​កិច្ច​គាំពារ​វិនិយោគិន គឺជា​ការងារ​ចម្បង និង​អាទិភាព​សម្រាប់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ក្នុងនាម​ជា​អាជ្ញាធរ​គ្រប់គ្រង​វិស័យ​មូល​ប​ត្រ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ត្រូវបាន​រៀបចំ​ជា​បន្ត​បន្ទាប់ ក្នុង​គោល ដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព តម្លាភាព និង​សណ្តាប់​​ធ្នាប់ នៃ​ដំណើរការ​របស់​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ជាពិសេស​រក្សា​ទំនុកចិត្ត​របស់​វិនិយោគិន​មូល​ប​ត្រ​។​

​ន​.​ម​.​ក​.​ត្រួតពិនិត្យ​លក្ខ​ណស​ម្ប​តិ្ត​គ្រប់​បុគ្គល​ទាំងអស់ ហើយ​ផ្តល់​ការអនុញ្ញាត អាជ្ញា​បណ្ណ ឬ​ការទទួលស្គាល់​ឱ្យធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​មូល​ប​ត្រ ឬ​ផ្តល់​ការអនុញ្ញាតឱ្យ​បោះផ្សាយ​លក់​មូល​ប​ត្រក​ម្មសិ​ទិ្ធ ឬ​បំណុល​ជា​សាធារណៈ ចំពោះតែ​ក្រុមហ៊ុន ឬ​បុគ្គល​ទាំង​​ឡាយ ដែល​បំពេញបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ ដែល​ប​ញ្ញ​តិ្ត​ក្នុង​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ជា​ធរមាន​តែប៉ុណ្ណោះ ជាអាទិ៍ លក្ខខណ្ឌ​ផ្នែក​ហិរញ្ញវត្ថុ ធនធានមនុស្ស ប្រព័ន្ធ​បច្ចេកវិទ្យា និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងទៀត​។​


​ន​.​ម​.​ក​. បន្ត​តាមដាន​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម និង​សុខភាព​របស់​បុគ្គល​ទាំងអស់នេះ ហើយនឹង​បើក​នីតិវិធី​បុននីតិសម្បទា និង​/​ឬ​ការជម្រះបញ្ជី​នៅក្នុង​ករណី​មាន ឬ​អាចមាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​។ ក្នុងន័យនេះ អនុក្រឹត្យ លេខ ២៤ អនក្រ​.​បក ចុះ​ថ្ងៃទី ​២៦ ​ខែកុម្ភៈ ឆ្នាំ​ ២០១៨ ស្តីពី «​បុននីតិសម្បទា និង​ការជម្រះបញ្ជី​ក្នុង​វិស័យ​មូល​ប​ត្រ​» ត្រូវបាន​រៀបចំឡើង​ក្នុង​គោលដៅ​កំណត់​អំពី​បែបបទ​នីតិវិធី​ក្នុង​ការធ្វើ​បុននីតិសម្បទា និង​ការជម្រះបញ្ជី​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ ដែល​អាច​ជួបនឹង​វិ​ប​តិ្ត​ហិរញ្ញវត្ថុ អ​សាធ​នី​យ ក្ស័យធន ឬ​ស្នើសុំ​ជម្រះបញ្ជី​ដោយ​ស្ម​គ្រ័​ចិត្ត​។​

​តើ​អ្វី​ទៅជា​បុននីតិសម្បទា​?


​បុននីតិសម្បទា (Rehabilitation) សំដៅ​ដល់​យន្តការ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ ដែលមាន​បញ្ហា​ហិរញ្ញវត្ថុ​អាច​ត្រូវបាន​សង្គ្រោះ​មិនឱ្យ​អ​សាធ​នី​យ និង​បន្ត​ដំណើរការ​ប្រក្រតី​ឡើងវិញ​។ ក្រុមហ៊ុន​ឬ​បុគ្គល​បោះផ្សាយ អាច​ជួបនឹង​វិ​ប​តិ្ត​ហិរញ្ញវត្ថុ ឬ​ការខាតបង់ ដោយសារតែ​កត្តា​ផ្សេងៗ ជាអាទិ៍ សង្គ្រាម គ្រោះ​ធម្មជាតិ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩ ដែល​បណ្តាលឱ្យ​ក្រុមហ៊ុន​ក្លាយជា​អ​សាធ​នី​យ​។​

​អ​សាធ​នី​យ (Insolvent) គឺជា​ស្ថានភាព ដែល​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​មិនមាន​លទ្ធភាព​សង បំណុល​នៅពេល​ដល់​ឥណប្រតិទាន​(​កាលកំណត់​សង​)​។ ម្ចាស់បំណុល​អាច​នឹងដាក់​ពាក្យបណ្តឹង ដើម្បី​បើក​សំណុំរឿង​ក្ស័យធន​ប្រឆាំងនឹង​ក្រុម​ហ៊ុន ឬ​បុគ្គល​បោះផ្សាយ​ជា​កូនបំណុល ដែល​អ​លទ្ធភាព​សងបំណុល ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ជម្រះបញ្ជី និង​រំលាយ​ក្រុមហ៊ុន​។ បុននីតិសម្បទា គឺជា​យន្ត​ការស្តារ ឬ​សង្គ្រោះ​ក្រុមហ៊ុន​ពី​អ​សាធ​នី​យ ឱ្យក្លាយ​ជា​សាធ​នី​យ​ឡើងវិញ ពោលគឺ​មានលទ្ធភាព​គ្រប់​​គ្រាន់ ដើម្បី​ទូទាត់​បំណុល​។​​

បុននីតិសម្បទា គឺជា​នីតិវិធី ដែល​បង្ការ​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​ពី​ការ​ក្ស័យធន ប៉ុន្តែ​មិន​មានន័យថា​បុននីតិសម្បទា​អាច​សង្គ្រោះ​ក្រុមហ៊ុន​ពី​ការ​ក្ស័យធន​គ្រប់​ករណី​នោះទេ​។ ក្នុង​ករណីខ្លះ ក្រុមហ៊ុន​មិនអាច​ទូទាត់​បំណុល​បាន មិនមែន​ដោយសារតែ​ក្រុមហ៊ុន​អ​សាធ​នី​យ​នោះទេ ប៉ុន្តែ​អាច​បណ្តាលមកពី​ក្រុមហ៊ុន​បង្វិល​ប្រាក់​មិនទាន់ ការយឺតយ៉ាវ​នៅក្នុង​ការទូទាត់​ប្រាក់​ពី​អតិថិជន​របស់​ក្រុម​​ហ៊ុន ឬ​ក្រុមហ៊ុន​មាន​សិ​ទិ្ធ​លើ​បំណុល​ច្រើន ដែល​មិនទាន់​ដល់​ឥណប្រតិទាន ឬ​ក្រុមហ៊ុន​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ដែល​មិន​ងាយ​នឹង​បំ​លែង​ជា​សាច់ប្រាក់ ក្នុង​រយៈពេល​ខ្លី​ជាអាទិ៍ ដី អគារ​។​

​ដូចនេះ បុននីតិសម្បទា គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព និង​តម្លាភាព​មួយ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​ពេលវេលា​បន្ថែម ក្នុងការ​ប្រមូលប្រាក់​ស​ម្រា​ប់​ទូទាត់​បំណុល ដោយមាន​ការសម្របសម្រួល​ជាមួយនឹង​ម្ចាស់បំណុល​ទាំងអស់ ក្រោម​ការដឹកនាំ និង​ចាត់ចែង​ជា​បណ្តោះអាសន្ន ដោយ «​អភិបាល​បណ្តោះអាសន្ន​» នៅក្នុង​អំឡុងពេល​បុននីតិសម្បទា​នេះ​។​

​ន​.​ម​.​ក​.​អាច​ប្រកាស​បើក​នីតិវិធី​បុននីតិសម្បទា​ដោយផ្ទាល់ ឬ​តាម​ការស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​រប​ស់ អ្នកគ្រប់គ្រង ឬ​ភាគ​ហ៊ុ​និក​ដែល​កាន់​កាប់​ភាគហ៊ុន​ចំនួន​ច្រើន ឬ​បុគ្គល​ផ្សេង ទៀត ដូច​មានចែង​នៅក្នុង​លក្ខ​និ្ត​កៈ​

​របស់​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ ក្នុងករណី ដែល​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​មាន ឬ​អាចមាន​បញ្ហា​ហិរញ្ញវត្ថុ ដូចខាងក្រោម​៖

- ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​អាច​ស្ថិតក្នុង​ស្ថានភាព​មិនអាច​មាន​លទ្ធ​ភាព​ក្នុង​ការបំពេញ​តាម​លក្ខខណ្ឌ​មូល​ធន​អប្បបរមា​កំណត់ដោយ ន​.​ម​.​ក​.​។​

- ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​ពិនិត្យឃើញថា ហានិភ័យ​ដែលមាន​ចែង​ក្នុង​ផែនការ​គ្រប់គ្រង​ហានិភ័យ​ដែល​តម្រូវ​ដោយ ន​.​ម​.​ក​. ឬ​ហានិភ័យ​ផ្សេងទៀត​អាច​កើតឡើង​ជាក់ស្តែង​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ ឬ​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​អាច​ប្រឈម​នឹង​ហានិភ័យ ដែល​បណ្តាល​​ឱ្យ​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​ត្រូវ​ជួបប្រទះ ឬ​អាច​ជួបប្រទះ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​។​

- ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ​ពិនិត្យ ឃើញថា​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ អាច​នឹង​ក្លាយជា​អ​សាធ​នី​យ​។​

- និង​ស្ថានភាព​ផ្សេងទៀត ដែល​កំណត់ដោយ ន​.​ម​.​ក​.​។​

​អគ្គនាយក​នៃ ន​.​ម​.​ក​. នឹង​តែងតាំង​អភិបាល​បណ្តោះអាសន្ន ដែល​បុគ្គល​នេះ​ត្រូវ​ចាត់ចែង និង​គ្រប់គ្រង​ក្រុម​ហ៊ុន ឬ​បុគ្គល​បោះផ្សាយ​ដើម្បី​ស្តារ​ក្រុមហ៊ុន​ឡើងវិញ ដោយ​ប្រើប្រាស់​សិ​ទិ្ធ និង​អនុវត្ត​កាតព្វកិច្ច ដូច​មានកំណត់​នៅក្នុង​អនុក្រឹត្យ​ស្តីពី «​បុ​ន​នី​តិ​សម្បទា និង​ការជម្រះបញ្ជី​ក្នុង​វិស័យ​មូល​ប​ត្រ​»​។​

​ក្នុងករណី​ដែល​អភិបាល​បណ្តោះអាសន្ន​វាយតម្លៃ​ជា​ស្ថាពរ ថា​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ ស្ថិតក្នុង​ស្ថានភាព​អ​សាធ​នី​យ អគ្គ​នាយក​នៃ ន​.​ម​.​ក​. សម្រេច​ឱ្យ​អភិ​បាល​បណ្តោះអាសន្ន ទូទាត់ ឬ​ផ្ទេរ​ភ្លាម​នូវ​ទ្រព្យសម្បត្តិ​របស់​អ្នកវិនិយោគ សាធារណៈ ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​បោះផ្សាយ ប្រសិនបើ​មាន ទៅ​ក្រុមហ៊ុន​ផ្សេងទៀត ឬ​អ្នក​វិនិយោគសាធារណៈ រួច​ប្តឹងទៅ​តុលា​ការ​មាន​សមត្ថកិច្ច ដើម្បី​ជម្រះបញ្ជី​។​

​ឯកសារយោង​៖ អនុក្រឹត្យ​លេខ ២៤ អនក្រ​.​បក ចុះ​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០១៨ ស្តីពី «​បុននីតិសម្បទា និង​ការជម្រះបញ្ជី​ក្នុង​វិស័យ​មូល​ប​ត្រ​»

​រៀបចំ​ដោយ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​
​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​
​អ៊ីមែ​ល​៖ legal@serc.gov.kh
​ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១