​ភ្នំពេញៈ ក្រោម​ម្លប់​ដើមឈើ​ដ៏​ត្រជាក់ ក្បែរ​សាល​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បុរស​ ​១ ​ក្រុម បាន​ចែក​បារី​ឱ្យ​គ្នា ហើយ​បាននាំគ្នា​ជក់​ផ្លុំ​ផ្សែងហុយ​ទ្រលោម និង​បាន​ជជែក​គ្នា ដោយ​មិនបាន​ខ្វល់​ពីអ្វី​ទាំង​​អស់ ចំណែក​បុរស​ម្នាក់ទៀត ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​កីឡា ក៏បាន​សម្ងំ​ជក់បារី​យ៉ាង​ស្ងៀម​ស្ងាត់​នៅក្បែរ​សាល​នោះ​ផងដែរ​។ យ៉ាងណាក៏ដោយ ការ​ចែក​បារី​ឱ្យ​គ្នា​ជក់ នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន និង​ទី​កន្លែង​ហ្វឹកហាត់ និង​ប្រកួត​កីឡា​នេះ វា​បាន​កើតមានឡើង​ច្រើន​ទសវត្សរ៍​មកហើយ ហើយ​មនុស្ស​មួយចំនួនធំ បាន​ប្រែ​ក្លាយ​សកម្មភាព​នេះ ទៅជា​ទម្លាប់ ដោយ​មិនអាច​អត់​បារី​បានទេ បើទោះបីជា​ពួកគាត់​ដឹងថា ការជក់បារី ធ្វើឱ្យ​ខូចសុខភាព និង​ប៉ះពាល់​ដល់​អ្នក​ជុំវិញខ្លួន​ក៏ដោយ​។​


«​ខ្ញុំ​ដឹងថា ការជក់បារីវា​មិនល្អ ព្រោះ​ប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នក​ជក់ និង​អ្នក​នៅ​ជុំវិញខ្លួន ប៉ុន្តែ​បើ​អត់​ជក់ វា​នៅ​អត់​សុខ​! វា​ដូចជា​ជូរ​មាត់​យ៉ាងម៉េច​មិនដឹង​ទេ តែ​ដល់​ជក់​ ១​ ដើម​ទៅ​ដូច​ធូរ​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​កីឡា​ម្នាក់ ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​គាត់​បាន​អះអាងថា នៅពេល​ជក់បារី គាត់​តែង​ទៅ​ឈរ​នៅ​ដាច់​ឆ្ងាយ​ពី​គេ មិនឱ្យ​ផ្សែង​បារី​របស់គាត់​ប៉ះ​ដល់​អ្នកផ្សេង​ឡើយ​។​

​តែ​ទោះបីជា​យ៉ាងណា សកម្ម​ភាព​ជក់បារី និង​ចែកចាយ​បារី​គ្រប់​រូបភាព នៅ​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ កីឡាការិនី កន្លែង​ហ្វឹកហាត់ បរិវេណ​ប្រកួត កន្លែង​ទស្សនា និង​បរិវេណ កី​ឡ​ដ្ឋា​ន​ជាដើម នឹងត្រូវ​ហាមឃាត់ មិនឱ្យ​មាន​ទៀត​ទេ ព្រោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ទើបតែ​បានចេញ​នូវ​សេចក្តីណែនាំ​ស្តីពី​ការអនុវត្ត​គោល​ការណ៍ “​កីឡា​គ្មាន​ថ្នាំជក់​” ដោយ​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​កីឡា ត្រូវ​លុប​បំបាត់​ឱ្យបាន​នូវ​គ្រប់​ទម្រង់​រូប​​ភាព ដែល​ទាក់ទង​ទៅនឹង​ការ​ជក់បារី ការចែក​ចាយ​បារី និង​ការផ្សព្វផ្សាយ​ផលិត​ថ្នាំជក់​។​


​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ហង់​ជួន ណា​រ៉ុ​ន បានចេញ​សេចក្ដីណែនាំ​ស្តី​ការអនុវត្ត​គោលការណ៍ “​កីឡា​គ្មាន​ថ្នាំ​​ជក់​-TOBACCO-FREE SPORTS" នេះ កាលពី​ថ្ងៃទី ​២៧ ខែធ្នូ ឆ្នាំ​ ២០២៣ ហើយ​ត្រូវបាន​ចែកចាយ កាលពី​ថ្ងៃទី ​៤ ខែមករា ឆ្នាំ ​២០២៤​។​

​ការឱ្យ​អនុវត្ត​គោលការណ៍​កីឡា​គ្មាន​ថ្នាំជក់​នេះ ដោយសារតែ​ក្រសួង បាន​មើលឃើញថា ផលប៉ះពាល់​នៃ​ផលិតផល​ថ្នាំ​ជក់​មាន​ទំហំធំធេង ជាពិសេស​បំផ្លាញ​សុខភាព ទាំង​អ្នក​ប្រើ​ប្រាស់ និង​អ្នក​នៅ​ជុំវិញ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុក​​ដាក់ និង​ការចូលរួម​ទាំងអស់​​គ្នា ព្រោះ ជាតិ​នីកូទីន និង​សារ​​ធាតុគីមី​ផ្សេងទៀត ដែលមាន​នៅក្នុង​ផ្សែង​ថ្នាំជក់ ធ្វើឱ្យ​អន់​ថយ​ដល់​រាងកាយ បង្ក​ការ​រំខាន​ដល់​ការ​ស្រូបយក​អុក​ស៊ី​ហ្ស៊ែ​ន ប៉ះពាល់​ដល់​ចរន្តឈាម សួត សាច់ដុំ សន្លាក់ និង​ខួរក្បាល​។​


​ជាមួយ​ផលប៉ះពាល់​ដ៏​ធ្ងន់​​ធ្ង​រ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដោយបាន​អនុម័ត កីឡា​គ្មាន​ថ្នាំជក់​នេះ តាំងពី​ឆ្នាំ​​ ១៩៨៨  សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក ហើយ​បាន​ក្លាយជា​វប្បធម៌​នៃ​ការប្រកួត​កីឡា​រហូតដល់​បច្ចុប្បន្ន​។​

​ប៉ុន្តែ​សកម្មភាព​ជក់បារី ការ​ចែកចាយ​បារី និង​ការផ្សព្វផ្សាយ​ផលិត​ថ្នាំជក់ នៅ​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ កីឡាការិនី កន្លែង​ហ្វឹកហាត់ បរិវេណ​ប្រកួត កន្លែង​ទស្សនា និង​បរិវេណ កីឡដ្ឋាន​ជាដើម នៅតែ​កើតមានឡើង ខណៈ​ប្រភេទ​កីឡា​ខ្លះ​លេង​បណ្តើរ ជក់បារី​បណ្តើរ​ក៏មាន ព្រោះ​ក្រុម​អត្ត​ព​លិ​ក រួមទាំង​គ្រូបង្វឹក និង​មន្ត្រី​កីឡា​មួយចំនួន ជា​អ្នក​ជក់បារី ចំណែក​អ្នក​មក​ទស្សនា​មួយចំនួនធំ ក៏​ជា​អ្នក​ជក់បារី​ដូចគ្នា​។​

​ជាមួយ​ភាព​អសកម្ម​ទាំង​អស់នេះ​ហើយ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឱ្យ​អនុវត្ត​គោលការណ៍ “​កីឡា​គ្មាន​ថ្នាំជក់​” ដោយ​ក្រ​សួង​បាន​បញ្ជាក់ថា​៖ «​ដើម្បី​លើកកម្ពស់​វប្បធម៌​កីឡា​គ្មាន​ថ្នាំជក់ និង​ពង្រឹងសមត្ថភាព​ប្រកួត​ជា​អតិបរមា និង​ទប់​ស្កាត់​ផលប៉ះពាល់​ដល់​សុខភាព​របស់​កីឡាករ កីឡាការិនី អ្នក​រៀបចំ និង​ទស្សនិកជន​ពី​ការ​​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​»​។​

​ជាមួយ​ការដាក់ចេញ​នូវ​សេចក្តីណែនាំ ស្ដីពី​ការអនុវត្ត​គោល​​ការណ៍ “​កីឡា​គ្មាន​ថ្នាំជក់​”​នេះ ក្រសួង​អប់រំ បានកំណត់​ចំណុច​គោល​ចំនួន​ ៧ ដើម្បីឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ជា​មួយ​គ្នា គឺ​ទី​១ បិទ​ស្លាក ឬ​ដាក់​បម្រាម​អំពី​ការហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ បារី​អេឡិចត្រូនិក ឬ​ផលិតផល​អេ​ច​ឈ៍​ធី​ភី (HTPs) នៅ​កន្លែង​ស្នាក់នៅ​កីឡាករ កីឡា​ការិនី កន្លែង​ហ្វឹកហាត់ បរិវេណ​ប្រកួត កន្លែង​ទស្សនា និង​បរិវេណ កីឡដ្ឋាន​ជាដើម​។​

​ទី​២ ហាម​​ឃាត់​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បារី​អេឡិចត្រូនិក ឬ​ផលិតផល ​HTPs នៅ​កន្លែង​ស្នាក់នៅ​កីឡាករ កីឡាការិនី កន្លែង​ហ្វឹកហាត់ បរិវេណ​ប្រកួត កន្លែង​ទស្សនា និង​បរិវេណ​កី​ឡ​ដ្ឋា​ន​ជាដើម​។

ទី៣ ចំពោះ​ជន​ណា​ល្មើស​សេចក្តីណែនាំ ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​បញ្ឈប់ និង​ចាត់វិធានការ​ឱ្យទាន់ពេល​វេលា​។​

​ទី៤ ហាម​ឃាត់​ការលក់ ការចែក​ចាយ ឬ​ការផ្សាយពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំជក់ រួមទាំង​បារី​អេ​ឡិច​​ត្រូ​និក ឬ​ផលិតផល HTPs ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ នៅ​កន្លែង​ស្នាក់នៅ កីឡាករ​កីឡាការិនី កន្លែង​ហ្វឹកហាត់ បរិវេណ​ប្រកួត កន្លែង​ទស្សនា និង​បរិវេណ​កីឡដ្ឋាន​ជាដើម​។

​ទី​៥ មិន​ទទួល​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ថ្នាំជក់ ក្រុមហ៊ុន​បារី​អេឡិចត្រូនិក ឬ​ក្រុមហ៊ុន​ផលិតផល HTPs ទោះ​ក្នុង​ទម្រង់ ឬ​គោលបំណង​ណាក៏ដោយ​។ 

​ទី​៦ មិន​សហការ ឬ​មិន​អនុញ្ញាត​ផ្តល់​ទីកន្លែង សម្រាប់​រៀបចំ​កម្មវិធី​ណាមួយ​របស់​ក្រុមហ៊ុន​ថ្នាំជក់ ក្រុមហ៊ុន​បារី​អេឡិចត្រូនិក ឬ​ផលិតផល HTPs និងទី៧ ​ចុងក្រោយ គឺ​ក្រសួង​អប់រំ ណែនាំ​ឱ្យ​សហ​ព័ន្ធ​កីឡា និង​ក្លិប​កីឡា​ទាំង​អស់ រៀបចំ​បញ្ចូល​គោលការណ៍ “​កីឡា​គ្មាន​ថ្នាំជក់​” នៅក្នុង​បទ​បញ្ជា​ផ្ទៃក្នុង​របស់ខ្លួន​ដូចៗ​គ្នា​។​

​ជាមួយ​ការណែនាំ​ឱ្យ​អនុវត្ត គោលការណ៍​ទាំង ​៧ ​ចំណុច​នេះ លោក ហង់​ជួន ណា​រ៉ុ​ន បានបញ្ជាក់ នៅក្នុង​សេចក្តីណែនាំ​នេះ​ថា​៖ «​ប្រធាន​អង្គភាព ក្រោម​ឱវាទ​ទីស្តីការក្រសួង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ប្រធាន​សហព័ន្ធ​កីឡា ក្លិប​កីឡា និង​កន្លែង​ប្រកួត​កីឡា​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​គោលការណ៍ «​កីឡា​គ្មាន​ថ្នាំ​ជក់​» និង​អនុវត្តតាម​សេចក្ដីណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។​

​ចំពោះ​ការណែនាំ​ស្តីពី​ការ​អនុវត្ត​គោលការណ៍ កីឡា​គ្មាន​ថ្នាំជក់ របស់​ក្រសួង​អប់រំ​នេះ លោក ប៉ុន សុខ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺ​ន​កីឡា បាន​ប្រាប់ថា​៖«​ការ​​ងារ​នេះ យើង​បាន​ផ្សព្វផ្សាយ​ដល់​អង្គភាព​ពាក់ព័ន្ធ​រួចហើយ ជាពិសេស​សហព័ន្ធ​កីឡា​ជាតិ ព្រោះនេះ​ជាការ​ចូលរួម​លើក​កម្ពស់​ពី​បញ្ហា​សុខភាព​ជាស​កល ដែល​យើង​យកចិត្ត​ទុក​ដាក់​ដល់​កីឡាករ កីឡាការិនី​របស់​យើង និង​កីឡា​គ្មាន​ផ្សែង​បារី ហើយ​គេ​នឹង​បើក​សិក្ខា​សាលា ដើម្បី​ផ្សព្វផ្សាយ​ពី​គោលការណ៍​ណែនាំ​នេះ ជា​បន្តបន្ទាប់​ទៀត​»​។​

​លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​គាំទ្រ​ពេញទំហឹង ចំពោះ​សេចក្តីណែនាំ​ស្តីពី​ការអនុវត្ត​គោលការណ៍ “​កីឡា​គ្មាន​ថ្នាំជក់​” របស់​ក្រសួង​អប់រំ ព្រោះ​វា​នឹងធ្វើ​ឱ្យ​វិស័យ​កីឡា កាន់តែ​មានការ​រីកចម្រើន ជា​មួយ​នឹង​បរិយាកាស​ល្អ​បរិស្ថាន​ស្អាត គ្មាន​ផ្សែង​បារី និង​កន្ទុយ​បារី​ចោល​នៅ​ពាសពេញ​ទីលាន​ប្រកួត​ដូច​ពេលកន្លងមក​។​

​លោក នូ ចំរើន បាន​និយាយថា​៖ «​កន្លងមក​បញ្ហា​ជក់បារី​នេះ យើង​បាន​ហាម​តែ​ក្រុម​ជម្រើសជាតិ​ទេ ព្រោះ​ប្រភេទ​កីឡា​ជិះ​កង់​នេះ ទាមទារ​ឱ្យមាន​ភាព​អំណត់​ខ្លាំង ពិសេស​ស៊ូ​នឹង​ការ​ហត់ អ៊ីចឹង​បើ​យើង​ជក់បារី កម្លាំង​របស់​យើង​ក៏​ថម​ថយ និង​ឆាប់​ហត់ មិនអាច​ស៊ូ​នឹង​ការហ្វឹកហាត់​ខ្លាំង និង​ប្រកួត​បានល្អ​នោះទេ ហេតុនេះ​កម្រិត​បច្ចេកទេស​របស់​ក្រុម​អត្ត​ព​លិ​ក​យើង ក៏​មិនអាច​កើនឡើង​ខ្ពស់​ដូចគ្នា​»​។​

​អគ្គលេខាធិការ​រូបនេះ បាន​បន្ថែមថា​៖ «​ចំណែក​កីឡាករ កីឡាការិនី​ក្រៅពី​ជម្រើសជាតិ ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ក្តី និង​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ទៀត​ក្តី យើង​មិនបាន​ហាមឃាត់​ឡើយ ព្រោះ​មិនទាន់មាន​គោលការណ៍ ប៉ុន្តែ​ពេលនេះ​ក្រសួង​អប់រំ បានចេញ​សេចក្តីណែនាំ​ហើយ អ៊ី​​ចឹ​ង​យើង​នឹង​យក​ការអនុវត្ត​គោលការណ៍​កីឡា​គ្មាន​ថ្នាំជក់​នេះ ទៅ​ណែនាំ​បន្ត​ដល់​បណ្តា​ក្លិប​ចំណុះឱ្យ​សហព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើឱ្យ​វិស័យ​កីឡា​របស់​យើង​កាន់​តែមាន​សុវត្ថិភាព សុខភាព និង​ភាព​រីកចម្រើន​ទៅមុខ​ជា​មួយ​គ្នា​»​។​

​អតីត​កីឡាករ​ជម្រើសជាតិ​កីឡាអត្តពលកម្ម ពី​ឆ្នាំ​ ២០១២ ដល់ ​២០១៩ ម៉ា វី​រ៉ូ បាន​សាទរ​ចំពោះ​សេចក្តីណែនាំ​ឱ្យ​អនុវត្ត​គោលការណ៍ “​កីឡា​គ្មាន​ថ្នាំ​ជក់​” នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​ក្នុងនាម​ជា​កីឡាករ​ជំនាញ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ម៉ា​រ៉ា​តុង អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំនេះ វី​រ៉ូ បាន​មើលឃើញថា ការជក់បារី ពិតជា​បានបង្ហាញ​រូបភាព​មិនល្អ និង​ប៉ះ​ពាល់​ដល់​កីឡាករ កីឡាការិនី ទាំង​ក្នុងពេល​ពួកគេ​ហ្វឹកហាត់ និង​ប្រកួត​។

ម៉ា វី​រ៉ូ ដែល​ធ្លាប់​ឈ្នះ​បាន​មេដាយមាស និង​ពាន​ជាច្រើន សម្រាប់​ការ​​ប្រកួត​នៅក្នុង​ស្រុក​នោះ បាន​ប្រាប់ថា​៖ «​សកម្មភាព​ជក់បារី នៅ​បរិវេណ​កន្លែង​ហ្វឹកហាត់ និង​ទីលាន​ប្រកួត ខ្ញុំ​ធ្លាប់​បានឃើញ​ច្រើន ហើយ​ពេលខ្លះ​ខ្ញុំ​ក៏មាន​អារម្មណ៍​ផងដែរ ប៉ុន្តែ​យើង​មិនអាច​ស្តីថា ឱ្យ​គាត់​បានទេ ព្រោះ​ជា​សិទ្ធិ​របស់​ពួក​គាត់ អ៊ីចឹង​ហើយ​ខ្ញុំ​សប្បាយចិត្ត និង​គាំទ្រ​នូវ​ការអនុវត្ត​គោល​​ការណ៍ កីឡា​គ្មាន​ថ្នាំជក់​»​។​

តើ​ការជក់បារី មាន​ផលប៉ះពាល់​បែបណា ដល់​សុខភាព​អ្នក​ហាត់​កីឡា​? ម៉ា វី​រ៉ូ បាន​ឆ្លើយ​​តប​ថា​៖ «​យើង​ដឹង​ហើយ​ថា ផឹកស្រា​ខូច​ថ្លើម ជក់បារី​ខូច​សួត តែ​អ្នក​ហាត់​កីឡា ត្រូវមាន​សួត​ល្អ ជាពិសេស​ផ្នែក​រត់ប្រណាំង ព្រោះ​បើ​យើង​ខ្សោយ​សួត មិនអាច​អត់ធន់​ជាមួយ​ការ រត់​បានទេ អ៊ីចឹង​ការជក់បារី គ្មាន​ផលចំណេញ​អ្វី​ឡើយ ចំពោះ​កីឡាករ កីឡាការិនី​របស់​យើង ជាពិសេស​ក្រុម​ជម្រើសជាតិ គួរ​ឈប់​ជក់បារី បើសិនជា​ចង់ឱ្យ​សមត្ថភាព​ខ្លួនឯង មានការ​រីកចម្រើន​ទៅមុខ​»៕