​ភ្នំពេញៈ ​ក្នុងចំណោម​កម្មករ​សំណង់​ប្រុស​ស្រី​ដែល​តាម​ការ​ប៉ាន់​ស្មានថា មាន​ប្រហែល​​ ២៥​ ម៉ឺន​នាក់​នៅ​កម្ពុជា គឺមាន​កម្មករ​​ស្ត្រី​ប្រហែល​តែ ​៣០ ​ទៅ ​៣៥ ​ភាគ​រយ​ប៉ុណ្ណោះ ដែល​កំពុង​ប្រឡូក​ក្នុង​វិស័យនេះ​។ មូល​ហេតុដែល​កម្មករ​ស្ត្រី​តិចជាង​បុរស​នេះ ត្រូវបាន​ក្រសួង​ការងារ​បញ្ជាក់ថា ដោយសារ​ជាការ​ងារ​ដែល​ប្រើ​កម្លាំង និង​ជំនាញ​។​


​ដោយសារ​វា​ជាការ​ងារ​ដ៏​លំ​បាក ស្ត្រី​គ្រប់រូប​ប្រហែលជា​មិន​ចង់​ទទួលយក​បទពិសោធន៍​លើ​ការងារ​សំណង់​ធ្ងន់ៗ​ដូច​បុរស​ទេ តែ​សម្រាប់​អ្នកស្រី នូ ភាព ដោយសារតែ​ត្រូវ​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​គឺ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ ។​

​ខណៈ​នៅលើ​ផ្ទៃមុខ​មាន​ពាក់​ម៉ាស់​ជិត និង​គ្រប​មួក​ក្រណាត់​ពីលើ​ក្បាល​ដោយ​បន្ថែម​មួក​សំណង់​មួយ​ជាន់​ទៀត​នោះ​អ្នក​​ស្រី នូ ភាព បាន​ប្រាប់​ក្នុងពេល​អ្នកស្រី​កំពុង​ឱន​លើក​ឥដ្ឋ​ពីរ​ទេះ​ថា អ្នកស្រី​មក​ធ្វើការ​សំណង់​ជាមួយ​កូនប្រុស​អាយុ​ ២០ ​ឆ្នាំ រីឯ​កូនស្រី​ម្នាក់ទៀត​ធ្វើការ​នៅ​កន្លែង​ផ្សេង ចំណែក​ស្វាមី​អ្នក​​ស្រី​ត្រូវបាន​គេ​វាយ​សម្លាប់​តាំងពី​ជាង​ ១០​ ឆ្នាំ​មក​ម្ល៉េះ​។​


​ស្ត្រី​វ័យ ៤៦ ​ឆ្នាំ​រូបនេះ បាន​បន្តថា អស់​រយៈពេល​ ១០ ​ឆ្នាំ​មកហើយ​ដែល​អ្នកស្រី​ធ្វើការ​​ងារ​សំណង់​ដើម្បី​រកប្រាក់​ចិញ្ចឹម​កូន ហើយ​បច្ចុប្បន្ន​អ្នកស្រី​កំពុង​ធ្វើ​សំណង់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ថ្មី​រយៈពេល​ ៦ ​ខែ​មកហើយ​។​

​អ្នកស្រី​ធ្វើការ​ងារ​ផ្នែក​លាយ​និង​ជញ្ជូន​ស៊ីម៉ងត៍​តាម​រទេះ​ឱ្យ​ជាង​ដែល​ក្នុង​ ១ ​ថ្ងៃ​ អ្នកស្រី​ទទួលបាន​កម្រៃ​ត្រឹមតែ ២២ ០០០ រៀល​ប៉ុណ្ណោះ តែបើ​កូនប្រុស​អ្នកស្រី​ដែល​ធ្វើការ​ផ្នែក​រៀប​ឥដ្ឋ​បាន ៣៥ ០០០ ​រៀល​។​ ស្ត្រី​ដែល​មកពី​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​ម្នាក់នេះ បានទទួល​ស្គាល់​ថា ដោយសារតែ​អ្នកស្រី​មិនមាន​សមត្ថភាព គ្មាន​ចំណេះ​ដឹង​ក្នុង​ខ្លួន ហេតុដូច្នេះ​ការងារ​ដែល​អាច​ធ្វើបាន​មានតែ​សំណង​ប៉ុណ្ណោះ ហើយ​ការងារ​នេះ​បើ​ធ្វើ​នៅ​កន្លែង​ណា គឺ​ត្រូវ​ដេក​នៅ​កន្លែង​នោះ​តែម្ដង​។​


​អ្នកស្រី នូ ភាព បាន​ត្អូញត្អែរថា​៖ «​សម្រាប់​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​ គឺ​យកមក​ផ្គត់ផ្គង់​គ្រួសារ​ស្ទើរ​មិន​គ្រាន់​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ចំណាយ​លើ​ការទិញ​ម្ហូប អង្ករ​ដាំបាយ​ចង់​អស់​ទៅវិញ​ហើយ​។ ជួន​​កាល​ខ្វះ​លុយ​ចាយ​ ១​ ខែ​ទៅ​បើក​មក​មិន​គ្រាន់​បង់​ឱ្យគេ​ផង ព្រោះ​យើង​ចងការ​គេ​ចាយ​»​។​

​មិន​ខុសគ្នា​នឹង​អ្នកស្រី នូ ភាព ប៉ុន្មាន​ទេ អ្នកស្រី ជួន ផា​រី ដែល​បច្ចុប្បន្ន​ជា​កម្មករសំណង់​នៅ​ការដ្ឋាន​មួយ​ក្នុង​សង្កាត់​ស្រះ​ចក រាជធានី​ភ្នំពេញ បាន​រៀប​រាប់​ដែរ​ថា ក្នុង ​១​ ថ្ងៃ អ្នកស្រី​ធ្វើការ​ងារ​ ៨ ​ម៉ោង​ដូច​បុរស​ដែរ តែ​អ្នកស្រី​ទទួលបាន​ប្រាក់​ឈ្នួល​តែ ​២៥ ០០០​ រៀល​ប៉ុណ្ណោះ​។ ចំពោះ​ប្រាក់​ឈ្នួល​នេះ​បើ​និយាយ​ពី​ការបញ្ចេញ​កម្លាំង​ពលកម្ម​គឺ​មិន​សម​នឹង​ទទួល​ទេ តែ​អ្នកស្រី​មិនដឹង​ធ្វើ​ម៉េច​។​

​ស្ត្រី​ដែលមាន​វ័យ​ ៣០ ​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ប្រហែល​មកពី​ខ្ញុំ​មិនចេះ​ជំនាញ​អី​ដូច​គេ តែបើ​ខ្ញុំ​ចេះ​ជំនាញ​អាច​នឹង​រក​ការងារ​ធ្វើបាន​ប្រសើរ​ជាង​នេះ ។ ប៉ុន្តែ​ទោះយ៉ាងណា​ខ្ញុំ​នៅតែ​គិតថា ប្រាក់​ឈ្នួល​ខ្ញុំ​បាន​តិច​»​។​

​ចំពោះ​ស្ថានភាព​ការងារ​សំណង់​ដែល​ប្រាក់​ឈ្នួល​មានការ​ខុសគ្នា​រវាង​ស្ត្រី និង​បុរស​នេះ លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​របាយការណ៍​ដែល​លោក​មាន​សរុប​កម្មករ​​សំណង់​ប្រុស​ស្រី​ទាំងអស់​មាន​ចំនួន​ប្រហែល ​២៥​ ម៉ឺន​នាក់ ក្នុងនោះ​កម្មករ​ជា​ស្ត្រី​មាន​ប្រហែល​ពី ​៣០ ទៅ​ ៣៥​ភាគរយ​ទេ​។

តួលេខ​នេះ​បង្ហាញថា បើ​ប្រៀបធៀប​បុរស​ទៅនឹង​ស្ត្រី​បានន័យថា ចំនួន​ស្ត្រី​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់​នៅមាន​ចំនួន​តិច​នៅឡើយ​ទេ​។ ដោយមាន​ការលើកឡើង​ពី​ភាពខុសគ្នា​រវាង​កម្មក​រ​ជា​បុរស និង​កម្មករ​ជា​ស្ត្រី​នេះ លោក​សុខ គីន មើលឃើញថា កម្មករ​ជា​ស្ត្រី​កំពុង​ត្រូវបាន​គេ​រំលោភសិទ្ធិ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​លក្ខខណ្ឌ​ការងារ​ចំពោះ​ពួកគាត់​ខ្ញុំ​គិតថា នៅតែមាន​ការរំលោភ​​បំពាន នៅតែ​ពួកគាត់​មិន​ទទួល​បាន​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី​។ នៅក្នុង​ច្បាប់​បាន​ចែងថា​បុរស និង​ស្ត្រី​ត្រូវមាន​សិទ្ធិ និង​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​នៅ​ចំពោះមុខ​ច្បាប់ តែ​អ្វីដែល​អនុវត្ត​ផ្ទាល់​គឺ​ស្ត្រី​មិនបាន​ទទួល​ដូចគ្នា​ទេ​»​។​

​លោក​ សុខ គីន បាន​លើក​ជា​ឧទាហរណ៍​ថា សម្រាប់​កម្មករ​ជា​ស្ត្រី​គាត់​ធ្វើការ​លាយ​ស៊ីម៉ងត៍​ដូចគ្នា​នឹង​បុរស​ដែរ ហើយ​បាន​ប្រាក់​ឈ្នួល​តែ ​២​ ម៉ឺន​ទៅ​ ២៨ ០០០ ឬ​ ៣ ​ម៉ឺន​រៀល​អស់ហើយ​។ ប៉ុន្តែ​សម្រាប់​បុរស​វិញ​គាត់​ធ្វើ​ការងារ​ក្នុង​ ១ ​ថ្ងៃ​ ៨​ ម៉ោង​ដូចគ្នា តែ​បុរស​ទទួលបាន​ប្រាក់​ឈ្នួល​ពី​ជាង​ ៣ ​ម៉ឺន​ដល់​ជិត ​៥​ ម៉ឺន​រៀល គឺ​តិចជាង​គ្នា​ឆ្ងាយ​តែម្តង​។

រីឯ​ចំពោះ​លក្ខខណ្ឌ​អី​ផ្សេងៗ​សិទ្ធិ​ក្នុងការ​ទទួលបាន​តួនាទី​ដូច​​ជា​ត្រូវការ​ជ្រើសរើស​មេការ​ឬ​អ្នកគ្រប់គ្រង​អីហ្នឹង គឺ​ខាង​ការ​ដ្ឋា​ន​សំណង់​មិនដែល​ផ្តល់ឱកាស​ឱ្យ​ស្ត្រី​ទេ បើទោះបី​ស្ត្រី​ម្នាក់​នោះ​គាត់​មាន​សមត្ថភាព​ក៏ដោយ​។​

ដោយសារ​ថា ប្រហែល​មាននៅ​ក្នុង​ផ្នត់គំនិត​ ១​ គិតថា បរិបទ​មួយ​នៅក្នុង​ស្រុក​គិតថា ស្ត្រី​មិនអាច​ធ្វើការ​បាន​ដូច​បុរស តែ​ជាទូទៅ​គាត់​អាច​ធ្វើបាន តែ​មិន​មានការ​ផ្តល់ឱកាស​ឱ្យ​ពួកគាត់ ហើយ​ពេលខ្លះ​ស្ត្រី​មានការ​តស៊ូ​ខ្លាំង​ជាង​បុរស​ទៅទៀត​។​

​បើតាម​លោក​ សុខ គីន សហ​ព័ន្ធ​សហជីព​កម្មករសំណង់​មាន​ផែនការ​ជាក់លាក់ ដោយ​នៅតែ​ជំរុញ និង​ស្នើ​ដល់​ស្ថាប័ន​ពាក់​​ព័ន្ធ​ដើម្បីឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​និង​អត្ថប្រយោជន៍​ស្មើៗ​គ្នា​ដូច​បុរស​ដែរ​។ សម្រាប់​សហព័ន្ធ​សហជីព​កម្មករសំណង់​នៅតែ​ផ្តល់ឱកាស​ដល់​ស្ត្រី​ក្នុងការ​ចូលរួម​សកម្មភាព​ផ្សេងៗ​នៅក្នុង​សង្គម​។​

​បើទោះជា​មានការ​លើកឡើង​ជុំវិញ​បញ្ហា​នេះ​ក្តី តែ​សម្រាប់​លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ​បានបញ្ជាក់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ភាគច្រើន​នៃ​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​គឺ​ស្ត្រី​មាន​ចំនួន​តិចជាង​បុរស ព្រោះថា​ ជាការ​ងារ​ដែល​ប្រើ​កម្លាំង និង​ជំនាញ ហើយ​វិស័យនេះ​មិនទាន់មាន​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅឡើយ​។​ ចំពោះ​ការផ្តល់​ប្រាក់កម្រៃ​ដល់​ស្ត្រី តែងតែបាន​ចំនួន​តិចជាង​បុរស​គឺអាច​មាន​កត្ដា​ ២ គឺ​ទី​ ១ គេ​វាយតម្លៃ​ស្ត្រី​មិនអាច​ធ្វើការ​ដោយ​ប្រើ​កម្លាំង​ដូច​បុរស​បាន ទី ២ កម្មករ​ស្ត្រី​មួយចំនួនធំ​មិនមាន​ជំនាញ​។​

​ជាមួយគ្នានេះ លោក​ កត្តា អ៊​ន បាន​បញ្ជាក់ថា​៖ «​ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អំពាវនាវ​ដល់​យុវជន​ដែល​ពុំទាន់​មាន​ជំនាញ សូម​ចុះ​ឈ្មោះ​ដើម្បី​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​ទទួល​បានការ​ងារ និង​ប្រាក់ខែ​ខ្ពស់ និង​អំពាវនាវ​ដល់​អ្នកម៉ៅកា​រ និយោជក និង​កម្មករនិយោជិត ត្រូវគោរព​ច្បាប់​ការងារ​ឱ្យបាន​ត្រឹមត្រូវ​»៕