ភ្នំពេញៈ ដោយសារចង់ចូលរួមចែករំលែក និងបញ្ជ្រាបពីបញ្ហាបរិស្ថាន ភាពស្អាតស្អំ សម្រាប់ការរស់នៅគ្រប់ទីកន្លែង ដែលជាកត្តាដ៏សំខាន់នៃជីវិតមនុស្សគ្រប់រូប ជាពិសេសនៅតាមបណ្តាតំបន់រមណីយដ្ឋានទេសចរណ៍នានា នៅក្នងប្រទេសកម្ពុជា ដើម្បីរួមចំណែកប្រែក្លាយជាមន្តស្នេហ៍ទាក់ទាញក្រុមទេសចរទាំងក្នុងស្រុក និងបរទេស មកកម្សាន្តម្តងរួចហើយ ចង់បានទៀត ក៏ព្រោះតែមានសោភ័ណ្ឌភាពស្រស់ស្អាត និងបរិយាកាសល្អ។
ដូច្នេះហើយបានជាថ្ងៃប្រារព្ធខួបលើកទី២០ នៃការបង្កើតក្រុមហ៊ុនទេសចរណ៍ខ្លួននោះ និងក្រោមការដឹកនាំផ្ទាល់ពីប្រធានក្រុមហ៊ុន ទើបក្រុមហ៊ុនទេសចរណ៍វើលដ៍អិចប្រេស បានបើកយុទ្ធនាការដាំដើមឈើ និងរើសសំរាម បញ្ជ្រាបបញ្ហាបរិស្ថាននៅតំបន់ទេសចរណ៍ ដែលមានបុគ្គលិកចូលរួមចំនួនប្រមាណ ៨០ នាក់។
លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍វើលដ៍អិចប្រេស និងជាទីប្រឹក្សាជាន់ខ្ពស់ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បង្ហើបប្រាប់ពីគោលបំណងនៃយុទ្ធនាការនេះថា៖ «គោលបំណងទីគឺការប្រារព្ធខួបលើកទី២០ ឆ្នាំ នៃការបង្កើតក្រុមហ៊ុន។ ទី២ ចង់បន្តសកម្មភាព ដែលធ្លាប់បានធ្វើជាង ១០ ឆ្នាំ មកហើយ គឺការដាំដើមឈើ រើសសំរាម នៅតាមតំបន់ទេសចរណ៍នានា ខណៈការដាំដើមឈើយើងច្រើនធ្វើនៅតាមសាលារៀន និងវត្តអារាម ហើយរើសសំរាមនោះ ច្រើនធ្វើនៅតាមតំបន់ទីប្រជុំជន ផ្សារ និងតំបន់រមណីយដ្ឋានទេសចរណ៍នានា នាពេលយើងបានទៅកម្សាន្តតែម្តង។ ដូចជាឆ្នាំនេះ យើងបានយកដើមឈើទៅដាំនៅសាលារៀនភាសាចិន ចេងម៉េង និងសាលាមតេយ្យ ស៊ិន ស៊ីសាមុត នៅខេត្តកំពង់ស្ពឺ និងដើររើសសំរាមនៅផ្សារមួយក្បែរថ្នល់ទទឹង និងនៅតំបន់រមណីយដ្ឋានគិរីរម្យផងដែរ»។
លោក ហូ វណ្ឌី បន្តឲ្យដឹងបន្ថែមពីគោលបំណងនៃយុទ្ធនាការនេះទៀតដែរថា៖ «ប្រការសំខាន់នៃយុទ្ធនាការនេះ គឺចង់ចែករំលែកបងប្អូនខ្មែរយើង ឲ្យចេះពីរបៀបទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ដើម្បីធ្វើពួកគាត់ទទួលបានផាសុកភាពទាំងផ្លូវកាយ និងចិត្ត។ ម្យ៉ាងទៀតចង់ឃើញពលរដ្ឋ និងក្រុមទេសចរក្នុងស្រុក និងក្រៅស្រុក មកកម្សាន្តនៅតំបន់ទេសចរណ៍នានារបស់កម្ពុជា មានចិត្តរួមគ្នាចេះរក្សាបញ្ហាបរិស្ថានទាំងអស់គ្នា។ ហើយក៏ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទាំងអស់នៅកម្ពុជាឲ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញចំណាប់អារម្មណ៍ទេសចរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចង់ឲ្យក្រុមហ៊ុនវិនិយោគនានា ចូលរួមកសាងតំបន់ទេសចរណ៍ខ្មែរទាំងអស់ឲ្យមានសក្កតានុពលទៀតផង»៕