ក្រុងប្រ៊ុចសែល: គំនូរជីវចល​រឿង «Sorya» «Starseed» និង «Caramel''s Words» ជា​ចំណងជើង​ភាពយន្ដ​ ៣ ក្នុងចំណោម​គម្រោង​ភាពយន្ដ​ទាំង​ ៥៥ មកពី​ ១៦ ​ប្រទេស ដែល​ត្រៀម​បង្ហាញខ្លួន​នៅ​មហោស្រព​ភាពយន្ដ​គំនូរជីវចល​ឈានមុខ​នៅ​អឺរ៉ុប​។ នេះ​បើ​យោងតាម​វេបសាយ variety.com​។

មហោស្រព​លើក​ទី​ ២៣ នេះ​នឹង​ប្រព្រឹត្ដ​ទៅ​តាម​អនឡាញ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​ ៩ ដល់ទី​ ១១ ខែមីនា​។

ជា​ផ្នែក​មួយ​នៃ​ព្រឹត្ដិការណ៍ In Development ភាពយន្ដ​រឿង «Sorya» ដឹកនាំ​ដោយ​កូន​ខ្មែរ​បារាំង​លោក ដេនីស ដូ (Denis Do) ម្ចាស់​ជយលាភី​ភាពយន្ដ​បទ​យកការណ៍​ឆ្នើម​របស់ Annecy Fest តាមរយៈ​ស្នាដៃ​គំនូរជីវចល​រឿង «​ហ្វូណន​»​។


ហ្វូណន បង្ហាញ​ពី​ភាពយង់ឃ្នង​នៃ​របប​ខ្មែរក្រហម​នៅ​កម្ពុជា​។ ផ្ទុយ​ទៅវិញ​ក្នុង​រឿង សូរិយា លោក​ផ្ដោតលើ​បុគ្គលភាព ដោយ​តាមដាន​ពី​ជីវិត​យុវតី​កម្ពុជា​ម្នាក់​ដែល​មក​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​ក្រុងភ្នំពេញ​។ យុវតី​រូបនេះ​មាន​ក្ដី​សុបិន​ចង់​ក្លាយជា​តារាចម្រៀង​ដ៏ល្បីល្បាញ​ម្នាក់ ហើយ​ទីបំផុត​នាង​ក៏​ព្យាយាម​ស្វែងរក​ភាពនឹងធឹង​ក្នុង​ជីវិត​។

អ្នក​តែង​និពន្ធ​រឿង «​ហ្វូណន​» Thibault Kientz Agyeman នឹង​បង្កើត​តន្ដ្រី​ក្នុង​ខ្សែភាពយន្ដ​នេះ​។


នាយក​គ្រប់គ្រង​ទូទៅ​មហោស្រព​ភាពយន្ដ​គំនូរជីវចល អាននិក មែស បាន​និយាយថា​៖ «​គំនូរជីវចល​កំពុង​តែ​ទទួលបាន​ការពេញនិយម និង​ស្ថិតក្នុង​របត់​នៃ​វិបត្ដិ​ជំងឺ​សកល​ដែល​ផលិតករ​ភាពយន្ដ​ជាច្រើន​ងាក​មក​ផលិត​គំនូរជីវចល​ផងដែរ​»​។

រូបភាព​ដកស្រង់​ពី​ឈុត​ឆាក​មួយ​នៃ​ខ្សែភាពយន្ត​គំនូរជីវចល​រឿង សូរិយា ស្នាដៃ​របស់​លោក ដេនីស ដូ​។ រូបថត សហការី

ចំនួន​ភាពយន្ដ​គំនូរជីវចល​សម្រាប់​ចូលរួម​មហោស្រព​ភាពយន្ដ​គំនូរ​ជីវចល បាន​កើនឡើង​តិចតួច​។

អ្នកនាង​បាន​និយាយថា​៖ «​យើង​ទទួលបាន​ភាពយន្ដ​ចូលរួម​តិច ដោយសារ​ផលិតករ​ខកខាន​ក្នុង​ការផលិត​នៅ​ឆ្នាំ​ ២០២០ តែ​ភាពយន្ដ​ដែល​ផលិត​រួចរាល់​ក៏​ត្រៀម​ដាក់បញ្ចាំង​ផងដែរ​»​។

ក្នុងចំណោម​គម្រោង​ភាពយន្ដ​ទាំង ៥៥ នៅ​មហោស្រព​ភាពយន្ដ​គំនូរជីវចល ភាពយន្ដ​ចំនួន​ ៣ ត្រូវបាន​ចាត់ទុកជា​បទពិសោធ​ថ្មី និង​ភាពយន្ដ ៨ ជា​ស្នាដៃ​កំពុងមាន​ការរីកចម្រើន​។ ភាពយន្ដ ២២ ​រឿង​ទៀត​កំពុង​ស្ថិត​ក្នុង​ការអភិវឌ្ឍ ហើយ ២២ ​ទៀត​នឹង​ត្រូវ​បង្ហាញ​ជា​ទម្រង់​សិល្បៈ​បែប​ស្រមើស្រមៃ​។

ការបំប្លែង​ជា​ប្រភេទ​ភាពយន្ដ 2D ពិតជា​សំខាន់ ដែល​ភាពយន្ដ​មាន​ចំនួន​រហូតដល់ ២៣ ​រឿង លើ​វេទិកា​សម្រាប់​ឆ្នាំនេះ​។ ការផ្លាស់ប្ដូរ​ពី​បច្ចេកវិទ្យា 3D មក​ត្រឹម 2D ដែលជា​ទំនោរ​ពេញនិយម​មកជា​យូរ គឺជា​មូលហេតុ​ដ៏ជាក់លាក់​បំផុត​ចំពោះ​ផលិតកម្ម​មាន​ថវិកា​ល្មមៗ​។

នាយក​គ្រប់គ្រង​ទូទៅ​មហោស្រព ភាពយន្ដ​គំនូរជីវចល​បាន​បន្ថែមថា​៖ «​មិន​ច្បាស់​ថា ភាពយន្ដ 2D ឬ 3D​ល្អ​ជាង​គ្នា​នោះទេ តែ​វា​ស័ក្ដិសម​សម្រាប់​សកលលោក និង​បែបផែន​នៃ​ភាពយន្ដ​នីមួយៗ ដែល​ផលិតករ​ចង់​ផលិត និង​ជ្រើសរើស​ប្រភេទ​កុន​ 2D»៕ HR