ភ្នំពេញ: នៅកម្ពុជា ការទទួលទានសាច់សុនខ (ឆ្កែ) ពាក់ព័ន្ធនឹងការសម្លាប់សត្វទាំងនេះចំនួន ៣ លានក្បាល ក្នុង ១ ឆ្នាំ បានក្លាយជាប្រធានបទជជែកដ៏ចម្រូងចម្រាស។ នេះបើយោងតាមរបាយការណ៍របស់អង្គការ FOUR PAWS ឆ្នាំ ២០២០។ ការអនុវត្តនេះពាក់ព័ន្ធនឹងអ្នកចូលរួមចម្រុះ រួមទាំងអ្នកលក់ និងអ្នកទទួលទានដែលម្នាក់ៗមានទស្សនៈរៀងៗខ្លួន។
ទោះជាយ៉ាងណាការហាមប្រាមនាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងលើការផលិត និងលក់សាច់ឆ្កែបានបំផុសទឹកចិត្តអ្នកស្រឡាញ់សត្វនៅកម្ពុជាគិតដល់ការស្នើច្បាប់។ ពួកគេចាត់ទុកការសម្រេចចិត្តរបស់កូរ៉េខាងត្បូងថា ជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរ ដោយធ្វើការតស៊ូមតិសម្រាប់សកម្មភាពនីតិប្បញ្ញត្តិស្រដៀងគ្នានៅក្នុងប្រទេសកម្ពុជា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដែលបានអបអរចំពោះការសម្រេចដាក់ច្បាប់ហាមឃាត់ទទួលទានសាច់សុនខនាពេលថ្មីៗនេះនៅកូរ៉េខាងត្បូង បានថ្លែងថា ក្នុងនាមខ្លួនលោកផ្ទាល់ និងអង្គភាព CMAC ក៏ដូចជាអ្នកស្រឡាញ់សុនខ ពិតជាត្រូវការច្បាប់ការពារសត្វចិញ្ចឹមនេះ។
លោកបានថ្លែងថា៖ «នៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពក៏យើងបានរៀបចំដែរ ពីព្រោះសុនខជាកងកម្លាំងរបស់យើង ហើយបើយើងហូបសាច់សុនខ ក៏ដូចជាហូបសាច់មិត្ដភក្ដិ ដែលពួកគេបានធ្វើកិច្ចការមនុស្ស ដោយការដោះគ្រាប់មីនការពារអាយុជីវិតប្រជាជនយើងដែរ»។
ក្នុងឈុតឯកសណ្ឋានកងកម្លាំងដោះមីនកម្ពុជា កញ្ញា ស៊ាប ផានីត បានស្ម័គ្រចិត្តចាប់អាជីពជាមន្ដ្រីដោះមីនជាមួយសត្វសុនខ បន្ដវេនពីគ្រួសារជាមួយអង្គភាពដោះមីនស៊ីម៉ាក់ ដៃម្ខាងកាន់ខ្សែចងសុនខ និងមាត់ស្រែកបញ្ជាឱ្យកងកម្លាំងជើង ៤ នេះស្ដាប់បង្គាប់ទាំងកាយវិការដើរ អង្គុយ និងហិត ប្រកបដោយភាពម៉ឺងម៉ាត់។
កញ្ញា ស៊ាប ផានិត ជាកងកម្លាំងបណ្ដើរសុនខវ័យក្មេងមកពីខេត្តកំពង់ឆ្នាំង ស្លៀកពាក់ឯកសណ្ឋានអង្គភាពដោះមីនកម្ពុជា។ កញ្ញាធ្លាប់ប្រើឧបករណ៍ម៉ាស៊ីនរាវ មុនពេលសហការជាមួយសុខន ដោយពេលកញ្ញារាវប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ដែលអាចបង្កហានិភ័យផ្ទុះគ្រប់ពេលវេលា កញ្ញាបានជូនដំណឹងទៅកាន់ខាងជំនាញ EoD (Bomb disposal) មកយកគ្រាប់នោះ ឬកម្ទេចចោលនៅនឹងកន្លែង។ ដោយប្រើខ្សែ ១ ក្នុងដៃ នាងណែនាំឆ្កែឱ្យផ្លាស់ទី អង្គុយ និងស្វែងរកមីនដោយឧស្សាហ៍ព្យាយាម។
ក្នុងពេលបំពេញការងារ កញ្ញា ផានីត អាយុ ២២ ឆ្នាំ បានបង្កើតចំណងមិត្ដភាពពិសេសជាមួយសុនខញី ១ ក្បាល ឈ្មោះដាំ ដោយបង្ហាញពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នា និងការជឿទុកចិត្តលើទំនាក់ទំនងការងាររបស់មនុស្ស និងសត្វ។ ចំណងនេះមិនមែនគ្រាន់តែអំពីភាពជាដៃគូប៉ុណ្ណោះទេវាមានសារៈសំខាន់ចំពោះប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងដោះមីនរបស់ពួកគេ។
កញ្ញា ផានីត បន្ដថា៖ «ធ្វើការជាមួយសុនខ ចំពោះខ្ញុំមិនពិបាកទេ។ បើសិនជាយើងយកចិត្ដរបស់យើងទៅដាក់ក្នុងចិត្ដសុនខ និងផ្លាស់ប្ដូរចិត្ដគ្នាយើងយល់ពីដៃគូរបស់យើង ការងារអ្វីក៏ដោយ វានឹងដំណើរការទៅរលូន។ យើងត្រូវចេះថែទាំពួកវា ធ្វើម៉េចឱ្យវាមានទំនុកចិត្ដ និងបាត់ភាពភ័យខ្លាច។ កត្ដាដំបូងបំផុត យើងត្រូវស្វែងយល់ពីចិត្ដរបស់វា និងបំពេញតម្រូវការឱ្យវា។ ក្រោយមក ពួកវានឹងធ្វើអ្វីៗដើម្បីផ្គាប់ចិត្ដយើងវិញម្ដង»។
លោក រតនា បានឯកភាពថា កងកម្លាំងមនុស្សធ្វើការជាមួយសុនខ ពួកគេពិតជាស្រឡាញ់គ្នា ពីព្រោះដើម្បីបំពេញការងារជាមួយគ្នាបានរលូន ទាល់តែយល់ពីបេះដូងគ្នាទៅវិញទៅមក និងនិយាយស្ដាប់គ្នា។
លោកលើកឡើងថា សង្គមវប្បធម៌ខ្មែរពីបុរាណពិតជាថ្លៃថ្លាណាស់ពីមុនមក ដោយសារបុគ្គលដែលទទួលទានសាច់សុនខ មិនត្រូវបានស្វាគមន៍ដោយប្រជាពលរដ្ឋទូទៅនោះទេ។ ដោយមានការលើកឡើងពីភាពខុសប្លែកគ្នារវាងសុនខ ជាកងកម្លាំង និងសុនខចិញ្ចឹមតាមផ្ទះ លោក រតនា បានឆ្លើយតបថា នេះជាទស្សនៈខុសឆ្គងមួយ ពីព្រោះសុនខនៅតាមផ្ទះ ក៏ចេះការពារផ្ទះ ពេលម្ចាស់ផ្ទះនៅផ្ទះ ហើយពួកវាជាសត្វសំណព្វចិត្ដចំពោះអ្នកស្រឡាញ់សុនខ។
Madame Loan គេស្គាល់ជាអ្នកស្រី គីម ឡូន ដែលមានទឹកចិត្តលះបង់ដើម្បីសុខុមាលភាពសត្វ បានប្រែក្លាយផ្ទះរបស់អ្នកស្រីនៅភូមិកោះនរា រាជធានីភ្នំពេញ ទៅជាជម្រកសម្រាប់សត្វឆ្កែជាង ២៥០ ក្បាល រួមជាមួយនឹងសត្វឆ្មាជាច្រើនក្បាលផងដែរ។ ចាប់តាំងពីផ្លាស់លំនៅឋានពីបារាំងមកកម្ពុជាក្នុងឆ្នាំ ២០០៥ អ្នកស្រីបានប្រើជីវិតប៉ុន្មានទសវត្សរ៍ចុងក្រោយដើម្បីមើលថែសត្វទាំងនេះ ដែលភាគច្រើនជាសត្វអនាថា ឬត្រូវគេបោះបង់ចោល និងកន្លែងសត្តឃាត។
អ្នកស្រី ឡូន អាយុ ៦៦ ឆ្នាំ បានបង្កើតសមាគមការពារសត្វកម្ពុជា (CAPA) ដើម្បីដោះស្រាយតម្រូវការសត្វទាំងនេះ។ ការប្តេជ្ញាចិត្តរបស់អ្នកស្រីធានាថា សត្វទាំងនោះត្រូវបានយកទៅចិញ្ចឹមនៅក្នុងផ្ទះប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយក្តីស្រឡាញ់។ អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «មនុស្សបានបោះចោលឆ្កែ និងឆ្មា ហើយពួកគេគ្មានអ្វីបរិភោគទេ។ សត្វឆ្កែជាច្រើនក្បាលត្រូវបានសម្លាប់យ៉ាងឃោរឃៅជាអាហារ»។
មូលនិធិ Animal Hope & Wellness Foundation (AHWF) បានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនប្រឆាំងនឹងការជួញដូរសាច់ឆ្កែដោយសារតែអ្នកខ្លះមានជំនឿថា កម្រិតខ្ពស់នៃអ័រម៉ូន adrenaline នៅក្នុងប្រព័ន្ធរបស់សត្វឆ្កែមុនពេលស្លាប់ បង្កើនរសជាតិ និងអត្ថប្រយោជន៍សុខភាព។ នេះជាមូលហេតុមួយដែលសត្វឆ្កែត្រូវបានសម្លាប់យ៉ាងទារុណ។
ខណៈមានការនិយាយតៗគ្នាថា សត្វឆ្កែត្រូវបានសម្លាប់ដោយការច្រកបាវបោះចូលក្នុងទឹកដើម្បីឱ្យស្លាប់ដោយសារលង់ទឹក អាជីវករម្នាក់ឈ្មោះ មីន ធឿន បើកហាងសាច់ឆ្កែមួយកន្លែងនៅខេត្តកណ្តាល ជាមួយប្តី បានប្រើវិធីសម្លាប់សត្វឆ្កែ ដោយប្រើខ្សែចងក្រៀក ខណៈប្តីសម្លាប់វាដោយញញួរ។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដើម្បីការពារការខាំបករបស់សត្វឆ្កែ។ ភាគច្រើននៃសត្វឆ្កែដែលពួកគេលក់គឺទទួលបានពីម្ចាស់ដែលមិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់សត្វ។
ទិដ្ឋភាពមួយទៀតនៃការលក់-ដូរ គឺជាហាងបែបគ្រួសាររបស់ យ៉ាន ញ៉ែត ដែលបើកអាហារដ្ឋានសាច់ឆ្កែសាមញ្ញមួយនៅស្រុកសំរោង ខេត្តតាកែវ។ សត្វឆ្កែត្រូវបានចម្អិនជាសម្លការី ហើយលក់ឱ្យអតិថិជន ជាកម្មករនៅពេលសម្រាកអាហារថ្ងៃត្រង់របស់ពួកគេ។ វិធីសាស្ត្រសម្លាប់សត្វឆ្កែទាំងនេះ ត្រូវបានគេប្រដូចទៅនឹងវិធីសម្លាប់សត្វគោ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ស្ថានភាពនៅកម្ពុជា និងកូរ៉េខាងត្បូង មានលក្ខណៈខុសគ្នា ដោយសារនៅកូរ៉េមានការចិញ្ចឹម និងកាប់យកសាច់លក់តែម្ដង ដែលគេអាចហាមលើករណីនេះ។ ចំពោះនៅកម្ពុជា មិនមានច្បាប់អនុញ្ញាតឱ្យកាប់សម្លាប់សត្វចិញ្ចឹមទេ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដោយយើងមិនមានការចែងជាច្បាប់នៅឡើយ តែវប្បធម៌ខ្មែរយើង មិនលើកទឹកចិត្ដឱ្យមានការលក់ដូរដែរ។ យើងមិនបានហាម ហើយយើងក៏មិនលើកទឹកចិត្ដឱ្យមានការជួញដូរដែរពោលគឺច្បាប់មិនចែងថាឱ្យខុស និងមិនអនុញ្ញាតឱ្យធ្វើដែរ»។
នៅឆ្នាំ ២០២០ ខេត្តសៀមរាប ជាមជ្ឈមណ្ឌលទេសចរណ៍ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សុខុមាលភាពសត្វ ដោយហាមប្រាមការជួញដូរ លក់ និងសម្លាប់សត្វឆ្កែយកសាច់។ សកម្មភាពនេះបង្ហាញពីការបង្កើនការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះសិទ្ធិ និងសុខុមាលភាពសត្វនៅក្នុងតំបន់។
ការហាមប្រាមក្នុងខេត្តសៀមរាបត្រូវបានចាត់ទុកថា ជាការសម្រេចចិត្តឆ្ពោះទៅមុខដែលបង្កើតជាគំរូដ៏សំខាន់សម្រាប់ផ្នែកផ្សេងទៀតនៃប្រទេសកម្ពុជាដើម្បីធ្វើតាម។ វាគូសបញ្ជាក់អំពីការផ្លាស់ប្តូរទស្សនៈលើការប្រើប្រាស់សាច់ឆ្កែ និងការព្យាបាលសត្វយ៉ាងទូលំទូលាយ។
វេជ្ជបណ្ឌិត Katherine Polak ប្រធានអង្គការ FOUR PAWS Stray Animal Care នៅអាស៊ីអាគ្នេយ៍ និងជាពេទ្យសត្វ បាននិយាយថា៖ «យើងមានមោទនភាពដែលបានឈានដល់ដំណាក់កាលដ៏សំខាន់ដំបូងបង្អស់នៃការគាំទ្រជាសាធារណៈពីមនុស្សទូទាំងពិភពលោកដែលបដិសេធការជួញដូរសាច់ឆ្កែ និងឆ្មា និងការសម្លាប់យ៉ាងឃោរឃៅ»។ នេះបើយោងតាមរបាយការណ៍អង្គការ FOUR PAWS ស្ដីពីការគាំទ្រជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មដ៏ឃោរឃៅក្នុងឆ្នាំ ២០២០។
វេជ្ជបណ្ឌិតបន្ដថា៖ «តំបន់ទេសចរណ៍កម្ពុជា ខេត្តសៀមរាប ធ្វើជាគំរូមួយ នៅពេលខេត្ដនេះហាមឃាត់ការលក់ដូរសាច់ឆ្កែ។ ប៉ុន្តែនៅមានការងារជាច្រើនដែលត្រូវធ្វើ»។ វេជ្ជបណ្ឌិត Polak និយាយថា រួមគ្នាជាមួយអ្នកគាំទ្រ ១ លាននាក់ ពួកគេជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកទទួលខុសត្រូវ និងហាមប្រាមការជួញដូរសាច់ឆ្កែ និងឆ្មា ដើម្បីការពារមនុស្ស និងសត្វដូចគ្នា ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងអំពាវនាវឱ្យមានសកម្មភាពលើកទឹកចិត្តឱ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងការជួញដូរនេះ។
អគ្គនាយក CMAC ដែលបច្ចុប្បន្នមានកងកម្លាំងសុនខជាង ៣០០ ក្បាល បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ឃើញការជួញដូរ និងលក់សាច់ជាអាហារ អ្នកស្រឡាញ់សុនខពិតជាមានអារម្មណ៍មិនស្រណុកចិត្ដ និងអាណិតអាសូរចំពោះសត្វ។ លើសនេះ ភ្ញៀវទេសចរបរទេស មកពីអឺរ៉ុប និងអ្នកស្រឡាញ់សុនខ មិនចង់ឃើញទិដ្ឋភាពបែបនេះឡើយ»។
លោករតនាបានឱ្យដឹងថា ទាំងអង្គភាព CMAC និងអ្នកស្រឡាញ់សត្វចង់ការពារប្រពៃណីទំនៀមទម្លាប់ រួមទាំងរូបលោកផ្ទាល់អាចចាប់ផ្ដើមចូលរួមសកម្មក្នុងចលនាស្នើច្បាប់នេះ៕