ក្រុង​ដាកា៖ សម្លេង​ហ៊ោរ​អបអរ​សាទរ​ពី​មិត្តរួមការងារ​បាន​បន្លឺឡើង នៅពេល​ដែល​​សហការី​អ្នកអានព័ត៌មានទូរទស្សន៍ ជា​នារីកែភេទ​រំភើប​ទប់ទឹក​ភ្នែកពុំបាន​ក្រោយពី​​បញ្ចប់ការ​អាន​ព័ត៌មាន​ហើយ​កាមេរ៉ា​ថត​ក៏​បានបិទ​​​ជាស្ថាពរ។

បង់ក្លាដេស​ជា​ប្រទេស​ដែល​មាន​ប្រជាជន​កែភេទ ១,៥​ លាននាក់ ដោយពួកគេ​សុទ្ធសឹង​តែ​ប្រឈម​នឹង​ហិង្សា ការ​រើសអើង និង​ការបង្ខំ​ឲ្យ​ដើរ​សុំទាន លក់ខ្លួន និង​ប្រព្រឹត្តិ​អំពើឧក្រិដ្ឋកម្ម។

បទពិសោធ​របស់​អ្នក​អានព័ត៌មាន Tashnuva Anan Shishir ជា​នារី​កែភេទ​ ដែល​បាន​បញ្ចប់​កម្មវិធី​ព័ត៌មាន​ខ្លី​រយៈពេល​ ៣​នាទី​ឲ្យស្ថានីទូរទស្សន៍​ឯកជន Boishakhi TV រូបនេះ​ក៏​មិន​សូវ​ខុស​ពី​​ពលរដ្ឋ​បង់ក្លាដេស​ភេទ​ទីបី​ឯទៀត​​ដែរ។


​នារីកែភេទ​ដំបូង​បង្អស់​ដែល​អានព័ត៌មានតាម​កញ្ចក់ទូរទស្សន៍ មានខ្សែជិវិត​មិនខុស​ពី​អ្នក​កែភេទ​ខ្ទង់លាន​នាក់​នៅ​បង់ក្លាដេស។ AFP

ដោយ​មានឈ្មោះពី​កំណើត​ថា Kamal Hossain Shishir នាង​​បាន​ដឹង​ខ្លួន​តាំង​ពី​នៅជំទង់ថា នាង​ជា​នារី​ភេទ​​​ក្នុង​រាងកាយ​បុរស។ នាង​រំឭកថា នាង​តែង​តែត្រូវបានគេ​ធ្វើបាប​ និង​មាក់ងាយ​ផ្លូវភេទ​អស់រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយ។


កញ្ញា​កែភេទ​វ័យ ២៩​ឆ្នាំ​រូបនេះ​បាន​រំឭក​ការ​ឈឺចាប់​គ្រា​នោះទៀត​ថា៖ «ទង្វើ​ធ្វើបាប​មក​លើ​​រូបខ្ញុំ​កាលណោះ​ សឹង​តែ​ពុំអាច​ទ្រាំទ្របាន ហើយខ្ញុំ​ធ្លាប់​ប៉ុនប៉ង​សម្លាប់ខ្លួន ៤​ដង​មកហើយ។ ឪពុក​របស់ខ្ញុំ​ឈប់​​និយាយ​រកខ្ញុំ​រាប់​ឆ្នាំហើយ»។

ដោយទ្រាំលែង​បាន នាង​ក៏​បាន​ចាក់​ចេញពីផ្ទះ ដោយ​នាង​​លើកឡើង​ថា៖ «ខ្ញុំ​លែង​​ចង់​ឃើញ​អ្នក​ជិត​ខាង​ខ្ញុំ​ដែល​តែង​តែ​និយាយ​ដើម​ខ្ញុំ រិះគន់ខ្ញុំ​ប្រាប់ឪពុកខ្ញុំថា ខ្ញុំ​គួរ​តែ​ហាត់ដើរ​ឲ្យ​ស្វាហាប់ដូចប្រុស ខ្ញុំ​គួរតែ​ធ្វើ​ចរិត​ប្រុស»។

កញ្ញា​​ Tashnuva រំភើប​ទប់ទឹកភ្នែក​មិន​បាន ក្រោយពី​បញ្ចប់​ការ​អានព័ត៌មាន។ AFP

នាង​បាន​​ដើរ​ពនេចរ​រហូត​ទៅ​ដល់​ស្រុកមួយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង ដោយ​កសាង​ជីវិត​ថ្មី​តែ​ម្នាក់ឯង​នៅ​រដ្ឋធានីដាកា មុននឹង​​បន្ត​ខ្សែ​ជីវិត​ទៅរស់នៅ​ទីក្រុង​ Narayanganj។

ទៅដល់ទីនោះ នាង​បាន​ឆ្លង​​កាត់​ការ​ចាក់អ័រម៉ូន​​កែភេទ នឹង​ចាប់ផ្ដើម​ការងារ​​នៅ​អង្គការ​មនុស្សធម៌ រួមទាំង​ឆ្លៀត​សម្ដែង​នៅ​រោង​មហស្រព ដើម្បី​រក​ថវិកាបន្ត​ការ​សិក្សា។

កាលពីខែ​មករា ដើមឆ្នាំ ២០២១ នាង​បាន​ក្លាយជា​នារីកែភេទ​ដំបូង​បង្អស់ ដែល​បាន​បន្តការ​សិក្សា​​​អនុបណ្ឌិតផ្នែក​សុខាភិបាលសាធារណៈ នៅ​សាកលវិទ្យាល័យ​ James P Grant School of Public Health ឯទីក្រុង​ដាកា។

បន្ទាប់មក​នាង​ក៏បាន​ចូល​បម្រើការ​ជា​អ្នក​អានព័ត៌មាន​ឲ្យទូរទស្សន៍​។

លោក Julfikar Ali Manik ជា​អ្នកនាំ​ពាក្យស្ថានីយ៍​ Boishakhi TV បាន​ឲ្យដឹង​ថា ប៉ុស្ដិ៍ទូរទស្សន៍​នេះព្យាយាម​ផ្ដល់​ឱកាស​ដល់​ Shishir បើទោះជា​​ស្ថានីយ៍​ទូរទស្សន៍​របស់ខ្លួន​អាច​ប្រឈម​នឹង​ការ​រិះគន់ចាស់​ដៃ​​​​ពី​មនុស្ស​ក្នុង​សង្គម​ដ៏អភិរក្ស​។

លោក​បាន​បញ្ជាក់​យ៉ាង​ខ្លីថា៖ «វត្តមាន​បើក​ឆាក​របស់នាង គឺ​ជា​ការ​បោះ​ជំហាន​មួយ​​ក្នុង​ប្រវត្តិសាស្ត្រ»៕ AFP/HR

សហការី​របស់នាង ថត​រូបអនុស្សាវរីយ៍​ជាមួយ​កញ្ញា​​ Tashnuva ជានារី​កែភេទ៕ AFP

សហការី​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នារី​កែភេទ​ដែល​ជា​បុគ្គលិក​អានព័ត៌មានទូរទស្សន៍​ដំបូង​បង្អស់នៅ​បង់ក្លាដេស។ AFP

កញ្ញា​​ Tashnuva តាក់តែង​កាយ​​មុនចូលស្ទូឌីយោ​អានព័ត៌មាន។ AFP