​ភ្នំពេញ​: នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដើម្បី​អបអរសាទរ​ដល់​ឧត្តមភាព​ម្ហូប​ខ្មែរ​កាលពី​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២៤ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វ​ព្រះរាជ​​ហឫទ័យ​ផ្ដល់​ព្រះរាជសវនាការ​ដល់​អ្ន​ក​ស្រី រស់ រតនៈ ហៅ ចុងភៅ​ណាក់ ​និង​ក្រុមការងារ​ចងក្រង​សៀវភៅ​ម្ហូប​«​សោយ​មរតក​រស​​ជាតិ​ពី​ព្រះរាជដំណាក់​ខ្មែរ​»​។​


​នៅក្នុង​ព្រះរាជសវនាការ​នេះ មាន​លើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ចុងភៅ ណាក់ ក្នុងការ​អភិរក្ស​និង​លើកកម្ពស់​បេតិកភណ្ឌ​ធ្វើ​ម្ហូប​ខ្មែរ​។

ចុងភៅ ណាក់ ឱ្យដឹងថា​៖ «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ និង​មាន​កិត្តិយស​ណាស់​ដែលមាន​ឱកាស​ទទួល​ការ​ព្រះ​​រាជទាន​សវនាការ​ជាមួយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​។ ព្រះរាជ​ទទួលស្គាល់​នេះ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​បន្ត​ការតស៊ូ​និង​ដាក់​បេតិកភណ្ឌ​ធ្វើ​ម្ហូប​តែមួយគត់​របស់​យើង​នៅលើ​ឆាក​ពិភព​លោក​»​។ 


​ចុងភៅ​ ណាក់ ជា​អ្នកបម្រើ​ក្នុង​វិស័យ​ធ្វើ​ម្ហូបអាហារ​តែងតែ​រុករក និង​ជីក​កកាយ​មុខ​ម្ហូប​បែប​ប្រពៃណី​ខ្មែរ ដោយ​ផ្តោត​ជាពិសេស​លើ​ព្រះ​ក្រយា​របស់​ក្សត្រ​។ ការចូលរួមចំណែក​​របស់​អ្នកស្រី​មិន​ត្រឹមតែ​បានធ្វើឱ្យ​ប្រសើរឡើង​មុខមាត់​ម្ហូប​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជា​សកល​ចំពោះ​ប្រវត្តិសាស្ត្រ​អា​ហារ​ដ៏​សម្បូរបែប​របស់​ខ្មែរ​ផងដែរ​។

ចុងភៅ​ ណាក់ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការងារ​របស់​ពួកគេ​ក្នុងការ​ផ្សព្វផ្សាយ​ម្ហូប​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ អ្នកស្រី​បាន​កត់សម្គាល់ថា ម្ហូប​ខ្មែរ​ដែលមាន​ប្រ​វ​ត្ដិ​តាំង​ពី​យូរលង់​នៅក្នុង​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេសជាតិ និង​ជា​ផ្នែក​សំខាន់​មួយ​នៃ​អត្តសញ្ញាណ​ខ្មែរ ដូចដែល​បានបង្ហាញ​ដោយ​ចម្លាក់​បុរាណ​នៃ​ប្រាសាទបាយ័ន​។​


​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជា​អ្នក​តស៊ូ​មតិ​សម្រាប់​ការអភិរក្ស​វប្បធម៌​ទ្រង់មាន​ព្រះរាជ​សុវណ្ណនី​កោត​សរសើរ​មេ​ចុងភៅ ណាក់ ចំពោះ​ការលះបង់​ចំណាយពេល​ស្រាវ​ជ្រាវ​នូវ​ប្រពៃណី​ធ្វើ​ម្ហូប​ដែល​ប្រឈម​នឹង​ការបាត់បង់​។​

«​សោយ​»​ បង្ហាញ​ពីបទ​ពិ​សោ​​ធន៍​នៃ​មុខម្ហូប​ជាច្រើន​មុខ​នៅ​ព្រះបរមរាជវាំង​ដែល​បាន​ស្រាវ​ជ្រាវ​ក្នុងសម័យ​សម្ដេច​ព្រះរាជ​កនិដ្ឋា ន​រោ​ត្ដម រស្មី​សោ​ភ័​ណ្ឌ ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ និង ១៩៦០ ដោយ​ការប្រើប្រាស់​គ្រឿងផ្សំ​ដ៏​ប្រណីត និង​ការរួមបញ្ចូល​ឥទ្ធិ​​ពល​បរទេស​។

ចុងភៅ ណាក់ និយាយថា​៖ «​ការផ្តោត​អារម្មណ៍​រប​ស់​ខ្ញុំ​គឺ​លើ​ការបង្ហាញ​រូបភាព ការ​ឌី​ហ្សា​ញ និង​រូបមន្ត​ដែល​តំណាងឱ្យ​ពិតប្រាកដ​នៃ​ម្ហូប​ខ្មែរ​»​។​

​រូបមន្ត​ភាគច្រើន​គឺ​បានមកពី​សម្ដេច​ព្រះរាជ​កនិដ្ឋា ន​រោ​ត្ដម រស្មី​សោ​ភ័​ណ្ឌ ជា​ព្រះ​មាតុច្ឆា​ជា ទីស្រឡាញ់​របស់​សម្ដេច​ព្រះបាទ ន​រោ​ត្ដម សីហនុ ជា​រាជវង្ស​ ១ អង្គ ដែល​ដាក់​ព្រះទ័យ​បង្ហាត់បង្រៀន​ក្មេងស្រីៗ​នៅ​សាលា​សុធារស អំពី​គេហ​វិជ្ជា ហើយ​ព្រះអង្គ​ក៏បាន​បង្រៀន​តម្រាភោជនាហារ​ផងដែរ​។ ការ​រំលេច​ព្រះឆាយាល័ក្ខណ៍​នៅក្នុង​សៀវ​ភៅ​របស់​សម្ដេច​ព្រះរាជ​កនិដ្ឋា ជាមួយ​ប្រធានាធិបតី​អាមេរិក ​John F. Kennedy បង្ហាញ​ពី​ឥទ្ធិពល​នៃ​ចំណង​ការទូត​អន្តរ​ជាតិ​របស់​ព្រះអង្គ​។ «​សោយ​»​មានន័យថា ​«​បរិភោគ​ក្នុង​រាជ​​វាំង​»​ មានមុខ​ម្ហូប​ជាច្រើន​ដែល​ត្រូវបាន​ចម្អិន​នៅក្នុង​ព្រះរាជវាំង ដែល​ត្រូវបាន​ស្រាវជ្រាវ​និង​កត់​ត្រា​ដោយ​សម្ដេច​ព្រះរាជ​កនិដ្ឋា ន​រោ​ត្ដម រស្មី​សោ​ភ័​ណ្ឌ ក្នុង​ទស​​វត្សរ៍​ឆ្នាំ ​១៩៥០ និង​ ១៩៦០​។​

​ជំនួប​ជាមួយ​សម្តេចម៉ែ​នេះ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ចុង​​ភៅ​ណាក់ ដោយ​ព្រះវររាជ​មាតា​ជាតិខ្មែរ សព្វព្រះរាជហឫទ័យ​កោតសរសើរ​អ្នកស្រី និង​ក្រុមការងារ​ចំពោះ​តួនាទី​របស់​ពួកគេ ​ក្នុង​ការស្តារ និង​ថែ រក្សា​នូវ​ខ្លឹម​សារ​នៃ​មរតក​ម្ហូប​ខ្មែរ​។ សម្ដេច​ម៉ែ​ទ្រង់​បានចាត់ទុក ​ព្រះរាជ​សវ​នា​ការ​ជាមួយ​ក្រុមការងារ​សៀវភៅ​ «​សោយ​» ជា​ជំនួប​លក្ខណៈ​គ្រួ​​សារ​ដោយ​ទ្រង់​ប្រដូច​ចំណង់​ចំណូលចិត្ត​របស់​ចុងភៅ ណាក់ ក្នុង​ការធ្វើ​ម្ហូប ទៅនឹង​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​អតីត​ព្រះមហា​​ក្សត្រ ចំពោះ​សិល្បៈ​ធ្វើ​ម្ហូប​។​

​លោក ខៀវ សុវណ្ណ​រស្មី អ្នក​ឌី​ហ្សា​ញ​សៀវភៅ​ «​សោយ​» បាន​សម្តែង​នូវ​មោទនភាព​ក្នុងការ​រួមចំណែក​ចំពោះ​គម្រោង​នេះ​ដោយ​សង្កត់ធ្ងន់​លើ​ជម្រើស​នៃ​ការ​រចនា ដែល​បង្ហាញ​ពី​ភាពស្រស់ស្អាត​នៃ​ប្រវត្តិសាស្ត្រ​ធ្វើ​ម្ហូប​កម្ពុជា​។​

​លោក​ សុវណ្ណ​រស្មី និយាយថា​៖ «​ការ​ចងក្រង​សៀវភៅ​នេះ​គឺជា​ការងារ​នៃ​ចំណង់​ចំណូលចិត្ត និង​ការលះបង់​គ្មាន​ទីបញ្ចប់​។ ទំព័រ​នីមួយៗ​ត្រូវបាន​រៀបរៀងឡើង​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​រំលេច​ភាព​ស្រស់ស្អាត​នៃ​ប្រវត្តិសាស្ត្រ​ធ្វើ​ម្ហូប​របស់​យើង​។ ខ្ញុំ​រីករាយ​ដែល​បានជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​នេះ​»​។​

​លោក ហេង សំណាង ជា​អ្នក​​រៀបរៀង និង​ជា​អ្នកបកប្រែ​សៀវ​ភៅ បានឱ្យដឹងថា ការសរសេរ និង​ចងក្រង​ឯកសារ​រូបមន្ត​ក៏ដូចជា​គ្រឿងផ្សំ​ទាំងនេះ​គឺជា​បទ​ពិសោធន៍​មិនគួរ​ឱ្យ​ជឿ​។ រាល់​មុខម្ហូប និង​គ្រឿងផ្សំ​បាន​បង្រៀន​រូបលោក​ពីអ្វី​ដែល​ថ្មី រួមទាំង​រឿង​​រ៉ាវ​មិន​ធ្លាប់​ស្គាល់​ពីមុនមក​។

​លោក​បាន​និយាយថា លោក​ពិត​ជាមាន​កិត្តិយស​ក្នុង​ការជួយ​ថែរក្សា និង​លើកតម្កើង​មរតក​ម្ហូប​ខ្មែរ ខណៈដែល​អ្នក​ថតរូប លោក​មីន លី (​ឡា​ម៉ូ​) ជា​អ្នក​ថតរូប​នៃ​សៀវភៅ​ធ្វើ​ម្ហូប​បានបង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ការ​​ទទួលស្គាល់​នេះ ដោយ​បញ្ជាក់ថា វា​ជា​ឯកសិទ្ធិ​ដ៏​ធំធេង​ដែល​បាន​ជួប​សម្តេចម៉ែ​។​

​លោក ​សុ​ត សេរី អ្នក​រចនា​ម្នាក់​និយាយថា​៖ «​វា​មានន័យ​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ​ដែល​បាន​ជួប​សម្តេចម៉ែ​។ ខ្ញុំ​ធ្លាប់តែ​ឃើញ​ព្រះ​ភក្ដ្រ​ទ្រង់​ក្នុង​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​សង្គម​។ ខ្ញុំ​រីករាយ​ណាស់​ដែល​ទ្រង់​កោតសរសើរ​ការងារ​រ​បស់​យើង​។ ខ្ញុំ​នឹង​បន្ដសកម្មភាព​នេះ​កាន់តែច្រើន​ថែមទៀត​»​។ ការទទួលស្គាល់​ពីស​ម្តេច​ម៉ែ មិន​ត្រឹមតែ​លើកតម្កើង​ស្នាដៃ​របស់​ចុងភៅ​ណាក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជំរុញ​ទឹកចិត្ត​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់ និង​លើកតម្កើង​មរតក​វប្បធម៌​ដ៏​សម្បូរបែប​របស់​ពួកគេ​។​

​ចុងភៅ​ណាក់​បាន​និយាយថា​៖ «​អ្វីដែល​យើង​កំពុង​ធ្វើ​ចំពោះ​បទពិសោធន៍​នៃ​ការ​ញ៉ាំ​អាហារ​នៅផ្ទះ​របស់​យើង​នៅទីនេះ ការ​​បង្កើត​សៀវភៅ​ធ្វើ​ម្ហូប​គឺ​ដើម្បី​ចែករំលែក​រសជាតិ​រប​ស់​យើង​ពី​របៀប​ដែល​យើង​ញ៉ាំ និង​របៀប​ដែល​យើង​រស់នៅ​ទៅកាន់​ពិភពលោក​»​។

អ្នកស្រី​បាន​ប្រាប់ ​ភ្នំ​ពេញ ​ប៉ុស្ដិ៍​ថា​៖«​អាហារ​របស់​យើង​ច្រើនតែ​ស្រស់ ទៅតាម​រដូវ​កាល និង​តាម​តំបន់​។ ដូច្នេះ​ម្ហូប និង​គ្រឿងផ្សំ​របស់​យើង​ភាគច្រើន​មកជា​មួយ​រឿង​ដែល​បង្ហាញថា​យើង​មាន​អ្វី​ប្លែក ចម្រុះ និង​ច្នៃ​ប្រឌិត​»​។​

​ភាពជោគជ័យ​ថ្មីៗ​នៃ​សៀវភៅ «​សោយ​» គឺ​ការ​ឈ្នះ​ពានរង្វាន់ «​សៀវភៅ​ល្អ​បំផុត​លើ​ពិភពលោក​» (Books Publishers B02) នៅក្នុង​កម្មវិធី Gourmand World Cookbook Awards លើក​ទី​២៩ ក្នុង​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ ចុងភៅ ណាក់ បានបង្ហាញ​ក្ដី​សោមនស្ស​រីករាយ​និង​មោទនភាព​ចំពោះ​កាសែត ​ភ្នំ​ពេញ​ ប៉ុស្តិ៍ ដោយបាន​បញ្ជាក់ថា​៖ «​យើង​បានធ្វើ​វា​ហើយ​! សៀវភៅ​ចម្អិន​អាហារ​ល្អ​បំផុត​ក្នុង​ពិភពលោក ២០២៣!»​។​

​លោក​ ហ៊ុន ម៉ា​នី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) ក៏បាន​សម្តែង​ការគាំទ្រ​ចំពោះ​វត្តមាន​របស់​ក្រុម​ចុងភៅ​ណាក់ នៅ​ទីក្រុង​រី​យ៉ា​ដ ក្នុង​គោលបំណង​រួមចំណែក​ដល់​ភាពជោគជ័យ​របស់​ពួកគេ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​រីករាយ​ដែល UYFC និង​ខ្ញុំ​អាច​ចូលរួមចំណែក​ក្នុង​សកម្មភាព​តូច​មួយ​ឆ្ពោះទៅរក​ភាពជោគជ័យ​ទាំងមូល​របស់​ពួកគេ​»​។ ចុងភៅ ណាក់ ស្រមៃ​មើល​អនាគត​ដែល​ម្ហូប​ខ្មែរ​ទទួលបាន​ការទទួល​ស្គាល់​ជាស​កល​។ ចក្ខុ​វិស័យនេះ​ត្រូវបាន​សម្រេច​តាមរយៈ​បទពិសោធន៍​ធ្វើ​ម្ហូប​ពិសេសៗ​ដូចជា ការទទួល​ទាន​អាហារ​នៅផ្ទះ​ដ៏​ប្រណីត ថ្នាក់​​បង្រៀន​ធ្វើ​ម្ហូប​ឯកជន ផ្ទះ​ស្នាក់​នៅ​និង​ការប្រឹក្សា​ភោជនីយដ្ឋាន​។​

​បន្ថែម​ពីនេះ អ្នកស្រី​ផ្តោតលើ​ការបោះពុម្ព​សៀវភៅ​ធ្វើ​ម្ហូប និង​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​ទាំងអស់នេះ​មាន​គោលបំណង​ថែរក្សា និង​លើកកម្ពស់​បេ​តិក​​ភណ្ឌ​ផ្នែក​ធ្វើ​ម្ហូប​ដ៏​សម្បូរបែប​របស់​កម្ពុជា​៕