ក្រុងញូវដែលី: សមាជិក​ក្រុមគ្រួសារ Bathini Goud បានផ្ដល់ «ឱសថត្រី» ដល់​អ្នក​ជំងឺ​ម្នាក់​នៅ​ទីលាន​ពិព័រណ៍​ក្នុង​ក្រុង​ហៃដឺរ៉ាបាប រដ្ឋ​តេឡាន​ហ្គាណា ប្រទេស​ឥណ្ឌា នា​ខែ​មិថុនា​នេះ​ជាមួយ​ពិធី​ស្វាគមន៍​រដូវ​មូសុង​ប្រចាំ​ឆ្នាំ។

ឱសថ ដែល​ត្រូវ​បានផ្ដល់​ដោយ​ក្រុមគ្រួសារ​រស់នៅក្នុង​ទីក្រុង​ឥណ្ឌា​ភាគ​ខាងជើង​នេះ​ដល់​អ្នកជំងឺ​តាំង​ពី​ឆ្នាំ ១៨៤០ ជា​វិធី​ព្យាបាល​ជំងឺហឺត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ ត្រូវ​បាន​ញាត់​ត្រី​មូរ៉េ​ទាំង​រស់​ចូល​មាត់​អ្នក​ជំងឺ។

ពួកគេ​ប្រើ​ឱសថ​បុរាណ​ពណ៌​លឿង ដែល​គេ​ជឿថា​បានផ្ដល់​ការព្យាបាល​ជំងឺ​ច្រើន​មុខ បើ​លេប​ជាប្រចាំ​រយៈពេល ៣ ឆ្នាំ។ សម្រាប់​អ្នក​ទទួល​ទាន​បួស ក្រុម​គ្រួសារ​ប្រើ​ឱសថ​បុរាណ​នេះ​ជាមួយ​ស្ករ​អំពៅ។


Bathini Harinath Goud បាន​និយាយថា សមាជិកគ្រួសារ​ពួកគេ​បានផ្ដល់​វេជ្ជសាស្ដ្រ​បុរាណ​នេះ​ទៅ​កាន់​អ្នក​ជំងឺ​ចំនួន ៤០ ទីតាំង។ ក្រសួង​នេសាទ បាន​ផ្គត់ផ្គង់​ត្រី​ប៉ុន​ម្រាមដៃ​ប្រមាណ ១៣ ម៉ឺន​ក្បាល សម្រាប់​ដាក់​លក់​នៅ​តាម​ទីតាំង​នីមួយៗ ទោះ​ចំនួន​អ្នកជំងឺ​ពិត​ប្រាកដ​ដែល​ហ៊ាន​លេប​ត្រី​រស់​នេះ​មាន​មិន​ដល់ ១០ ម៉ឺន​នាក់​ក៏​ពិត​មែន។

ការព្យាបាល​បែប​បុរាណ ដែល​ពឹង​លើ​រូបមន្ដ​ថ្នាំបុរាណ​ដ៏​អាថ៌កំបាំង​នេះ បាន​ទាក់ទាញ​មនុស្ស​រាប់ពាន់​នាក់​មក​ពី​ទូទាំង​ប្រទេស។ ប៉ុន្ដែ​ចំនួន​អ្នកជំងឺ​ហ៊ាន​លេប​ឱសថ​នេះ​បាន​ថមថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។


វិស័យ​វេជ្ជសាស្ដ្រ ចាត់ទុកជា​ទង្វើ​បោកប្រាស់ ប៉ុន្ដែ ក្រុមគ្រួសារ Goud បាន​អះអាង​ថា ការ​ពិសោធ​បាន​បង្ហាញ ថា ឱសថ​បុរាណ​នេះ​មាន​សុវត្ថិភាព៕