កំពង់ស្ពឺ៖ ឧទ្យានជាតិ​គីរីរម្យ​គឺជា​តំបន់​ទេសចរណ៍ កម្សាន្ត​ធម្មជាតិ​ទឹក​ធ្លាក់ ជួរ​ភ្នំ គ្រប​ដណ្ដប់​​ដោយ​ព្រៃឈើ​មាន​ពណ៌​បៃតង​គ្រប់​រដូវកាល និង​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ និង​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​គីរីរម្យ ដែល​មាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ រមណីយដ្ឋាន វីគិរីរម្យ ផាញ រីស៊ត បាន​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត មិន​អាច​រំលង​បាន។

វីគិរីរម្យ ផាញ រីស៊ត ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មាន​ផ្ទះ​ស្នាក់​ជាច្រើន​ប្រភេទដូចជា ផ្ទះវីឡា បឹងកាឡូ ផ្ទះលូ ផ្ទះខ្មែរ តង់ទំនើប និង​តង់ធម្មតា ដោយ​តម្រូវ​តាម​ចំណង់​ចំណូល​ចិត្ត​ទេសចរ ដែល​ចង់​មក​សម្រាក​លម្ហែរ រំលាយ​ភាព​តានតឹង និង សកម្មភាព​កម្សាន្ត​ផ្សេងៗ​ជាច្រើន។


លោក HICHI OKAMOTO អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ​រមណីយដ្ឋាន​វីគិរីរម្យ បាន​ឲ្យ​ដឹង​ថា​ «ផ្ទះ​ស្នាក់​ទាំងអស់​គឺជា​អត្តសញ្ញាណ របស់​រមណីយដ្ឋាន វីគីរីរម្យ ដូចជា វីឡា​ប្រណីត​មាន​បន្ទប់​គេង​ចំនួន ៣ នៅ​ខាង​ក្នុង។ យើង​មាន​កន្លែង​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ក៏​តម្លៃ​សមរម្យ​ដែរ ដូចជា ការ​បោះតង់​តម្លៃ​ត្រឹម​តែ ២០​ ដុល្លារ​សម្រាប់​មនុស្ស​ពីរ​នាក់ ប៉ុន្តែ​តង់​យើង​គឺ​ខុស​ប្លែក​ពី​តង់​ទូទៅ​គឺ​ប្រណីត​ជាង។ ពួក​យើង​ក៏​មាន​ផ្ទះខ្មែរ ដែល​ភ្ញៀវ​បរទេស​ចូល​ចិត្ត​ណាស់ ព្រោះ​គេ​គិត​ថា នេះ​ជា​ស្ទីល​រស់​នៅ​របស់​ប្រជាជន​កម្ពុជា»។

ក្រៅ​ពី​ផ្ទះ​ស្នាក់​ស្រស់​ស្អាត និង​ប្លែកៗ​ជាច្រើន​ប្រភេទ វីគីរម្យ ក៏​មាន​កម្មវិធី​សម្រាប់​ភ្ញៀវ​ទេសចរ មក​កម្សាន្ត​សប្បាយ​ជាច្រើន​ដូចជា ការ​ជិះកង់ ​ការ​ជិះ​គោយន្ត​ ដើរព្រៃ​​គយគន់​ទេសភាព​ព្រៃឈើ ដើរ​ឆ្លង​ខ្សែរ៉ត ជិះ​ប៉ាល់​យក្ស​រត់​លេង ហែលទឹក ជិះទូក និង​កម្សាន្ត​ជាមួយ​កីឡា​ចម្រុះ​ប្រភេទ​ទៀត។


រមណីយដ្ឋាន​នេះ​ក៏​មាន​ប្រព័ន្ធ​អគ្គីសនី បណ្តាញ​ទឹកស្អាត និង Wifi រួម​ទាំង​ភោជនីយដ្ឋាន ដែល​បម្រើ​អាហារ​ជា​ច្រើន​មុខ​ មាន​រសជាតិ​ឆ្ងាញ់ ចេញ​ពី​ថ្វី​ដៃ​ចុងភៅ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ។

លោក HICHI OKAMOTO បញ្ជាក់ថា ស្ថាបនិក វីគិរីរម្យ លោក Takeshi Izuka បាន​មក​ទី​នេះ ៥ ឆ្នាំ​មុន គឺ​គាត់​ចង់​ធ្វើ​ឲ្យ​ក្តី​ស្រម៉ៃ​របស់​គាត់​ក្លាយ​ជា​ការ​ពិត។

លោកថ្លែងថា៖ «នៅ​ទី​នេះ មិន​ត្រឹមតែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ហើយ​មាន​ដើម​ស្រល់​ដ៏​កម្រ​ជាច្រើន​ទៀត ខ្ញុំ​ស្រឡាញ់​ដើម​ឈើ​នេះ ពិសេស ហើយ​ខ្ញុំ​អាច​ឃើញ​ដើម​ស្រល់ និង​សត្វហើរ វា​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ នៅ​ទី​នេះ ខ្ញុំ​រីករាយ​បំផុត មិន​ត្រឹម​តែ​ទេសភាព​ស្អាត​ទេ ទីនេះ​មាន​កម្ពស់ ៧០០ ម៉ែត្រ​បើ​ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ ហើយ​កម្រិត​សីតុណ្ហាភាព គឺ​ត្រជាក់​ជាង​តំបន់​ខាង​ក្រោម​ភ្នំ និង​នៅ​ភ្នំពេញ​ទៀត»។

លោក HICHI OKAMOTO បន្តថា​ ​ដំបូង​នៅ​ទីនេះ​មិន​មាន​អ្វី​ទាំង​អស់ និង​​បាន​ចាប់​ផ្តើម​សាង​សង់​អ្វីៗ​ទាំងអស់ ជាពិសេស​ការ​ប​ង្កើត​ប៉ុស្តិ៍​យាម ដើម្បី​ការពារ​សុវត្ថិភាព និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

លោក​​ថា៖ «ការ​ការពារ​ល្អ​បំផុត គឺ​មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​នោះ​ទេ គឺ​ចូលរួម​ស្រឡាញ់​ឧទ្យាន​ជាតិ​គិរីរម្យ មក​កម្សាន្ត​ទីនេះ​ឲ្យ​បាន​ច្រើន ពេល​នោះ​ប្រជាជន​កម្ពុជា​នឹង​ចាប់​ផ្តើម​ស្គាល់​ពី​តម្លៃ ហើយ​ពួកគេ​ខ្លួន​ឯង​នឹង​ព្យាយាម​ការពារ​តំបន់​នេះ ដោយ​មិន​ឲ្យ​ជន​បរទេស​ណា​មក​បំផ្លាញ ហើយ​យើង​នឹង​ព្យាយាម​ដើម្បី​ផ្សព្វផ្សាយ ពី​ឧទ្យានជាតិ​គិរីរម្យ​នេះ ព្រោះ​យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​រីករាយ និង​ស្ញប់ស្ញែង ចំពោះ​ធនធាន​ធម្មជាតិ​ដ៏​អស្ចារ្យ​ដែល​ពួកគេ​មាន និង​ជួយ​ពួកគេ​ក្នុង​ការ​ការពារ​ទីនេះ​ផងដែរ»។

សូម​បញ្ជាក់​ថា​ រម្យណីយដ្ឋាន វីគីរម្យ មាន​ផ្ទៃដី​ប្រមាណ ៩ ពាន់​ហិកតា ក្រោម​ការ​សម្បទាន​របស់​រាជ​រដ្ឋាភិបាល​រយៈពេល ៥០​ឆ្នាំ​ដល់​អ្នក​វិនិយោគិន​ជប៉ុន។ ផ្ទៃដី​ភាគ​ច្រើន​របស់ វីគីរីរម្យ គឺជា​តំបន់​ការពារ​ព្រៃឈើ និង​មិន​ទាន់​មាន​ការ​អភិវឌ្ឍន៍ ចំណែក​តំបន់​អភិវឌ្ឍ​មាន​ចំនួន​តិច​តួច​តែ​ប៉ុណ្ណោះ។

រមណីយដ្ឋានដ៏​ស្រស់​ស្អាត​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឧទ្យានជាតិ​ព្រះ​សុរាម្រិត​កុសុមៈគិរីរម្យ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ ៤ ចម្ងាយ​ប្រមាណ ១១៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ ទំនាក់​ទំនង​លេខ​ទូរសព្ទ៖ ០៧៨ ៧៧៧ ៣៤១/ ០៧៨ ៤៤៤ ៦៦១/ ០៧៨ ៧៧៧ ២៨៤ ឬ​ហ្វេសប៊ុក vKirirom Pine Resort ៕

វីដេអូ៖