ភ្នំពេញៈ មានការគប់សម្លាប់ហ្វូងសត្វប្រចៀវនៅរមណីយដ្ឋានភ្នំសំពៅ ដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ខណៈហ្វូងសត្វធម្មជាតិទាំងនេះកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសទៅទស្សនាក្នុង ១ ថ្ងៃៗប្រមាណ ១៥០ នាក់ក្នុងនោះភ្ញៀវបរទេសប្រហែល ១០០ នាក់។
គ្លីបវីដេអូ ១ ដែលមានរយៈ-ពេលជិត ៥ នាទីបានបង្ហាញពីសកម្មភាពក្រុមមនុស្ស ៣ នាក់ កាន់ដំបងរត់គប់ហ្វូងសត្វប្រចៀវហើយសកម្មភាពនេះមានអ្នកចូលទស្សនាជាង ១៧ លានដង (Views) និ ងមានអ្នកបញ្ចេញមតិជាង ៣ ពាន់នាក់។ក្នុងនោះមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ TonSen បានបញ្ចេញមតិថា៖«គិតទៅប្អូនរស់បំពុលសង្គមមិនគ្រប់ថែមទាំងបំផ្លាញសត្វព្រៃទៅទៀត។ឧទាហរណ៍ថាបើគេតាមគប់ក្បាលប្អូនៗអ៊ីចឹងតើប្អូនមានអារម្មណ៍បែបណា?»។
សង្ឃ ១ អង្គដែលដាក់ព្រះនាម Virak Hsbu បានបញ្ចេញសង្ឃដីកាដែរថាមិនល្អទេក្មួយៗសត្វប្រចៀវទាំងអស់នេះពួកវាបានទាក់ទាញភ្ញៀវទេសចរឱ្យទៅមើលតំបន់ទេសចរធម្មជាតិនៅភ្នំសំពៅស្ថិតនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងច្រើនណាស់។
ព្រះអង្គបន្តថា៖«ដូច្នេះពួកក្មួយៗធ្វើសម្មភាពយ៉ាងនេះមិនគាប់ប្រសើរទេ។វាបង្ហាញពីកម្រិតវប្បធម៌និងការយល់ដឹងរបស់ប្រជាពលរដ្ឋយើងដោយទង្វើរបស់ក្មួយៗថានៅមានកម្រិតយល់ដឹងទាបណាស់»។
ថ្វីដ្បិតតែមានហ្វូងសត្វប្រចៀវ រាប់ម៉ឺនក្បាលទាំងនោះវារស់នៅតាមធម្មជាតិក៏ពិតមែនតែកំពុងមានការអភិរក្សពីអាជ្ញាធរមូលដ្ឋាននិងពីសហគមន៍នៅតំបន់នោះយ៉ាងត្រឹមត្រូវ។
លោក យឿន ថុល នាយនគរបាលប៉ុស្តិ៍ឃុំភ្នំសំពៅ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ្លីបវីដេអូដែលបង្ហាញពីសកម្មភាពក្រុមយុវជនគប់សត្វប្រចៀវនោះបានប្រព្រឹត្តនៅចុងខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់លោកឃើញក៏ស្រាវជ្រាវនិងចុះទៅដល់ផ្ទះដែលក្រុមយុវជនទាំងនោះរស់នៅហើយលោកបានធ្វើការអប់រំណែនាំនិងពន្យល់អំពីច្បាប់ដល់ពួកគេនិងហាមមិនឱ្យបង្កសកម្មភាពអាក្រក់បែបនេះបន្តទៀត។
លោកថ្លែងថា៖«រឿងនេះយើងមិនបានយកមកផ្តន្ទាទោសអីទេយើងចុះទៅដល់កន្លែងនោះហើយយើងហាមប្រាមពួកគាត់ឱ្យឈប់ប្រព្រឹត្តអ៊ីចឹងទៀត។យើងពន្យល់ដល់យុវជនទាំង ៣ នាក់នោះថាសត្វប្រចៀវជាសម្បត្តិធម្មជាតិហើយតាំងពីថ្ងៃនោះមកមិនឃើញមានសកម្មភាពអីទៀតទេ»។ ដោយសារភ្នំសំពៅមានសត្វប្រចៀវរស់នៅច្រើនបែបនេះហើយបានទាក់ទាញភ្ញៀវក្នុងស្រុកពិសេសភ្ញៀវបរទេសឱ្យមកទស្សនាហើយនៅពេលភ្ញៀវមកទស្សនាគឺគាត់ក៏ត្រូវការចាយវាយនៅទីនោះដែរ។
បើតាមលោក យឿន ថុល នៅពេលដែលភ្ញៀវមកច្រើនវាចំណេញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចជាចំណេញដល់អ្នកលក់ដូរបានកម្រៃផ្គត់ផ្គង់ជីវភាព និងបានចំណេញដល់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងពីការលក់សំបុត្រឱ្យភ្ញៀវព្រោះនៅរមណីយដ្ឋានភ្នំសំពៅមានឆ្លាក់រូបពុទ្ធបដិមាធំចេញពីផ្ទាំងថ្មភ្នំធម្មជាតិតែម្តង។
លោក ប៉ិច បឿន មេឃុំភ្នំសំពៅឱ្យដឹងថា បច្ចុប្បន្ននៅរមណីយដ្ឋានភ្នំសំពៅសម្បូរទៅដោយភ្ញៀវបរទេសមកទស្សនាហ្វូងសត្វប្រចៀវដែលក្នុង ១ ថ្ងៃៗមិនតិចជាង ១០០ នាក់ទេ។ជាទូទៅសត្វប្រចៀវចេញរកចំណីស៊ីចាប់ពីម៉ោង៦កន្លះល្ងាចទៅហើយនៅវេលានោះភ្ញៀវទេសចរប្រុសស្រីខ្លះឈរខ្លះអង្គុយត្រៀបត្រាចាំទស្សនាសត្វប្រចៀវហើរចេញពីល្អាងភ្នំសំពៅ។
លោកថា៖«ចំនួនរបស់វាខ្ញុំមិនដឹងថាមានចំនួនប៉ុន្មានទេតែប្រហែលរាប់ម៉ឺនក្បាលឯណោះព្រោះរយៈពេលហើរចេញប្រហែល ១ ម៉ោងទើបអស់»។
លោកបន្តថានៅរមណីយដ្ឋានភ្នំសំពៅក្រៅពីមានសត្វប្រចៀវនៅមានចម្លាក់ផុសចេញពីផ្ទាំងថ្មភ្នំតែម្តងដូចមានរូបព្រះចូលនិព្វាន រូបព្រះពុទ្ធត្រាស់ដឹង និងព្រះអង្គផ្ចាញ់មានិងមានព្រៃឈើធម្មជាតិច្រើនទៀតសម្រាប់ទស្សនា។
ហ្វូងសត្វប្រចៀវទាំងនោះបានរស់នៅក្នុងល្អាងភ្នំសំពៅជាយូរឆ្នាំមកហើយហើយក៏ត្រូវគេបាញ់សម្លាប់ស្ទើរតែអស់ដែរនៅមុនឆ្នាំ ១៩៩៥។ប៉ុន្តែក្រោយឆ្នាំ ១៩៩៥បុរសឈ្មោះតាំង ឆាង ដែលមានលំនៅក្នុងតំបន់ភ្នំសំពៅបង្កើតជាសហគមន៍ ១ ដើម្បីអភិរក្សសត្វប្រចៀវរហូតដល់បច្ចុប្បន្ន។
លោក ដាំ ឆាង បច្ចុប្បន្ននៅក្នុងសហគមន៍របស់លោកមាន ២១ គ្រួសារដាក់វេនគ្នាដើម្បីឃ្លាំមើលមិនឱ្យមានអ្នកសម្លាប់សត្វប្រចៀវទេ ព្រោះថា សត្វប្រចៀវបានផ្តល់ប្រយោជន៍ច្រើនណាស់ដល់មូលដ្ឋានក្នុងសហគមន៍ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅស្រុកបាណន់។ ដូចជាផ្តល់អាចម៍បង្កើតជាទស្សនីយភាពសត្វធម្មជាតិដែលបានទាក់ទាញភ្ញៀវទាំងជាតិនិងបរទេសឱ្យមកទស្សនារាល់ថ្ងៃហើយបើភ្ញៀវមកនឹងបានចំណេញដល់អ្នកភូមិលក់ដូរអាហារភេសជ្ជៈទៀត។
លោកឱ្យដឹងថា លោកបានបែងចែកសមាជិកក្នុងសហគមន៍ ១០ នាក់ដើម្បីដើរកើបអាចម៍ប្រចៀវអាចក្នុងកន្លះខែម្តងបានប្រហែល ១០០ ការុងយកទៅលក់ហើយបែងចែកដល់អាជ្ញាធរភូមិរហូតដល់ស្រុកព្រោះវាជាប្រយោជន៍រួម។ប្រយោជន៍របស់សត្វប្រចៀវ ១ ទៀតវាចេញទៅស៊ីមូស សត្វសុច សត្វក្អាត់ជាដើមដែលសត្វទាំងនេះជាប្រភេទសត្វបំផ្លាញស្រូវដំណាំដែរ។
លោកដាំ ឆាងបានថ្លែងថា៖«សត្វប្រចៀវបើវាហើរចេញពីល្អាងភ្នំទៅរកចំណីស៊ីបើនៅជិតៗតំបន់ភ្នំសំពៅគឺសមាជិកក្នុងសហគមន៍ខ្ញុំតាមឃ្លាំមើលមិនឱ្យនរណាសម្លាប់ទេប៉ុន្តែបើពួកវាហើរទៅរកចំណីនៅឆ្ងាយពីភ្នំក៏មិនអាចតាមមើលបានដែរព្រោះវេលាវារកចំណីនៅពេលយប់»។ដោយសារថាភ្នំសំពៅជារមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្ត្រ ១ ដែលគួរឱ្យទាក់ទាញក្នុងនោះសត្វប្រចៀវក៏រួមចំណែកដែរ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងដែរថា សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងបរទេសដែលមកលេងក្នុងខេត្តបាត់ដំបងមិនដែលរំលងតំបន់រមណីយដ្ឋានភ្នំសំពៅទេ។ ព្រោះរាល់អ្នកទេសចរណ៍បន្ទាប់ពីដើរមើលកម្សាន្តនៅតំបន់សំឡូត រតនៈមណ្ឌលហើយពេលត្រឡប់មកវិញត្រូវឆ្លងកាត់ភ្នំសំពៅ អ៊ីចឹងពួកគេមកដល់ពេលល្ងាចជាពេលវេលាល្អសម្រាប់ទស្សនាហ្វូងសត្វប្រចៀវហើរចេញរកស៊ីចំណី។
លោកបន្តថា ភ្ញៀវទេសចរបរទេសមានចំណាប់អារម្មណ៍ខ្លាំងក្នុងការទៅទស្សនាហ្វូងសត្វប្រចៀវហើយល្អាងភ្នំជាសម្បុកសត្វប្រចៀវត្រូវបានអភិរក្សការពារបានយ៉ាងល្អ។ហេតុដូច្នេះគ្មានអ្នកចាប់ដូចជាដាក់មងឬបាញ់សម្លាប់បានទេហើយបើដឹងត្រូវចាត់វិធានការភ្លាមៗតែម្តង។
លោកថ្លែងថា៖«ដោយយោងតាមប្រកាសរួមអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍គឺកំណត់ភ្ញៀវបរទេសចាប់ពីអាយុ ១២ ឆ្នាំឡើងក្នុងម្នាក់ ១ ដុល្លារ ប៉ុន្តែបើភ្ញៀវជាតិចូលទស្សនាហ្វូងប្រចៀវមិនគិតថ្លៃទេ»។
លោក ចេន សុផល ប្រធានគម្រោងសមាគមមគ្គុទេសក៍សត្វស្លាបកម្ពុជា (ស.ម.ស.ក) ឬ Cambodia Bird Guide Association CBGA ដែលមានការិយាល័យនៅខេត្តសៀមរាប បានប្រាប់ថា សត្វប្រចៀវវាមានប្រយោជន៍ច្រើនពាក់ព័ន្ធនឹងប្រព័ន្ធអេកូឡូស៊ី ហើយបើជាការអភិរក្សក៏គួរតែធ្វើវាឱ្យបានច្រើនដែរ ព្រោះសត្វប្រចៀវផ្តល់អត្ថប្រយោជន៍ច្រើនពាក់ព័ន្ធការគ្រប់គ្រងសត្វល្អិត (ស៊ីសត្វល្អិត) តែវាក៏ជាប្រភពចម្លងមេរោគទៅមកជាមួយមនុស្សខ្លាំងដែរ។
លោកបានបន្ថែមទៀតថា៖ «ទោះបីខ្ញុំធ្វើការផ្តោតទៅលើសត្វស្លាបមែន ប៉ុន្តែខ្ញុំមិនហ៊ានអះអាងថា ប្រចៀវជាសត្វប្រភេទណាឬជាសត្វត្រូវច្បាប់ហាមឃាត់យ៉ាងណានោះទេ។បើនិយាយពាក់ព័ន្ធនឹងការអភិរក្សយើងគួរតែធ្វើវាម្យ៉ាងទៀតទាក់ទងនឹងការប្រមាញ់សត្វប្រចៀវដែលយើងសង្កេតឃើញមានច្រើនទូទៅហ្នឹង វាពិតជាមិនគួរត្រូវបានប្រមាញ់ ឬសម្លាប់ជាអាហារនោះទេព្រោះវាជាប្រភពចម្លងជំងឺច្រើនណាស់»៕