​ភ្នំពេញៈ​ ជាមួយ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ផ្លូវ​ថ្មី ដែល​ទើប​សាងសង់​រួច​នៅលើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ក្រុម​កង់​គួ​ក​ចំនួន​ ​៩៥​ នាក់ បាននាំគ្នា​ជិះ​ប្រដេញ​គ្នា យ៉ាង​មាន​សណ្តាប់ធ្នាប់ ក្រោម​ការឃ្លាំមើល​ពី​មន្ត្រី​បច្ចេកទេស​របស់​សហ​​ព័ន្ធ​កីឡា​ទោចក្រ យាន​កម្ពុជា និង​មានការ​សម្របសម្រួល​បើក​ផ្លូវ​ដោយ​ក្រុម​ម៉ូតូ​ធំ​ចំនួន ​២៦ ​គ្រឿង​ផងដែរ​។ ចំណែក​ក្រុម​កង់​ភ្នំ​វិញ ក៏បាន​យក​ទីលាន​ដែលមាន​ផ្លូវបត់​បែប​ឡើង​ភ្នំ ចុះ​ភ្នំ​ប្រកបដោយ​គ្រោះថ្នាក់​ស្ថិតនៅ​ភ្នំ​ទ្រោ​ក ខេត្តកំពង់ឆ្នាំង ជា​កន្លែង​ប្រកួតប្រជែង​គ្នា​ដូចគ្នា​។​


​រូបភាព​ទាំងអស់នេះ វា​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​របៀបរបប​ថ្មី​នៃ​ការ​​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ ២០២៣ ដែល​ត្រូវបាន​ធ្វើឡើង​កាល​ថ្ងៃទី​ ៥ ដល់ទី​ ៨ ខែមករា ឆ្នាំ​ ២០២៤ ស្រប​ពេល ដែល​សហព័ន្ធ​កីឡា​ទោចក្រ យាន​បានចាប់ផ្តើម​យក​រូបមន្ត​ប្រកួត​ ៨០​ ភាគរយ​របស់​សហព័ន្ធ​កីឡា​​ទោចក្រយាន​អន្តរជាតិ ហៅ​កាត់​ថា UCI មក​អនុវត្ត​ក្នុង​ការ​​ប្រកួត​ថ្នាក់ជាតិ​នេះ​ជា​លើកដំបូង ដើម្បី​សម្រួច​ការប្រកួត​នេះ ឈានទៅរក​ភាព​ស្តង់ដា​អន្តរជាតិ​។​

​រូបមន្ត​ ៨០​ ភាគរយ សំដៅ​ទៅលើ​ការកំណត់​ថិរវេលា និង​ល្បឿន​នៃ​ការ​ជិះ​កង់​របស់​កីឡាករ កីឡាការិនី ដើម្បី​កាត់​អ្នក​ដែល​ជិះ​ដាច់​ឆ្ងាយ​ចុងក្រោយ​គេ ចេញពី​ការប្រកួត​ទៅតាម​ជុំ​នីមួយៗ​ទៅតាម​ការកំណត់​រប​ស់គ​ណៈ​កម្ម​ការ​។ ឧទាហរណ៍​ថា ក្នុង ​១​ ជុំ​គេ​ជិះ​ ១០​ នាទី អ៊ីចឹង​បើ​អ្នក​នាំមុខ ជិះ​ដាច់ ​៨​ នាទី​ហើយ គឺ​អ្នក​នៅក្រោយ ត្រូវ​កាត់ចេញ មិនឱ្យ​ប្រកួត​នៅ​ជុំ​បន្ទាប់​ទៀត​ទេ ហើយ​បើ​គិត​ជា​រយៈ​ចម្ងាយ​វិញ បើ​ប្រកួត​ ១ ០០០ ម៉ែត្រ អ្នក​នាំមុខ​ជិះ​ដាច់​ ៨០០​ ម៉ែត្រ​ហើយ អ្នក​ក្រោយ​ត្រូវ​កាត់ចេញ​។​


​ជាមួយគ្នានេះ ស្នង​ការរៀបចំ​ការប្រកួត​អន្តរជាតិ​តែ​ម្នាក់​គត់​របស់​កម្ពុជា លោក សែម ប៊ុត​ឌី ដែល​ទើប​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ដោយ ​UCI កាល​ខែតុលា ឆ្នាំ​ ២០២៣ នៅ​ប្រទេស​ឥណ្ឌា និង​ជា​អ្នក​នាំយក​រូបមន្ត​ ៨០​ ភាគរយ​មក​អនុវត្ត​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ បានឱ្យដឹងថា ការប្រើ​រូបមន្ត​នេះ ដើម្បី​បញ្ចៀស​នូវ​បញ្ហា និង​ការ​​តវ៉ា​ផ្សេងៗ ពិសេស​រៀបចំ​ការប្រកួត​ដែលមាន​ភាព​ស្តង់ដា​និង​ទទួលបាន​គុណ​ផល​ខ្ពស់ ទាំង​ទៅលើ​ការប្រកួតប្រជែង​និង​ការរៀបចំ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រូបមន្ត​ ៨០​ ភាគរយ ត្រូវបាន​គេ​ប្រើ​នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម និង​គ្រប់​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំងអស់ ដែល​រៀបចំ​ដោយ UCI ព្រោះ​រូបមន្ត​នេះ អាចជួយ​ទប់ស្កាត់​ការតវ៉ា​ពី​កីឡាករ ជុំវិញ​ការ​ជិះ​បិទផ្លូវ ឬ​ជិះ​រំខាន​ក្នុងពេល​ប្រកួត អ៊ីចឹង​នឹងធ្វើ​ឱ្យ​កីឡាករ​ដែលមាន​សមត្ថ​​ភាព​ខ្ពស់​អាច​ជិះ​ទៅមុខ​យ៉ាង​រលូន ចំណែក​ការតវ៉ា​ផ្សេងៗ​ទៀត ក៏​នឹងមិន​កើតមាន​ដូចគ្នា​»​។​


​ទន្ទឹមនឹងនេះ លោក សែម​ ប៊ុត​ឌី បាន​អះអាងថា ការអនុវត្ត​រូបមន្ត​ ៨០​ ភាគរយ​ សម្រាប់​ការ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា ជា​រឿង​សំខាន់​ដែល​មិន​ត្រឹមតែ​ជំ​រុញឱ្យ​កីឡាករ កីឡាការិនី​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​របស់​សហព័ន្ធ ក៏​ទទួលបាន​ចំណេះ​ជំនាញ ព្រោះ​លោក​មាន​ទម្រង់​បែបបទ​ត្រឹមត្រូវ ក្នុង​ការជួយ​ឱ្យ​គណៈកម្មការ ចេះ​វាស់​ថិរវេលា និង​វាស់​ល្បឿន​ជិះ​បានល្អ បើទោះបីជា​ពេលនេះ កម្ពុជា​នៅ​មិនទាន់មាន​ម៉ាស៊ីន​វាស់​ពេលវេលា​បែប​អន្តរជាតិ​ក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ការអនុវត្ត​រូបមន្ត​ ៨០ ​ភាគរយ គឺជា​ភាពចាំបាច់ ដែល​យើង​ត្រូវ​ប្រើប្រាស់ សម្រាប់​ការប្រកួត​នៅក្នុង​ស្រុក​របស់​យើង ព្រោះ​វា​នឹង​ជួយ​ជំរុញ​ឱ្យ​ក្រុម​អត្ត​ព​លិ​ករ​បស់​យើង​មាន​សមត្ថ​ភាពល្អ​ជាង​មុន ចំណែក​គុណភាព​ប្រកួត​របស់​យើង​ក៏មាន​ភាព​ស្តង់ដា​អន្តរជាតិ​។​

​ចំណែក​មន្ត្រី​បច្ចេកទេស​របស់​យើង​ក៏​កាន់តែ​មាន​ភាព​ស្ទាត់​​ជំនាញ​ដែល​អាច​នឹង​រៀបចំ​ការប្រកួត​អន្តរជាតិ​ដោយ​ខ្លួនឯងបាន​ជាពិសេស​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ ២០២៩ នៅ​កម្ពុជា​»​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២៣ សហព័ន្ធ​កីឡា​ទោច​ក្រ​យាន​កម្ពុជា បាន​អនុវត្ត​រូបមន្ត​ ៨០​ ភាគរយ​នេះ តែ​ទៅលើ​ការ​​ប្រកួត​កង់​ភ្នំ​ទេ ដែលមាន​ការប្រកួត​វិញ្ញាសា MTB-XCO ប្រភេទ Man Elite ចំនួន​ ៦ ​ជុំ​, Man Junior ប្រកួត ​៥​ ជុំ​, Man Master ប្រកួត​ ៤​ ជុំ និង​វិញ្ញាសា MTB-XCO ប្រភេទ​នារី​ប្រកួត​ ៤ ​ជុំ​ទេ ហើយក៏​បាន​កាត់​កីឡាករ​មួយចំនួនធំ​ចេញពី​ការប្រកួត​តាម​រូបមន្ត​ថ្មី​នេះ​ផងដែរ តែ​សហព័ន្ធ នៅ​មិនទាន់​ដាក់ពិន័យ និង​ផាកពិន័យ​នៅឡើយ​ទេ​។​

​ចំណែក​ការប្រកួត​កង់​គួ​ក​ទាំង​លើ​វិញ្ញាសា​បុរស​ថ្នាល ​(Men Junior Road Bike) កង់​គួ​ក​បុរស​ឈុត​ធំ (Men Elite Road Bike) និង​វិញ្ញាសា​កង់​គួ​ក​បុរស (Men Master Road Bike) គឺ​សហព័ន្ធ​នៅ​មិនទាន់បាន​អនុវត្ត​រូបមន្ត​ ៨០​ ភាគរយ​នៅឡើយ​ទេ ព្រោះ​ការប្រកួត​កង់​គួ​កជើង​ឯក​ថ្នាក់ជាតិ​លើក​នេះ ជាការ​ប្រកួត​លើ​ផ្ទៃរាប ដោយ​មិនបាន​កំណត់​ការប្រកួត​ទៅតាម​ជុំ​នោះទេ​។​

​ទោះបីជា​យ៉ាងណា លោក ​នូ​ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​អះអាងថា កម្ពុជា​ ត្រូវតែ​អនុវត្ត​រូបមន្ត​ ៨០​ ភាគរយ​នេះ ចាប់ពី​ឥឡូវ​ទៅ​និង​ការប្រកួត​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​ពង្រឹងគុណភាព​ការប្រកួត​របស់​កីឡាករ​កុំឱ្យ​ដាច់​ឆ្ងាយ​ពីគ្នា​ពេក ហើយ​ការធ្វើ​បែបនេះ អ្នកទទួលបាន​ជយលាភី​ពិត​ជាមាន​មោទនភាព​ចំពោះ​សមត្ថ​ភាព​ខ្លួនឯង ចំណែក​អ្នក​ត្រូវបាន​គេ​កាត់ចេញ​នឹង​ខិតខំ​ពង្រឹងសមត្ថភាព​ឡើងវិញ នៅពេល​ដឹងថា ខ្លួនឯង​មាន​សមត្ថភាព​ដាច់​ឆ្ងាយ​ពី​គេ​ពេក​បែបនេះ​។​

​បន្ថែម​ពីលើ​នេះ ការប្រើ​រូបមន្ត​ ៨០ ​ភាគរយ ជាការ​បោះជំហាន​មួយកម្រិត​ទៀត​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ក្នុងការ​ពង្រឹង​ពី​គុណភាព និង​ឥរិយា​បថ​ការប្រកួត​ទាំង​ទៅលើ​ការ​រៀបចំ​ទីលាន ការប្រើប្រាស់​សម្ភារ​ក្នុងពេល​ប្រកួត ការចែក​ទឹក ការ​បោះ​ដប​ទឹក​សុទ្ធ​ចោល ដែល​សុទ្ធ​តែមាន​បែបបទ និង​កន្លែង​ដែល​បានកំណត់​ត្រឹមត្រូវ ខណៈ​ពេលនេះ​សហព័ន្ធ​បាន​ឈានដល់​ការប្រើប្រាស់​រថយន្ត​ដើម្បី​ចែក​ទឹក​ដល់​កីឡាករ​ឬ​ដឹក​គ្រឿងបន្លាស់​ផ្សេងៗ​គឺ​មិន​អនុញ្ញាត​ឱ្យមាន​ការដឹក​ដោយ​ម៉ូតូ និង​ចូល​ចែក​ទឹក​ដោយផ្ទាល់​នាំឱ្យ​រំខាន​ដល់​ការប្រកួត​ដល់​អត្ត​ព​លិ​ក​ផ្សេងៗ​ទៀត​នោះទេ​។​

​នៅត្រង់ចំណុច​នេះ លោក នូ ចំរើន បាន​ពន្យល់ថា វា​ជាការ​វិ​វ​ឌ្ឍ​ថ្មី​មួយ ​សម្រាប់​ការរៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីឱ្យ UCI ទទួលស្គាល់​ការប្រកួត​របស់​យើង​និង​អនុញ្ញាតឱ្យ​យើង អាច​ចុះឈ្មោះ​កីឡាករ កីឡាការិនី​របស់​យើង​ទៅក្នុង​បញ្ជី​ឈ្មោះ​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ទោ​ចក្រយាន​អន្តរជាតិ​ដើម្បី​អាច​ចាត់ជា​ចំណាត់ថ្នាក់​ពិភពលោក​។​

​លោក​ នូ ចំរើន បាន​បញ្ជាក់ថា​៖ «​ការប្រើប្រាស់​រូបមន្ត​ ៨០​ ភាគ​រយ​នេះ ជាការ​បង្រៀន​ពី​ក្បួនច្បាប់ និង​លក្ខខណ្ឌ​នៃ​ការប្រកួត​បែប​ស្តង់ដា​អន្តរជាតិ​ទៅដល់​កីឡាករ កីឡាការិនី និង​សាមី​ក្លិប​សមាគម ស្ថិតក្រោម​ចំណុះឱ្យ​សហព័ន្ធ ហើយ​នៅពេល​ពួក​គាត់​បាន​យល់​ច្រើន​ហើយ ទើប​យើង​ចុះឈ្មោះ​ការប្រកួត​របស់​យើង​ទៅក្នុង​កម្មវិធី​របស់ UCI ដើម្បី​ឱ្យគេ​ទទួលស្គាល់​យើង​ដែល​អាច​ប្រើពេល​ ២ ​ពី​ទៅ ​៣​ ឆ្នាំ​អី​ទៀត​»​។​

​លោក​បាន​បន្ថែមថា​៖ «​នៅពេលដែល UCI ទទួលស្គាល់​ការប្រកួត​របស់​យើង​ហើយ គឺ​កីឡាករ កីឡាការិនី​របស់​យើង​នឹង​ទទួលបាន​ពិន្ទុ​ទៅតាម​លទ្ធផល​ប្រកួត​របស់​ពួកគាត់ ហើយ​ពិន្ទុ​នេះ​នឹងត្រូវ​បូក​ជា​បន្តបន្ទាប់​ដើម្បី​ចាត់ជា​ចំណាត់ថ្នាក់​ពិភព​​លោក ប៉ុន្តែ​ពេលនេះ​យើង​មិនទាន់​អាច​ចុះ​ការប្រកួត​របស់​យើង​ទៅក្នុង​កម្មវិធី​របស់ UCI នោះទេ ព្រោះ​បើ​អត្ត​ព​លិ​ករ​បស់​យើង​ធ្វើ​ខុស​ឬ​សាមី​ក្លិប​បំពាន​លក្ខខណ្ឌ​ណាមួយ គឺ UCI នឹង​ផាកពិន័យ​ច្រើន ហើយក៏​អាច​ព្យួរ ឬ​បិទ​ក្លិប​នោះ​ផងដែរ​»​។​

​យ៉ាងណាក្ដី លោក នូ ចំរើន បាន​អះអាងថា ការចុះ​កម្មវិធី​ប្រកួត​ក្នុងស្រុក​របស់​យើង​ឱ្យមាន​ការទទួលស្គាល់​ដោយ UCI វា​ជា​រឿង​ចាំបាច់ ព្រោះ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ជា​សមាជិក​ពេញសិទ្ធិ​របស់ UCI ដែល​ស្ថិតនៅក្នុង Zone 4 ចុងក្រោយ​គេ ជាមួយ​ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត ចំណែក​ថៃ ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​ម៉ា​ឡេ​​ស៊ី ស្ថិតក្នុង Zone 3 ហើយ​ការ​​ប្រឹងប្រែង​នេះ ​ដើម្បីឱ្យ​អត្ត​ព​លិ​ក​កម្ពុជា​ ទទួលបាន​កាត​ទទួលស្គាល់​សមត្ថភាព​ពី UCI កាន់តែច្រើន ដើម្បី​អាច​សន្សំ​បាន​ពិន្ទុ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គិត​មកទល់ពេលនេះ មានតែ​កីឡាករ​ជម្រើសជាតិ និង​អត្ត​ព​លិ​ក​ឆ្នើមៗ​មួយចំនួន​ទេ ដែល​ទទួលបាន​ពិន្ទុ​ពី​ការប្រកួត​របស់​ពួកគាត់ នៅលើ​ឆាក​អន្តរជាតិ ដោយ​ទទួលស្គាល់​ដោយ UCI ប៉ុន្តែ​យើង​ចង់ឱ្យ​អត្ត​ព​លិ​ក​របស់​យើង​ច្រើន​ទៀត​ទទួលបាន​ឱកាស​នេះដែរ ពី​ការប្រកួត​ក្នុងស្រុក  ​ព្រោះ​ការ​សន្សំ​ពិន្ទុ​នេះ គឺ​ដើម្បីឱ្យ​កី​ឡាករ​របស់​យើង​អាចមាន​ឱកាស​បាន​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​នៅពេលណា គាត់​មាន​ពិន្ទុ​គ្រប់ ទៅតាម​ការ​​កំណត់​របស់ UCI»​។​

​សម្រាប់ លោក នូ ចំរើន បាន​មើលឃើញថា នៅពេល​បច្ចុប្បន្ន ក្លិប​​សមាគម​ចំណុះឱ្យ​សហព័ន្ធ បាន​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ខ្លាំង ដោយមាន​របៀបរបប​ការដឹកនាំ​ទំនើប​ជាង​មុន ចំណែក​ការ​ប្រ​​កួត​ប្រជែង​រវាង​ក្លិប​នីមួយៗ មិន​ដាច់​ឆ្ងាយ​ពីគ្នា​ដូច​មុន​ឡើយ​គឺមាន​កង់​ល្អ​និង​កីឡាករ​ល្អ​ប្រហាក់​​ប្រហែល​គ្នា ហើយ​ដោយសារ​សហព័ន្ធ​ចាប់ផ្តើម​ប្រើ​រូបមន្ត​ ៨០​ ភាគរយ​ទៀត អ៊ីចឹង​នឹងធ្វើ​ឱ្យ​ក្លិប​នីមួយៗ​មានការ​ប្រកួតប្រជែង​គ្នា​កាន់តែខ្លាំង​។​

​បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន Herbalife ដែល​បាន​ឧបត្ថម្ភ​ចំនួន​ ៤២ ៧៥០​ ដុល្លារ សម្រាប់​ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ​កាលពី​ឆ្នាំ ​២០២៣ ក៏បាន​សន្យា​ជួយ​ដល់​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា សម្រាប់​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ​ជា​បន្តទៀត​ផងដែរ ហើយ​ជំនួយ​នេះ នឹង​ធ្វើឱ្យ​សហព័ន្ធ​កាន់តែ​មានលទ្ធភាព ក្នុងការ​បណ្តុះ​​បណ្តាល​បាន​ធនធាន​សម្រាប់​ត្រៀម​ឆ្ពោះទៅកាន់​ការប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​ ២០២៩​។​

​អគ្គលេខាធិការ​វ័យ​ ៣៨ ​ឆ្នាំ លោក នូ ចំរើន បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការប្រកួត​ជា​បន្តបន្ទាប់​ទៀត ខ្ញុំ​គិតថា មិន​អាចមាន​ក្លិប​ណា ឈ្នះ​បាន​មេដាយមាស​ដាច់​ពី​គេ​នោះទេ ព្រោះ​អ្នកចាញ់ នឹង​ប្រជែង​ដណ្តើមយក​លេខ​ ១​ វិញ ជាមួយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់ ហើយ​ក្រុមហ៊ុន Herbalife ក៏បាន​សន្យាថា នឹង​បន្ត​ជួយឧបត្ថម្ភ​ដល់​យើង​ទៀត ដើម្បី​ធ្វើឱ្យ​ការប្រកួត​ថ្នាក់ជាតិ​នេះ​កាន់តែ​ល្អ និង​មាន​ភាព​ស្តង់​ដា អ៊ីចឹង​នេះ​ជាការ​រួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹងគុណភាព​ធនធាន​របស់​យើង​ទាំង​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​សម្រាប់​ការ​ឈានទៅ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការ​​ប្រកួត​កីឡា​យុវជន​អាស៊ី នៅក្នុង​ឆ្នាំ​ ២០២៩»៕