​ភ្នំពេញៈ ទំនាក់ទំនង​រវាង​ប្រទេស​បារាំង និង​កម្ពុជា ជា​ទំនាក់ទំនង​ដ៏​យូរលង់​ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ប្រវត្តិសាស្ត្រ​មាន​ភាព​ស៊ីជម្រៅ និង​រស់​រវើក ដែល​ភាគី​បារាំង​បាន​ហៅថា ជា​ទំនាក់ទំនង​ប្រកបដោយ​ការចែករំលែក​ និង​សមានចិត្ត​ដ៏​ពិតប្រាកដ​មួយ​តាមរយៈ​ប្រទេស​និយាយ​ភាសា​បារាំង ហ្រ្វង់​កូ​ហ្វូ​នី (Francophonie)​។​


​ភាគី​បារាំង​ក៏បាន​ចាត់ទុក​ដែរ​ថា ទំនាក់ទំនង​នេះ​ជា​ទំនាក់ទំនង​ប្រកបដោយ​ទំនុក​ចិត្ត ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ឥត​​ងាករេ ដែល​បែរ​ឆ្ពោះទៅកាន់​អនាគត និង​បញ្ហា​ប្រឈម​នានា​។​ប្រទេស​បារាំង​ក៏បាន​ប្រកាស​គាំទ្រ​បេក្ខភាព​របស់​កម្ពុជា​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូលហ្រ្វង់​កូ​ហ្វូ​នី​ឆ្នាំ​ ​២០២៦​។​

​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២ ​ផ្តោតលើ​អាទិភាព​សំខាន់ៗ​ដូចជា ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្លើយតប​នឹង​តម្រូវការ​ប្រយុទ្ធប្រឆាំង​ការ​ប្រែ​ប្រួល​អាកាសធាតុ ការការពារ​ជីវៈចម្រុះ តួនាទី​នៃ​វប្បធម៌ និង​ការលើកកម្ពស់​បេតិកភណ្ឌ​កម្ពុជា​។ បារាំង​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ជាពិសេស​លើ​វិស័យ​សុខាភិបាល អប់រំ បច្ចេក​​វិទ្យា​ឌីជីថល សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​។​


​លោក ប៉ែន បូ​ណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​បារាំង និង​កម្ពុ​ជាមាន​ទំនាក់ទំនង​គ្នា​ជា​ប្រវត្តិសាស្ត្រ​តាំងពី​យូរលង់​មកហើយ​។ ទំនាក់ទំនង​ជាទូទៅ​​គឺ​ល្អ យល់ចិត្ត​គ្នា​តាំងពីដើម​អើយ​មក​»​។​

​ក្រោយពី​ចូលកាន់​តំណែង​បាន​រយៈពេល​ជាង​ ៥ ​ខែ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​នៅ​បារាំង​តាម​ការអញ្ជើញ​របស់លោក​អេ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) និង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ស្វ៊ី​ស ចាប់​ថ្ងៃទី​ ១៣ ​ដល់​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២៤​។​


​លោក ប៉ែន បូ​ណា ថ្លែងបន្តថា តាមរយៈ​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​សង្ឃឹមថា កម្ពុជា និង​បារាំង​មាន​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​គ្នា​ល្អ រឹងមាំ និង​សំខាន់​ទៅមុខទៀត​។​

​លោក ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​​វិស័យ​អាស៊ី (AVI) ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ និងហ្រ្វង់​កូ​ហ្វូ​នី បារាំង​បាន​ដើរតួនាទី​យ៉ាង​សំ​ខាន់​ក្នុងការ​លើកកម្ពស់ និង​ការពារ​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​។​ការបំពេញ​ទស្សន​កិច្ច​របស់លោក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​បារាំង ក្រោយពី​ព្រះរាជដំណើរ​ទស្សនកិច្ច​ព្រះ​​មហាក្សត្រ​កម្ពុជា​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សង្គម សេដ្ឋ​កិច្ច ធនធានមនុស្ស ការការពារ​វប្បធម៌ ព្រមទាំង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​បារាំង​បន្ថែម​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន ប្រទេស​បារាំង​កំពុង​ជួយ​កម្ពុជា​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិទ្យា​សាស្ត្រ និង​ការអប់រំ ខណៈដែល​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) និង​ឧស្សាហកម្ម​តាំងពី​ឆ្នាំ​ ១៩៩៣ ដោយមាន​ជំនួយ ៣០០ លាន​អឺរ៉ូ (៣២៨ លាន​ដុល្លារ​អាមេរិក​)​។ បារាំង និង​កម្ពុជា​ចាំបាច់​ត្រូវ​ពិចារណា​បន្ថែម​លើ​ការពង្រឹង​ភាព​ជឿន​​លឿន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បន្ថែមទៀត កិច្ច​​សហប្រតិបត្តិការ​យោធា និង​ការលើកកម្ពស់​ការអភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ត្បូង​-​ត្បូង​»​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោក ម៉ា​ក្រុង បានទទួល​ព្រះរាជសវនាការ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​វិមាន​អេ​លី​ហ្ស៊េ ​(Elysee) ប្រទេស​បារាំង ដោយ​ភាគី​បារាំង​លើកឡើងថា ជំនួប​សវនាការ​នេះ​ឆ្លុះ​​បញ្ចាំង​ឱ្យឃើញ​នូវ​ឆន្ទៈ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពិសេស​រវាង​បារាំង និង​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

​វិស័យ​សុខាភិបាល​ក្នុង​វិស័យ​សុខាភិបាល ប្រទេស​បារាំង ​បាន​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​​ ១៩ ​នៅ​កម្ពុជា តាមរយៈ​ការចូលរួមចំណែក​ក្នុង​យន្តការ​កូ​វ៉ា​ក់ (CoVAC)​ និង​សកម្មភាព​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​(Pasteur)​។​

​ប្រទេស​បារាំង​ បានទទួល​ស្វាគមន៍​គ្រូពេទ្យ​ជំនាញ​កម្ពុ​ជាជាង​ ១ ០០០ ​នាក់ ​ចាប់តាំងពី​ឆ្នាំ ​១៩៩៦ បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹងសមត្ថភាព​គ្រូពេទ្យ​កម្ពុជា ដោយមាន​ទំនាក់ទំនង​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​របស់​កម្ពុជា ដែលជា​ដៃគូ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​បារាំង​។​

​ស្ថានទូត​បារាំង​នៅ​កម្ពុជា​លើកឡើងថា វត្តមាន​របស់​វិទ្យា​ស្ថាន​ស្រាវជ្រាវ​បារាំង​រួមមាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​ការអភិវឌ្ឍ ​(IRD) មជ្ឈមណ្ឌល​ស្រាវជ្រាវ​បារាំង (CIRAD)​ទីភ្នាក់ងារ​បារាំង​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ (ANRS-MIE)​ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​មន្ទីរពេទ្យ និង​ឧ​ត្ត​មសិ​ក្សា ការស្វែងរក​ហិរញ្ញប្បទាន និង​ការ​ផ្តល់នូវ​អ្នកជំនាញ​បច្ចេក​ទេស បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​កិច្ចសហការ​យូរអង្វែង និង​ប្រកបដោយ​ទំនុកចិត្ត​រវាង​បារាំង និង​កម្ពុជា​។​

​បារាំង​គឺជា​រដ្ឋ​បរទេសមួយ​ផងដែរ​ដែលជា​សមាជិក​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ស្ថានទូត​បារាំង​លើកឡើងថា តាមរយៈ​សមាជិក នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំង ​២​ ក្នុង​វិស័យ​សុខាភិបាល​។ កិច្ច​សហ​ប្រតិបត្តិការ​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​នេះ​ស​ឱ្យឃើញ​ជាពិសេស​តាមរយៈ​ការគាំទ្រ​ដល់​ការបណ្តុះ​​បណ្តាល​និស្សិត​កម្ពុជា​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​កៀរគរ​អ្នកជំនាញ​អន្តរជាតិ​នៅតាម​បណ្តា​ស្ថាប័ន​សំខាន់ៗ​ក្នុង​វិស័យ​សុខាភិបាល​។​

​ដោយឡែក​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល​ជាមួយ​កម្ពុជា បារាំង​ក៏បាន​គាំទ្រ​ការពង្រឹង​ជំនាញ​ថែទាំ​ព្យាបាល​ជំងឺ​សួត​។ បច្ចុប្បន្ន ជា​រៀងរាល់ឆ្នាំ គ្រូ​ពេទ្យ​ជំងឺ​សួត​កម្ពុជា​ប្រមាណ​ ១២ ​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល ភាគច្រើន​នៅ​ប្រ​ទេស​បារាំង​។​

​វិស័យ​ការអប់រំ​

ជា​រៀងរាល់ឆ្នាំ ប្រទេស​បារាំង​ផ្តល់​អាហារូបករណ៍​សិក្សា​ដល់​និស្សិត​ឆ្នើម​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​អនុ​បណ្ឌិត និង​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​បារាំង នៅ​សាកល​វិទ្យាល័យ សាលា​ល្បីៗ ឬ​វិទ្យា​ស្ថាន​ឧ​ត្ត​មសិ​ក្សា​បារាំង​។​ជា​រៀងរាល់ឆ្នាំ និស្សិត​កម្ពុជា​ប្រមាណ ​១៥០ ​នាក់​ចេញទៅ​សិក្សា​នៅ​ប្រទេស​បារាំង​។​

​និស្សិត​ភាគច្រើន​ទទួលបាន​អាហារូបករណ៍​បារាំងដូចជា កម្មវិធី​អាហារូបករណ៍​រដ្ឋា​ភិ​បាល​បារាំង​ដែល​ផ្តល់​ប្រមាណ ​៥០ ​នាក់​ក្នុង​ ១​ ឆ្នាំ កម្មវិធី Excellence Eiffel ផ្តល់​ប្រមាណ​ ១០​នាក់​ក្នុង​ ១ ​ឆ្នាំ កម្មវិធី Erasmus+ ផ្តល់​ប្រមាណ​ ១៥ ​នាក់​ក្នុង ​១​ ឆ្នាំ និង​កម្មវិធី​សញ្ញា​ប​ត្រ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ផ្តល់​ប្រមាណ ​៧០ ​នាក់​ក្នុង ១ ​ឆ្នាំ​។​យោងតាម​ស្ថានទូត​បារាំង​បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ និស្សិត​កម្ពុជា​ចំនួន​ ៣១២ ​នាក់ ទទួលបាន​សញ្ញាបត្រ​បារាំង បន្ទាប់ពី​បាន​សិក្សា​នៅ​ប្រទេស​បារាំង ឬ​នៅតាម​ថ្នាក់​ពិសេស​នៃ​គ្រឹះស្ថានសិក្សា​ប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា​។​បច្ចុប្បន្ន និស្សិត​កម្ពុ​ជាជាង ​៨០០ ​នាក់​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង​។​

​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា និស្សិត​ក៏​អាច​ទទួលបាន​សញ្ញា​​ប​ត្រ​ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បារាំង​នៅលើ​ជំនាញ​ជាច្រើន​តាមរយៈ​ការបណ្តុះបណ្តាល​ជា​ភាសា​បារាំង​នៅតាម​សាកល​វិទ្យាល័យ​កម្ពុជា​ចំនួន ​៤ គឺ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

​ក្រៅពីនេះ​បារាំង​ក៏បាន​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​អប់រំ​កម្ពុជា ស្ថានទូត​បារាំង​នៅ​កម្ពុជា​បាន​បង្កើត​កម្មវិធី​ពង្រឹង​ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​លើកកម្ពស់​ភាសា​បារាំង​។ ឆ្នាំ​ ២០២៤ ចក្ខុវិស័យ​ផ្តោតលើ​ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ភាសា​បារាំង និង​ការលើកកម្ពស់​ភាសា​បា​រាំងជា​ភាសាវិទ្យា​សាស្ត្រ និង​ការងារ​។  

​វិស័យ​វប្បធម៌​តំបន់​រមណីយដ្ឋាន​អង្គរ​នៅ​កម្ពុជា​ត្រូវបាន​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) ដោយមាន​ប្រាសាទ​ជាង​ ២០០ និង​ទី​ស្ថាន​បុរាណវិទ្យា​ប្រមាណ ​៦០០​។​

​បារាំង និង​ជប៉ុន​បាន​ធ្វើជា​សហប្រធាន​គណៈ​ក​ម្មា​ធិ​ការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិ សាស្ត្រ​អង្គរ (CIC​អង្គរ​)​ អស់​រយៈពេល ​៣០ ​ឆ្នាំ​មក​។ ប្រទេស​ទាំង​ ២ ​នេះ​នឹង​បន្ត​ធ្វើជា​សហប្រធាន​រយៈ​ពេល ​១០ ​ឆ្នាំ​ទៀត​ពី​ឆ្នាំ​ ២០២៤-២០៣៣ ដែល​នឹង​ផ្តោតលើ​ការអភិវឌ្ឍ និង​ការលើកស្ទួយ​តម្លៃ​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​។​

​ក្នុង​រយៈពេល ​៣០ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ១៩៩៣​ ដល់​ឆ្នាំ ​២០២៣ ​តាមរយៈ​ការគាំទ្រ​របស់​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង​របស់​ប្រទេស​បារាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា បានអនុញ្ញាត​ជាពិសេស​ឱ្យមាន​ការជួសជុល​ប្រាសាទ​សំខាន់​ចំនួន​ ២ ​គឺ​ប្រាសាទបាពួន​ដែល​ត្រូវ​បានបញ្ចប់​កាលពី​ឆ្នាំ​ ២០១១ ​និង​ការជួសជុល​ប្រាសាទមេបុណ្យខាងលិច​ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ​។ ក្នុង​រយៈពេល ​៣០ ​ឆ្នាំនេះ​ក៏មាន​ការបណ្តុះបណ្តាល​មុខ​អាជីព​ទាក់ទង​នឹង​បេតិកភណ្ឌ​ដល់​មន្ត្រី​ជាច្រើន​រយ​នាក់ និង​ការពង្រឹង​ការស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​។​

​វិស័យ​ការពារជាតិ​

​ប្រទេស​បារាំង​បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ​១៩៩១​ គឺ​រយៈពេល​ជាង ​៣២​ ឆ្នាំមុន ដែលជា​ការចាប់ផ្តើម​នៃ​ការវិលត្រឡប់​មកវិញ​នៃ​សន្តិភាព និង​ការផ្សះផ្សារ​នៅ​ប្រទេស​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​។​បារាំង​គឺជា​ប្រទេស​លំដាប់​លេខ​ ២ ​ដែល​បាន​បញ្ជូន​កង​មួក​ខៀវ​មក​កម្ពុជា​ក្នុងសម័យ អាជ្ញាធរ​អន្តរកាល​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ហៅថា​អ៊ុនតាក់ ​(UNTAC)​ ក្នុង​ទស្សវត្ស​ឆ្នាំ ១៩៩០​។​

​ទំនាក់ទំនង​ដ៏​យូរលង់​លើ​វិស័យ​ការពារជាតិ​រវាង​កម្ពុ​ជា និង​បារាំង​បន្ត​មាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​យោធា ជាពិសេស​ការបណ្តុះបណ្តាល និង​ការជួយជ្រោមជ្រែង​ដល់​ការដាក់​ពង្រាយ​កង​មួក​ខៀវ​កម្ពុជា​ដើម្បី​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​។ ក្នុង​ឆ្នាំ​ ២០២៣​ កន្លងទៅនេះ ចំនួន​កង​មួក​ខៀវ​កម្ពុជា​ដែល​ទៅ​បំពេញបេសកកម្ម​ត្រូវបាន​ពង្រឹង​ថែមទៀត​។​

​ជាក់ស្តែង កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ យោធា​ចា​រ្យ​បារាំង​ ២ ​រូប​បានមក​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ក្នុងការ​ស្វែងរក ទប់ស្កាត់ និង​ការគ្រប់គ្រង​គ្រឿងផ្ទុះ​កែច្នៃ​នៅ​កម្ពុជា​ដល់​កងកម្លាំងរ​ក្សា​សន្តិភាព​ចំនួន ​១៩​ នាក់​មកពី​ប្រទេស​ ១០​ នៅ​អាស៊ី ដែល​ក្នុងនោះ​មកពី​កម្ពុ​ជាមាន​ ១៥ ​នាក់​។​

​គិត​ត្រឹម​ខែតុលា ឆ្នាំ​ ២០២៣ កង​មួក​ខៀវ​កម្ពុជា​ចំនួន​ប្រមាណ​ ៨០០ ​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ភាគច្រើន​នៅតាម​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​៕