ភ្នំពេញៈ ចាប់តាំងពីរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការបោះផ្សាយមូលបត្របំណុលរដ្ឋ កាលពីខែកញ្ញា ឆ្នាំ ២០២២ វាបានក្លាយជាឧបករណ៍ហិរញ្ញវត្ថុថ្មីដែលអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើការកៀរគរចំណូលក្នុងស្រុកដើម្បីកាត់បន្ថយការខ្ចីបុលពីក្រៅប្រទេសយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
សញ្ញាថ្មីនៃប្រភពទុននៅក្នុងស្រុករបស់រដ្ឋ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ បានប្រកាសថា ការបោះផ្សាយមូលបត្របំណុលរដ្ឋ ដែលមានតម្លៃប្រហែល ៣០០ លានដុល្លារ បានចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ ២០២២ ដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយរៀបចំជាពិសេសសម្រាប់វិនិយោគិនស្ថាប័នដូចជា បេឡាជាតិរបបសន្តិសុខសង្គម ក្រុមហ៊ុនធានារ៉ាប់រង និងធនាគារជាដើម។
សម្រាប់មូលបត្របំណុលរដ្ឋនេះ ត្រូវចេញដោយមានតម្លៃស្មើ ១ លានរៀល ក្នុង ១ ឯកតា និងការទូទាត់អត្រាការប្រាក់ជារៀងរាល់ ៦ ខែម្តង។ ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានជ្រើសរើសជាជាភ្នាក់ងារបោះផ្សាយមូលបត្រនេះ។
ក្រសួងកត់សម្គាល់ថា៖ «វិនិយោគិននឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធកាត់ទុកលើការប្រាក់ដែលបានទទួលពីការកាន់កាប់ និងការជួញដូរមូលបត្របំណុលរដ្ឋ ចំនួន ៥០ ភាគរយ ដែលគិតជារូបិយប័ណ្ណក្នុងស្រុក និងការលើកលែងពន្ធលើប្រាក់ចំណេញមូលធនលើការទិញ និងជួញដូរមូលបត្ររយៈពេល ៣ ឆ្នាំ»។
នៅក្នុងសន្និសីទថ្នាក់ជាតិស្តីពី CSX កាលពីខែឧសភា ឆ្នាំ ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា មូលបត្របំណុលរដ្ឋអាចធ្វើឱ្យរដ្ឋអាចប្រមូលមូលនិធិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបាន។
លោកថ្លែងថា៖ «មូលបត្របំណុលរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងមានប្រជាប្រិយភាពនៅលើទីផ្សារមូលបត្រកម្ពុជា និងផ្តល់នូវតម្លៃគោលសម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និងការវិភាគហិរញ្ញវត្ថុ ដូចករណីនៅប្រទេសនានាដែលមានវិស័យមូលបត្រកំពុងរីកចម្រើនផងដែរ»។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា (SERC) បានប្រាប់ថា សម្រាប់មូលបត្របំណុលគឺជាឆន្ទានុសិទ្ធរបស់រដ្ឋាភិបាលទាំងស្រុងក្នុងការសម្រេចបោះផ្សាយនូវទំហំទឹកប្រាក់និងចំនួននៃសញ្ញាបណ្ណ។
លោកថ្លែងថា៖ «ផ្សារមូលបត្រកម្ពុជាសាទរសម្រាប់ការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋាភិបាល ដោយសារវាជាឧបករណ៍ហិរញ្ញវត្ថុមួយដែលចូលរួមចំណែក ឬប្រមូលសាច់ប្រាក់ពីក្នុងស្រុកដើម្បីដាក់បញ្ចូលក្នុងសេចក្តីត្រូវការ»។
លោកបន្តថា សម្រាប់ផ្សារមូលបត្រកម្ពុជា វាគឺជាឧបករណ៍មួយដែលអាចឈានទៅដល់ការចុះបញ្ជី ឬក៏ឈានទៅដល់ការជួញដូរជាទីផ្សារទី២ នៅក្នុងផ្សារមូលបត្រ ប៉ុន្តែសម្រាប់ការបោះផ្សាយនេះវាទាមទារពេលវេលាបន្ថែមទៀតដោយសារ CSX មិនទាន់អាចសម្រេចបាននៅក្នុងពេលនេះទេ។
លោកថ្លែងថា៖ «ទោះបីជាយ៉ាងណា វាក៏ជា Benchmark មួយដ៏ល្អ មានន័យថា កាលណាមានបណ្ណបំណុលវាគឺជាការកំណត់ថ្លៃមួយសម្រាប់ប្រភេទបណ្ណបំណុលក្នុងស្រុក។ ការណ៍នេះគឺជាជម្រើសដ៏ល្អមួយដែលទីផ្សារអាចរៀនសូត្រពីការងារទាំងអស់នេះ»។
ប្រទេសទាំងឡាយបង្កើតឡើងដើម្បីកាត់បន្ថយកម្ចីក្រៅស្រុក
លោក ហុង សុហ៊ួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ជារឿងធម្មតាដែលរដ្ឋាភិបាលនៃប្រទេសមួយត្រូវមានប្រភពហិរញ្ញប្បទានច្រើនប្រភេទដែលអាចប្រើប្រាស់ដើម្បីកៀរគរមូលនិធិទៅតាមស្ថានភាព ឬតម្រូវការ។
លោកបញ្ជាក់ថា៖ «ពិតមែនតែការចាប់ផ្តើមកន្លងមកវាមានទំហំតូច មិនទាន់ដូចប្រទេសគេ ប៉ុន្តែខ្ញុំសង្កេតឃើញថាចាប់ផ្តើមកើនឡើងជាលំដាប់។ ការណ៍នេះវានឹងក្លាយជាប្រភពទុនសំខាន់មួយរបស់រាជរដ្ឋាភិបាលនាពេលអនាគត»។
លោកពន្យល់ថា ប្រភពទុនតាមរយៈទីផ្សារមូលបត្រត្រូវបានគេចាត់ទុកជាប្រភពទុនមិនចេះរីងស្ងួតដែលយើងអាចមានប្រភពទុនពីក្នុងស្រុក ដូច្នេះនៅពេលដែលវាត្រូវមានការអភិវឌ្ឍគ្រប់គ្រាន់វានឹងទាក់ទាញវិនិយោគិនក្រៅស្រុកផងដែរ។
លោកបានថ្លែងថា៖ «វាត្រូវតែសំខាន់ ព្រោះនៅពេលដែលប្រទេសយើងកាន់តែអភិវឌ្ឍន៍ខ្លាំងឡើងៗ ប្រភពហិរញ្ញប្បទានមួយចំនួនដូចជាប្រាក់កម្ចីពីស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិផ្សេងៗនឹងមានទំនោរថយចុះ អត្រាការប្រាក់នឹងមានទំនោរកើនឡើង ដូច្នេះភាពអំណោយផលវានឹងកាន់តែថយចុះ ដែលនឹងតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែស្វែងរកប្រភពហិរញ្ញប្បទានថ្មី ដោយសារប្រទេសយើងកាន់តែរីកចម្រើន យើងនឹងត្រូវការប្រាក់កាន់តែច្រើនដើម្បីបន្តអភិវឌ្ឍប្រទេសទៅមុខបន្តទៀត»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងស្រដៀងគ្នានេះដែរថា បណ្ណបំណុលសាធារណៈ គឺមានសារៈសំខាន់ណាស់នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ដូច្នេះការបោះបណ្ណបំណុលសាធារណៈនេះស្មើនឹងប្រជាពលរដ្ឋយកលុយទៅសន្សំជាមួយរដ្ឋាភិបាល ខណៈរដ្ឋាភិបាលខ្ចីប្រាក់ពីប្រជាពលរដ្ឋខ្លួនឯងដោយផ្តល់អត្រាការប្រាក់ក្នុងកម្រិតកំណត់ណាមួយដល់ពលរដ្ឋវិញ។
លោកបន្ថែមថា ការខ្ចីលុយពីពលរដ្ឋខ្លួនឯងនេះគឺដើម្បីយកទៅធ្វើហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ស្ពាន ដែលជាការចំណាយប្រាក់ធំៗ ដូច្នេះបណ្ណបំណុលនេះគឺជួយរដ្ឋាភិបាលឱ្យមានលទ្ធភាពប្រមូលទុនក្នុងស្រុកយកទៅកសាង និងវាក៏ជួយឱ្យកាត់បន្ថយការខ្ចីបុលពីក្រៅប្រទេស។
លោកបន្តថា៖ «ការណ៍នេះចំណេញទាំងអស់គ្នា គឺប្រជាពលរដ្ឋទទួលបានការប្រាក់ពីរដ្ឋ ខណៈរដ្ឋាភិបាលក៏មានប្រាក់គ្រប់គ្រាន់ដើម្បីយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬចំណាយទៅលើការចាំបាច់ផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ បើការបោះផ្សាយបណ្ណបំណុលរបស់រដ្ឋទទួលបានការគាំទ្រខ្លាំងនោះបង្ហាញពីភាពជោគជ័យដល់រដ្ឋក្នុងការកាត់បន្ថយបំណុលខាងក្រៅ»។
កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសថា រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្របំណុលរដ្ឋមានតម្លៃ ១០០ លានដុល្លារនៅឆ្នាំ ២០២៤ នេះ៕