​​​ជនជាតិ​ជប៉ុន​​ ៣ ​រូប​ ធ្វើ​ការ​ផ្តល់​ពិន្ទុ​ដោយ​ផ្ទាល់​ដែរ​។ ​​​លទ្ធផល​នៃ​ការ​ប្រកួត​​ជយលាភី​លេខ ​១ ​​បាន​ប្រាក់​រង្វាន់ ១ ០០០ ដុល្លារ លេខ ​២ បាន​​ ៣០០ ដុល្លារ និង​លេខ ៣ បាន​ ១០០ ដុល្លារ​»​៕