​ភ្នំពេញៈ ដោយបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០១៧ សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅក្នុង​អាណត្តិ​ទី២ ឆ្នាំ ​២០២១-២០២៥ ដែលមាន​សមាសភាព​គ​ណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​ចំនួន ​១១ នាក់ ហើយ​សហព័ន្ធ​នេះ​តែងតែ​យកចិត្ត​ទុក​​ដាក់​ខ្ពស់​លើការ បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស និង​ជំរុញ​ការ​ហ្វឹកហាត់​អភិវឌ្ឍ​ជំនាញ​កីឡា​កម្រិត​ខ្ពស់​ដល់​កីឡាករ​កីឡាការិនី ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការ​ណ៍​កីឡា​ជាតិ​និង​អន្តរជាតិ​នានា​។​


​ជាមួយ​ការខិតខំ​ប្រឹងប្រែង​នេះ បាន​ជួយ​ឱ្យ​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា អាច​ពង្រីក​សក្តានុពល​យ៉ាង​លឿន ដោយ​គិត​ត្រឹម​អា​​ណ​ត្តិ​ទី​២​ នេះ​ក្រុម​អត្ត​ព​លិ​ក​ជឺ​ជី​ត​ស៊ូ​កម្ពុជា អាច​ដណ្តើមបាន​មេ​ដាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កម្រិត​តំបន់ ទ្វីប និង​ពិភពលោក​សរុប​ចំនួន ៨៧ ក្នុងនោះ​មាន​មេដាយមាស​ ២៨ មេដាយប្រាក់​ ៣២ និង​មេដាយ​សំរឹទ្ធ​ ២៧ ​ព្រម​ទាំង​បណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញា​កណ្ដាល ចៅក្រម មន្ត្រី​បច្ចេក​​ទេស និង​គ្រូបង្វឹក​កម្រិត​មូលដ្ឋានចំនួន​ ៤២​ នាក់​។​

​ជាមួយ​សមិទ្ធ​​ផល​ទាំងអស់នេះ ការដណ្តើម​បាន​មេដាយមាស​ ១ ពី​ការប្រកួត​កីឡា​អាស៊ី ឆ្នាំ​ ២០១៨ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​របស់​វីរ​កីឡាការិនី ខាន់ ចេ​សា ត្រូវបាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ចាត់ទុកថា ជា​សមិទ្ធផល​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​បាន​ជំ​រុញឱ្យ​ប្រភេទ​កីឡា​នេះ​កាន់តែ​មាន​ភាព​ផុសផុល​ខ្លាំង និង​អាច​បង្កើតបាន​នូវ​កំណត់ត្រា​ថ្មី​មួយទៀត​ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដោយ​ពួកគេ ដណ្តើមបាន​មេដាយមាស ​៣ ប្រាក់ ​៥ និង​សំរឹទ្ធ​ ១ ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក្នុងនោះ​ខាន់ ចេ​សា ឈ្នះ​បាន​មេដាយមាស ​១ និង​ប្រាក់​ ១ តែម្នាក់ឯង​។​


​តែ​ទោះបីជា​យ៉ាងណា ការសម្រេច​ដកខ្លួន​ចេញពី​ការប្រកួត​ដោយ​មូលហេតុ​ផ្ទាល់ខ្លួន​របស់​វីរ​កីឡាការិនី ខាន់ ចេ​សា ពី​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី លើក​ទី ​១៩ ឆ្នាំ ២០២២ ​នៅ​ប្រទេស​ចិន ​ដែល​បានរៀបចំ​ពីថ្ងៃ​ទី​ ២៣ ខែកញ្ញា ដល់​ថ្ងៃទី​ ៨ ខែតុលា ឆ្នាំ​ ២០២៣ បានធ្វើឱ្យ​ក្រុម​ជឺ​ជី​តស៊ូ​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ហើយ​ជាល​ទ្ធ​ផល​រួម​គឺ​កម្ពុជា ដណ្តើមបាន​ត្រឹម​មេដាយ​ ១​ គត់ ដែល​រកបាន​ដោយ​ក្រុមកីឡា​កា​រ៉ា​តេ គឺ​ផ្ទុយ​ពី​ការប្រកួត​កីឡា​អាស៊ី​ឆ្នាំ​ ២០១៨ ដោយ​កម្ពុជា ដណ្តើមបាន​មេដាយមាស​ ២ និង​សំរឹទ្ធ​ ១​។​

​ជាមួយ​លទ្ធផល​ដ៏​ក្រឡាប់ចាក់ ដោយ​រំពឹង​ខ្លាំង​តែ​ទៅលើ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ​នេះ​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាននិងកំពុង​សម្រួច​ផែនការ ដើម្បី​បណ្តុះបណ្តាល​ធនធាន​កីឡាករ កីឡាការិនី​ល្អៗ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ស្នង ខាន់ ចេ​សា ទៅ​ថ្ងៃ​អនាគត​។​


​លោក​បណ្ឌិត សេង ប៊ុន​សុង ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ថ្លែងថា​៖ «​កិច្ចការងារ​ខ្លះ​នៅក្នុង​កីឡា ដែល​ធ្វើឱ្យ​អត្ត​ព​លិ​ក​យើង មិនបាន​ចូល​ប្រកួត​នេះ ដោយសារតែ​នយោបាយ​កីឡា ព្រោះ​ជួនកាល​យើង​ល្អ​ពេក​ទៅ ក៏​គេ​មិន​ចង់ឱ្យ​យើង​ចូលរួម​ដែរ ប៉ុន្តែ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នៅ​ស្រុក​យើង ទោះបីជា ខាន់ ចេ​សា បាន​ចាញ់​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​វិញ្ញាសា Women's newaza gi ទម្ងន់​ ៥២ ​គីឡូក្រាម តែ​ការប្រកួត Women's newaza nogi ទម្ងន់ ​៥២ ​គីឡូ​ក្រាម​ដូចគ្នា គឺ​គាត់​ធ្វើបាន​យ៉ាង​ល្អ​ដើម្បី​ឈ្នះ​បាន​មេដាយមាស​»​។​

​ព្រឹទ្ធាចារ្យ​កីឡា​រូបនេះ បាន​បន្ថែមថា​៖ «​អ្វីដែល​យើង​ចង់បាន​នោះ​មិនមែន​មានតែ ខាន់ ចេ​សា ម្នាក់​នោះទេ​គឺ​យើង​ចង់បាន​ចេ​សា ច្រើន​នាក់​ថែមទៀត មិន​ថា​ជា​យុវជន​ស្នូល​នោះទេ ព្រោះ​ជឺ​ជី​ត​ស៊ូ​របស់​យើង មិនមែន​ផ្តោត​តែ​លើ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៥ នៅ​ប្រទេស​ថៃ ឬ​ស៊ី​ហ្គេម​ក្រោយៗ​ទៀត​នោះទេ គឺ​យើង​ផ្តោត​រហូតដល់​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​ ២០២៩ អ៊ីចឹង​ខ្ញុំ​ជឿថា ធន​ធាន​កីឡាករ កីឡាការិនី ដែលមាន​សមត្ថ​ភាពល្អៗ​ដូច ខាន់ ចេ​សា នឹងមាន​ច្រើន​ទៀត នៅ​ថ្ងៃ​អនាគត​»​។​

​ទន្ទឹមនឹងនេះ កីឡាករ គង់​ ម៉ូ​ណា​មិ​ថុ​រ៉ា ដែល​ដណ្តើមបាន​មេដាយមាស​ ២ និង​ប្រាក់​ ១ លើ​វិញ្ញាសា​សម្តែង ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី ​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​នោះ បាន​សម្តែង​ការ​​គាំទ្រ​ចំពោះ​ផែនការ​របស់​សហ​​ព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​កីឡាករ កីឡាការិនី​សម្រាប់​ស្នង​វីរ​កីឡាការិនី ខាន់ ចេ​សា​។​

​កីឡាករ​វ័យ​ ២៥ ​ឆ្នាំ គង់ ម៉ូ​ណា​មិ​ថុ​រ៉ា បាន​ប្រាប់​កាលពី​ថ្ងៃទី​ ១០ ខែមករា​ឆ្នាំ ២០២៤​ ថា​៖«​ខ្ញុំ​គាំទ្រ​ចំពោះ​ផែនការ​បណ្តុះ​ធនធាន​សម្រាប់​ស្នង​វីរ​កីឡាការិនី ខាន់ ចេ​សារ​បស់​ប្រធាន​សហព័ន្ធ ព្រោះ ចេ​សា រស់នៅ​ក្រៅប្រទេស អ៊ីចឹង​ការទំនាក់ទំនង ក៏ដូចជា​ការ​គ្រប់​​គ្រង អាចមាន​ការពិបាក​ដែរ អ៊ីចឹង​បើ​យើង​មាន​ធនធាន​ដែលមាន​សមត្ថ​ភាពល្អ​គាត់ ឬក៏​ប្រហាក់ប្រហែល​គាត់ នោះ​ជា​រឿង​ល្អ​បំផុត សម្រាប់​វិស័យ​កីឡា​ជឺ​ជី​ត​​ស៊ូ​របស់​យើង​»​។​

​យ៉ាងណាក៏ដោយ ម៉ូ​ណា​មិ​ថុ​រ៉ា បាន​មើល​ឃើញថា ការរក​អ្នក​ស្នង ខាន់ ចេ​សា អាច​ប្រើពេល​យូរ​ឆ្នាំ ដោយ​គេ​បាន​បញ្ជាក់ថា​៖ «​ខាង​កីឡា​ជឺ​ជី​តស៊ូ ផ្នែក​ប្រយុទ្ធ​នេះ យើង​មិនសូវមាន​កីឡាការិនី​ទេ ចំណែក​ផ្នែក​បុរស​វិញ ខ្ញុំ​ឃើញថា មាន​ថ្នាល​ច្រើន ដែល​ល្អ​ទាំង​កាយ​សម្បា​និង​សមត្ថភាព​អ៊ីចឹង​ខ្ញុំ​ជឿថា សហព័ន្ធ អាច​បណ្តុះបណ្តាល​ធនធាន​ល្អៗ​ដូច ចេ​សា បាន គ្រាន់តែ​ចំណាយពេល​យូរ​បន្តិច ចំណែក​ពួក​ខ្ញុំ ដែល​ប្រកួត​ផ្នែក​វិញ្ញាសា​សម្តែង ក៏​កំពុង​ពង្រឹងសមត្ថភាព​ឱ្យបាន​កាន់តែ​ល្អ​ដូចគ្នា ដើម្បី​ត្រៀម​ស្វែងរក​មេដាយ​ជូន​ជាតិ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២៥»​។​

​ជាមួយគ្នានេះ សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ទើបតែ​ធ្វើ​មហា​សន្តិ​បាត​វិសាមញ្ញ​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៤ ដើម្បី​ផ្លាស់ប្តូរ​មន្ត្រី​បច្ចេកទេស​មួយចំនួន​ចេញ និង​ដាក់​អ្នកថ្មី​មក​ជំនួស ដោយ​ក្នុងនោះ​លោក​សៀន សុភ​ក្ត្រ ជា​អគ្គ​​លេខាធិការ​លោក​អន សុ​វ​ឌ្ឍី​យ៉ា ជា​អគ្គ​ហេរញ្ញិក និង​លោក សៀន សុភា ជា​អគ្គ​ហេរញ្ញិក​រង សុទ្ធតែ​បាន​លាឈប់​។​

​ចំពោះ​ការដកខ្លួន​របស់​អ្នក​ទាំង​ ៣ ​នេះ សហព័ន្ធ បានជ្រើសរើស​លោក ឃឹម សា​មាន មក​ធ្វើជា​អគ្គលេខាធិការ​ថ្មី លោក ឆេង សី​ឡាង​ជា​អគ្គហិរញ្ញិក​និង​លោក ជឹម ធារ៉ា ជា​អគ្គ​ហេរញ្ញិក​រង ចំណែក​លោក​បណ្ឌិត សេង ប៊ុន​សុង​បន្ត​ធ្វើជា​ប្រធាន លោក​ថោង បញ្ញា​ធន​ជា​អនុប្រធាន​ទី ​១ លោក ប៊ុត សុ​ទ្ធី និង​លោក Jasper Martijn Paas បន្ត​ធ្វើជា​អនុ​​ប្រធាន រីឯ​លោក សំអុន បូរ​មី ជា​អគ្គលេខាធិការរង ហើយ​លោក គិ​ម កែវ​មង្គល លោក Oliver King និង​លោក ជាន ជូ​ផេង ជា​សមាជិក​។​

​ជុំវិញ​ការផ្លាស់ប្តូរ​សមាសភាព​មន្ត្រី​បច្ចេកទេស​នេះ​លោក សេង ប៊ុន​សុង​ បាន​ថ្លែងថា​៖ «​ការបំពេញ​ការងារ​រ​បស់​សហព័ន្ធ​យើង​កន្លងមក​ហាក់​មាន​ភាពរអាក់រអួល​ខ្លះ អ៊ីចឹង​ការធ្វើ​មហា​សន្តិ​បាត​វិ​សា​​ម​ញ្ញ​ថ្ងៃនេះ​គឺ​ដើម្បី​ពង្រឹង​សហ​​ព័ន្ធ​ឱ្យមាន​ភាពរឹងមាំ​ឡើង ព្រោះ​បើ​យើង​មិន​ពង្រឹង​ថ្នាក់ដឹកនាំ​ទេ ក៏​យើង​មិនអាច​ទៅ​ជួយ​ដល់​កីឡាករ កីឡាការិនី​បានដែរ អ៊ីចឹង​សហព័ន្ធ​ហ្នឹងហើយ ដែលជា​គោលដៅ​ធំ សម្រាប់​ដឹកនាំ និង​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​ប្រកួត​នានា ក្រោម​ការជួយ​ទំនុកបម្រុង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​, NOCC និង​ដៃគូ​សហការ​ផ្សេងៗ​ទៀត​»​។​

​ទន្ទឹមនឹងនេះ លោក ប៉ែន វុទ្ធី ប្រធាន​នាយកដ្ឋាន​អប់រំ និង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គាំទ្រ​ចំពោះ​ការផ្លាស់​ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ​នៅក្នុង​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​នេះ ប៉ុន្តែ​លោក​បាន​ជំ​រុញឱ្យ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នេះ គួរតែ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បានល្អ​ថែមទៀត ព្រមទាំង​បែងចែក​តួនាទី​គ្នា​ឱ្យបាន​ដាច់ស្រេច​ដើម្បី​បំពេញការងារ​ទៅបាន​រលូន​ល្អ​។​

​លោក​បញ្ជាក់​នៅក្នុង​មហា​ស​ន្និ​បាត​វិសាមញ្ញ កាលពី​ថ្ងៃទី​ ៩ ខែមករា​នោះ​ថា​៖ «​បន្ទាប់ពី​សហព័ន្ធ បានអនុម័ត​ទៅលើ​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​នេះហើយ សូម​សហព័ន្ធ​រៀបចំ​បទបញ្ជាផ្ទៃក្នុង ដើម្បី​បែងចែក​ភារកិច្ច ចៀសវាង​មានការ​ប្រចាំ​គ្នា ដែល​នឹង​អាចធ្វើឱ្យ​ការអភិវឌ្ឍ​មានការ​យឺតយ៉ាវ ព្រោះ​យើង​សង្កេតឃើញថា នៅក្នុង​ចំណោម​ ៤៨​ សហព័ន្ធ​កីឡា​ជាតិ គឺមាន​សហព័ន្ធ​មួយចំនួន នៅមាន​បញ្ហា​»​។​

«​សហព័ន្ធ​ខ្លះ​នៅមាន​ការយល់ច្រឡំ​ទៅលើ​លាភសក្ការៈ និង​ជួន​កាល​ការចំណាយ​មិនមាន​តម្លា​ភាព ធ្វើឱ្យ​មានការ​ថ្នាំងថ្នាក់ ក្នុង​ផ្លូវ​អារម្មណ៍ អ៊ីចឹង​សំខាន់ យើង​គួរ​បង្កើត​គណៈកម្មាធិកា​រ​អចិ​​ន្រ្ដៃ​យ៍​មួយ ដើម្បី​សម្រេច​ទៅលើ​ការចំណាយ​តិចតួច​។ ដោយ​​ឡែក​ការងារ​ធំៗ យើង​អាច​ប្រជុំគ្នា​ប្រចាំឆមាស ដើម្បី​ធ្វើការ​អនុ​ម័ត​ពិសេស​ក្រោយ​សន្និបាត​នេះ សហព័ន្ធ អាចធ្វើ​ផែនការ​ប្រចាំឆ្នាំ​ការប្រកួត​ក្រៅប្រទេស​និង​ក្នុងប្រទេស រួច​លើក​ផែនការ​ថវិកា​មកជា​មួយ​គ្នា​តែម្តង ដើម្បី​កុំឱ្យ​មានការ​ចោទប្រកាន់​គ្នា ទៅលើ​ការចំណាយ នាំឱ្យ​បាត់បង់​ឆន្ទៈ​ក្នុងការ​បំពេញការងារ​រួមគ្នា​នេះ​»​។ លោក ប៉ែន វុទ្ធី បាន​បន្ថែម​។​

​បន្ថែម​ទៅលើ​មតិ​ណែនាំ​របស់លោក ប៉ែន វុទ្ធី នេះ លោក សេង ប៊ុន​សុង បាន​ផ្តោត​ខ្លាំង ទៅលើ​ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហ​ព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​។

លោក​ថា​៖ «​នៅក្នុង​ក្រុមគ្រួសារ​កីឡា​ជឺ​ជី​តស៊ូ​កន្លងមកនេះ នៅមាន​ភាព​រកាំរកូស​ខ្លះៗ អ៊ីចឹង​យើង​ត្រូវ​ពង្រឹងស្មារតី និង​សាមគ្គី​ផ្ទៃ​​ក្នុង​ឱ្យបាន​ល្អ ជាមួយ​ការគោរពវិន័យ ការឱ្យ​តម្លៃ​គ្នា និង​ជួយ​គ្នា ព្រោះ​បើ​នៅក្នុង​គ្រួសារ​មួយ​គ្មាន​វិន័យ ក៏​យើង​មិនអាច​រីកចម្រើន​បាន​នោះដែរ​»​។​

​ប្រធាន​សហ​ព័ន្ធ​រូបនេះ បាន​បញ្ជាក់ថា​៖ «​ការអភិវឌ្ឍ​វិស័យ​កីឡា​ជឺ​ជី​តស៊ូ​នេះ មិនមាន​ការប្តេជ្ញា​តែ​ខ្ញុំ​នោះទេ គឺ​ត្រូវ​ប្តេជ្ញា​ខំប្រឹងប្រែង​ទាំងអស់​គ្នា ជាមួយ​ការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ខ្លួនឯង ក្រុម​យើង និង​ប្រទេសជាតិ​របស់​យើង ព្រោះ​នៅពេល​ភ្លេងជាតិ​របស់​យើង និង​ទង់ជាតិ​របស់​យើង បាន​ពន្លឺ និង​ហូត​ឡើង ក្នុងពេល​អត្ត​ព​លិ​ក​របស់​យើង​ដណ្តើមបាន​មេដាយមាស គឺ​យើង​ពិតជា​រំភើប និង​មាន​មោទនភាព​ខ្លាំង​បំផុត ហេតុនេះ​យើង​ត្រូវ​ប្តេជ្ញាចិត្ត​ថែ​​រក្សា​សមិទ្ធផល ដែល​យើង​មាន និង​ខិតខំ​ស្វែងរក​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​»៕