​ភ្នំពេញ​: គ្រង​ឈុត​អាវ​ពណ៌​លឿង អាវកាក់​ស្បែក​សម្បុរ​ត្នោត​រួមជាមួយ​ខោ​ខូវប៊យ និង​ស្បែក​ជើង​កវែង​ពណ៌​ត្នោត បុរស​រូបនេះ​គឺជា​វិចិត្រករ​ដែល​ស្នាដៃ​របស់លោក​មាននៅ​ផ្ទៃ​ខាងក្រោយ​នៃ​រូបថត​។​


​វិចិត្រករ​ស្រឡាញ់​ព្រៃភ្នំ​ព្រឹក្សា ណូ​ត ដា​រ៉ូ បានប្រែក្លាយ​ធម្មជាតិ​ទៅជា​ស្នាដៃ​សិល្បៈ​ដ៏​វិសេស​ជាមួយ​អត្ដ​សញ្ញាណ​រូបភាព​ស្លឹកឈើ ទម្រង់​សិល្បៈ​បុរាណ និង​ធម្មជាតិ​ដទៃទៀត​។

សកម្មភាព​នៃ​ការយក​ចិ​ត្ដ​ទុកដាក់​ចំពោះ​បរិស្ថាន​តាមរយៈ​សិល្បៈ​មាន​លើសពី​ផ្ទាំងគំនូរ​ដោយ​ការ​គូរ​របស់លោក ​ណូ​ត ដា​រ៉ូ បានបង្ហាញ​ពី​ចំណង់​ចំណូល​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុងការ​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក​។​


​ស្នាដៃ​ដ៏​ទាក់ទាញ​មួយ​ដែលមាន​ចំណងជើង​ថា «My Life My Rule» និយាយ​អំពី​ការ​ប្តេជ្ញាចិត្ត​របស់លោក ដា​រ៉ូ ចំពោះ​ស្នាដៃ​គំនូរ រួមជាមួយ​ភាព​សុខ​​ដុមរ​មនារ​វាង​មនុស្សជាតិ និង​ធម្មជាតិ​។ វា​ជា​ប្រភេទ​គំនូរ​កាវ​ថ្លា​លើ​ផ្ទាំង​ក្រណាត់ «My Life My Rule»​ ​ផ្ដោតលើ​ទិដ្ឋភាព​ធម្មជាតិ​ដែល​រំលេច​ទៅដោយ​រូបរាង​មនុស្ស​មាន​ស្នែង​វែង​ស្រោប​ដោយ​ស្លឹកឈើ​។​

​ដៃ​លើក​ប្រណម្យ​ដែល​ចង​វល្លិ​តំណាង​អំបោះឆៅ​នៃ​ឈុត​យុទ្ធ​គុន​ល្បុក្កតោ​ខ្មែរ​ក្ដោប​ផ្កា​​ឈូក​ក្រពុំ​រំលេច​នូវ​ភាពស្រស់​ស្អាត តំណាងឱ្យ​ភាព​បរិសុទ្ធ និង​ការកើត​ជាថ្មី​។​


​លោក ណូ​ត ដា​រ៉ូ បាន​ថ្លែងថា​៖ «​ខ្ញុំ​ជ្រើស​រើសយក​ធម្មជាតិ​វល្លិ​ផ្កាឈូក ស្នែង ជាពិសេស​ស្លឹកឈើ​តំណាងឱ្យ​សេរីភាព​នៃ​ការលូតលាស់​។​ទម្រង់​ដៃ​លើក​សំពះ​តំណាងឱ្យ​ការគោរព​ខណៈ​ផ្កាឈូក​មាន​សណ្ឋាន​ដូចជា សំណង់​វិមានឯករាជ្យ តែ​ខ្ញុំ​មិនបាន​ប្រើ​រូបភាព​វិមាន​ឯក​រាជ្យ​ផ្ទាល់​នោះទេ​»​។​

​ដោយបាន​ចូលរួម​ប្រកួត​ប្រ​ជែង​គំនូរ​ក្នុង​កម្មវិធី​ពិព័រណ៍ ​«​ស្នា​​ដៃ​ពហុ​សិល្បៈ​ឯករាជ្យ​»​ នៅ​សាល​​សិល្បៈ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា លោក ដា​រ៉ូ បាន​ពន្យល់ថា ចំពោះ​ផ្កាឈូក​ពេល​ដុះ​ពី​ភក់​ឡើងមក​បាន​ស្ថិតនៅលើ​ទី​ខ្ពស់បំផុត​សម្រាប់​គោរពបូជា​។ ចំណែកឯ​ស្លឹកឈើ​វា​ដុះ​លូត​ខ្ពស់​ហើយ​ពេល​វា​ងាប់​ធ្លាក់​ចុះមក​ដី​វិញ​វា​ប្រែក្លាយ​ទៅជា​ជី​សម្រាប់​ទ្រទ្រង់​បរិស្ថាន​ធម្មជាតិ​។​

​ថ្វី​ដ្បិត​រូបភាព​មាន​រូបរាង​ដូច​មនុស្ស​បន្ដិច និង​សត្វ​បន្ដិច តែ​លោ​ក ដា​រ៉ូ​ បាន​អះអាងថា គំនូរ​របស់លោក​នេះ​មិនមែន​តំណាងឱ្យ​សត្វ​អ្វី​នោះទេ ដោយ​លោក​គ្រាន់តែ​យក​លំនាំ​តាម​ទម្រង់​គុន​ល្បុក្កតោ​ខ្មែរ​ដែល​រំលេច​នូវ​វល្លិ​រុំជា​ខ្សែ​អំបោះឆៅ ខណៈ​ស្នែង​ជា​ប្រពៃណី​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​នៅ​ខេត្ដ​មណ្ឌលគិរី​ដែលជា​ប្រភេទ​របាំ​របស់​ពួកគេ​។​

​លោក ដា​រ៉ូ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​រាល់​រូបគំនូរ​របស់ខ្ញុំ​ទាំងអស់​សុទ្ធតែ​រំលេច​រូបភាព​ស្លឹកឈើ​ដោយ​តំណាងឱ្យ​ធម្ម​ជាតិ​ដែល​ខ្ញុំ​ជា​អ្នក​ចូល​ចិ​ត្ដ​ដើរ​លេង​ផ្សងព្រេង​បោះតង់​។ ខ្ញុំ​អត់​គូរ​ពីរ​បស់​អ្វី​ផ្សេងៗ​ទេ ពីព្រោះ​វត្ថុ​ធម្មជាតិ ដែល​វា​ជ្រុះ​ធ្លាក់ វា​ប្រាកដជា​រលាយ​ទៅជា​ដី​»​។​

​លោក​បាន​លើកឡើងថា ទម្រាំ​តែ​បាន​លេចចេញ​ជា​រូបរាង ឬ​រូបភាព ​១ ​ផ្ទាំង​ធំ​ដែលមាន​ទំហំ ២x៣ ​ម៉ែត្រ​នេះ លោក​បាន​ចាប់​ផ្ដើម​គូរ​ពី​សត្វ​គោ​ ១​ ក្បាល និង​មនុស្ស​ម្នាក់​។ ប៉ុន្ដែ​ក្រោយមក លោក​គិតថា វា​ច្រើនពេក រួច​ក៏​លុប​មនុស្ស​ចោល និង​ទុក​រូប​ក្បាល​គោ​កូន​តែ ​១​។​

​ដើម្បីឱ្យ​សមរម្យ​ទៅតាម​ប្រធានបទ​ឯករាជភាព ការ​គូររូប​កូន​គោ លោក​គិតថា វា​មិនអាច​ទៅរួច ដោយសារ​ក្មេង​ស្ថិតនៅក្រោម​អាណាព្យាបាល​របស់​ឪពុកម្ដាយ​នោះទេ​។ ដូច្នេះ លោក​ក៏​ផ្លាស់ប្ដូរ​ទៅជា​គោស្ទាវ​ដែល​ផ្គុំ​ពី​ស្លឹកឈើ ប៉ុន្ដែ​វា​នៅតែ​មិន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ស៊ីជម្រៅ​នៅឡើយ​។ នៅ​ទីបំផុត​លោក​ក៏​សម្រេច​ប្ដូរ​មកជា​ទម្រង់​មនុស្ស​ដោយ​​បន្ថែម​នូវ​ទម្រង់​វប្បធម៌​ជាច្រើន​។​

​វា​បាន​ឆ្លុះបញ្ចាំង​ពី​ឆាកជីវិត​របស់លោក​ភាគច្រើន ហើយ​ដែល​ការសម្រេច​ចូល​សិល្បៈ​របស់លោក​គ្មាន​នរណា​ជា​អ្នក​បង្ខិត​បង្ខំ​ឡើយ​។

លោក ដា​រ៉ូ បាន​បញ្ជាក់ថា​៖ «​ចាប់តាំងពី​ខ្ញុំ​គូររូប​ប្រធានបទ​នេះ និង​ទម្រាំ​បាន​ ១​ ផ្ទាំង​ចុង​ក្រោយនេះ ខ្ញុំ​ចំណាយពេល​ប្រហែលជា ២ ​ឆ្នាំ​។ ឆ្នាំ​ទី​១ រូប​ដំបូង ខ្ញុំ​ដាក់​ប្រឡង​ទៅ​ម៉ុង​​ហ្គោ​លី​អំឡុង​រដូវ​កាល​កូ​វីដ ​១៩ ខ្ញុំ​បានជា​ប់​ក្នុងចំណោម​ ៣ ​នាក់​ដើម្បី​បន្ដ​ប្រកួត​នៅ​ប្រទេស​បារាំង ប៉ុន្ដែ​ដោយសារ​កូ​វីដ​ ១៩ រីក​រាល​ខ្លាំងពេក​កម្មវិធី​ត្រូវបាន​លុបចោល​»​។​

​ជំនាញ​សិល្បៈ​គំនូរ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ពេក​នោះទេ ដោយ​លោក ដា​រ៉ូ ក៏មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ជាជាង​ចម្លាក់ និង​ឪពុក​ជាជាង​​ឈើ​ដ៏​ជំនាញ​។ ដោយមាន​ការ​ជំរុញ និង​លើក​ទឹក​ចិ​ត្ដ​ពី​ឪពុក​មា លោក ដា​រ៉ូ បានសម្រេច​ចូលរៀន​ជំនាញ​សិល្បៈ​នៅ​សា​លា​មធ្យមសិក្សា​វិចិត្រសិល្បៈ​និង​បន្ដទៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

​ក្រោយពី​វិបត្ដិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​ ១៩ បាន​រសាយ​ទៅ​លោក ដា​រ៉ូ បានចាប់ផ្ដើម​ដាក់​បង្ហា​ញ​ស្នាដៃ​នៅ​ប្រទេស​ជប៉ុន​ជាទី​ដែល​លោក​បាន​ថ្លែង​ការ​ពេញចិត្ដ​ចំពោះ​វិចិត្រករ​ដទៃ​ក្នុងការ​ដាក់តាំង​បង្ហាញ​ស្នាដៃ​ធំៗ​របស់​ពួកគេ​។

​លោក​បាន​និយាយថា​៖ «​នៅពេល​មានការ​ប្រកួតប្រជែង​នៅ​សូ​ហ្វី​តែ​ល​នេះ ខ្ញុំ​ចាប់ផ្ដើម​ប្រើ​គំនិត និង​គំនូរ​ស្នាដៃ​ទាំង​អម្បាល​ម៉ាន​មក​ប្រ​បាច់​បញ្ចូល​គ្នា​ដែល​ស័ក្ដិសម​សម្រាប់​ប្រធានបទ​ចម្រុះ​សិល្បៈ​ឯករាជភាព​នេះ​»​។​

​វិចិត្រករ​វ័យ​ ៣៣ ​រូបនេះ​បាន​បន្ដថា លោក​ចូល​ចិ​ត្ដ​ប្រើប្រាស់​រូបភាព​បង្កប់​អត្ថន័យ​ច្រើន​ដោយ​មិន​ចង់បង្ហាញ​ឱ្យ​ច្បាស់ៗ​នូវ​សារ​ក្នុង​រូបភាព​នោះឡើយ​។ ក្រៅពី​ស្នាដៃ​ធំ ១ ​ផ្ទាំង​ដែល​ត្រូវបាន​តាំង​បង្ហាញ​នៅ​ច្រកចូល​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​​ភូ​គី​ត្រា​សម្រាប់​ការប្រកួតប្រជែង និង​លក់​តម្លៃ ១៥ ០០០ ​ដុល្លារ វិចិត្រករ ដា​រ៉ូ នៅមាន​រូបគំនូរ​យក្ស​ប៉ុន្មាន​ផ្ទាំង​ទៀត ដែល​លោក​នៅ​មិនទាន់បាន​ដាក់តាំង​បង្ហាញ​នៅឡើយ​។​

​លោក​បាន​ប្រាប់ថា​៖ «​សម្រាប់​ពិព័រណ៍​តែឯង​ដែល​ទំនងជា​ធ្វើ​នៅក្នុង​ខែមិថុនា​ខាងមុខ ខ្ញុំ​មិន​កំណត់​ទីតាំង​នោះទេ​។ វា​នឹង​ក្លាយជា​ពិព័រណ៍​តែម្នាក់ឯង​ជា​លើកដំបូង ជាពិសេស​ការ​បង្ហាញ​វត្ថុ​សិល្បៈ​ធំៗ​ដោយ​ខ្ញុំ​ធ្លាប់​តែមាន​ស្នាដៃ​តូចៗ​ជាមួយ​សិល្បករ​»៕