​សៀមរាបៈ មន្ត្រី​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ក្រើនរំឭក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ត្រៀមខ្លួន​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដូវប្រាំង​ដែល​ធ្វើឱ្យ​រុក្ខជាតិ​នៅក្នុង​ស្រទាប់​ក្រោម​ដីលែង​មានការ​លូតលាស់​ជាហេតុ​ធ្វើឱ្យ​បាត់បង់​ប្រភេទ​រុក្ខជាតិ​នានា​។​


​ការ​ក្រើនរំឭក​នេះ​ក៏​ស្រប​នឹង​ក្តីបារម្ភ​របស់លោក សន ស៊ី​និ​ត ជា​ម្ចាស់​ចម្ការ​លម៉ើ និង​ប្រជា​កសិករ​មួយចំនួនទៀត ជាពិសេស​អ្នក​ដែលមាន​ដីចម្ការ​ដើមឈើ​ហូប​ផ្លែ ក៏​បង្ហាញ​ក្តីបារម្ភ​ពី​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​។​

​លោក​សន ស៊ី​និ​ត បាន​ប្រាប់ថា បច្ចុប្បន្ន​លោក​រស់នៅ​ភូមិ​សាលាឃុំ ឃុំ​ទ្រៀល ស្រុក​តាំង​គោក ខេត្តកំពង់ធំ និង​ដាំ​ដំណាំ​លម៉ើ លើដី​ទំហំ​​ ២​ ហិកតា​។​ចំពោះ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នេះ​លោក​តែងតែ​បារម្ភ​ខ្លះ​ដែរ​ព្រោះ​លោក​មាន​ដំណាំ​ហូប​ផ្លែ ហើយ​បើកាលណា​វា​ឆេះ​នឹងធ្វើ​ឱ្យ​ខូច​​ខាត​មិន​ថា​ដំណាំ​ឬ​ជា​ទ្រព្យសម្បត្តិ​អ្វី​ទេ​។ ប៉ុន្តែ​នៅ​តំបន់​ក្បែរ​ចម្ការ​របស់លោក​មិនមាន​ព្រៃ​ទេ តែមាន​ជញ្ជ្រាំង​ស្រូវ និង​វាលស្មៅ​ងាប់​។ ហេតុដូច្នេះ​ដើម្បី​ការពារ​ដំណាំ គឺ​លោក​បាន​ជីក​ជា​គូ​ទឹក​នៅ​ព័ទ្ធជុំវិញ​ចម្ការ​របស់​លោក​ហើយ​ដែរ​។​


​លោក​បាន​និយាយថា​៖«​ការ​​ត្រៀម​បង្ការ​ជាមុន​នឹង​អាច​កាត់​បន្ថយ​ពី​ការខាតបង់ តែ​ទោះ​យ៉ាងណា​ក៏​ខ្ញុំ​នៅតែមាន​ក្តីបារម្ភ​ខ្លះៗ​ដែរ​ហ្នឹង​។ ព្រោះ​បើ​យើង​បាន​បង្ការ​ទុក​មុន គឺ​វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​អី​ទេ​»​។​

​រីឯ​លោក​ឈាវ ហុង ដែលជា​កសិករ​គំរូ​ខាង​ដាំ​ដំណាំ​កសិកម្ម​រស់នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ថ្លែង​ក្នុងពេល​កំពុង​នាំ​កសិករ​ដើរ​មើល​ដំណាំ​នៅក្នុង​បរិវេណ​ដីចម្ការ​របស់លោក​ថា នៅក្នុង​តំបន់​របស់​លោកមា​នក​រ​ណី​ភ្លើង​ឆេះ​វាល​ជញ្ជ្រាំង​ខ្លះៗ​ដែរ​នៅ​រដូវប្រាំង​ដែល​បង្កឡើង​ដោយ​អ្នកដើរ​ដុត​ក្នុង​រូង​រក​សត្វ​។​​ដូច្នេះ​ដើម្បី​បង្ការ​ពី​គ្រោះថ្នាក់​ធម្មជាតិ​នេះ ជា​រៀងរាល់ឆ្នាំ​គឺ​លោក​តែង​ភ្ជួរ​ដី​លុប​ជញ្ជ្រាំង​ស្រូវ​ដែល​នេះ​ជា​វិធី​បង្ការ​ភ្លើង​ឆេះ​វាល​។​


​លោក​បាន​បន្តថា​៖ «​បើ​មាន​ភ្លើង​ឆេះ​វាល​ជញ្ជ្រាំង​នឹង​ធ្វើឱ្យ​ខូចគុណភាព​ជីកំប៉ុស​នៅក្នុង​ដីស្រែ​ដោយសារ​កម្តៅ ពីព្រោះ​គល់​ជញ្ជាំង​គឺជា​ជីកំប៉ុស​ដែល​ធ្វើឱ្យ​ដី​មាន​សារធាតុចិញ្ចឹម​ហើយ​ប្រសិនបើ​ច្រូតកាត់​រួច ត្រូវ​ភ្ជួរ​ដី​លុប​គល់​ជញ្ជ្រាំង​ស្រស់​ជាការ​​ល្អ​បំផុត​»​។​

​លោក​លើកឡើងថា ទាក់ទង​នឹង​ភ្លើង​ឆេះ​វាល គឺ​វា​ធ្វើ​ឱ្យអស់​សារធាតុ​ពពួក​ជីកំប៉ុស ព្រោះ​នៅពេលដែល​កសិករ​ប្រមូល​​ផល​ស្រូវ​រួចហើយ​វា​នៅសល់​កាកសំណល់​គល់​ជញ្ជ្រាំង និង​កម្ទេចកម្ទី​នៅក្នុង​ដី​។ ដូចនេះ​បើ​កម្ទេចកម្ទី​ទាំងនោះ​ត្រូវ​ភ្លើង​ឆេះ​អស់វា​នឹង​ក្លាយទៅជា​ធ្យូង​ទៅជា​ផេះ​ហើរ​តាម​ខ្យល់​អស់​ដែល​នេះ​ក៏​ជាការ​នាំ​បញ្ហា​ដល់​កសិករ​ដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​ឱ្យដឹងថា បញ្ហា​ការ​ងារ​ភ្លើង​ឆេះ​ព្រៃ​ឬ​ឆេះ​វាល​ជញ្ជ្រាំង​គឺ​ខាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​បាន​ត្រៀម និង​បង្ការ​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ជា​រៀងរាល់ឆ្នាំ តែបើ​ឱ្យមាន​រហូតដល់​រថយន្ត​ពន្លត់ អគ្គិភ័យ​[​ភ្លើង​ឆេះ​ព្រៃ​]​គឺ​នៅ​មិនទាន់មាន​ទេ ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក​បាន​សហការ​យ៉ាង​​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​នៅ​គ្រប់​តំបន់​មូលដ្ឋាន និង​ជាមួយ​អង្គការ​ដៃគូ​មួយចំនួន ជាពិសេស​នៅ​តំបន់​ព្រៃ​លិច​ទឹក​ដោយបាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​យល់​ដឹង​ពី​ផលវិបាក​ដែល​កើតឡើង​ពី​ភ្លើង​ឆេះ​ព្រៃ និង​វិធី​ទប់ស្កាត់​មិនឱ្យ​ភ្លើង​រាលដាល​ខ្លាំង​ទៅដល់​កន្លែង​ផ្សេងៗ​ទៀត​បាន​។​

​លោក​បាន​បន្តថា​៖ «​ប៉ុន្តែ​វា​មិន​អាចជា​ទ្រង់ទ្រាយ​ធំ​ទៅ​ពន្លត់​ទេ​ប្រសិនបើ​ភ្លើង​ឆេះ​ទ្រង់​​ទ្រាយ​ធំ​ក៏​នៅតែ​ពិបាក​ពោលគឺ​នៅតែមាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ដដែល​ទេ​ទើបបាន​ទៅរួច​»​។​

​បើតាម​លោក ទា គឹម​សុទ្ធ នៅ​ខេត្តសៀមរាប​ហាក់​មិនមាន​ការឆេះ​ព្រៃ ឬ​ឆេះ​វាលស្រែ​ជា​ទ្រង់ទ្រាយ​ធំ​អី​ទេ តែ​អាចមាន​ឆេះ​នៅ​ចម្ការពោត ចម្ការ​ឈើ​ដំណាំ​ខ្លះ​។ បើ​មានការ​ទន្ទ្រាន​ដី​ក៏មាន​ការដុត​នៅ​តំបន់​នោះដែរ ជួនកាល​អ្នកចម្ការ​ដុត​ស្មៅ​ទៅ​វា​ឆេះ​រាល​មក​ចម្ការ​អ្នកដទៃ​ក៏មានដែរ​។ ចំពោះ​ការងារ​ពន្លត់​​ភ្លើង​បានតែ​ភ្ជួរ​កាត់​ផ្លូវ​ភ្លើង​ឆេះ តែ​នៅពេល​មាន​ភ្លើង​ឆេះ​ត្រូវតែមាន​ខ្យល់​ដែល​ពេលខ្លះ​ភ្លើង​ឆេះ​ហោះ​រំលង​ផ្លូវ​ភ្ជួរ​នោះ​ទៅទៀត​ក៏មានដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ជាទូទៅ​បើ​មាន​ភ្លើង​ឆេះ​ព្រៃ វា​នឹង​បង្ក​ជា​មហន្តរាយ ព្រោះ​វា​ធ្វើឱ្យ​រុក្ខ​ជាតិ​នៅ​ស្រទាប់​ក្រោម​ដីលែង​មានការ​លូតលាស់​។ ប៉ុន្តែ​ជាទូទៅ​វា​ឆេះ​តែ​ក្នុង​តំបន់​ព្រៃរបោះ​ទេ ពីព្រោះ​ព្រៃឈើ​តូចៗ​ខែវស្សា​វា​ដុះ ដល់​ចូល​ខែប្រាំង​វា​ត្រូវ​ក្តៅ​ងាប់ អ៊ីចឹង​វា​ងាយ​នឹង​ឆេះ​ហើយ​»​។​

​លោក​ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មិនមាន​ទិន្នន័យ​ផ្លូវការ​ណាមួយ​ដែល​បង្ហាញ​ពី​ដីព្រៃ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះទេ ប៉ុន្តែ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ជូនដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​ណាមួយ​។​

​លោក​បានឱ្យដឹង​ដែរ​ថា ការ​ជូនដំណឹង​នេះ​មាន​គោលបំណង​ដើម្បី​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អាជ្ញា​ធរមាន​សមត្ថ​​កិច្ច​ដើម្បី​ត្រៀមខ្លួន​ទប់ស្កាត់ និង​បង្ការ​ភ្លើង​ឆេះ​ព្រៃ ក្នុង​រដូវ​​ប្រាំង​ដែល​ងាយ​នឹងមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​។​

​លោក​បាន​បន្តថា ពាក់ព័ន្ធ នឹង​ឧបករណ៍​ពន្លត់​ភ្លើងព្រៃ ជួយ​ដល់​សហគមន៍​មូលដ្ឋាន​ហាក់ដូច​នៅមានកម្រិត​នៅឡើយ​។ ជាមួយគ្នានេះ​លោក​បាន​រំឭក​ប្រាប់ថា កាលពី​ឆ្នាំ​ ២០២០  ​រដ្ឋបាល​ព្រៃឈើ​បានទទួល​ជំនួយ​រថយន្ត​ពន្លត់ភ្លើង​ព្រៃ​ចំនួន ៥​ គ្រឿង ពី​អង្គការ​ Asian Forest Cooperation Organization(AFOCO)​។ រីឯ​កាលពី​ឆ្នាំ​ ២០២៣ កន្លងទៅ​ក៏​រដ្ឋបាល​ព្រៃឈើ​បានទទួល​ជំនួយ​ថវិកា​ពី​អង្គការ​ (AFoCO)​ មក​អនុវត្ត​គម្រោង​ចំនួន​២​ពាក់ព័ន្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​។ គម្រោង​នេះ​នឹង​រួម​ចំណែក​ក្នុង​ការងារ​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន តាមរយៈ​ឧបករណ៍​ដូចជា early warning system សម្ភារ​ពន្លត់​ភ្លើង ការកសាង​សមត្ថភាព​យុទ្ធនាការ និង​ការស្ដារ​ព្រៃ​ឡើងវិញ ក្រោយ​ភ្លើង​ឆេះ​ជាដើម ហើយ​បច្ចុប្បន្ន​គម្រោង​ទាំង​ ២ ​ទើបតែ​ចាប់ផ្តើម​ទេ​។​

​លោក ហ្វី​ណង់ បាន​បញ្ជាក់ដែរថា​៖ «​ភាគច្រើន​ភ្លើង​ឆេះ​ព្រៃ​បង្កឡើង​ដោយសារ​សកម្ម​ភាព​របស់​មនុស្ស មានដូចជា ការដុត​ព្រៃ​ដើម្បី​រាន​យក​ដី ការ​បរបាញ់​សត្វ​ជាដើម​។ ក្នុង​រយៈពេល​កន្លងមក រដ្ឋបាល​​ព្រៃឈើ​បាន​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ជាពិសេស​ដល់​សហគម​ន៍​ព្រៃឈើ ដូចជា​ការធ្វើ​ផ្លូវ​ភ្លើង​ជាដើម​»​។​

​ជុំវិញ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ឬ​ឆេះ​វាល​ជញ្ជ្រាំង​ស្រូវ​ក៏​ជា​ចំណែក​មួយ​នៃ​ផលប៉ះពាល់​ដល់​បរិ​​ស្ថាន​ផងដែរ តែ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​សម្រង់​សម្តី​បន្ថែម​តាម​​រយៈ​ទូរស័ព្ទ និង​ប្រព័ន្ធ​តេ​ឡេ​​ក្រាម​ពី​លោក ផៃ ប៊ុន​ឈឿន អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានទេ​។​ទោះជា​យ៉ាងណា លោក​ប៊ូ​វរ​សក្យ នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅ​រាជ​​ធានី​ភ្នំពេញ​បាន​ប្រាប់ថា បញ្ហា​ភ្លើង​ឆេះ​ព្រៃ ជាពិសេស​នៅក្នុង​រដូវប្រាំង​ដែល​នៅ​តំបន់​ព្រៃ​ស្ងួត តែងតែមាន​ការឆេះ​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ដូច​ជា នៅ​តំបន់​លំផាត់ ខេត្តរតនគិរី​ជាដើម​។​

​អ៊ីចឹង​ផលប៉ះពាល់​ពី​ចំហេះ​ផ្សែង​ឧស្ម័ន​កាបូ​និក​គឺជា​មូលហេតុ​ ១ ​នៃ​ការប្រែប្រួល​អាកាសធាតុ​។ បញ្ហា​មួយទៀត​សត្វ​ដែល​រស់នៅក្នុង​គម្ពោត​​ព្រៃ​ហ្នឹង​វា​នឹងត្រូវ​ភ្លើង​ឆេះ​ងាប់​ដូចជា សត្វ​អណ្តើក ឬ​សត្វព្រៃ​ផ្សេងៗ​ទៀត​។​

​លោក​បាន​បញ្ជាក់ដែរថា​៖«​វា​ឆេះ​មកពី​កត្តា​មនុស្ស កើតឡើង​ដោយ​ចេតនា ឬ​អ​ចេតនា​ឬមួយ​មកពី​ភាព​ក្តៅ​ហួតហែង​ក៏មាន​។ បើ​ឆេះ​នៅក្នុង​ព្រៃ​តំបន់​ខ្ញុំ អាជ្ញា​ធរមាន​សមត្ថកិច្ច​រួម​ទាំង​អង្គការ​ខ្ញុំ​ផង គឺ​គ្មាន​ឧបករណ៍​អី​សម្រាប់​ទប់ស្កាត់​ទេ​មានតែ​ធ្វើ​ផ្លូវ​កាត់​កុំឱ្យ​ភ្លើង​ឆេះ​រាល​បន្ត​តែប៉ុណ្ណោះ​»៕