​បាត់ដំបងៈ ថ្វីដ្បិតតែ​វត្ត​សុរិយា​រាម​ស្ថិតនៅ​តំបន់​ជនបទ​ដាច់ស្រយាល​ក្នុងស្រុក​មោង​នៃ​ខេត្តបាត់ដំបង​ក្តី តែ​ទី​អារាម ​១ ​នេះ​ត្រូវបាន​អ្នកមាន​វិបត្តិ​ផ្លូវ​​ចិត្ត​មកពី​គ្រប់ទិសទី​យក​ធ្វើជា​មណ្ឌល​អប់រំ​ចិត្ត​ដែល​ក្នុង​ ១ ​ខែៗ​មាន​អ្នកជំងឺ​ផ្លូវចិត្ត​ពី​ ១០០​ ទៅ​ ២០០​ នាក់ ​បាននាំគ្នា​ទៅ​ទីនោះ​ដើម្បី​ធ្វើ​សមាធិ​។​


​ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់​មិនមាន​សំឡេង​អ្វី​ឆ្លងកាត់​និង​កំពុង​អង្គុយ​បិទ​ភ្នែក​នៅ​ចន្លោះ​ដើមឈើ​ខ្ពស់ៗ នោះ​ហើយ​គឺជា​អ្នក​ស្រី សុខ ធីតា ដែលជា​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ម្នាក់​ក្នុងចំណោម​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ប្រមាណ ​១០០​ នាក់ ដែល​កំពុង​អង្គុយ​ស្តាប់​វិធី​អប់រំ​ចិត្ត​ពី​ព្រះសង្ឃ​នៅក្នុង​វត្ត​សុរិយា​រាម​ដែល​ស្ថិត​ក្នុងភូមិ​គារ​ ៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​អ្នកស្រី សុខ ធីតា ដែលមាន​អាយុ​ ៣៥ ​ឆ្នាំ បាន​និយាយថា អ្នកស្រី​មាន​លំនៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​និង​មានកូន​ប្រុស​ស្រី​ចំនួន​ ២ ​នាក់​។​អ្នកស្រី​បាន​ជួបនឹង​វិបត្តិ​គ្រួសារ​ដោយសារតែ​ប្រៀនប្រដៅ​កូន​​ប្រុស​មិន​ស្តាប់បង្គាប់ ហើយ​ពួកគេ​ចេះតែ​ដើរលេង​មិន​ខិតខំ​សិក្សា​រៀនសូត្រ​។​


​អ្នកស្រីបាន​រៀបរាប់ថា​ដោយសារតែ​ការខឹង​កូន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បានធ្វើឱ្យ​អ្នកស្រី​កាន់​តែមាន​អារម្មណ៍​វិលវល់​គិត​អ្វី​ក៏​មិនបាន​ល្អ​ដូច​មុន​ឡើយ​។​កាលពី​ដំបូងៗ​ឡើយ អ្នកស្រី​បាន​ព្យា​យាម​ខំ​រម្ងាប់​ចិត្ត​ខ្លួនឯង​ដែរ តែ​ធ្វើ​មិនបាន ហើយក៏​ត្រូវ​មិត្តភក្តិ​ម្នាក់​ណែនាំ​ឱ្យមក​វត្ត​សុរិយា​រាម​ក្នុងស្រុក​មោង​ទើប​អ្នកស្រី​សម្រេចចិត្ត​មក​វត្ត​នៅ​ដើមឆ្នាំ​ ២០២៤​ នេះ ព្រោះ​អ្នកស្រី​គិតថា បើ​បាន​ស្តាប់​ដំបូន្មាន​ពី​ព្រះសង្ឃ យ៉ាងហោចណាស់​ក៏បាន​ធូរចិត្ត​ខ្លះៗ​ដែរ ហើយ​បើ​អ្នកស្រី​សម្ងំ​នៅតែ​ផ្ទះ​យូរៗ​ទៅ​បញ្ហា​ផ្លូវចិត្ត​រឹតតែ​កើត​ធ្ងន់​ជាង​នេះ​ជាមិនខាន​។​

​អ្នកស្រី ធីតា បាន​ប្រាប់ថា​៖ «​តាមពិតទៅ ការធ្វើ​ចិត្ត​មិន​ខឹង​នឹង​អ្នកដទៃ​សូម្បីតែ​មនុស្ស​ក្នុង​គ្រួសារ​ក៏ដោយ គឺ​មិនអាច​អត់​​ទ្រាំ​បានទេ ប្រសិនបើ​យើង​នៅ​ជួប​មុខ​គ្នា​រាល់ថ្ងៃ​។​ប៉ុន្តែ​បើ​យើង​គេច​ចេញពី​អ្វីដែល​យើង​មិន​ចូលចិត្ត​មួយរយៈ​សិន​នោះ​ភាព​សៅហ្មង​ក្នុង​ចិត្តនឹង​រសាយ​»​។​


​ព្រះសង្ឃ​ព្រះនាម ទុយ សុ​ឃីម ជា​ព្រះចៅអធិការ​វត្ត​សុរិយា​រាម​បាន​មាន​សង្ឃដីកា​ថាវ​ត្ត​សុរិយា​រាម​មាន​បង្រៀន​អ្នក​មាន​វិបត្តិ​ផ្លូវចិត្ត​តាមរយៈ​ការធ្វើ​សមាធិ​ហើយ​មាន​អ្នក​ចុះឈ្មោះ​ធ្វើ​សមាធិ​នៅក្នុង​វត្ត​នេះ​ក្នុង ១ ​ខែៗ​ចន្លោះ​ពី ​១០០​ ទៅ ២០០ ​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​ ២៥​ ទៅ ​៦០ ​ឆ្នាំ ហើយ​ភាគច្រើន​ជា​ស្ត្រី​និង​មកពី​គ្រប់​តំបន់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ព្រះចៅអធិការ​វត្ត​បាន​លើក​​ឡើង​ថា តាមរយៈ​ការធ្វើ​សម្ភាសន៍​និង​ការសិក្សា​របស់​ព្រះអង្គ​បាន​បង្ហាញថា មូលហេតុ​បណ្តាលឱ្យ​កើតមាន​បញ្ហា​ផ្លូវចិត្ត​នេះ​មាន​កត្តា​ផ្សេងៗ​រួមបញ្ចូល​គ្នា​។ ដូចជា​បញ្ហា​ប្តី​ប្រពន្ធ​ក្នុង​គ្រួសារ​និង​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ហើយ​ក្នុងចំណោម​នោះ​ក៏មាន​អ្នកមាន​ជីវភាព​ធូរធារ​ផងដែរ ដែលមាន​វិបត្តិ​ផ្លូវចិត្ត​នេះ​។ បើ​និយាយ​ពី​សិស្ស​ (​អ្នក​មក​ធ្វើ​សមាធិ​) ​ដែល​បាន​ចុះឈ្មោះ​ជាមួយ​ព្រះអង្គ​គឺមាន​ទាំង​អ្នកមាន​និង​អ្នកក្រ​ដែល​ភាគច្រើន​មកពី​រាជធានី​ភ្នំពេញ​។​

​ព្រះចៅអធិការ​វត្ត​បាន​បញ្ជាក់ថា​៖ «​យើង​បើក​ការងារ​អប់រំ​គាត់​ខាង​ផ្លូវចិត្ត​ទើប​ដឹងថា​បច្ចុប្បន្ន​គឺមាន​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ច្រើនណាស់​ពរ ច្រើន​មែនទែន​!​ពេលខ្លះ​គាត់រ​ត់រក​ខាង​បារមី​ផ្លូវ​ងងឹត​ឱ្យជួយ តែ​ជួយ​មិនបាន​វា​កាន់​តែមាន​វិបត្តិ​ធ្ងន់​ទៅវិញ​។​អ៊ីចឹង​ពេលដែល​យើង​ប្រឡូក​ក្នុងការ​​ងារ​នេះ​ទើប​ដឹងថា​«​អូ​»​បច្ចុប្បន្ន​ញាតិ​ញោម​មាន​វិបត្តិ​ផ្លូវ​ចិ​ត្ដ​ច្រើន​មែនទែន​ពិសេស​ញោមស្រីៗ​»​។​

​បើតាម​ព្រះចៅអធិការ ចំពោះ​សិស្ស​ (​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​)​ ដែល​បានមក​ចុះឈ្មោះ​រម្ងាប់​វិបត្តិ​ផ្លូវចិត្ត​តាមបែប​មេរៀន​ព្រះធម៌​អប់រំ​ចិត្ត​ជាមួយ​ព្រះអង្គ​មាន​ប្រហែល​ ៩៨​ ភាគរយ​ដែល​ស្ថិតក្នុង​វ័យ​មានគ្រួសារ​។ ចំពោះ​មនុស្ស​ដែលមាន​វិបត្តិ​ផ្លូវចិត្ត​ហើយ​មករក​កន្លែង​អប់រំ​ផ្លូវចិត្ត​ដើម្បី​ព្យាបាល​ឱ្យបាន​ប្រសើរ​ឡើងវិញ គឺ​ព្រះអង្គ​ក៏ត្រូវ​ដឹងថា តើ​វិបត្តិ​ផ្លូវចិត្ត​របស់​មនុស្ស​អ្នកនោះ​មាន​ដើមហេតុ​មកពី​បញ្ហា​អ្វី​?​បើ​រក​ដើមហេតុ​ឃើញ​ទើប​អាច​អប់រំ​ចិត្ត​គាត់​ឱ្យ​ឆាប់​ធូរស្បើយ​។ ករណីនេះ​មិន​ខុស​អី​ពី​ជំងឺ​ទេ បើ​គ្រូពេទ្យ​ដឹងថា​អ្នកជំងឺ​ឈឺ​អី​ទើប​ព្យាបាល​ចំ​មុខ​ជំងឺ​ឆាប់​ជា​សះ​។​

​ព្រះអង្គ​បាន​ពន្យល់​ពី​ព្រះធម៌​ថា ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​មុននឹង​ទេសនា​សម្តែង​ប្រាប់​នរណាម្នាក់​ក៏​លោក​មើល​ឧ​ប​និស្ស័យ​មនុស្ស​នោះ​សិន​ដែរ​។​មានន័យថា​ត្រូវ​សម្តែងធម៌​អី​ឱ្យ​ត្រូវ​។​ដូចគ្នា​នឹង​ញាតិ​ញោម​ដែល​មក​អប់រំ​ផ្លូវចិត្ត​ជាមួយ​ព្រះអង្គ​ដែរ​ដែល​ត្រូវ​ដឹង​ពី​ដើម​នៃ​ហេតុ​ហើយ​តាម​ព្រះអង្គ​សិក្សា​ពី​ពួកគាត់​គឺមាន​ទី​ ១ កើត​មកពី​វិបត្តិ​ដៃគូ​ក្នុង​គ្រួសារ និង​ទី​២ ​បញ្ហា​លុយកាក់​ពាក់ព័ន្ធ​នឹង​បំណុល​រក​វិធី​ដោះស្រាយ​មិនបាន​។​

​ព្រះចៅអធិការ​បន្ថែមថា ចំពោះ​វិធីសាស្ត្រ​អប់រំ​ផ្លូវចិត្ត​តាមបែប​ព្រះធម៌​នេះ គឺ​ត្រូវ​មើលទៅ​តាម​និស្ស័យ​របស់​មនុស្ស​នោះ​។ បើ​មនុស្ស​ម្នាក់​នោះ​សិក្សា​ទៅ​ឃើញថា គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​គឺ​ព្រះអង្គ​មាន​យុទ្ធ​សាស្ត្រ​បង្រៀន​អប់រំ​ចិត្ត​ខាង​សេដ្ឋកិច្ច​ទាក់ទង​ចំណូល​ចំណាយ​ក្នុង​គ្រួសារ​។​ហេតុដូច្នេះ​ហើយ​ទើប​ព្រះអង្គ​តម្រូវឱ្យ​ញាតិ​ញោម​មក​ស្នាក់នៅ​វត្ដ ដោយ​បច្ចុប្បន្ន​ព្រះ​​អង្គ​កំពុង​សាងសង់​អគារ​ចំនួន​ ៤​ សម្រាប់​ទុកឱ្យ​អ្នក​មក​ធ្វើ​សមាធិ​ស្នាក់នៅ​ដោយ​ក្នុង​ ១ ​អគារ​មាន​៤​បន្ទប់ ហើយ​ក្នុង ​១​ បន្ទប់​អាចដាក់​បាន​មនុស្ស​ ៤​ នាក់​ហើយ​អ្វីៗ​ខាង​វត្ត​ជា​អ្នកទទួល​រ៉ាប់រង​ទាំងអស់​។​

​ទោះយ៉ាងណា ព្រះអង្គ​លើកឡើងថា ជាទូទៅ​នៅ​វត្ត​ ១ ​ចំនួន​តម្រូវឱ្យ​អ្នក​មក​អប់រំ​ផ្លូវចិត្ត​ត្រូវ​បង់ថ្លៃ​អាហារ​បាយទឹក​។​ចំណែក​វត្ត​ព្រះអង្គ​ក៏​កំពុងតែ​គិត​ដែរ​ថា​តើ​ត្រូវអនុវត្ត​គោលការណ៍​នេះ​ឬក៏​យ៉ាងណា​? «​តែ​អ​ត្មា​ថា​មិនបាច់​ទេ បើ​ញាតិ​ញោម​ណា​ចង់​ដាក់​បច្ច័យ​ក៏​តាម​សទ្ធា​ទៅ តែ​យ៉ាងណា​យើង​ត្រូវតែ​ធ្វើ​បាយទឹក​ទទួល​គាត់ ​១​ ថ្ងៃៗ​ពេញ តែម្តង​»​។​

​ព្រះចៅអធិការ​វត្ត​បាន​បន្តទៀតថា ពាក់ព័ន្ធ​ពេលវេលា​សិក្សាអប់រំ​ផ្លូវចិត្ត​ដល់​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​មាន ​៣ ​វគ្គ គឺ​វគ្គ​ទី​ ១ មាន​រយៈ​ពេល​សិក្សា​ ៣ ​ថ្ងៃ សម្រាប់​អ្នកមាន​វិបត្តិ​ស្រាល​។ ​វគ្គ​ទី​២​ គឺ​រៀន​ ១ ​សប្តាហ៍​សម្រាប់​អ្នកមាន​វិបត្តិ​មធ្យម​និង​វគ្គ​ទី​ ៣​ សម្រាប់​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ខ្លាំង​។ ​ប៉ុន្តែ​ជា​លទ្ធផល​ក្រោយពី​ទទួល​ការអប់រំ​រួចមក គឺ​ពួកគាត់ ​(​អ្នកមាន​វិបត្តិ​ធ្ងន់​)​វិល​មក​សភាព​ល្អ​វិញ​ពី​ ៦០ ទៅ​ ៧០ ​ភាគរយ​។​ បច្ចុប្បន្ន​វត្ត​សុរិយា​រាម​មាន ព្រះ​សង្ឃ​គង់នៅ​ជាង​ ៤០ ​អង្គ​ ហើយ​សម្រាប់​ចង្ហាន់​ពេលព្រឹក​ គឺ​ព្រះ​អង្គ​ធ្វើ​ប្រគេន រីឯ​ចង្ហាន់​ថ្ងៃត្រង់​ចេញ​បិណ្ឌបាត​។ ប៉ុន្តែ​បច្ចុប្បន្ន​មានការ​ថយ​ច្រើន​ពី​ការ​ប្រគេន​បច្ច័យ​ពី​ពុទ្ធបរិស័ទ ហើយ​បើ​ខែ​ណា​មិនសូវមាន​បច្ច័យ​ព្រះអង្គ​ក៏​ចេញទៅ​បរទេស​ដើម្បី​ស្វែងរក​បច្ច័យ​មក​ទ្រទ្រង់​ដល់​ដំណើរ​ការសិក្សា​ទាំង​ព្រះសង្ឃ ទាំង​ញាតិ​ញោម​ដែល​មក​អប់រំ​ផ្លូវចិត្ត​។​

​ជុំវិញ​បញ្ហា​នេះ អ្នកស្រី ស៊ុន​ សុ​បញ្ញា ជា​សមាជិក​ស្ម័គ្រចិត្ត​នៃ​សមាគម​សមាធិ​ព្រះធម៌​ដែលមាន​ទីតាំងនៅ​បុរី​រុងរឿង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំពោះ​អ្នក​ដែល​មក​ចូលរួម ឬ​អ្នក​មក​ធ្វើ​សមាធិ​នេះ​សុទ្ធ​តែមាន​បញ្ហា​ផ្លូវចិត្ត​ហើយ​ភាគច្រើន​ជា​ស្ត្រី​។ ​ការធ្វើ​សមាធិ​នេះ​ក៏​ជាការ​ព្យា​បាល​ផ្លូវចិត្ត​មាន​ប្រសិទ្ធភាព​មួយផ្នែក​ដែរ ក្នុងនោះ​មាន​វ័យ​ចាប់ពី​អាយុ​ជាង​ ២០ ​ឆ្នាំ​រហូតដល់​ជាង ​៨០ ​ឆ្នាំ​ក៏មានដែរ​។​

​អ្នកស្រី​បន្តថា​៖ «​ការព្យាបាល​ដោយ​ធ្វើ​សមាធិ​នេះ វា​មាន​ប្រសិទ្ធភាព​បើ​ចិត្ត​របស់​យើង​ស្ងប់​ល្អ​គឺ​វា​ផ្តល់​ប្រសិទ្ធភាព​ឱ្យ​យើង​ដឹង​តែម្តង​។ អ្នក​មក​ធ្វើ​សមាធិ​ពួកគាត់​នឹង​ត្រូវបាន​ព្យាបាល​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​»​។​

​បើតាម​អ្នកស្រី សុ​បញ្ញា សមាគម​សមាធិ​ព្រះធម៌​បាន​បើក​ដំណើរការ​មាន​រយៈពេល​ជាង​ ១០​ ឆ្នាំ​មកហើយ ដែល​បង្រៀន​ដោយ​លោកគ្រូ​ឈ្មោះ​យុន ប៊ុន​គន ជា​ជនជាតិខ្មែរ​រស់នៅ​ប្រទេស​កាណាដា​។​ ចំពោះ​វគ្គ​ធ្វើ​សមាធិ​វិញ​ក្នុង​ ១ ​ឆ្នាំមាន​បើក​តែ​ ២ ​វគ្គ​ទេ ហើយ​ក្នុង ​១ ​វគ្គៗ​មាន​រយៈពេល​ ៦ ​ថ្ងៃ​ពេញ តែ​តម្រូវឱ្យ​អ្នក​មក​ធ្វើ​សមាធិ​ត្រូវតែ​មកឱ្យ​បាន​គ្រប់​ទាំង ​៦ ​ថ្ងៃ​ទើប​អាច​ដឹង​ពី​ប្រសិទ្ធ​ភាព​។​ចំពោះ​ការរៀន​នេះ​គឺ​សមា​គម​ក៏​មិន​តម្រូវឱ្យ​អ្នក​មក​ធ្វើ​សមាធិ​បង់លុយ​ដែរ តែបើ​មាន​អ្នក​ចង់​រួមវិភាគទាន​ក៏​អាច​បានដែរ តែ​សមាគម​មិនមាន​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​ទេ​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​អ្នក​មក​ធ្វើ​សមាធិ​ដែល​ពីមុន​ធ្លាប់​ប្រើប្រាស់​ថ្នាំពេទ្យ​តែ​ដល់ពេល​មក​ធ្វើ​សមាធិ​ គឺ​ភាគច្រើន​គាត់​បាន​បោះបង់​ថ្នាំពេទ្យ​ចោល​ហើយ​គាត់​មាន​សុខ​ភាពល្អ​រឹងមាំ​ជាង​មុន នេះ​អាច​បញ្ជាក់ថា ការធ្វើ​សមាធិ​ផ្លូវចិត្ត​មាន​ប្រសិទ្ធភាព​មែនទែន​»​។​

​ពាក់ព័ន្ធ​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​នេះដែរ លោកស្រី​ស៊ុន សូលី​ដា អ្នក​ចិត្តសាស្ត្រ​នៃ​អង្គការ Transcultural Psychosocial Organization(TPO) ធ្លាប់បាន​ពន្យល់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំងឺផ្លូវចិត្ត គឺ​ដូច​ទៅនឹង​ជំងឺ​លើ​រាងកាយ​អ៊ីចឹង​គឺជា​ជំងឺ​ម្យ៉ាងដែ​លវា​ប៉ះពាល់​ដល់​អារម្មណ៍ ការគិត និង​អាកប្បកិរិយា​របស់​មនុស្ស​ហើយ​វា​អាចធ្វើឱ្យ​ជំនឿ​របស់​មនុស្ស​ផ្លាស់ប្តូរ និង​ធ្វើឱ្យ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​មានការ​ប្រែប្រួល​។ ជំងឺ​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​មុខងារ​បំពេញការងារ​ប្រចាំថ្ងៃ​របស់​មនុស្ស​ទាំង​បុគ្គល​ផ្ទាល់​និង​ក្រុមគ្រួសារ​ផងដែរ​។​

​លោកស្រី​ឱ្យដឹងថា ជំងឺផ្លូវចិត្ត​មាន​ ២ ​ប្រភេទ ទី​១ ជា​ជំងឺ​ពាក់​ព័ន្ធ​នឹង​ការគិត អាច​និយាយបានថា ពាក់ព័ន្ធ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ទី​២ គឺ​ជំងឺ​ផ្នែក​អារម្មណ៍​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ថប់​អារម្មណ៍​។​ក្នុង​ផ្នែក​ទាំងនោះ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ដែល​គេ​អាច​កំណត់​រោគ​​វិនិច្ឆ័យ​នីមួយៗ​បាន លុះត្រាតែ​ឆ្លងកាត់​ពី​អ្នក​ប្រឹក្សា និង​ក្រុម​​វេជ្ជបណ្ឌិត​ចិត្ត​វិកល ដែល​មាននៅ​អង្គការ TPO​។

មាន​កត្តា​ចម្បង ​២ ​ដែរ ក្នុងនោះ​កត្តា​ក្រៅ​ខ្លួន​គឺ​បរិយាកាស មជ្ឈដ្ឋាន​នៃ​ការរស់នៅ វិបត្តិ​សង្គម ទំនាក់​ទំនង និង​វិបត្តិ​គ្រួសារ សរីរាង្គ​កាយ​ជាដើម​។ ​រីឯ​កត្តា​ក្នុង​ខ្លួន​គឺពាក់ព័ន្ធ​នឹង​ការគិត និង​ការ​ប្រែ​​ប្រួល​គីមី​នៅក្នុង​ខួរក្បាល​ដែល​បណ្តាលឱ្យ​បុគ្គល​បង្ហាញ​ភាពមិនប្រក្រតី​កើតឡើង​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ការគិត​ច្រើន​វា​នឹង​បញ្ចេញ​អ័រម៉ូន​ក្នុង​ខ្លួន​យើង​ច្រើន​ដែល​ឱ្យ​សរីរាង្គកាយ​សកម្ម​លើសលប់ ឬ​ធ្វើឱ្យ​យើង​ហ្នឹង​ស្ពឹក​ស្រពន់ មិន​ចង់​ធ្វើ​អ្វី​ទេ​។ ពេលខ្លះ​រហូត​គិតថា ខ្លួនឯង​អត់​តម្លៃ អត់​មាន​​ប្រយោជន៍​ទៀតផង​»៕