ក្រុងបាត់ដំបងៈ ដោយសារតែ​ការ​បណ្តុះ​បណ្តាល​នូវ​ពហុ​ជំនាញ​សិល្បៈ និង​ជំរុញ​យ៉ាង​ខ្លាំង​លើ​វិស័យ​សិល្បៈ​សៀក នា​រយៈពេល ៧ ឆ្នាំ​ទៅ ១០ ឆ្នាំ ចុង​ក្រោយ​នេះ​ជា​លទ្ធផល​បាន​នាំ​ឲ្យ​សាលា​ហ្វាពន្លឺ​សិល្បៈ​បាន​ទទួល​វិញ្ញា​បនបត្រ ឬ​ជា​ប័ណ្ណ​សរសើរ​ពី​ទីភ្នាក់ងារ​ទេសចរណ៍​លំដាប់​ពិភពលោក TripAdvisor ប្រចាំ​ឆ្នាំ ២០១៨ ផ្នែក​អង្គការ​ដែល​បង្កើត​ឲ្យ​មាន​ទម្រង់​សិល្បៈ​ច្រើន​ជំនាញ។

បើ​យោងតាម​កញ្ញា ម៉ា​រី​យ៉ុ​ន ស៊ី​វេ​នៀ (Marion Sevenier) ជា​បុគ្គលិក​ផ្នែក​សម្រប​សម្រួល​នៃ​សាលា​ហ្វា​ពន្លឺ​សិល្បៈ​បាន​ឲ្យ​ដឹង​ពី​ចំណុច​សំខាន់ៗ ដែល​នាំ​ឲ្យ​ទទួល​បាន​សមិទ្ធផល​ដំបូង​ជា​វិញ្ញា​បនបត្រ​សរសើរ​ពី​ទីភ្នាក់ងារ​ទេសចរណ៍ Trip-Advisor នៅ​ឆ្នាំ ២០១៨ នេះ​ថា៖ «ទម្រង់​សិល្បៈ​សៀក​ដែល​សម្តែង​ដោយ​ក្រុម​សិស្ស​យើង ក្រោយ​ពី​បាន​ឆ្លង​កាត់​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​នេះ​ចន្លោះ​ពី ៧ ឆ្នាំ ទៅ ១០ ឆ្នាំ​មក គឺ​ពួកគេ​បាន​នាំ​យក​ទៅ​សម្តែង​សិល្បៈ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​រឿង​ប្រវត្តិសាស្ត្រ ក៏​ដូចជា រឿង​ព្រេង នា​ពេល​ថ្មី​នេះ ការ​បង្ហាញ​ឧបករណ៍​តន្ត្រី​បុរាណ​ផ្សេងៗ​និង​សម្តែង​របាំ​ផងដែរ តាមរយៈ​ការ​បង្ហាញ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ ទើប TripAdvisor បាន​ផ្តល់​ប័ណ្ណ​សរសើរ​ឲ្យ​សាលា​ប្រចាំ​នៅ​ឆ្នាំ ២០១៨ ក្រោយ​ពី​ប្រមូល​បាន​ស្ថិតិ​ទិន្នន័យ​នៃ​ចំនួន​ទេសចរ​មើល (Viewers) រួច​មក»។

កញ្ញា ម៉ា​រី​យ៉ុ​ន ស៊ី​វេ​នៀ បន្តថា៖ «TripAdvisor ប្រគល់​នូវ​ប័ណ្ណសរសើរ​នោះ ដោយសារ​បាន​ទទួល​ស្ថិតិ​ចំនួន​ទេសចរ​ចូល​មើល​ច្រើន​ជាង 1100 Viewers ពី​សំណាក់​ក្រុម​ទេសចរ​លំដាប់​ខ្ពស់ៗ ក្រោម​ប្រធាន​បទ​ពិភាក្សា​ពី​សិល្បៈ​សៀក របាំ និង​ផ្សាយ​ផ្ទាល់​នូវ​ទម្រង់​សិល្បៈ​នានា​របស់​សិស្ស​សាលា​យើង ដែល​មាន​ចំនួន​ច្រើន​ចន្លោះ​ពី ៣ ដង ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍»។


នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​សាលា​ហ្វា​ពន្លឺ​សិល្បៈ ដែល​ខំ​បណ្តុះបណ្តាល​ពហុ​ជំនាញ​សិល្បៈ​ដល់​សិស្ស​ខ្មែរ​ជាពិសេស​សិស្ស​ក្រីក្រ និង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុស​សាយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រោយ​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៤ ដោយ​ក្រុម​សិស្ស​រស់​នៅ​ជំរំ​ព្រំដែន៕