​កំពង់ឆ្នាំងៈ ​ចាប់តាំងពី​សមាជិកគ្រួសា​រ​ម្នាក់​មាន​ជំងឺមហារីក​គ្រាប់​​ឈាម​ហើយ​ត្រូវ​លក់​ដី​ព្យាបាល​ជំងឺ​មក គ្រួសារ​យាយ​តា​សក់ស ដែល​ចិញ្ចឹម​ចៅ​រហូតដល់​​ ១៩ ​នាក់ ដែលមាន​ជីវភាព​ក្រីក្រ​ស្រាប់ កាន់​​តែ​ធ្លាក់ខ្លួន​ទីទ័លក្រ​ខ្លាំង​ឡើង​ថែមទៀត​ ដោយ​ត្រូវ​ដើរ​រើស​កួរ​ស្រូវ​តាម​វាលស្រែ​យកមក​បុក​យក​អង្ករ​ដាំបាយហូប​។​


​ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ក្រហម ខោ​ខ្មៅ​គ្របដណ្តប់​ទៅដោយ​ស្បែក​ដ៏​ជ្រីវជ្រួញ ខណៈ​សក់​ក្បាល​ទាំង​ ២ ​នាក់ ក៏មាន​សម្បុរ​សក្បុស នោះ​ជា​យាយ​-​តា​ដែល​ចិញ្ចឹម​ចៅប្រុស​-​ស្រី​រហូត​ទៅដល់​ ១៩ ​នាក់ រស់នៅ​ក្នុងភូមិ​ប្រចក្ស ឃុំ​ព្រៃ​មូល ស្រុក​រលា​​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។ ក្នុងចំណោម​ក្មេងៗ​ទាំង​ ១៩​ នាក់ កុមារា​ឈ្មោះ​សុវណ្ណ រិទ្ធី អាយុ​ ១៤​ ឆ្នាំ​រៀន​ថ្នាក់​ទី៧ បាន​រៀបរាប់់ថា ម្តាយ​របស់គេ​បាន​លែងលះគ្នា ជាមួយ​ឪពុក តាំងពី​រូបគេ​នៅ​តូចៗ​ម្ល៉េះ ហើយ​រូបគេ​ត្រូវបាន​ម្តាយ​យកមក​ផ្ញើឱ្យ​យាយ​មើលថែ​។​

​ចំណែកឯ​ម្តាយ​របស់គេ​ទៅ​ធ្វើការ​រោងចក្រ​កាត់ដេរ នៅ​ទីក្រុង​ភ្នំពេញ តែ​ឧស្សាហ៍​មក​ស្រុកកំណើត​ដែរ​។ ដោយសារតែ​យាយ​-​តា​ក្រលំបាក​ហើយ​ត្រូវ​ចិញ្ចឹម​ចៅៗ​ច្រើន​នាក់​ទៀត ធ្វើឱ្យ​រូបគេ និង​បងប្អូន​នៅ​ជាមួយ​នាំគ្នា​ដើរ​រើស​កួរស្រូវ​នៅតាម​វាលស្រែ​ដែល​គេ​ច្រូត​រួច​ដើម្បី​បុក​យក​អង្ករ​ដាំបាយហូប​។ ក្រៅពី​ដើរ​រើស​កួរស្រូវ​ក៏​នាំគ្នា​ដើរ​បេះ​ស្លឹក​បន្លែ​តាម​ព្រៃ ឬក៏​ដើរ​ចាប់​ក្តាម រកត្រី​យកមក​ស្ល​ហូប​។​


​រិទ្ធី​បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ចេញពី​សាលារៀន ក៏​មកជួយ​ការងារ​យាយ​-​តា​នៅផ្ទះ​រកត្រី​បេះ​បន្លែ​។ ដោយសារតែ​បញ្ហា​ជីវភាព​ខ្ញុំ​រៀន​មិនបាន​ពិន្ទុ​ល្អ​ដូច​កូន​គេ​ទេ​។ ខ្ញុំ​ចង់បាន​ខោអាវ​ថ្មី​ស្លៀកពាក់​រៀន​ដូច​គេ​ដែរ​តែ​ធ្វើ​ម៉េច​បើ​យើង​អត់​»​។​

​លោកយាយ​ ឡុង សា​រឿង អាយុ​ ៦៨ ​ឆ្នាំ បាន​និយាយថា គាត់​មានកូន​ស្រី​ទាំងអស់​ចំនួន ៧​ នាក់ ដែល​បច្ចុប្បន្ន​កូនស្រី ​៣​ នាក់ ​រស់​​នៅ​ជាមួយ​លោកយាយ ៣​ នាក់​ទៀត ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម្នាក់ទៀត​ទៅធ្វើ​ការ​រោងចក្រ​នៅ​ភ្នំពេញ​។


ចំពោះ​កូនស្រី ​៣ ​នាក់​ ដែល​កំពុង​រស់នៅ​ជាមួយ​លោកយាយ​ក្នុងនោះ​ម្នាក់​នៅផ្ទះ​ត្បាញ​ចង្អេរ​ជាមួយ​គាត់ និង​ ២​ នាក់​ទៀត​ទៅធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ​ក្នុងភូមិ​។ បច្ចុប្បន្ន​ទាំង​ ២​ នាក់​យាយ​-​តា រ៉ាប់រង​ចិញ្ចឹម​ចៅប្រុស​ស្រី​ដល់​ទៅ ​១៩​ នាក់ ​(​ប្រុស​ ១០ ​នាក់​) ​ដែល​ឪពុកម្តាយ​របស់​ពួកគេ​ប្រទុក្ខប្រដាក់​នឹង​ពួកគាត់​ទាំងអស់​។​

​យាយ​បាន​និយាយ​រៀបរាប់​ទៀតថា ចំណែក​កូនស្រី​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ពួកគេ​ក៏បាន​ផ្ញើ​លុយកាក់​មកឱ្យ​គាត់​ខ្លះៗ​ដែរ តែ​នៅតែ​មិនអាច​ទប់​ទល់នឹង​ជីវភាព​បានទេ ព្រោះ​ចៅ​ច្រើន​ដល់​ទៅ​ ១៩​ នាក់​ឯណោះ​ដែល​ត្រូវ​ចំណាយ​ទៅលើ​ការ​ហូបចុក​ច្រើន​។

លោកយាយ​សារឿ​ង​បន្តថា ចៅប្រុស​ស្រី​ដែល​គាត់​ចិញ្ចឹម​មាន​អាយុ​ចាប់ពី​ ២​ ខែ​ដល់​អាយុ​ ២០​ ឆ្នាំ ហើយ​ពួក​គេ​ខ្លះ​បាន​ចូលរៀន​ពី​ថ្នាក់​ទី​១ ​ដល់​ថ្នាក់​ទី​៧ នៅ​សាលាបឋមសិក្សា​ក្នុងភូមិ​។​

​ក្នុង ​១​ ថ្ងៃ​ គាត់​ត្រូវ​ដាំបាយ​អស់​អង្ករ​ចំនួន​ ១៦​ គីឡូ​​ក្រាម ​ឯ​ម្ហូប​វិញ​គាត់​ចេះតែ​ដើរ​បេះ​បន្លែ​ត្រកួន ព្រលឹត រក​ជញ្ជាត់​ត្រី​ចាប់​ក្តាម​ខ្យង​ស្ល​ឱ្យតែបាន​​ហូប​រួច​ ១ ​គ្រាៗ​ទៅជា​ជាង​អត់​។ ប៉ុន្តែ​បើ​ឱ្យ​ចៅ​របស់គាត់​ម្នាក់ៗ​បាន​ហូប​ឆ្អែត​នោះ គឺ​ហូប​មិនបាន​ឆ្អែត​ទេ​។

បើតាម​លោកយាយ​ សា​រឿង ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​ ១៩៧៩ ​គ្រួសារ​គាត់​ក៏មាន​ដីស្រែ បង្កបង្កើនផល​ដូច​អ្នកភូមិ​ដទៃទៀត​ដែរ តែ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ចៅស្រី​របស់គាត់​ម្នាក់​មាន​ជំងឺមហារីក​គ្រាប់​ឈាម ហើយក៏​លក់​ដី​យកលុយ​ព្យាបាល​ជំងឺ​ចៅ​អស់​ទៅ ហើយ​ចៅ​ក៏​ស្លាប់​ទៀត​។​

​បញ្ហា​នេះហើយ​ដែល​បានធ្វើឱ្យ​គ្រួសារ​របស់លោក​យាយ​ទីទ័ល​​ក្រ​រហូតដល់​សព្វថ្ងៃនេះ​តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច​មានតែ​រកបាន ​១ ​ថ្ងៃ​ដោះ​ទ័ល​ ១​ ថ្ងៃ​ទៅ​។​បច្ចុប្បន្ន​យាយ​ជាមួយ​តា​គឺ​ត្បាញ​ចង្អេរ​លក់​ដើម្បី​យកលុយ​ទិញ​អង្ករ​ហូប​ដែល​ក្នុង​ ១ ​ថ្ងៃ​ធ្វើបាន ៥ ​ទៅ​ ១០ ​ចង្អេរ​លក់បាន​លុយ​ ២​ ម៉ឺន​រៀល រីឯ​ឫស្សី​ប្តី​លោកយាយ​ជា​អ្នកដើរ​កាប់​តាម​ព្រៃ​។​

​លោកយាយ​ សារឿ​ង ​ប្រាប់ទៀតថា​៖ «​ខ្ញុំ និង​ប្តី​ចាស់ៗ​អស់ហើយ ហើយ​មក​រ៉ាប់រង​ចិញ្ចឹម​ចៅ​ទៀត ធ្វើ​ម៉េច​បើ​ម្តាយ​-​ឪពុក​ពួកគេ​ខ្លះទៅ​ធ្វើការ​នៅ​ឆ្ងាយ ហើយ​បើ​យក​កូន​ទៅជា​មួយ​គឺ​ធ្វើការ​មិនកើត​ទេ​។ បើ​និយាយ​ពី​ក្រលំបាក​វេទនា​នោះ គឺ​ខ្ញុំ​និយាយ​លែងចេញ​ហើយ​»​។

ដោយសារតែ​ជីវភាព​ខ្វះខាត​ខ្លាំង​ហើយ​បើ​សង្ឃឹមលើ​កូនៗ​ដែល​រស់នៅ​ជាមួយ​គាត់​ក៏​ពួកគេ​ជួយ​ផ្គត់ផ្គង់​ឱ្យ​លុយកាក់​ខ្លះ​ដែរ តែ​នៅតែ​ទប់ទល់​នឹង​ជីវភាព​មិនជា​ប់​។ ហេតុដូច្នេះ​ហើយ​ពេល​ដល់​រដូវ​ច្រូតកាត់​ស្រូវ យាយ​ក៏​នាំ​ចៅៗ​ដើរ​រើស​កួរស្រូវ ដែល​ជ្រុះ​នៅតាម​វាលស្រែ សន្សំ​បាន ​៣ ​ថ្ងៃ​ទើប​បុក​យក​អង្ករ​ម្តង​បាន​១​តៅ​អង្ករ​សម្រាប់​ដាំបាយហូប​។​

​ជុំវិញ​បញ្ហា​នេះ​ត្រូវបាន​លោក​​ស្រី​ ថោង ហុង មេឃុំ​ព្រៃ​មូល​បាន​ប្រាប់ថា គ្រួសារ​ ២ ​នាក់​ប្តី​-​ប្រពន្ធ​ខាងលើ​ ពី​ដើម​មក​ពួកគាត់​មាន​ដីធ្លី​មាន​គោក្របី​ធ្វើស្រែ​ដែរ​ដែល​បាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ចែកជូន​។ ប៉ុន្តែ​ការប្រកប​របរ​រកស៊ី​យូរៗ​ទៅ​ក៏​ជួបប្រទះ​ជំងឺ​តម្កាត់​ក្នុង​គ្រួ​សារ​ហើយ​អត់លុយ​ក៏​ចេះតែ​លក់​គោក្របី​ដីស្រែ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ​រហូត​អស់​ទៅ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន គឺ​លោក​ស្រី​តែងតែ​ជួយ​កៀរគរ​ប្រមូល​សប្បុរសជន​មាន​តាំងពី​ព្រះសង្ឃ​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​មួយ​នេះ ព្រោះ​លោកស្រី​មើលឃើញថា គាត់​ចិញ្ចឹម​ចៅ​ដល់​ទៅ ​១៩​ នាក់​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​លោក​​យាយ ​ឡុង សា​រឿង​ ក៏មាន​បណ្ណ​ក្រីក្រ​ដែរ ហើយ​ខាង​អាជ្ញាធរ​មូលដ្ឋាន​ក៏​ជួយ​សម្រាល​បន្ទុក​ជីវភាព​គាត់​ទៅតាម​លទ្ធភាព​ផងដែរ​។ ខ្ញុំ​មើលឃើញថា គ្រួ​​សារ​ ១​ នេះ​លំបាក​ណាស់​»​។​

​លោក​ សេក សុជាតិ អ្នក​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​បាន​បញ្ចេញ​ទស្សនៈ​ថា ទាក់ទង​នឹង​មនុស្ស​ជំនាន់​ថ្មី យក​កូន​ច្រើន​ហើយ​យក​កូន​ទៅ​ផ្ញើ​ជាមួយនឹង​ឪពុកម្តាយ ឱ្យ​មើលថែ​ជំនួស​ខ្លួន គឺ​វា​ពាក់ព័ន្ធ​នឹង​កត្តា​ជាច្រើន​។ ទី​១​ គឺ​ដោយសារ​កត្តា​ជីវភាព​ដែល​ពួកគាត់​ត្រូវធ្វើ​ចំណាកស្រុក ទៅ​រស់នៅក្នុង​តំបន់​ផ្សេង ហើយ​ពួកគាត់​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​មើលថែ​កូន​ឱ្យ​បានល្អ​។ បញ្ហា​នេះ​ដោយសារតែ​ពួកគាត់​ជាប់រវល់​ធ្វើ​ការងារ​ដើម្បី​ស្វែងរក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​

​កត្តា​ទី​២ គឺ​ដោយសារតែ​ការវិវឌ្ឍ​នាពេល​បច្ចុប្បន្ន​ក្នុងសង្គម​មិនទាន់​មានការ​គាំពារ​ដល់​ជីវ​​ភាព​របស់​ពលរដ្ឋ​ទីទ័លក្រ​ឱ្យបាន​ដិតដល់​។ ដូច្នេះ​បញ្ហា​ទី២ ​នេះ​ជា​បញ្ហា​ ១ ​ធ្ងន់ធ្ងរ​រួមផ្សំ​ទាំង​ជីវភាព​ខ្វះខាត ពេលវេលា​មាន​ដែន​កំណត់​ហើយ​ប្រាក់ចំណូល​ទទួលបាន​តិចតួច​ក៏​បង្ខំ​ឱ្យ​គាត់​ធ្វើ​ការងារ​ទាំង​ប្តី​ទាំង​ប្រពន្ធ និង​ស្វែងរក​ការងារ​បន្ថែម​ដែល​ធ្វើឱ្យប៉ះពាល់​ពេលវេលា​ក្នុង​ការមើល​ថែកូន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា កត្តា​ទាំង​ ២ ​ខាងលើ​សំខាន់​មែនទែន ដែល​ត្រូវ​យកមក​ធ្វើការ​ត្រិះរិះ​ហើយនឹង​ស្វែងរក​វិធី​សា​​ស្ត្រ​ដើម្បី​ដោះស្រាយ​។ ខ្ញុំ​ក៏​គិតថា បញ្ហា​ទាំងអស់នេះ​រាជរដ្ឋាភិបាល​ដើរតួនាទី​សំខាន់​មែន​ទែន​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​ទាំងអស់នេះ​»​។​

​បើតាម​លោក សុជាតិ រាជ​រដ្ឋា​​ភិ​បាល​ត្រូវបង្កើត​ជា​គោ​លន​យោ​បាយ ​១​ ដើម្បី​គាំពារ​ទៅដល់​ក្មេងៗ​ដែល​គាត់​មាន​អាយុ​តិចជាង ​១៨ ​ឆ្នាំ​គួរតែមាន​គោ​លន​យោ​​បាយ ​១ ​ដើម្បីឱ្យ​ពួកគាត់​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ក៏ដូចជា​ការ​សិក្សា​ដែលមាន​ស្តង់ដា​ ១ ដើម្បីឱ្យ​គាត់​ក្លាយជា​មនុស្ស​ល្អ​ទៅ​អនាគត​។ កត្តា​ ១ ​ទៀត គឺមាន​ការ​​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​រក​មធ្យោបាយ និង​បន្ធូរបន្ថយ​ចំពោះ​អ្នក​ដែលមាន​ការងារ​ទាំង​ប្តី​ទាំង​ប្រពន្ធ​ដែល​គួរតែ​មានការ​​បើកទូលាយ​បន្តិច​បើ​ថា ប្តី​ធ្វើការ​ពេលព្រឹក​ហើយ​ប្រពន្ធ​ធ្វើការ​ដូចគ្នា​តែមាន​ពេល​ម៉ោង​ណាមួយ​ឱ្យ​គាត់​នៅ​មើល​ថែកូន​បាន​៕