ភ្នំពេញៈ ការដណ្តើម​បាន​មេដាយ​សំរឹទ្ធ ជា​លើកដំបូង ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​ ​៣១ ឆ្នាំ ​២០២២ នៅ​ប្រទេស​វៀត​ណា​ម និង​ការបន្ត​ឈ្នះ​បាន​មេដាយប្រាក់ ពី​ស៊ី​ហ្គេម លើក​ទី ​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ត្រូវបាន​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា ចាត់ទុកថា ជាស​មិទ្ធ​ផល​ដ៏​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ដែល​ក្រុម​ជម្រើសជាតិ​បាល់​ទះ​កម្ពុជា បង្កើតឱ្យមាន​ឡើង បន្ទាប់ពី​បាន​ទន្ទឹងរង់ចាំ​អស់​​រយៈពេល​ជាង ​៤០ ​ឆ្នាំ​។​


​ចំពោះ​ការកែប្រែ​ប្រវត្តិសាស្ត្រ ពី​ការលេង​មិន​ធ្លាប់​ឈ្នះ​សោះ រហូត​ដណ្តើមបាន​មេដាយ​ជា​បន្តបន្ទាប់​នៅ​ស៊ី​ហ្គេម​នេះ បានធ្វើឱ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដែល​ធ្លាប់​ចាត់ទុក​ក្រុម​ជម្រើសជាតិ​កម្ពុជា ថា ជា​ក្រុម​ខ្សោយ​ជាងគេ នៅក្នុង​តំបន់​នោះ មានការ​ភ្ញាក់ផ្អើល និង​បាន​កោតសរសើរ​ពី​គុណ​ភាព​លេង​ដ៏​ល្អ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ទន្ទឹម​ជាមួយគ្នានេះ កីឡាករ គួ​ន មុំ ដែល​ធ្លាប់​ត្រូវបាន​ផ្ទេរ​ទៅលេង​ឱ្យ​ក្លិប Jakarta Garuda នៃ​លី​គ​កំពូល​ឥណ្ឌូ​​នេ​ស៊ី រយៈពេល​ ៣ ​ខែ កាល​ដើមឆ្នាំ​ ២០២០ មុនពេល​ទទួលបាន​ឱកាស​ទៅលេង​នៅ​ក្លិប​ Long An របស់​វៀតណាម កាលពី​ចុងឆ្នាំ ២០២៣ ​នោះ បាន​មើលឃើញ​ពី​ភាពអំណោយ​ផល​ពី​កីឡាករ​កម្ពុជា បើ​ធៀប​ទៅនឹង​កីឡាករ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់ គ្រាន់តែ​កីឡាករ​កម្ពុជា​នៅ​ខ្វះ​បទពិសោធន៍​។​


​កីឡាករ​ គួ​ន មុំ ថ្លែងថា​៖«​តាម​បទពិសោធន៍ ដែល​ខ្ញុំ​បាន​ទៅលេង​នៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី ឃើញថា ការ​រៀបចំ​របស់គេ​ច្បាស់លាស់ មាន​លី​គ មានពាន​ច្រើន តែ​ធនធាន​កីឡាករ​របស់គេ អត់​លើ​យើង​ប៉ុន្មាន​ទេ​។ កាយ​​សម្បទា​របស់​ក្រុម​កម្ពុជា​យើង ចង់​ល្អ​ជាងគេ​ផង គ្រាន់តែ​យើង​ខ្វះ​បទពិសោធន៍​នៃ​ការ​លេង និង​បច្ចេកទេស​របស់​គ្រូ​​បង្ហាត់ ព្រោះ​គ្រូបង្វឹក​គេ​មាន​ផ្លាស់ប្តូរ​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​ច្រើន ធ្វើឱ្យ​កីឡាករ​គេ ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ​ច្រើន សមត្ថភាព​កាន់តែ​រីកចម្រើន​»​។​

​យ៉ាងណាក៏ដោយ កីឡាករ​មាន​ដើមកំណើត នៅ​ខេត្ត​តា​កែវ គួ​ន មុំ បាន​សម្តែង​ការ​អបអរ ចំពោះ​ការបង្កើតឱ្យមាន​ការប្រកួត​កីឡាបាល់ទះ «​តេ​ជោ​លី​គ​» ជា​លើកដំបូង នៅ​កម្ពុជា​នេះ ដែល​ការប្រកួត​នេះ នឹង​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា កាន់តែខ្លាំង​។​


​មុំ ថ្លែងថា​៖ «​ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​ដែល​សហព័ន្ធ អាចបង្កើត​លី​គ​បានជា​លើកដំបូង ព្រោះនេះ​ជាការ​អភិវឌ្ឍ​មួយ​ជំហាន​ទៀត ដែល​យើង​មិន​ធ្លាប់មាន​ពីមុន ហើយ​ខ្ញុំ​សង្ឃឹមថា លី​គ​តេ​ជោ​នេះ នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​កម្ពុជា កាន់តែ​សម្បូរ​ធនធាន​កីឡាករ ហើយនឹង​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​របស់​យើង​កាន់តែខ្លាំង​»​។​

​ជាមួយគ្នានេះ​ក្លិប​បាល់ទះ​អាជីព​ធំៗ នៅតាម​បណ្តា​ប្រទេស​មួយចំនួន ក៏បាន​ចាប់ផ្តើម​ចែចូវ​កីឡាករ​កម្ពុជា ទៅលេង​ឱ្យ​ក្លិប​របស់ខ្លួន​។ ជាក់ស្តែង ក្រោយ​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២២​ នៅ​វៀត​ណា​ម កីឡាករ មាន​សមត្ថ​ភាពល្អ​ជាង​គេ​ក្នុង​ក្រុម​ជម្រើសជាតិ វឿន វាសនា ត្រូវបាន​ក្លិប Long An របស់​ប្រទេស​វៀតណាម ខ្ចី​ជើង​ពី​ក្លិប​វិសាខា ក្នុង​រយៈ​​ពេល ​២​ សប្តាហ៍ ហើយ​ទទួលបាន​តម្លៃ​ខ្លួន​ជាង​ ២ ​ម៉ឺន​ដុល្លារ ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​តម្លៃ​ខ្លួន ជា​ប្រវត្តិសាស្ត្រ ក្នុង​ពិភព​បាល់ទះ​នៅ​ស្រុក​ខ្មែរ​។​

​ចំណែក​បច្ចុប្បន្ននេះ កីឡាករ​មាន​ដើមកំណើត នៅ​ស្រុក​មោង​ ឫស្សី ខេត្តបាត់ដំបង វឿន វាសនា បាននិងកំពុង​លេង​នៅ​លី​គ​បាល់ទះ​របស់​កោះ​តៃវ៉ាន់ បន្ទាប់ពី​រូបគេ​ត្រូវបាន​ក្លិប Win Streak ខ្ចី​ជើង​ទៅលេង​នៅ​ទីនោះ​រយៈពេល​ ២ ​ឆ្នាំ ដោយមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​គឺ​រហូតដល់​ជាង​ ១០ ​ម៉ឺន​ដុល្លារ​។​

​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានចាត់ទុក​ការទទួលបាន​ឱកាស​ទៅលេង​នៅក្រៅ​ប្រទេស​របស់​កីឡាករ វឿន វាសនា​, គួ​ន មុំ និង​កីឡាករ​បាល់ទះ​មួយចំនួន​ទៀតថា គ្រាន់តែ​ជាការ​ចាប់ផ្តើម​មួយ ដែល​វា​មិនទាន់​ស្របតាម​ការចង់បានរ​បស់​កម្ពុជា​នោះទេ ហើយ​ជា​​មួយ​គ្នា​នេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស សុខា បាន​ឈានដល់​ការ​រៀបចំ​ឱ្យមាន​ការប្រកួត​កីឡាបាល់ទះ «​តេ​ជោ​លី​គ​» ជា​លើកដំបូង ដើម្បី​បើកផ្លូវ​ក្នុង​ការពង្រីក​ទីផ្សារ​ដោះដូរ​កីឡា​ករ​របស់​កម្ពុជា កាន់តែ​ធំ ទៅលើ​ឆាក​អន្តរជាតិ​។​

​លោក អាំង សិរី​ពិសិដ្ឋ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ ថា​៖ «​តេ​ជោ​លី​គ ដែលមាន​ឈ្មោះ​ផ្លូវការ​ថា TECHO Volleyball Cambodia League ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ នៅក្នុង​វិស័យ​កីឡា​បាល់​​ទះ​កម្ពុជា ព្រោះ​តាំងពី​កកើត​មាន​សហព័ន្ធ​នេះ យើង​ធ្លាប់​បានរៀបចំ​ការប្រកួត​ត្រឹម​កម្រិត Cup ប៉ុណ្ណោះ ហើយ​លី​គ​បាល់​​ទះ​អាជីព​នៅ​កម្ពុជា​នេះ គឺ​ត្រូវបាន​បង្កើតឡើង តាម​ការចង់បាន​រប​ស់​ថ្នាក់ដឹកនាំ​សហ​ព័ន្ធ​»​។​

​លោក ថ្លែងថា​៖ «​ផ្អែកលើ​គោលការណ៍ និង​អ្វី​ដែលជា​មហិច្ឆតា​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា គឺ​ចង់ឱ្យ​លី​គ​បាល់ទះ​អាជីព​នៅ​កម្ពុជា បាន​កកើត និង​មានការ​ទទួលស្គាល់​ដោយ​សហ​​ព័ន្ធ​កីឡាបាល់ទះ​ពិភពលោក និង​សហព័ន្ធ​កីឡាបាល់ទះ​អាស៊ីអាគ្នេយ៍ ព្រោះ​បើ​យើង​បង្កើត​លី​គ​តែ​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​ប្រទេស​របស់​យើង គឺ​មិនមាន​ផលចំណេញ​ទេ​!»​។​

​លោក អាំង សិរី​ពិសិដ្ឋ បាន​ថ្លែងថា នៅពេល​លី​គនេះ ត្រូវបាន​ទទួលស្គាល់​ដោយ​សហ​​ព័ន្ធ​កីឡាបាល់ទះ​ពិភពលោក​ហើយ គឺ​វា​នឹង​ក្លាយជា​ឱកាស​មួយ សម្រាប់​ក្លិប​បាល់ទះ​អាជីព នៅ​កម្ពុជា បាន​ទៅលេង​នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កី​​ឡា​បាល់ទះ​អាស៊ាន និង​អាស៊ី ហើយ​តាមរយៈ​នៃ​ការចូលរួម​នោះ នឹង​ធ្វើឱ្យ​ការដោះដូរ​កីឡាករ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស កាន់​តែមាន​ទីផ្សារ​។​

​លោក សិរី​ពិសិដ្ឋ បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការបង្កើតឱ្យមាន​តេ​ជោ​លី​គនេះ នឹង​បង្កើតឱ្យមាន​ទីផ្សារ​សម្រាប់​កីឡាករ​យើង ព្រោះ​កាលណា​យើង​មាន​លី​គ​អាជីព ការដោះដូរ​កីឡាករ នឹងមាន​ចរន្ត អ៊ីចឹង​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ អត្ត​ព​លិ​ក​របស់គាត់​អាចធ្វើ​ការ​ដោះ​ដូរ​គ្នា ទិញ​ដាច់ ឬក៏​ខ្ចី​ជើង ហើយ​ការដោះដូរ​ទាំងអស់ ត្រូវ​ឆ្លងកាត់ និង​ទទួលស្គាល់​ដោយ​សហព័ន្ធ ដើម្បី​ចៀស​​វាង​កុំ​ឱ្យមាន​ជម្លោះ ដែល​ធ្លាប់តែ​កើតមាន​កន្លងមក​»​។​

​លោក អាំង សិរី​ពិសិដ្ឋ បាន​ប្រាប់​ទៅ​បណ្តា​ក្លិប​ទាំង​ ៨ ដែល​ចូលរួម​ការប្រកួត «​តេ​ជោ​លី​គ​» នេះ រួមមាន​វិសាខា​, ក្រសួងមហាផ្ទៃ​, បញ្ជាការដ្ឋាន​អង្គរក្ស​, កងពលធំ​អន្តរាគមន៍​លេខ​ ៣, រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​, ខេត្ត​ព្រះសីហនុ​, ស្នង​​ការដ្ឋាន​នគរបាល​ពោធិ៍សាត់ និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​កណ្តាល ត្រូវបញ្ជូន​ព័ត៌មាន​ឱ្យ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដើម្បី​ចុះឈ្មោះ​ជា​ក្លិប​អាជីព​ឱ្យបាន​ត្រឹមត្រូវ និង​មានការ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡាបាល់ទះ​ពិភពលោក​។​

​ទន្ទឹម​នឹង​នេះ សាមី​ក្លិប​ទាំង ​៨​ នោះ ក៏ត្រូវ​ព្យាយាម​ចុះឈ្មោះ​កីឡា​​ករ​របស់ខ្លួន ទៅក្នុង​ប្រព័ន្ធ​សហ​ព័ន្ធ​កីឡាបាល់ទះ​ពិភពលោក ដើម្បី​មាន​ភាពងាយស្រួល ក្នុងការ​បញ្ជូន​កីឡាករ​កម្ពុជា ចេញ​ទៅលេង​នៅក្រៅ​ប្រទេស នៅពេល​មាន​ទីផ្សារ​ដោះដូរ​កីឡា​​ករ​បាន​កើតឡើង ហើយ​កីឡាករ ខ្លួនឯង​ផ្ទាល់ ត្រូវ​ខំប្រឹងប្រែង​បញ្ចេញ​សមត្ថភាព តាមរយៈ​ការប្រកួត​កីឡាបាល់ទះ​តេ​ជោ​លី​គនេះ ដើម្បី​ទាញ​ការចាប់​អារម្មណ៍​ពី​បណ្តា​ក្លិប នៅក្រៅ​​ប្រទេស​។​

​លោក សិរី​ពិសិដ្ឋ បាន​បញ្ជាក់ថា​៖ «​អត្ត​ព​លិ​ក​ទាំងអស់ ត្រូវបង្កើត​ស្នាដៃ​របស់ខ្លួន ធ្វើ​ម៉េច​ឱ្យ​បណ្តា​ក្លិប​នៅក្រៅ​ប្រទេស មានការ​ចាប់អារម្មណ៍ និង​ចាប់ផ្តើម​អង្កេត ដើម្បី​ចាប់យក​ពួកយើង​ទៅលេង​ឱ្យ​ក្លិប​របស់គេ ហើយ​នេះ​ជា​នីតិវិធី​ក្នុងការ​បង្កើត​ប្រភព​ចំណូល​របស់​កីឡាករ​យើង ជាក់ស្តែង វឿន​ វាសនា ចាប់ផ្តើមបាន​តម្លៃ​ខ្លួន​លេង​នៅក្រៅ​ប្រទេស​ពី​ ១​ ម៉ឺន ២ ​ម៉ឺន​ដុល្លារ រហូតដល់​ជាង​ ១០ ​ម៉ឺន​ដុល្លារ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ក្លិប​របស់គេ​កាន់តែ​ចាប់​អា​រ​ម្មណ៍ និង​ដំឡើង​តម្លៃ​ខ្លួន​ដល់​យើង​ទៀត​»​។​

​ការប្រកួត​កីឡាបាល់ទះ​តេ​ជោ​លី​គ រដូវ​កាល​ទី ​១ ឆ្នាំ​ ២០២៤​ នេះ មានការ​ប្រកួត​ចំនួន​ ៣​ ជុំ គឺ​ជុំ​ទី​ ១ ជាការ​​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​រវាង​ក្រុម​ទាំង​ ៨ ដែល​ត្រូវធ្វើ​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចាប់ពី​ថ្ងៃទី ​១២ ខែមករា​តទៅ ហើយ​បន្ទាប់មក​យក​ក្រុម​ឈរ​លេខ​ ១ ដល់​លេខ​ ៦ ទៅ​ប្រកួត​នៅ​ជុំ​ទី​ ២ ដើម្បី​ចម្រាញ់​យក​ក្រុម​ខ្លាំង ​៤​ ក្រុម​ចុងក្រោយ ទៅ​ប្រកួត​នៅ​ជុំ​ទី ​៣ ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចំណែក​ក្រុម​ឈ្នះ នៅ​ជុំ​ទី​ ៣ ត្រូវ​ឡើងទៅ​ប្រកួត​ដណ្ដើម​ជើងឯក នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។ ចំណែក​ប្រាក់​​រង្វាន់​វិញ គឺ​ផ្តល់​ឱ្យតែ​ក្រុម​ជើង​​ឯក​មួយ​ទេ ដែលមាន​ចំនួន​ ៦០ ​លាន​រៀល ប៉ុន្តែ​គ្រប់​ក្រុម​ទាំងអស់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ទៅតាម​ចំនួន​ជុំ​នៃ​ការប្រកួត​របស់ខ្លួន​។

​លោក សិរី​ពិសិដ្ឋ បញ្ជាក់ថា មិនមាន​ក្លិប​ណាមួយ មិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នោះទេ ហើយ​ការធ្វើ​បែបនេះ សហព័ន្ធ បាន​ចាយ​ទុន​ច្រើនជាង​ការ​​រៀបចំ​ប្រាក់រង្វាន់​លេខ​ ១ លេខ ​២ និង​លេខ​ ៣ ទៅទៀត ប៉ុន្តែ​អ្វីដែល​សប្បាយចិត្ត​នោះ គឺ​គ្រប់​ក្លិប​ទាំងអស់ សុទ្ធតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ទឹកចិត្ត និង​ខំប្រឹង​ប្រកួត ព្រោះ​ឡើង​ ១ ​ជុំ​ឡើង​លុយៗ គឺ​លេង​ដល់​ជុំ​ចុងក្រោយ ទទួលបាន​លុយ​កាន់តែច្រើន ហើយ​បើ​បូកសរុប​ខ្ទង់ចំណាយ​សរុប​ចូល​ ១០០​ លាន​រៀល​។​

​ការប្រកួត​កីឡាបាល់ទះ «​តេ​​ជោ​លី​គ​» ក៏បាន​បើក​ឱ្យ​ក្លិប​នីមួយៗ អាច​នាំយក​កីឡាករ​បរទេស​ចំនួន​ ៣ ​នាក់ ដែល​មិន​ជាប់​បម្រាម​របស់​សហ​ព័ន្ធ​កី​ឡា​បាល់ទះ​ពិភពលោក មក​ចូលរួម​ប្រកួត​បាន ទោះ​កីឡា​ករ​បរទេស​នោះ មកពី​អាស៊ាន អាស៊ី ឬ​អឺរ៉ុប​ក៏ដោយ ហើយ​ការធ្វើ​បែបនេះ ដើម្បីឱ្យ​កីឡា​ករ​កម្ពុជា មានឱកាស​កាន់តែច្រើន​។

​លោក ថ្លែងថា​៖ «​យើង​ចង់ឱ្យ​កីឡាករ​បរទេស​ចូលរួម​ជាមួយ​បណ្តា​ក្លិប​របស់​យើង គឺ​ដើម្បី​ធ្វើឱ្យ​ការប្រកួត​របស់​យើង​កាន់តែ​ស្វិតស្វាញ ហើយ​មានការ​ប្រកួត​ប្រជែង​កាន់តែ​ខ្ពស់ វា​ធ្វើឱ្យ​យើង​កាន់តែខ្លាំង​។ បើ​យើង​មិន​ខ្លាំង​ធ្វើ​ម៉េច​គេ​ដំឡើង​កៅអី​ឱ្យ​យើង ផ្ទុយទៅវិញ​បើ​យើង​ដណ្តើមយក​កៅអី​ពី​កីឡាករ​បរទេស​បាន នោះ​ទីផ្សារ​របស់​យើង គឺមាន​ច្រើន​»៕