ក្រុងសៀមរាប៖ ធ្នូបុរាណ ធ្នូសម័យ និងគ្រាប់ព្រួញទាំង ២ ប្រភេទ ត្រូវបានតម្រៀបនៅលើតុវែងរួចជាស្រេច ត្រៀមស្វាគមន៍ភ្ញៀវទេសចរមករៀនបាញ់ធ្នូកម្សាន្ត ក៏ដូចជារំឭកនឹកដល់គុណមហាបុព្វបុរសខ្មែរនាសម័យមហានគរ នៅទឹកដីរលួស នៅក្រុងសៀមរាប។
កងទ័ពធ្នូ ៦ នាក់ គ្រងឈុតបុរាណក្បិនខ្មៅ អាវពណ៌ក្រហមពីជំនាន់សតវត្សរ៍ទី ៩ ត្រៀម ស្មឹងស្មាធិ៍រង់ចាំសំឡេងស្នែងក្របីពីនាយព្រាហ្មជាព្រះរាជគ្រូ ក្នុងការបង្ហាញពីក្បួន ៨ ជំហរនៃការបាញ់ធ្នូ តាមបញ្ជាពីមេទ័ពដែលឈរនៅខាងមុខក្បួន។
ការបង្ហាញពីរបៀបបាញ់ធ្នូ ទាំង ៨ ជំហរនេះ ត្រូវបានរៀបចំផ្ទាល់ពីអ្នកស្រាវជ្រាវអំពីប្រវត្តិធ្នូខ្មែរ លោក ទិល ចាន់លិន ដែលជាអ្នកគ្រប់គ្រងទូទៅ នៅក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា បន្ទាយជ័យ ៨០២ ក្នុងទឹកដីសៀមរាបអង្គរ។
អ្នកជំនាញរូបនេះបានពន្យល់ថា៖ «របៀបបាញ់ធ្នូទាំង ៨ ជំហរ បង្ហាញពីភាពខ្លាំងក្លានៃការបាញ់ធ្នូក៏ជាការរំឭកគុណមហាបុព្វបុរសដែលបានកសាងទឹកដី ដូចជាការកសាងប្រាសាទឲ្យកូនចៅជំនាន់ក្រោយបានឃើញ ព្រមទាំងបានរស់នៅ និងជាពិសេសបង្ហាញពីភាពខ្លាំងក្លារបស់កងទ័ព វីរបុរសខ្មែរនាសម័យកាលនោះផងដែរ»។
លោក ទិល ចាន់លីន បានធ្វើការស្រាវជ្រាវអំពីធ្នូខ្មែរ ដោយចងក្រងសម្ដីចាស់ព្រឹទ្ធាចារ្យ ពិនិត្យតាមសារមន្ទីរ នៅលើជញ្ជាំងប្រាសាទ។ ទិន្នន័យដែលលោកទទួលបានច្រើនជាងគេ គឺតាមជញ្ជាំងប្រាសាទអង្គរវត្ត ដែលបានបង្ហាញពីរូបភាពធ្នូ ជំហរបាញ់ធ្នូ របៀបបាញ់ធ្នូ បច្ចេកទេសនៃការបាញ់ធ្នូ ទិដ្ឋភាពនៃធ្នូទាំងមូល និងភាពខ្លាំងនៃធ្នូ។
អ្នកជំនាញធ្នូរូបនេះបានពន្យល់ថា៖ «ធ្នូបានមានរូបរាងឡើងនៅជញ្ជាំងប្រាសាទក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី ២ ក៏ប៉ុន្តែមុនសូរ្យវរ្ម័នទី ២ មាននៅប្រាសាទបាពួន នៅប្រាសាទបន្ទាយស្រី មានន័យថា ធ្នូខ្មែរ គឺមានមកយូរហើយ ប៉ុន្តែទិន្នន័យបច្ចុប្បន្ន គឺនៅលើប្រាសាទបន្ទាយស្រី»។
លោកបានស្រាវជ្រាវជំហរនៃការបាញ់ធ្នូ ពីជញ្ជាំងប្រាសាទអង្គរវត្ត ដោយបានឆ្លាក់រៀបជាជួរ ហើយការបង្ហាញរបស់ធ្នូមានត្រឹមតែ ៨ ជំហរប៉ុណ្ណោះ។ ប៉ុន្តែតាមការសិក្សារបៀបបាញ់ធ្នូមានរហូតទៅដល់ ៣២ ជំហរ ដែលលោកកំពុងតែសិក្សាបន្ថែម និងគ្រោងដាក់បញ្ចូលក្នុងការសម្តែងទាំង ៣២ ជំហរនៅក្នុងថ្ងៃខាងមុខ ដើម្បីបង្ហាញដល់ប្រជាជនក្នុងស្រុក និងជាតិសាសន៍ដទៃ បានស្គាល់ពីធ្នូខ្មែរ។
ស្ថិតនៅក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា បន្ទាយជ័យ ៨០២ លោក សា ឌីណា ជាម្ចាស់ក្លិបបាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងបានចាប់ផ្តើមបានរយៈពេល ៨ ខែមកហើយ ដោយដីនេះដំបូងគ្មានអ្វីទាំងអស់ មានតែវាលស្រែ វាលខ្សាច់មានស្មៅតិចតួច ហើយយើងក៏បានជីកស្រះ ឆ្ការព្រៃ ព្រោះថាទីនេះព្រៃក្រាស់ សូម្បីអ្នកភូមិក៏មិនហ៊ានចូលដែរ»។
ស្ថាបនិកវ័យ ៣៣ ឆ្នាំ រូបនេះ បានផ្តួចផ្តើមគំនិតបង្កើតនូវភូមិបុរាណមួយដូចជាបន្ទាយ ដោយជ្រើសយកទីតាំងជិតអតីតបារាយណ៍នៅសតវត្សរ៍ទី ៩។
លោកលើកពីគោលបំណងដូច្នេះថា៖ «បើយើងនិយាយពីខេត្តសៀមរាប យើងនឹងនឹកឃើញពីសម័យកាលដ៏រុងរឿងរបស់ខ្មែរយើងគឺ មហានគរខ្មែរ ឬមហាអាណាចក្រខ្មែរ ពេលនោះគឺប្រទេសខ្មែរមានភាពរីកចម្រើនណាស់ អ៊ីចឹងដើម្បីផ្សារភ្ជាប់នៃភាពរីកចម្រើនទាំងនោះ ឲ្យសមស្របទៅនឹងភូមិសាស្ត្រនៃខេត្តសៀមរាបផងដែរ»។
បន្ទាយជ័យ ៨០២ មិនមានត្រឹមតែក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាមួយប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងក្នុងការរៀបចំភូមិបុរាណ ដែលមានដូចជា ផ្សារបុរាណ កន្លែងសិប្បកម្ម កន្លែងផលិតធ្នូ ដាវលំពែង បណ្ណាល័យ ផ្ទះស្នាក់ កន្លែងបោះតង់ និងអាហារដ្ឋាន។
អ្នកនាង ស្រីនី ពិសី ជាអ្នកភ្នំពេញដែលបានផ្លាស់ទីលំនៅមករស់នៅក្រុងសៀមរាប ក៏ជាអ្នកមកកម្សាន្តនៅបន្ទាយជ័យ ៨០២ បានប្រាប់មកភ្នំពេញ ប៉ុស្តិ៍ ថា៖ «ដោយសារទីនេះគេទើបនឹងធ្វើថ្មី ហើយសំខាន់នោះមានកន្លែងបាញ់ធ្នូដែលជាប្រពៃណីរបស់ខ្មែរយើង ព្រោះអត់ដែលបានសាកបាញ់ធ្នូពីមុនមក អ៊ីចឹងក៏ចង់មកសាក និងមកមើលថាគាត់បានរៀបចំដូចខ្មែរយើងពីដើម ឬក៏អត់។ នៅទីនេះមានអារម្មណ៍ថា ស្រស់ស្រាយល្អធម្មជាតិ។ បន្ទាប់ពីមកម្តងនេះហើយ គិតថានឹងមកម្តងទៀត ដោយសារឮគាត់ (លោក សា ឌីណា) ថា នឹងមានធ្វើអ្វីបន្ថែមទៀត»។
លោក សា ឌីណា ក៏ជាអ្នកដឹកនាំ Cambodia Amazing Trip Planner មានគម្រោងបង្កើតភូមិបុរាណ រួមមានបណ្ណាល័យ ការប្រមូលផ្តុំនៃរូបភាព វីឌីអូ ពីភូមិសាស្ត្រតំបន់ទេសចរណ៍មួយចំនួនក្នុងប្រទេស កម្ពុជា ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ស្ថានិកក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា និងជាអ្នកដឹកនាំ Cambodia Amazing Trip Planner រូបនេះបង្ហើបពីគម្រោងភូមិបុរាណថា៖ «អាហារដ្ឋានយើងបង្កើតដោយអាចឲ្យភ្ញៀវមកចំណាយពេលវេលាក្នុងការញ៉ាំអាហារបែបថ្មី បែបធម្មជាតិ យើងបង្កើតឈ្មោះប្លែកដូចជាមាន់ដុតបន្ទាយទ័ព ត្រីដុតបន្ទាយទ័ពដោយការញ៉ាំដូចជានៅក្នុងបន្ទាយទ័ព ការអាំងបែបបុរាណ ដើម្បីឲ្យមានភាពទាក់ទាញ»។
ផ្ទះស្នាក់រចនាប័ទ្មរបស់ខ្មែរយើងនាសតវត្សរ៍ទី ៩ ដែលលោកគ្រោងនឹងសាងសង់ធ្វើក្នុងពេលឆាប់ៗនេះ បានកំណត់តម្លៃ ដោយផ្ទះមេទ័ព ៣៥ ដុល្លារ ផ្ទះមេក្រុម ២៥ ដុល្លារ ផ្ទះកូនទ័ព ១៥ ដុល្លារ និងមានកន្លែងបោះតង់បានរហូតដល់ ២៥០ តង់ តម្លៃក្នុង ១ តង់ ១០ ដុល្លារ។
ចំពោះភ្ញៀវទេសចរ ដែលមានបំណងមកកម្សាន្តនៅបន្ទាយជ័យ ៨០២ ជាក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ដែលមានបំណងចង់ចេះបាញ់ធ្នូ បន្ទាយជ័យ ៨០២ ក៏មានការបង្ហាត់បង្រៀនពីអ្នកមានជំនាញ ក្នុងរយៈពេល ៩០ នាទី តម្លៃ ៥ ដុល្លារ សម្រាប់ភ្ញៀវជាតិ និង ៩ ដុល្លារ សម្រាប់ភ្ញៀវអន្តរជាតិ។
ធ្នូមាន ២ ប្រភេទសម្រាប់ឲ្យភ្ញៀវជ្រើសរើស ដោយពីសម័យបុរាណគេចាត់ទុកធ្នូជាអាវុធធ្វើសង្គ្រាម ប៉ុន្តែមកដល់បច្ចុប្បន្នចាត់ទុកជាប្រភេទកីឡា។
លោក ទិល ចាន់លីន បានបង្ហាញពីរបៀបប្រើនៃធ្នូទាំង ២ ប្រភេទនេះថា៖ «សម្រាប់ធ្នូបុរាណយើង ប្រើតាមការស្រាវជ្រាវរបស់ខ្ញុំមកមាន ៣ ប្រភេទ មានធ្វើមកពីឫស្សី ផ្តៅ និងទ្រាំង។ ធ្នូ ដែលធ្វើមកពី ឫស្សី និងផ្តៅប្រើសម្រាប់បរបាញ់សត្វធម្មតា។ ចំពោះធ្នូដែលធ្វើអំពីទ្រាំងនេះក៏បរបាញ់សត្វដែរ ប៉ុន្តែបើកាលពីសម័យមុនគេយកទៅធ្វើសង្គ្រាម ដើម្បីការពារទឹកដី»។
លោកបញ្ជាក់ដែរថា៖ «ធ្នូខ្មែរ និងធ្នូសម័យមានរបៀបនៃការបាញ់ខុសគ្នា ដោយធ្នូខ្មែរយើងរាងពិបាកបាញ់ជាងធ្នូសម័យ ប៉ុន្តែទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ អ្នកខ្លះគាត់ចង់ចេះប្រើនូវអ្វីដែលខ្មែរយើងមានតាំងពីបុរាណ ប៉ុន្តែអ្នកខ្លះទៀតក៏គិតថាចង់ចេះទាំងធ្នូសម័យ និងធ្នូបុរាណ»។
ក្រៅពីគម្រោងបង្កើតភូមិបុរាណលើកស្ទួយវប្បធម៌បុព្វបុរសខ្មែរ ក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ក៏គ្រោងចាត់ចែងសំរាមដោយរកឡដុត និងកាត់បន្ថយផ្សែងពុលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ទន្ទឹមនឹងនោះ ស្ថាបនិកក៏ព្យាយាមកំណត់តម្លៃដ៏ទាក់ទាញសម្រាប់ជាតិសាសន៍ខ្លួនមកលេងកម្សាន្ត។
ស្ថាបនិក សា ឌីណា បាននិយាយថា៖ «យើងព្យាយាមយកនូវតម្លៃមួយដែលសមរម្យ សមស្របទៅនឹងជីវភាពនៃប្រជាជនយើងដែលបានមកទីនេះម្តងហើយ និងចង់មកម្តងទៀត។ ទាក់ទងនឹងការចូលមកទស្សនានៅទីនេះ ទោះបីជាបងប្អូនមិនជ្រើសរើសយកកញ្ចប់មួយណាក៏ដោយ ក៏យើងខ្ញុំអនុញ្ញាតឲ្យបងប្អូនមកទស្សនាដោយមិនគិតថ្លៃផងដែរ»៕
វីដេអូ៖