​ភ្នំពេញ: ខណៈពេល​អ្នក​ដំណើរ​គោរព​ច្បាប់​ដោយ​ឈប់​យានយន្ដ​នៅ​ចំណុច​ភ្លើងស្ដុប​ក្រោម​ស្ពាន​អាកាស​ឫស្សីកែវ ក្នុង​ខណ្ឌឫស្សីកែវ ស្រាប់​តែមាន​សោកនាដកម្ម​មួយ​ បានកើត​ឡើង​។ រថយន្ត​ ១​ បាំង​កន្លះ​ ១ ​គ្រឿង បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​បាន​បុក​រះ​ទៅលើ​រថយន្ដ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៤ ​នាក់ និង​រង​របួស​ជាច្រើន​នាក់​។​


​រយៈពេល​ត្រឹមតែ​សប្តាហ៍​ទី​ ១ ​នៃ​ឆ្នាំ​ ២០២៤ កម្ពុ​ជាមាន​អ្នកស្លាប់​ជាង ២០ ​នាក់ និង​របួស​ជិត ៨០ នាក់ ដោយសារ​គ្រោះថ្នាក់​ច​រា​ចរណ៍ ដែល​ធ្វើឱ្យ​មានការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​លើ​ដងផ្លូវ​កាន់តែខ្លាំង​។ បើទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក៏ដោយ ក៏​គ្រោះថ្នាក់​នៃ​ការបើក​បរ​ក្នុងស្ថានភាព​ស្រវឹង​នៅតែ​បន្ត​កើតមាន​នៅលើ​ដងផ្លូវ​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការ​ងារ​បន្ត​ឆ្នាំ​ ២០២៤ របស់​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៣ ខែមករា​ដោយបាន​ណែ​នាំឱ្យ​អគ្គស្នងការ​នគរបាលជាតិ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ឡើងវិញ ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​។


លោក​ថ្លែងថា​៖ «​សោកនាដកម្ម​ណាស់​! យើង​មើលទៅ​ដឹង​ហើយ​។ គ្មាន​នរណា​ចង់​ទេ សូម្បីតែ​បើក​ក៏​មិន​ចង់​ដែរ​។ ប៉ុន្ដែ​អាហ្នឹង [​គ្រឿង​ស្រវឹង​] វា​នៅក្នុង​ខ្លួន ដូច្នេះ ត្រូវធ្វើ​យ៉ាងដូចម្ដេច​ដើម្បី​ទប់​អា​ហ្នឹង​កុំឱ្យ​វា​ចូលខ្លួន ហើយ​ទៅ​បើកបរ​អត់​ប្រយ័ត្នប្រយែង​។ ពង្រឹង​ច្បាប់​! ពង្រឹង​ការត្រួត​​ពិនិត្យ​អាហ្នឹង​»​។​

​លោក​បន្ដថា ទោះ​មានការ​ដោះស្រាយ​សម្រប​សម្រួល​សំណង និង​ប្រឈមមុខ​ផ្លូវច្បាប់​យ៉ាងណាក៏ដោយ ក៏​ជីវិត​មនុស្ស​ដោយ​ម្នាក់​ជា​អត្ដ​ព​លិ​ក​ដែលមាន​អនាគត​ខ្ពស់​ដែល​បាន​ស្លាប់ និង​ថ្មីៗ​នេះ​ស្លាប់ ៤​ នាក់ សុទ្ធតែជា​អ្នក​ខំប្រឹង​សិក្សា និង​គ្រួសារ​ក្រីក្រ​។ លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍ និង​ស្នើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​។​


​ជាមួយគ្នានេះ​លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​​ក្រសួងមហាផ្ទៃ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាល​ពីថ្ងៃ​ទី​ ២៣ ខែមករា​ថា ក្នុង​រយៈ​ពេល​ ១​ ឆ្នាំ ​២០២៣ ​មាន​ជន​រង​​គ្រោះ​ជាង ១ ៥០០​ នាក់ បាន​ស្លាប់​នៅលើ​ដងផ្លូវ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ មូល​ហេតុដែល​បណ្ដាលឱ្យ​កើតមាន​សោក​នាដ​កម្មនេះ​គឺ​ការបើកបរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​។ លោក​សង្កេតឃើញថា ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បំពាន​ដោយ​ចេតនា​ដែលជា​ហេតុ​បណ្ដាលឱ្យ​សោក​នាដ​​កម្ម​លើ​ដងផ្លូវ​នៅតែ​បន្ត​កើតមាន​ឥត​លស់​ថ្ងៃ​។ 

​លោក​ថ្លែងថា​៖ «​ថ្មីៗ​នេះ ក្នុង​អាការ​ស្រវឹង​ជោក ជនបង្ក​បាន​បុក​រះ​បណ្ដាលឱ្យមាន​ជនរងគ្រោះ​ស្លាប់​ដល់​ទៅ ៤ ​នាក់ និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ទៀត​។ រឿងហេតុ​នេះ​បាន​កើតឡើង​ទាំង​ក្នុងពេលដែល​សា​ធា​​រណ​មតិ​កំពុង​ជជែក​គ្នា​យ៉ាង​ក្ដៅ​គគុក​អំពី​ករណី​គ្រោះថ្នាក់​ច​រា​ចរណ៍​ផ្ទួនៗ​ដែល​បណ្ដាលមកពី​អ្នកបើកបរ​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​»​។​

​ម្នាក់​ចំណោម​ជនរងគ្រោះ​ ៤ នាក់ សព​របស់គាត់​ត្រូវបាន​ដឹក​ទៅកាន់​ស្រុកកំណើត និង​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​តំណក់ទឹក​​ភ្នែក​របស់​ឪពុកម្ដាយ សាច់ញាតិ និង​មិ​ត្ដ​ភក្ដិ​។ ម៉ូតូ​រត់​ជា​ ២​ ជួរ​តាម​ក្រោយ​រថយន្ដ​ដឹក​សព​ដែល​ពោរ​ពេញ​ទៅដោយ​សំឡេង​ស្រែកយំ​យ៉ាង​សោក​សង្វេគ​។ បុរស​វ័យ​ខ្ទង់ ៥០ ​ឆ្នាំ បាន​ថត​វីដេអូ​ពីស​កម្ម​ភាព​ដង្ហែ​សព​កូនប្រុស​ទៅ​បូជា​នៅ​ភូមិ​សំរោង ឃុំ​មានជ័យ ស្រុក​​ស្រី​សន្ធរ ខេត្ដ​កំពង់ចាម​។​

​បុរស​ដែល​ត្រូវបាន​ស្គាល់​ជា​ឪពុក​សព​បាន​និយាយថា​៖ «​ជួយ​ខ្ញុំ​ផង​! ខ្ញុំ​កម្សត់កម្រ​ណាស់ ឡាន​បុក​កូន​ខ្ញុំ​ស្លាប់​ហើយ​នៅ​ស្ពាន​​បេ​ឡេ ជួយ​ខ្ញុំ​ផង​»​។​

​ស្ដ្រី​គ្រង​សម្លៀកបំពាក់​ពណ៌​ស បាន​យំ​ត្អូញត្អែរ​នៅក្បែរ​មឈូស​កំពុងតែ​បរ​នៅលើ​ដងផ្លូវ​ថា​៖«​មិន​គិតដល់​គេ​អ៊ីចឹង​! អាង​មាន​លុយ​បុក​គេ​ស្លាប់ រួច​សង​គេ​មែន​? ជីវិត​មនុស្ស​មិនមាន​លក់​លើ​ទីផ្សារ​ទេ​»​។​

​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ​បុរស​ដែល​បើក​បុក​មនុស្ស​បណ្តាល​ឱ្យស្លាប់​និង​រងរបួស​ក្រោម​ស្ពាន​អាកាស​ឫស្សីកែវ​កាលពី​ថ្ងៃទី​ ២០ ខែ​មក​រា​ឆ្នាំ​ ២០២៤ ដោយ​នៅពេល​នោះ​បុរស​រូបនេះ​ស្ថិតក្នុង​ស្ថាន​ភាពស្រវឹង​ជោក​ដោយមាន​អត្រា​ជាតិ​អាល់កុល ០,៥៤ ក្នុង ១​ លីត្រ​ខ្យល់​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​អយ្យការ បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ​នាង សំ​អូន ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្តាលឱ្យ​របួស និង​ស្លាប់​អ្នកដទៃ​។

​លោក​សំ វិច្ឆិកា ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​​ភ្នំពេញ បានឱ្យដឹងថា លោកស្នងការ​បាន​ណែនាំ​ឱ្យកម្លាំង​​ជំនាញ​ជាមួយ​អធិការដ្ឋាន​ខណ្ឌ​ទាំង​ ១៤  ជាពិសេស​លោក​-​លោក​​ស្រី​ស្នងការរង​ចុះ​អនុវត្ដ ពង្រឹង​ការត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ​នៅតាម​ដងផ្លូវ​នៅពេល​យប់​។ លោក​បន្ដថា ១​ ជំហាន​ទៀត កងកម្លាំង​នឹងធ្វើ​ការប្រជុំ ដាក់ចេញ​វិធានការ​ហ្មត់ចត់​ច្បាស់លាស់​ដើម្បី​អនុវត្ដ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ផ្លាស់ប្ដូរ​ទម្លាប់​ពី​ការបញ្ជា​ចង្កូត​ទៅ​អង្គុយ​ខាងក្រោយ​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​មានការ​គាំទ្រ​ចំពោះ​វប្បធម៌​បោះបង់​ដៃ​ចង្កូត​ទៅ​អង្គុយ​កៅអី​ផ្សេង និង​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន ដោយ​កុំ​ជម្នះ​បើកបរ​ក្រោម​ឥទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹង​។ ការ​ជម្នះ​បើកបរ​យានយន្ដ​ខ្លួនឯង​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ក្លាយជា​ទម្លាប់​ចាក់​ឫសគល់​ក្នុងសង្គម​ខ្មែរ ដោយ​អ្នក​ទទួលទាន​គ្រឿង​​ស្រវឹង​ជាច្រើន​មិន​នឹកឃើញ​ចង់ឱ្យ​អ្នកដទៃ​ដឹក​ឬ​ស្វែងរក​សេវា​កម្ម​ដឹកជញ្ជូន ដូចជា រ៉ឺម៉ក ឬ​ម៉ូតូ​ឌុប​ឡើយ​។ លោក​គិ​ម​អេង​ដែល​តែងតែ​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ បានឱ្យដឹងថា​៖ «​ទម្លាប់​នេះ​គឺជា​កត្ដា​គ្រោះថ្នាក់ ដែល​គួរតែ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​»​។​

​បើតាម​លោក វិច្ឆិកា កន្លងមក គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្ដបន្ទាប់ ប្រជាពលរដ្ឋ​មួយចំនួន ជា​អ្នក​បង្ក ភាគច្រើន​ចេញពី​កម្មវិធី​ទទួល​​ទាន​គ្រឿង​ស្រវឹង ដែលមាន​ហា​​និ​ភ័យ​។ សំខាន់បំផុត​ប្រជា​ពល​​រដ្ឋ​ត្រូវ​ដឹកនាំ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ត្រូវមាន​ទោសទណ្ឌ​ចំពោះ​ច្បាប់​ច​រា​ចរណ៍​ផ្លូវគោក​។ ដូច្នេះ ការបើកបរ​ដោយ​គ្មាន​គ្រឿង​ស្រវឹង គឺជា​រឿង​ចាំបាច់​បំផុត ហើយ​បើសិន​​ជាមាន​កម្មវិធី ពួកគេ​គួរតែមាន​អ្នកបើកបរ​ណា​ម្នាក់ ដែល​មិន​ទទួលទាន​គ្រឿង​ស្រវឹង​។ «​ជា​មធ្យោបាយ​ងាយស្រួល​ផងដែរ ពួកគាត់​គួរ​ធ្វើដំណើរ PassApp ឬមួយ​ម៉ូតូឌុប ដែល​ធ្វើឱ្យ​ពួកគេ​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​ខ្លួន​ឯង​ផងដែរ​»​។​

​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន ដែល​កើតឡើង​នៅពេល​យប់ តែងតែ​បង្កឡើង​ដោយ​កត្ដា​ស្រវឹង​នេះហើយ​លោក វិច្ឆិកា បាន​ចោទ​ជា​សំណួរ​ថា តើ​គ្រោះថ្នាក់​ច​រា​ចរណ៍​រមែង​កើតឡើង​នៅពេល​យប់ ចុះ​ហេតុអ្វី​បងប្អូន​នៅតែ​បន្ដធ្វើ​ដំណើរ ឬ​បើកបរ​ក្នុង​ស្ថាន​​ភាព​បែបនេះ​? អ្វីដែល​សមត្ថ​​កិច្ច​បានធ្វើ​ទៅវិញ គឺ​ការដាក់​ពង្រាយ​ក្នុងការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅពេល​យប់​។ ប៉ុន្ដែ​លោក​ទទួលស្គាល់ថា សមត្ថកិច្ច​មិន​អាចដាក់​កម្លាំង​ត្រួតពិនិត្យ​នៅ​គ្រប់​ផ្លូវ​ទាំងអស់​ទេ​។​

​លោក​ថា​៖ «​កត្ដា​គេចវេះ​ដោយ​ការពន្យារ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង​ដល់​កណ្ដាល​អ្រ​ធា​ត្រ​រហូតដល់​សមត្ថកិច្ច​ដក​ប៉ុស្ដិ៍​ត្រួតពិនិត្យ គឺជា​រឿង​ដ៏​គ្រោះថ្នាក់​បំផុត​។ កាលណា​ពួកគាត់​ហូប​កាន់តែច្រើន សារធាតុ​ស្រវឹង​កាន់តែខ្លាំង វា​កាន់តែ​ធ្វើឱ្យ​បាត់បង់​ស្មារតី​»​។​

​ការស្នើ​ដំឡើង​តម្លៃ និង​ពន្ធ​លើ​គ្រឿង​ស្រវឹង​លោក យង់ គិ​ម​អេង និយាយថា គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿង​​ស្រវឹង​នេះ​កើត​ឡើងជា​យូរណាស់​មកហើយ តែ​វិធានការ​ក្នុងការ​ទប់ស្កាត់​នៅមានកម្រិត​នៅឡើយ ដែល​មិនទាន់មាន​ប្រសិទ្ធភាព​។​

​លោក​ឱ្យដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​គាំទ្រ​ការស្នើសុំ​ដំឡើង​តម្លៃ និង​ពន្ធ​លើ​គ្រឿង​ស្រវឹង ដោយ​លោក​មើលឃើញ ថា ទាំង​តម្លៃ​ផលិតផល​គ្រឿង​ស្រវឹង​និង​ពន្ធ​លើ​ផលិតផល​ទាំង នេះ​នៅ​ទាប​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ​។ ដូច្នេះ គ្រោះថ្នាក់​កើតឡើង​ច្រើន​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​។ «​រយៈពេល​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ​រដ្ឋា​ភិ​បាល​ដំឡើង​ពន្ធ ១៥ ភាគរយ​បន្ថែម​រហូតដល់ ៤០ ឬ ៤៥ ​ភាគរយ​។ មហាជន​ជាង ៧​ ពាន់​នាក់ ក្នុង​យុទ្ធនាការ​ស្ម័គ្រ​ចិ​ត្ដ​ត្រឹម​រយៈពេល ២០ ​ថ្ងៃ​»​។​

​លោក​ថា ញ​ត្ដិ​ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​នាក់​បានដាក់​ទៅកាន់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​សុខា​​ភិ​បាល កាលពី​ថ្ងៃទី​ ២៣ ខែ​មករា ឆ្នាំ​២០២៤ ​នេះ​។ នៅពេលដែល​គ្រឿង​ស្រវឹង​មានតម្លៃ​ថ្លៃ ការប្រើប្រាស់​ក៏មាន​ការថយចុះ​ដែរ​ដោយបាន​ប្រៀបធៀប​ទៅនឹង​វិធានការ​ស្រដៀង​គ្នា​នេះ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​។ លោក គិ​ម​អេង ទទួលស្គាល់ថា សម្រាប់​អ្នកមាន​ទ្រព្យធន​នៅមាន​លទ្ធ​ភាព​ទិញ​ទទួលទាន​តែ​ប្រាកដជា​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់   ពី​សំណាក់​មន្ដ្រី​មាន​សមត្ថកិច្ច​ចំពោះ​អត្រា​នៃ​ជាតិ​អាល់កុល​ខ្ពស់​ពេល​បើកបរ​។ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​បុក​មនុស្ស​ស្លាប់​ត្រូវ​ទទួល​ការពិន័យ​អន្ដរ​កាល​ទោស​ព្រហ្មទណ្ឌ និង​សំណង​រដ្ឋប្បវេណី​ដល់​ជនរងគ្រោះ​។​ ​បើតាម​លោក​គិ​ម​អេង​នៅតាម​បណ្ដា​ប្រទេស​នានា​ចំណូល​ពី​ពន្ធ​គ្រឿង​ស្រវឹង មិនអាច​ទូទាត់​ការខូចខាត​ផ្នែក​សង្គម​បានទេ​។​

​លោក​ថា មន្ដ្រី​ក្រសួង​សុខា​​ភិ​បាល ដែល​ទទួល​ញ​ត្ដិ​ពី​លោក បញ្ជាក់ថា លោក​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល ឈាង រ៉ា យក​ចិ​ត្ដ​ទុកដាក់​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​គ្រឿង​ស្រវឹង​នេះ​។ ដូច្នេះ លោក គិ​ម​អេង យល់ថា ក្រសួង​សុខា​ភិ​បាល​នឹង​ជួយ​ជំរុញឱ្យមាន​ច្បាប់​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ជំរុញឱ្យមាន​ការដំឡើង​ពន្ធ និង​ហាមឃាត់​ការផ្សព្វផ្សាយ​ពា​ណិ​​ជ្ជ​កម្ម​។ ដោយ​មានការ​ផុសផុល​ក្នុង​បណ្ដាញ​សង្គម​ចំពោះ​ការ​បញ្ចេញមតិ​រិះគន់​លើ​បញ្ហា​គ្រឿង​ស្រវឹង​លោក​គិ​ម​អេង និយាយថា បើ​រាជរដ្ឋាភិបាល​មិន​អើពើ​ចំពោះ​បញ្ហា​នេះ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់សង្ឃឹម និង​ខក​ចិ​ត្ដ​៕