ក្រុង​ហាណូយ : ការ​ពាក់​ម៉ាស់​លែង​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់ទៀត​ហើយ នៅ​វៀតណាម។ អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ឯទីក្រុង​ហាងណូយ​ បាន​​បន្ថែម​រចនាប័ទ្ម​លម្អ​ដល់​គ្រឿង​​ពាក់​ការពារ​ខ្លួន​ ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​​​កាន់តែ​ច្រើន​ជ្រើសរើស​ពាក់ម៉ាស់​ការពារ​ខ្លួន និង​មនុស្សជុំវិញ​ខ្លួន។

អ្នកច្នៃ​ម៉ូដ​នៅ​វៀតណាម បាន​បង្កើត​ម៉ាស់​ដែល​មាន​ប៉ាក់​​រូប​ភាពទាក់ទាញ​ចិត្ត​មនុស្ស​ឲ្យ​ចាប់អារម្មណ៍​នឹង​ការ​ពាក់​ម៉ាស់​ការ​ពារ​ខ្លួន​ពី​វីរុស​កូរ៉ូណា។

នៅប្រទេស​វៀតណាម​ ការ​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​គឺ​ជា​កតព្វកិច្ច ហើយ​អជ្ញាធរ​ក៏​​ធ្វើការ​ពិន័យ​ដល់​អ្នក​ដែល​​មិនគោរព​បទ​បញ្ជា​នេះ​ផង​ដែរ។


យ៉ាង​ណាមិញ ជនបរទេស និង​ភ្ញៀវ​ទេសចរ​​តែង​តែ​ត្រូវ​បានគេប្រទះ​ដើរ​តាមផ្លូវ​ដោយ​មិនមាន​ពាក់​ម៉ាស់។

អ្នក​ពាក់​​ម៉ាស់​នឹង​លែង​​ត្អូញ​ពី​ភាព​គួរ​ឲ្យ​ធុញ​ទ្រាន់​នៃ​ការ​ពាក់ម៉ាស់​​ដដែលៗ។ រូបថត AFP


អ្នក​ច្នៃ​ម៉ូដ​នៅ​ក្រុង​ហាណូយ ដូ ង្វៀនហាវ រំពឹង​ថា ការ​បន្ថែម​​ក្បាច់​ផ្កា រូបសត្វ សត្វ​ល្អិត​ និង​រូបភាព​នានា​ប៉ាក់ដោយដៃ អាច​ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ឲ្យ​ជ្រើសរើស​យក​ការ​ពាក់ម៉ាស់​ស្អាតៗ​។

អ្នកច្នៃម៉ូដ​រូបនេះ​បាន​លើកឡើង​ថា៖ «ជនបរទេស​ខ្លះ​នៅតែ​ស្រពិចស្រពិល​ពីការ​ពាក់ម៉ាស់ ព្រោះ​ពួកគេ​គិត​ថា ទាល់តែ​អ្នក​មាន​ជំងឺ​ទើបត្រូវ​ពាក់ម៉ាស់»។

អ្នកនាង ដូ ង្វៀនហាវ បាន​លើកឡើង​ទៀត​ថា៖ «អ៊ីចឹងហើយ ខ្ញុំ​ចង់​ប្រើប្រាស់​សិល្បៈ​ដេរប៉ាក់​​​ដ៏​ផ្ចិតផ្ចង់​នេះ ផ្លាស់ប្ដូរ​គំនិត​របស់ពួកគេ។

នាង​បាន​និយាយ​ថា ម៉ាស់​ប៉ាក់ដោយដៃ​មួយ ត្រូវ​ប្រើពេល​ប្រមាណ ៣ ថ្ងៃ ខណៈ​ម៉ាស់​ប៉ាក់​ដោយម៉ាស៊ីន​ងាយ​ស្រួល និង​មានល្បឿន​លឿន​​ក្នុង​ការ​ផលិត។

អ្នក​ច្នៃ​ម៉ូដ​ ដូ ង្វៀនហាវ បាន​ឲ្យដឹង​ទៀត​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ម៉ាស់​ទាំង​នេះ​មាន​ភាព​ពិសេស​លើពី​ម៉ាស់​ពាក់ការពារទូទៅ។ វា​ជា​ហ្វេសសិន​សម្រាប់​ទាំង​បុរស និង​នារី»។

ម៉ាស់​មាន​ជម្រើស​ប៉ា់ក់ដោយដៃ តម្លៃ ២១ ដុល្លារ និង​ប៉ាក់ដោយ​ម៉ាស៊ីន​ងាយ​ផលិត ហើយ​​ធូរ​ថ្លៃជាង។ រូបថត AFP

ម៉ាស់​ធ្វើពីក្រណាត់​កប្បា​ស​​មាន​រូប​ប៉ាក់​មួយ មានតម្លៃ ២១ ដុល្លារ​អាមេរិក ដែល​លើស​ពី​លទ្ធភាព​​ចំណាយ​របស់​ពលរដ្ឋ​វៀតណាម​​ជីវភាព​មធ្យម។ ប៉ុន្តែ​គ្រាន់តែ​ចាប់ផ្ដើម​ដេរ​ដំបូង នាង​ទទួល​បានកា​រកុម្ម៉ង​កាលពីខែមីនា រហូត​ចំនួន ២០០ ម៉ាស់។

រីឯអ្នកស្រី​ ង្វៀន ម៉ាយត្រា ជា​អ្នកសារព័ត៌មាន ដែល​មានចំណាប់អារម្មណ៍​លើ​សិល្បៈ​វាយនភណ្ឌ បាន​ធ្វើ​ម៉ាស់​ពីក្រណាត់សូត្រ មាន​ប៉ាក់ក្បាច់​ផ្កា​ប្រពៃណី។

អ្នកស្រី​មានជំនួយ​​ពី​កូន​ប្រុស​ស្រី​របស់​អ្នក​ស្រី​​បាន​​សម្រាក​សិក្សា​នៅផ្ទះ ព្រោះតែ​សាលា​រៀន​ត្រូវបានបិទ​ទ្វារ​។

អ្នកស្រី​បាន​ចាត់ទុក​កិច្ចការ​ដេ​រ​ប៉ាក់ម៉ាស់ គឺ​ជា​​ទម្លាប់​ប្រចាំ​ថ្ងៃ​ ដែល​ធ្វើឲ្យគ្រួសារ​​កាន់តែ​ស្និទ្ធស្នាល។

អ្នកស្រីបាន​និយាយ​ថា៖ «ពេល​យើង​ទាំង​បី​ធ្វើ​ម៉ាស់​រូបមឮគ្នា យើង​កាន់តែ​មាន​មនោសញ្ចេតនា​ អារម្មណ៍ជិតដិត ​នឹង​ស្រឡាញ់គ្នា​ទ្វេ​ឡើង។ អ្នក​ដែល​ទទួល​ម៉ាស់ពីយើង បាន​ប្រាប់​យើង​ថា ពាក់​ទៅ​ធ្វើឲ្យ​ពួកគេ​សប្បាយចិត្ត ជាជាង​កើត​ទុក្ខព្រួយ»៕ AFP

ការ​ដេរ​ប៉ាក់ដោយដៃ ម៉ាស់​មួយ​ត្រូវ​ប្រើពេល​រហូត​ដល់ ៣ ថ្ងៃ​។ រូបថត AFP

អ្នក​ច្នៃម៉ូដ​រំពឹង​ថា សិល្បៈ​ដេរប៉ាក់ នឹង​​លើក​សោភ័ណភាព​ម៉ាស់ ហើយ​ទាក់ទាញ​ចិត្ត​អ្នក​ពាក់​កាន់តែ​ច្រើន។ រូបថត AFP