ភ្នំពេញ​: ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា ដែលមាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស វិជ្ជាជីវៈ​មួយចំនួន​មិន​គ្រាន់តែ​ជា​តម្រូវការ​នោះទេ តែ​ជំនាញ​ទាំងនោះ​ក៏​កំពុង​ផ្ដល់ឱកាស​ប្រាក់បៀវត្សរ៍​ខ្ពស់​ផងដែរ​។​


​ការស្ទង់មតិ​ដ៏​ទូលំទូលាយ​មួយ​ដោយ Talentnet បង្ហាញឱ្យឃើញថា អាជីព​ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក ច្បាប់ វិស្វកម្ម​មេកា​និក និង​វិទ្យាសាស្ត្រ បច្ចុប្បន្ន​ទទួលបាន​ប្រាក់ចំណូល​ច្រើន​បំផុត​នៅ​កម្ពុជា​។ ជាមួយនឹង​ក្រុម​​ហ៊ុន​ប្រឹក្សា​ផ្នែក​ធនធានមនុស្ស​ក្នុង​តំបន់ Talentnet បង្កើត​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​និន្នាការ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ប្រទេស​។​

​លោក Paula Nicolas អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់ Talentnet បានឱ្យដឹងថា​៖«​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​ពួកយើង​នៅ Talentnet ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​នេះ​»​។ ការអភិវឌ្ឍ​នេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ពី​ភាពរឹងមាំ​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាស​ញ្ញា​មួយ​សម្រាប់​អ្នកស្វែងរក​ការងារ​រក​ចំណូល​ខ្ពស់​ថែមទៀត​។​


​កញ្ញា សួន គា​ឡៃ ជា​និស្សិត​វិស្វកម្ម​មេកា​និក​ឆ្នាំ​ទី​​​ ៤​​​ នៃ​វិទ្យា​​ស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ បានជ្រើសរើស​ជំនាញ​វិស្វកម្ម​នេះ ដោយ​ការស្រឡាញ់ និង​ស្វែងរក​ឱកាស​ការងារ​កាន់​តែ​ប្រសើរ ដោយ​កត់សម្គាល់​ចំនួន​និស្សិត​តិចតួច ជាពិសេស​ស្ត្រី​ក្នុង​វិស័យ​មេកា​និក​នេះ​។​

​ក្នុងនាម​ជា​និស្សិត​ម្នាក់​ក្នុងចំណោម​សិស្ស​ចំនួន ៣​ នាក់​ពី​ចំនួន​និស្សិត​សរុប ១៩​ នាក់​នៅក្នុង​ថ្នាក់ កញ្ញា គា​ឡៃ វ័យ ​២៣ ឆ្នាំ​បានបង្ហាញ​ពី​ចំណង់​ចំណូល​​ចិត្ត​ចំពោះ​មុខជំនាញ​ជាក់លាក់​ចំនួន​ ២ នៅក្នុង​ផ្នែក​មេកា​និក គឺ មេកា​និក ភីអិលស៊ី ដែល​ពាក់ព័ន្ធ​នឹង​ការសរសេរ​កូដ​សម្រាប់​ម៉ា​ស៊ីន​ក្រឡឹង​ដោយ​ផ្អែកលើ​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន និង​វិស្វកម្ម​មេកា​ត្រូ​និក ដែល​ផ្តោតលើ​ខ្សែ​ផលិតកម្ម និង​រួមបញ្ចូល​ការសរសេរ​កូដ​សម្រាប់​ដៃ​មនុស្ស​យន្ត​។ ក


ញ្ញា គា​ឡៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«​មិនមែន​ដោយ​​សារ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​សិក្សា​ជំនាញ​ខុសពី​និស្សិត​ស្រី​ភាគច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​យល់ឃើញថា ទីផ្សារការងារ​រីកចម្រើន និង​ប្រាក់ខែ​ប្រកួតប្រជែង​ក្នុង​វិស័យ​មេកា​និក​នេះដែរ​»​។​

​និស្សិត ដែល​ត្រៀម​បញ្ចប់​ការ​​សិក្សា​នាពេល​ដ៏​ខ្លី​ខាងមុខ​រូបនេះ បន្ដថា​៖«​ខ្ញុំ​បានដឹង​ពី​សិស្ស​ច្បង​ថា ការងារ​ក្នុង​វិស័យ​មេកា​និក អាចមាន​ប្រាក់ខែ ៤០០​ ដុល្លារ​ក្នុង ​១ ​ខែ​ពេល​ចូល​ដំបូង ដែល​អាស្រ័យទៅលើ​ចំណេះដឹង និង​ជំនាញ​របស់​យើង​»​។​

​យោងតាម​ការស្ទង់មតិ​ប្រាក់​​ឈ្នួល​សរុប​របស់ Talentnet Mercer ឆ្នាំ​ ២០២៣ បង្ហាញថា​នៅ​កម្ពុជា វិជ្ជាជីវៈ​ផ្នែក​វិស្វកម្ម​អេ​​ឡិច​ត្រូ​និក ច្បាប់ វិស្វកម្ម​មេកា​និក និង​វិទ្យាសាស្ត្រ​មិន​ត្រឹមតែ​លេច​ធ្លោ​នៅក្នុង​ទីផ្សារការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ប្រាក់​បៀវត្សរ៍​ខ្ពស់ បើ​ធៀប​នឹង​មុខ​ជំនាញ​ផ្សេងទៀត​។ អត្ថ​ប្រ​យោ​ជន៍​ពី​វិជ្ជាជីវៈ​ទាំងនេះ​មាន​លើសពី​មុខជំនាញ​ដ៏​ពេញនិយម​ទូទៅ ដូចជា គ្រប់គ្រង​អាជីវកម្ម គណ​នេ​យ្យ វិស្វកម្ម​គីមី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ទាក់ទង​នឹង​សក្តានុពល​រកប្រាក់​ចំណូល​។​

​លោក Nicolas បាន​និយាយថា​៖«​គោលបំណង​របស់​យើង​គឺ​ដើម្បី​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងការ​នាំយក​ដំណោះស្រាយ​ផ្នែក​ធនធានមនុស្ស​ទៅកាន់​​ទីផ្សារ បំណង​ឱ្យ​អតិថិជន​អាច​ពង្រឹង​មិន​ត្រឹមតែ​ប្រសិទ្ធភាព​ក្នុង​ប្រតិបត្តិការ​ធនធានមនុស្ស​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំណើន​កម្លាំង​ការងារ ដូចដែល​យើង​បានធ្វើ​នៅ​កន្លែង​ផ្សេងទៀត​នៅ​ជុំវិញ​តំបន់​»​។​

​លោក​ឆាយ ភៀន ជា​សាស្ដ្រា​ចា​រ្យ​ផ្នែក​វិស្វកម្ម​មេកា​និក នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បានបញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​មេកា​និក នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ ឆ្នាំ​ ២០១៨​។​

​លោក​យល់ស្រប​ចំពោះ​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ថា ការរៀន​ជំនាញ​មេកា​និក​នេះ​ទីផ្សារ​ខ្ពស់ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ពិត​ជា​ត្រូវ​ការជំនាញ​វិស្វកម្ម និង​វិទ្យាសាស្ត្រ​ដើម្បី​យកមក​អភិវឌ្ឍ ក៏ដូចជា​កៀរគរ​អ្នកវិនិយោគ​ឱ្យមក​បើក​រោងចក្រ សហគ្រាស​នៅ​កម្ពុជា​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​នៅពេល​ពួក​​គាត់​រៀន​ចប់ ពួកគាត់​អាច​ចូល​បម្រើការ​ក្នុង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ឬ​អាច​បើក​ជា​អាជីវកម្ម​ខ្លួនឯង​ក៏បាន​។ បើតាម​ការអង្កេត​សព្វថ្ងៃ​អ្នករៀន​ជំនាញ​វិស្វកម្ម​នៅមាន​ចំនួន​តិច ឯ​ទីផ្សារ​ការ​ងារ​កំពុង​តម្រូវការ​ខ្ពស់​។ តាម​​រយៈ​មិត្តភក្ដិ​រួម​ជំនាន់​គាត់​ទៅធ្វើ​ការ​តាម​បណ្ដា​ក្រុមហ៊ុន​នានា គាត់​តែង​ឱ្យ​ខ្ញុំ​រក​និស្សិត​ដែល​ទើប​រៀន​ចប់​ជា​ច្រើនណាស់​ចូលធ្វើការ​»​។ លោក ភៀន បាន​និយាយថា​៖«​ប្រាក់ចំណូល​អាស្រ័យ​លើ​សមត្ថភាព​របស់​និស្សិត​ម្នាក់ៗ តែ​ប្រាក់ខែ​ទាប​បំផុត​ក៏បាន ៣០០ ​ដុល្លារ​ដែរ​។ នៅពេល​គាត់​ធ្វើការ​បាន​ ១ ​ឆ្នាំ ឬ ២ ​ឆ្នាំ គាត់​អាច​ឡើង​ចន្លោះ​ពី ​៣៥០ ទៅ ១ ២០០ ​ដុល្លារ​»​។

​លោក​បណ្ឌិត ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ថ្វីដ្បិតតែ​លោក​មិនបាន​ដឹង​អំពី​វិធីសាស្ដ្រ​នៃ​ការស្រាវជ្រាវ​ចំពោះមុខ​វិជ្ជា​សិក្សា​របស់​សិស្ស​-​និស្សិត​យ៉ាងណាក៏ដោយ ក៏​ក្នុងនាម​លោក​ជា​អ្នកស្រាវជ្រាវ​ម្នាក់ លោក​ជឿជាក់​លើ​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន Talentnet​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​ការស្រាវជ្រាវ​នេះ​ថា មាន​ភាគរយ​ត្រូវ​ខ្ពស់​។ ដូច្នេះ និស្សិត ឬ​បងប្អូន​ប្រជា​​ពលរដ្ឋ​គួរតែ​អាន​របាយការណ៍​ស្រាវជ្រាវ និង​ជ្រើស​រើសមុខ​ជំនាញ​សិក្សា​របស់ខ្លួន​ឆ្ពោះទៅរក​វិស័យ​ប៉ុន្មាន​ដែល​គេ​សិក្សា​ឃើញ បើសិនជា​ពួកគាត់​ចាប់​អារម្មណ៍​។ ទោះបីជា​មុខវិជ្ជា​ទាំង​នោះ​ជា​ជំនាញ​មាន​ទីផ្សារ​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​បុគ្គលិក​ខ្លះ​មិន​ចូល​ចិ​ត្ដ​ជំនាញ​ទាំង​នោះដែរ​។ ចំពោះ​អ្នក​ចូល​ចិ​ត្ដ គួរតែ​សប្បាយរីករាយ និង​តម្រង់​ឆ្ពោះទៅកាន់​ទីផ្សារការងារ​នេះ​»​។​

​នៅក្នុង​វិស័យ​ការងារ​ប្រទេស​កម្ពុជា និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា នឹង​ចាប់ផ្តើម​អាជីព​ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក ច្បាប់ វិស្វកម្ម​មេកា​និក និង​វិទ្យាសាស្ត្រ ទទួលលទ្ធផល​ជាមួយ​កំណើន​ប្រាក់​​ខែ​ខ្ពស់បំផុត​នៅ​ឆ្នាំ ​២០២៣​។​

​យោងតាម​ការស្រាវជ្រាវ​ខាង​​លើ បាន​បង្ហាញថា វិស្វកម្ម​អេ​​ឡិច​ត្រូ​និក​មាន​អត្រា​ការដំឡើងប្រាក់បៀវត្សរ៍​ ១៤​ ភាគរយ​បន្ទាប់មក​ច្បាប់​មាន ​១២ ​ភាគរយ​ដោយ​ទាំង​ផ្នែក​វិស្វកម្ម​មេកា​និក និង​វិទ្យាសាស្ត្រ​បាន​កើនឡើង ១០ ភាគរយ​។ ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ ជាទី​បណ្ដុំ​ឧស្សាហកម្ម​ឈានមុខ​ជាង ១៥០​កន្លែង ដែល​របាយការណ៍​ស្ទង់​មតិ​ប្រាក់​ឈ្នួល​សរុប Talentnet Mercer សម្រាប់​ឆ្នាំ ២០២៣ បាន​បង្ហាញថា និស្សិត​ទើប​បញ្ចប់​ការសិក្សា​បានទទួល​ការដំឡើងប្រាក់បៀវត្សរ៍ ​១០ ភាគរយ ដែល​លើសពី​អត្រា​អតិផរណា​ជាតិ​។ របាយការណ៍​បាន​លាតត្រដាង​អំពី​ទិន្នន័យ​របស់​អង្គភាព​ការងារ​ចំនួន ១០៦​ក្នុងចំណោម ១១​ ឧស្សាហកម្ម​ផ្សេងៗ​គ្នា​។ ការស្ទង់មតិ​បាន​ប្រមូល​ការងារ​ចំនួន ៣ ០៣៤ ​ដោយ​សាកសួរ​ទៅកាន់​បុគ្គលិក ៥៦ ៨៤៨​ នាក់​៕