​ភ្នំពេញៈ ស្របពេល​ចរន្ត​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេស​ចរ​កំពុងមាន​ភាពប្រសើ​រ​បន្ទាប់ពី​វិបត្តិ​សុខភាព​សកល ប្រទេស​កម្ពុជា ​បានទទួល​ភ្ញៀវ​បរទេស​ប្រមាណ​ជាង ៥,៤​​​ លាន​នាក់​នៅក្នុង​ឆ្នាំ​ ២០២៣ កើនឡើង​ជិត ១៤០​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០២២ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន ៤ ក្នុង​តំបន់​អាស៊ី​បាន​គ្របដណ្តប់​ជិត ៧០​ ភាគ​​រយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍​បង្ហាញ​ថា នៅក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៥ ៤៥៣ ២៣១ ​នាក់​កើនឡើង ១៣៩,៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែលមាន​ចំនួន ២ ២៧៦ ៦២៦​ នាក់​។ ក្នុងចំណោម​ភ្ញៀវ​ទាំងអស់ គឺ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន ៤ បាន​គ្រប​​ដណ្តប់ ៦៨,៩ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប ដោយ​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ថៃ​មាន​ចំនួន​ច្រើនជាងគេ គឺ ១ ៨២០ ៤៦០ ​នាក់ ស្មើនឹង ៣៣,៤​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​, វៀតណាម ១ ០១៩ ៨១២ ​នាក់ ស្មើនឹង ១៨,៧​ ភាគរយ​, ចិន ៥៤៧ ៧៩៨​ នាក់ ស្មើនឹង ១០ ​ភាគរយ និង​ឡាវ ៣៧២ ២៨៥ ​នាក់​ស្មើ​នឹង ៦,៨​ ភាគរយ​។ ក្រៅពី​ប្រ​​ទេស​ទាំង ៤ ​ខាងលើ​ក៏មាន​ភ្ញៀវ​មកពី​ប្រទេស​ជាច្រើន​ទៀត​ដូចជា អា​មេ​រិ​ក កូរ៉េ ឥណ្ឌូនេស៊ី បារាំង ចក្រ​ភព​អង់គ្លេស និង​ម៉ាឡេស៊ី ជាដើម​។​


​បើ​ពិនិត្យ​តាម​អត្រាកំណើន គឺ​ភ្ញៀវ​ជនជាតិ​ថៃ កើន ១១៣,៣​ ភាគរយ​, វៀតណាម​ចំនួន ១១៩,៨ ​ភាគរយ​, ចិន ៤១២,៦​ ភាគរយ និង​ជនជាតិ​ឡាវ ៣០២​ ភាគរយ​។​

ចំនួន​ភ្ញៀវទេសចរ​បរទេស​នឹង​បន្ត​ភាព​វិជ្ជមាន​ក្នុង​ឆ្នាំ​ ២០២៤


ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​​អង្គរ ​(​ខេត្តសៀមរាប​) លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ភ្ញៀវទេសចរ​​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ បាន​កើនឡើង​គួរឱ្យ​កត់​សម្គាល់​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០២០- ២០២២ ដែល​ពិភពលោក​ស្ថិតក្រោម​ការគំរាមកំហែង​ខ្លាំង​ពី​វិបត្តិ​កូ​វីដ​ ១៩​។ ភាគច្រើន​នៃ​ភ្ញៀវ​បរទេស​ចូលមក​កម្ពុ​ជានា​អំឡុងពេល ៣-៤​ ឆ្នាំ​ចុង​ក្រោយ គឺជា​ប្រជាជន​នៅ​ប្រទេស​ជិត​ខាង ឬ​ក្នុង​តំបន់​អាស៊ី​។

លោក​បាន​បន្តថា មូលហេតុ​ដែល​ភ្ញៀវ​ភាគច្រើន​ជា​អ្នក​នៅក្នុង​តំបន់ គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនទាន់​ល្អ​ដែល​ជំ​រុញឱ្យ​អ្នកទេសចរ​មិន​ចង់​ធ្វើដំណើរ​ទៅ​ឆ្ងាយ និង​ចំណាយ​ច្រើន​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​ឆ្នាំកន្លងមក​យើង​ពិតជា​ឃើញ​មាន​កំណើន​ភ្ញៀវ​បរទេស​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ប៉ុន្តែ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ភាគច្រើន គឺជា​អ្នក​មកពី​ប្រទេស​ជាប់​ព្រំដែន ឬ​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​»​។​

​ទោះយ៉ាងណា​លោក ខៀវ ធី លើកឡើងថា ចំនួន​ភ្ញៀវ​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ គឺ​នៅមាន​អត្រា​ទាប​នៅឡើយ​បើ​ធៀប​នឹង​ប្រទេស​ជាប់​ព្រំ​ដែន ​(​ថៃ និង​វៀតណាម​)​ដែល​ការណ៍​នេះ​ទាមទារ​ឱ្យ​អាជ្ញាធរ និង​ផ្នែក​ឯកជន​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុងការ​បង្កើត​បរិយាកាស​ល្អៗ និង​ថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យមក​កម្ពុជា​កាន់តែច្រើន​។

លោក​បន្ថែមថា ជាក់ស្តែង​ប្រទេសជិតខាង គេ​កំពុង​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មីៗ និង​បង្កើត​ផលិត​​ផល​ថ្មីៗ ព្រមទាំង​រមណីយដ្ឋាន​ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត ដែល​ការណ៍​នេះ​ក៏​ជួយ​ឱ្យ​ភ្ញៀវ​ស្នាក់​នៅបាន​កាន់តែ​យូរ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំ ​២០២៤ ​នេះ ខ្ញុំ​រំពឹងថា ចំនួន​ភ្ញៀវ​បរ​ទេស​ចូលមក​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត ហើយ​ភាគច្រើន​គឺជា​ភ្ញៀវ​នៅក្នុង​តំបន់​។ វិស័យ​ទេសចរណ៍​នៅ​ត្រូវការ​ពេល​បន្ថែមទៀត​»​។​

​បើតាម​លោក ខៀវ ធី សកម្មភាព​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មានដូចជា ការរៀបចំ​បរិស្ថាន អនាម័យ ហេ​ដ្ឋា​​រចនាសម្ព័ន្ធ សន្តិសុខ កន្លែង​ស្នាក់នៅ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​រមណីយ​ដ្ឋា​ន​ទេសចរណ៍ ជាដើម​។​

​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​​ណ៍​ភាសា​ចិន​កម្ពុជា ​(​ខេត្តសៀមរាប​) លោក អន​ហេង សុ​ភ័​ក្រ បាន​ប្រាប់ថា បើ​និយាយ​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន​ក្នុង​ឆ្នាំ​ ២០២៣ គឺ​ពិតជា​កើនឡើង​ច្រើន​ធៀប​នឹង​ឆ្នាំ​ ២០២២ ប៉ុន្តែ​បើ​ធៀប​មុន​ឆ្នាំ​ ២០២០ គឺ​នៅមានកម្រិត​តិច​នៅឡើយ​។ លោក​បន្តថា កំណើន​ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​កម្ពុជា ក៏មាន​ការ​ប្រែប្រួល​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច និង​ជើងហោះហើរ​អន្តរជាតិ​ផងដែរ​។​

​លោក​បាន​អះអាងថា​៖ «​ខ្ញុំ​ពុំ​សូវ​ស៊ីជម្រៅ​នឹង​ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ណា​ទេ ប៉ុន្តែ​បើ​សម្រាប់​ភ្ញៀវ​​ទេសចរ​ចិន គឺ​ពិតជា​កើនឡើង​ជាង​ឆ្នាំ​ ២០២២ ហើយក៏​សង្ឃឹមថា នៅក្នុង​ឆ្នាំ​ ២០២៤ នេះ​នឹង​បន្ត​មានការ​កើន​ឡើង​ថែមទៀត​»​។​

​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់តែច្រើន

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​ណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន កន្លងមក​បាន​និយាយថា ចំនួន​ភ្ញៀវ​​ទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​មួយរយៈ​ចុងក្រោយ​នេះ​។ ការ​បើក​ដំណើរ​កាន់តែច្រើន​នៃ​ជើង​ហោះ​ហើរ​អន្តរជាតិ​ត្រង់​មក​កម្ពុជា និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងស្រុក គឺជា​ចំណែក​ដែល​នាំមក​នូវ​ភាព​វិជ្ជមាន​ទាំងនេះ​។ លោកស្រី​បន្តថា សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ភាគច្រើន​គឺ​មកពី​ប្រទេសជិតខាង និង​ក្នុង​តំបន់​អាស៊ី​។​

​លោកស្រី​បន្ថែមថា ការកសាង​ព្រ​​លាន​យន្តហោះ​ថ្មី និង​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​កាន់តែ​ល្អ ក៏​ជា​ចំណែក​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​ចំនួន​ភ្ញៀវ​បរ​​ទេស​ដែល​មក​កម្ពុជា​បានបង្ហាញ​ពី​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ​ហើយ ខណៈ​បច្ចុប្បន្ន​ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ទេស​​ចរណ៍ និង​ផ្នែក​ឯកជន​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​បរ​ទេស​ឱ្យមក​កម្ពុជា​កាន់តែច្រើនៗ​»​។​

​ចំណូល​ពី​វិស័យ​ទេសចរណ៍​កំពុង​កើនឡើង​

សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​បរទេស ៧៩៨ ០៦៩​ នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ ដោយ​កើនឡើង ១៧៧,៦៣ ​ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២២ ចំណែក​ទឹកប្រាក់​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ មាន​សរុប ៣៧,២  ​លាន​ដុល្លារ កើនឡើង ២២២,៦៨ ភាគរយ​។ 

​ក្រៅពី​ចំណូល​ខាងលើ​គ្រឹះស្ថាន​អង្គរ ក៏​ទទួលបាន​ភ្ញៀវ​ចំនួន ១៤ ៨០៦​ នាក់ ស្មើនឹង​ប្រាក់ ២២២ ០៩០​ ដុល្លារ​ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​​បរទេស​ចូល​ទស្សនា​តំបន់​ប្រាសាទ​​កោះ​កេរ​, និង​ប្រាក់​ចំនួន ៥៦៤ ៦៧១​ ដុល្លារ ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់​​ផែ​ចុង​ឃ្នៀ​ស​៕​