ភ្នំពេញៈ សំឡេងអ៊ូអរលាយឡំដោយសំណើចក្អាកក្អាយ នៃការជជែកគ្នាលេង ខ្លះអង្គុយចុចទូរស័ព្ទ ខ្លះទៀតដេញចាប់កូនតូច និងអ្នកមួយចំនួនទៀតអង្គុយអានខិត្តប័ណ្ណផ្សព្វផ្សាយ ខណៈអ្នកខ្លះទៀតឈរធ្វើកាយវិការនិយាយគ្នាពីនេះពីនោះ នៅផ្នែកខាងក្រោមចំហៀងខាងឆ្វេង នៃអគារធំស្កឹមស្កៃកម្ពស់ ២១ ជាន់ ស្ថិតនៅផ្លូវបេតុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ គឺជាសកម្មភាពប្រជាពលរដ្ឋ កំពុងរង់ចាំចុះឈ្មោះជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅស្នាក់ការកណ្តាល។
ប្រជាពលរដ្ឋទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស ទាំងនេះមានទាំងកម្មករនិយោជិត បុគ្គលិកក្រុមហ៊ុន ដែលមានប្រាក់ឈ្នួល។ ជាពិសេស ក្រោយពេលរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ (បុគ្គលរកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬបៀវត្សរ៍) តាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក៏មានប្រជាពលរដ្ឋដែលកំពុងមានមុខរបរ និងចំណូលផ្ទាល់ខ្លួន បានសម្តែងការសប្បាយចិត្ត និងបានទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស យ៉ាងច្រើនទៀតផង។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ភាពមមាញឹកនៃប្រជាពលរដ្ឋ បាននាំគ្នាមកធ្វើការចុះឈ្មោះ ចូលជាសមាជិក ប.ស.ស យ៉ាងសកម្ម នៅគ្រប់សាខាបេឡាជាតិសន្តិសុខសង្គម នៅទូទាំងប្រទេសមិនរំលងថ្ងៃណា ១ សោះ ជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋកាន់តែមានការយល់ដឹង បានទូលំទូលាយពីការទទួលបានអត្ថប្រយោជន៍ ប.ស.ស។
លោកបញ្ជាក់ថា ចាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គិតរហូតមកដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ មានការចុះបញ្ជីជាសមាជិក ប.ស.ស សរុបចំនួន ១១១ ៧២៣ នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ១០០ ២១៤ នាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ជាង ១ ម៉ឺននាក់។
ជាអ្នកនាំពាក្យ ប.ស.ស ផងនោះ លោក ហេង សុផាន់ណារិទ្ធ ប្រាប់ថា តាមរយៈយុទ្ធនាការ នៃការផ្សព្វផ្សាយក្នុងពេលកន្លងមក បង្ហាញថា ប្រជាពលរដ្ឋចាប់ផ្តើមមើលឃើញពីគុណតម្លៃ នៃការប្រើប្រាស់បណ្ណ ប.ស.ស ដោយពួកគាត់អាចធានាថា សេដ្ឋកិច្ចគ្រួសារមានស្ថិរភាពតាមរយៈការរ៉ាប់រងថ្លៃចំណាយមន្ទីរពេទ្យ ការទទួលបានប្រាក់បំណាច់មាតុភាព ហើយក្នុងករណីជាអកុសលណាមួយកើតឡើង ប.ស.ស និងផ្តល់ប្រាក់វិភាជន៍បូជាសព ជាហេតុធ្វើឱ្យសមាជិក និងក្រុមគ្រួសារមិនងាយរងហានិភ័យធ្លាក់ចូលបន្ទាត់នៃភាពក្រីក្រនោះឡើយ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋបានសម្តែងអារម្មណ៍សប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើសុខុមាលភាព និងជីវភាពររស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុកនរណាម្នាក់ឱ្យនៅក្រៅសំណាញ់ការពារ ពីប្រព័ន្ធសន្តិសុខសង្គម»។
មកដល់ពេលនេះបេឡាជាតិសន្តិសុខសង្គម បានចុះកិច្ចព្រមព្រៀងជាមួយនឹងមូលដ្ឋានសុខាភិបាល ទាំងសាធារណៈ និងឯកជន ផ្នែកថែទាំសុខភាពទូទាំងប្រទេសសរុបចំនួន ១ ៥២៩ មូលដ្ឋានសុខាភិបាល ក្នុងនោះ មានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៩៥ កន្លែង និងឯកជន ១៣៤ កន្លែងផងដែរ។ យោងតាមលោក ហេង សុផាន់ណារិទ្ធ។
អង្គុយនៅកន្លែងរង់ចាំមុខបន្ទប់ចុះបញ្ជី ប.ស.ស ដៃកាន់ទូរស័ព្ទ និងខិត្តប័ណ្ណផ្សព្វផ្សាយ បុរសសម្បុរស្រអែមវ័យ ៣៦ ឆ្នាំ លោក យិន សំអឿន ជាអ្នកធ្វើការផ្នែកជួសជុលបរិក្ខារពេទ្យ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា តាមរយៈការផ្សព្វផ្សាយដោយបណ្តាញព័ត៌មានផ្សេងៗ ធ្វើឱ្យលោកបានយល់ដឹងពីអត្ថប្រយោជន៍ ប.ស.ស មួយចំនួន។ លោកបានសម្តែងការសប្បាយចិត្ត និងបានរូតរះមកធ្វើការចុះឈ្មោះចូលជាសមាជិក ប.ស.ស នៅពេលដឹងថា អ្នកធ្វើការងាររកចំណូលផ្ទាល់ខ្លួនដូចជារូបលោកក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកធ្វើការងារមានប្រាក់ខែផងដែរ។
លោកប្រាប់ថា ការមកចុះឈ្មោះជាសមាជិក ប.ស.ស នេះ គឺលោកចុះឈ្មោះដើម្បីទទួលបានរបបសន្តិសុខសង្គមថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលការបង់ភាគទាន ប.ស.ស ក្នុង ១ខែ ១៥ ៦០០ រៀល ប៉ុណ្ណោះ ចំនួននៃការបង់ភាគទាននេះមិនថ្លៃទេ ហើយផ្ទុយទៅវិញ គឺបាននាំមកនូវការជួយសម្រាលទុក្ខលំបាកបានច្រើនពេលមានជំងឺឈឺថ្កាត់ ឬបញ្ហាសុខភាពផ្សេងៗ ដែលត្រូវទៅមន្ទីរពេទ្យ។
លោកថ្លែងថា៖ «ខ្ញុំបានដឹងពីអត្ថប្រយោជន៍ ប.ស.ស តាមរយៈបណ្តាញសារព័ត៌មាន ហើយថ្ងៃនេះខ្ញុំមករកចុះឈ្មោះដោយខ្លួនឯង។ ខ្ញុំគិតថា ប.ស.ស បានរួមចំណែកច្រើនក្នុងការសម្រាលទុក្ខលំបាកនៃការចំណាយនៅមន្ទីរពេទ្យ យើងបង់ភាគទានតិចៗ ហើយងាយស្រួល ឥឡូវបង់តាមអ៊ែបក៏បាន យើងបង់នៅកន្លែងណាក៏បាន»។
អង្គុយលើបង់ថ្ម នៅកន្លែងរង់ចាំក្បែរនោះ លោក ផាន ធី វ័យ ៥៦ ឆ្នាំ សម្បុរខ្មៅ ជាកសិករមកពីក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលកំពុងអានខិត្តប័ណ្ណផ្សព្វផ្សាយរបស់ ប.ស.ស បាននិយាយជាមួយអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា លោកបានដឹងព័ត៌មាន អត្ថប្រយោជន៍ ប.ស.ស នេះ តាមរយៈការមើលទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ ការផ្សាយពីអត្ថប្រយោជន៍ទាំងនោះ ធ្វើឱ្យលោកចង់ចុះឈ្មោះចូលជាសមាជិក ប.ស.ស យ៉ាងខ្លាំង។
បុរសជាកសិករលើកឡើងថា លោកមានអារម្មណ៍សប្បាយរីករាយក្រៃលែង នៅពេលឃើញមានការផ្សាយថា អ្នកធ្វើស្រែចម្ការដូចជារូបលោក ក៏អាចចូលរួមចុះឈ្មោះជាសមាជិក ប.ស.ស តាមរយៈការបង់ភាគទានដោយខ្លួនឯងបានដែរ។ លោកបញ្ជាក់ថា ពីមុនក្នុងក្រុមគ្រួសាររបស់លោក មានតែកូនៗ និងក្មួយទេ ដែលអាចធ្វើបណ្ណ ប.ស.ស បាន ព្រោះពួកគេមានការងារធ្វើនៅក្រុមហ៊ុន មានប្រាក់ឈ្នួលច្បាស់លាស់។
មានកូនៗ និងក្មួយដែលមានបទពិសោធន៍ប្រើប្រាស់បណ្ណ ប.ស.ស នៅមន្ទីរពេទ្យ បុរសដដែលនេះបានប្រាប់ថា តាមរយៈការជូនកូនក្មួយទៅពេទ្យ នៅតាមបណ្តាមន្ទីរពេទ្យជាដៃគូជាមួយ បសស បច្ចុប្បន្ននេះមានការយកចិត្តទុកដាក់បានយ៉ាងល្អជាមួយអ្នកមានបណ្ណ ប.ស.ស ផ្ទុយកាលពីមុន ដែលនៅតាមមន្ទីរពេទ្យមួយចំនួន ហាក់មានការរើសអើងអ្នកប្រើប្រាស់បណ្ណ ប.ស.ស នេះ។
លោកថ្លែងថា៖ «ពេទ្យឥឡូវអត់ដូចមុនទេ ឥឡូវស្រួលណាស់ ពីមុនខ្ញុំធ្លាប់ជូនក្មួយៗខ្ញុំមកពេទ្យ ឆ្ងាយអស់លុយហើយពិបាកទៀត តែឥឡូវ អត់អស់លុយហើយស្រួលទៀត»។
អង្គុយជាប់គ្នានោះដែរស្ត្រីវ័យ ៥៤ ឆ្នាំ សម្បុរស រាងធាត់បន្តិច ជាកសិករមកពីខេត្តកណ្តាល អ្នកស្រី តន់ អេង បាននិយាយថា ពីមុនអ្នកស្រីប្រើប្រាស់បណ្ណសមធម៌ ប៉ុន្តែដោយសារតែបណ្ណនោះផុតកំណត់ ហើយស្របពេលនោះអ្នកស្រីបានដឹងថា រាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យពលរដ្ឋទូទៅអាចធ្វើបណ្ណ ប.ស.ស បាន ទើបអ្នកស្រីឆ្លៀតពេលវេលា មកចុះឈ្មោះធ្វើជាសមាជិកតែម្តង។
ប្រភពដដែលនិយាយថា ការមានបណ្ណ ប.ស.ស ជួយសម្រាលបន្ទុកចំណាយបានច្រើន ពិសេសពេលសម្រាលកូនមិនអស់ថ្លៃសម្រាល ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពីបេឡាជាតិសន្តិសុខសង្គម ទៀតផង។
មិនខុសពីលោក ផាន ធី ប៉ុន្មានទេ អ្នកស្រី តន់ អេង ក៏មានកូនៗក្មួយធ្លាប់ប្រើប្រាស់បណ្ណ ប.ស.ស ផងដែរ។ តាមរយៈបទពិសោធន៍ជូនកូនទៅពេទ្យ អ្នកស្រីប្រាប់ថា នៅតាមបណ្តាមន្ទីរពេទ្យជាដៃគូជាមួយ ប.ស.ស ពិតជាមានការយកចិត្តទុកដាក់បានល្អជាងមុន ជាមួយអ្នកជំងឺដែលប្រើប្រាស់បណ្ណ ប.ស.ស។
អ្នកស្រីថ្លែងថា៖ «ឥឡូវគេយកចិត្តទុកដាក់ច្រើន មានភាពរួសរាយរាក់ទាក់ ថ្វីបើត្រូវរង់ចាំបន្តិច ប៉ុន្តែច្បាស់លាស់អ្នកមកមុនឆាប់ហើយមុន។ ទៅពេទ្យ ឥឡូវគេសួរយើងហ្មង គេសួរថា យើងប្រើបណ្ណអី បើយើងមានបណ្ណហុចបណ្ណទៅ ពេទ្យគេរៀបចំឱ្យភ្លាម»។
មិនឆ្ងាយពីនោះប៉ុន្មាន យុវតីសម្បុរស រាងស្តើងក្នុងវ័យ ១៨ ឆ្នាំ ធ្វើការងារជាបុគ្គលិកសិក្សានៅសាលាឯកជនមួយនៅរាជធានីភ្នំពេញ កំពុងអង្គុយនៅក្បែរសួនផ្កាចម្រុះនៅមុខកន្លែងចុះបញ្ចី ប.ស.ស កញ្ញា ឆន សុខធីតា បាននិយាយថា ការមានបណ្ណ ប.ស.ស គឺមានភាពងាយស្រួលសម្រាប់ថ្ងៃខាងមុខ ប្រសិនបើមានបញ្ហាគ្រោះថ្នាក់ បញ្ហាសុខភាព ត្រូវចូលមន្ទីរពេទ្យ ឬត្រូវសម្រាលកូននោះ នឹងទទួលបានរបបសន្តិសុខសង្គមជួយគាំពារ សន្សំបានការចំណាយ និងមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
កញ្ញានិយាយថា៖ «ខ្ញុំគិតថា ពេលយើងឈឺថ្កាត់ឬក៏គ្រោះថ្នាក់ ផ្សេងៗអាចទៅមន្ទីរពេទ្យព្យាបាលដោយមិនអស់លុយ វាងាយស្រួល បើយើងមាន ប. ស.ស»។
ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ អង្គុយជជែកគ្នាជាមួយមិត្តភក្តិ បុរសវ័យ ២៧ ឆ្នាំធ្វើការងារនៅក្រុមហ៊ុនឯកជនមួយ ក្នុងរាជធានីភ្នំពេញ លោក ធី ធារិទ្ធ ដែលកំពុងរង់ចាំចុះឈ្មោះជាសមាជិក ប.ស.ស ដែរនោះ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដែលរដ្ឋាភិបាលបានបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់គ្នា អាចទទួលបានរបបសន្តិសុខសង្គម។ លោកថា នេះជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាការគិតគូរខ្វល់ខ្វាយដល់សុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់អ្នកដឹកនាំប្រទេស។
លោកថ្លែងថា៖ «ខ្ញុំគិតថា ល្អព្រោះអីសម្រាប់ប្រជាជនយើងទូទៅ សូម្បីអ្នកធ្វើការ ឬអ្នករកស៊ី អាចប្រើបណ្ណហ្នឹងបានទាំងអស់ ពេលត្រូវទៅពេទ្យទៅអី ប្រើបណ្ណហ្នឹងទៅវាអាចធូរដែរ អត់សូវចំណាយលុយច្រើន»។
នៅក្បែរនោះដែរស្ត្រីម្នាក់សម្បុរស រាងតូចច្រឡឹង ឈរក្បែរសសរ កំពុងសម្លឹងរកមើលអតិថិជនដើម្បីណែនាំឱ្យបើកគណនេយ្យធនាគារ អ្នកស្រី ទឹម ស្រីរ័ត្ន អាយុ ៣០ ឆ្នាំ ធ្វើការងារនៅស្ថាប័នធនាគារឯកជនមួយនៅរាជធានីភ្នំពេញ បានប្រាប់ពីបទពិសោធន៍ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស ថា ពេលទៅមន្ទីរពេទ្យម្តងៗ អ្នកស្រីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ជាពិសេស ក្រោយពេលសម្រាលកូន អ្នកស្រីអាចស្នើសុំការចំណាយពី ប.ស.ស មកវិញបានយ៉ាងស្រួល និងឆាប់រហ័សទៀតផង។
លោក ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យ ប.ស.ស ថ្លែងដោយបានមើលឃើញថា ការផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាល ទៅកាន់សមាជិក ប.ស.ស គឺជាគំរូល្អ និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទទួលស្គាល់ និងគាំទ្រការផ្តល់សេវា សុខាភិបាលនៅកម្ពុជាទាំងមូល។ គំរូល្អនៅត្រង់ថា ឥរិយាបថឬក្រមសីលធម៌វិជ្ជាជីវៈនៃការព្យាបាល របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ចាប់ផ្តើមរីកចម្រើនដូចទៅនឹងបណ្តាប្រទេសជិតខាង ក៏ដូចជាប្រទេសដែលកំពុងអភិវឌ្ឍន៍នានា ដែលគេប្រើតែកាត ១ សន្លឹក អាចគ្របដណ្តប់រាល់ការចំណាយទាំងអស់នៅមន្ទីរពេទ្យ។
លោកថ្លែងថា៖ «នេះជាការចូលរួមកាត់បន្ថយ និងលុបបំបាត់ទាំងស្រុងនូវការទារកម្រៃក្រៅផ្លូវការ និងអំពើពុករលួយគ្រប់រូបភាព។ ទោះបីជាស្ថានភាពល្អប្រសើរជាងមុន តែ ប.ស.ស នៅតែពង្រឹងពង្រីក លើការទទួលសេវានៅមូលដ្ឋានសុខាភិបាលដដែល»។
ប្រភពដដែលបញ្ជាក់ថា ការពង្រឹងការទទួលសេវានៅមូលដ្ឋានសុខាភិបាល នឹងធ្វើឡើងតាមរយៈការសហការជាមួយមូលដ្ឋានសុខាភិបាល តាមដាន និងពង្រឹងគុណភាពសេវា។ បន្តពិនិត្យលទ្ធភាពពង្រីកមូលដ្ឋានសុខាភិបាលជាមួយ ប.ស.ស បន្ថែមទៀត ឱ្យកាន់តែច្រើនដោយផ្អែកលើដង់ស៊ីតេសមាជិក។ ប.ស.ស ក៏នឹងពង្រីកសេវាគាំទ្រដល់សមាជិក ប.ស.ស តាមរយៈយន្តការផ្តល់ព័ត៌មាន។
លោកថា ប.ស.ស នឹងសិក្សារៀបចំបង្កើតគណៈកម្មការ បង្ការសុខភាព និងបង្កើនការផ្សព្វផ្សាយអប់រំ អំពីវិធានការបង្ការហានិភ័យការងារ និងសុខភាព ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងនីតិវិធីនៃការប្រើប្រាស់សេវា ប.ស.ស៕