ក្រុងសៀមរាបៈ បណ្តុំស្នាដៃនៃគំនូរព្រីនចំនួន ១៥ ផ្ទាំងដែលមានទំហំខុសគ្នារបស់វិចិត្រករពិការដៃទាំងសងខាងលោក ម៉ន ជា នឹងបើកការតាំងពិព័រណ៍ស្នាដៃដំបូងរបស់ខ្លួននៅវិចិត្រសាល Tribe Gallery នៅឯក្រុងសៀមរាប ខេត្តសៀមរាបនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះហើយ។
លោក ម៉ន ជា ត្រូវបានអង្គការ Epic Art នៅខេត្តកំពតទទួលយកទៅឲ្យរៀនជំនាញសិល្បៈគំនូរនៅឆ្នាំ ២០១៥-២០១៧ ក្រោយពីលោកធ្លាក់ខ្លួនពិការដៃទាំង ២ កាលពីឆ្នាំ ២០១០ ខណៈខ្លួនមានវ័យ ២០ ឆ្នាំដោយសារការកាត់ដៃទាំង ២ ចោល ក្រោយពីបានឆក់ខ្សែភ្លើងនាគ្រាខ្លួនលោកជាកម្មករសំណង់។
ក្រោយពីបានទៅរៀនចប់ក្នុងឆ្នាំ ២០១៧ មកនោះលោក ម៉ន ជា ក៏ទទួលបានការងារពេញម៉ោងនៅក្នុងអង្គការ Epic Art រហូតដល់បច្ចុប្បន្ន ខណៈលោកក៏មានការងារក្រៅម៉ោងជាមួយនឹងក្រុមការងាររបស់វិចិត្រករស្រីចិត្តធម៌ កូនកាត់ជប៉ុន-អាមេរិក កញ្ញា ឡូរ៉េន អ៊ីអិដា ( Lauren Iida) ដែលជាសហស្ថាបនិកនៃ Open Studio Cambodia បានជិត ១ ឆ្នាំហើយដែរ។
វិចិត្រករមានស្រុកកំណើតនៅខេត្តកំពតដែលបានពិការដៃទាំង ២ លោក ម៉ន ជា ខណៈបច្ចុប្បន្នមានវ័យ ២៩ ឆ្នាំបង្ហើបឲ្យដឹងពីការនាំយកស្នាដៃគំនូរព្រីន ( block print pictures) ដែលមានការជួយជ្រោមជ្រែងពី កញ្ញា ឡូរ៉េន អ៊ីអិដា នោះថា៖ «ក្រោយពីបានធ្វើការងារនៅទីនេះ [Open Studio Cambodia] ជិត ១ ឆ្នាំមកក៏អាចបង្កើតបានស្នាដៃប្រភេទគំនូរព្រីនសម្រាប់ខ្ញុំជាជនពិការដៃទាំងសងខាង ហើយជួយរៀបចំឲ្យមានការតាំងពិព័រណ៍ស្នាដៃតែម្នាក់ឯងជាលើកដំបូងផងដែរ។ ពិព័រណ៍ស្នាដៃនេះគឺជារូបភាពដែលបានរៀបរាប់ពីដំណើរជីវិតរបស់ខ្ញុំ ក្រោមចំណងជើង ថា «The Space Between» នៅវិចិត្រសាល Tribe Gallery នៅខេត្តសៀមរាបចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហាបន្តរហូតទៅដល់ទី ៣១ ខែសីហាឆ្នាំ ២០១៩»។
លោក ម៉ន ជា ក៏បានរំឭកឲ្យដឹងពីការងារដំបូងផងដែរថា លោកគឺជាសិល្បករពហុទេពកោសល្យ ១ រូប បើទោះជាខ្លួនជនពិការដៃទាំងសងខាងក្តី ខណៈលោកធ្លាប់ជាអ្នករបាំសហសម័យ និងវិចិត្រករនៅអង្គការ Epic Art ប្រមាណជាង ១០ ឆ្នាំ។ ហើយលោក ម៉ន ជា ក៏បានសម្រេចចិត្តលាឈប់ពីការងារពេញម៉ោងនៅអង្គការ Epic Art មកធ្វើការងារពេញម៉ោងវិញផងដែរនៅ Open Studio Cambodia ចុងខែកក្កដា ឆ្នាំ ២០១៩ នេះដែរដើម្បីរកការបង្កើតថ្មី។
ស្នាដៃគំនូរព្រីន (block print pictures) គឺជាបច្ចេកទេសដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជាដែលអាចជួយសម្រួលក្នុងការបង្កើតស្នាដៃសិល្បៈគំនូរសម្រាប់ជនពិការដៃដូចជាលោក ម៉ន ជា។ ខណៈស្នាដៃទាំង ១៥ ផ្ទាំងមានទំហំខុសគ្នា និងមានតម្លៃផ្សេងៗគ្នាផងដែរ បើតាមការប្រាប់ពីកញ្ញា ឡូរ៉េន អ៊ីអិដា មានតម្លៃចន្លោះពី ១៧០-២៥០ ដុល្លារ៕