ភ្នំពេញៈ ខណៈកសិផលរបស់កម្ពុជាភាគច្រើនពឹងផ្អែកលើការនាំចេញវត្ថុធាតុដើមទៅទីផ្សារពិភពលោក ជាពិសេសបណ្ដាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ហើយតម្លៃតែងប្រែប្រួល និងមិនមានស្ថិរភាពនោះ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម គ្រោងនឹងបង្កើតទីផ្សារលក់ដុំនៅទូទាំងប្រទេស ដែលជាវិធានការដើម្បីរក្សាស្ថិរភាពថ្លៃ និងជាពិសេសបើកចំហទីផ្សារបន្ថែមទៀតសម្រាប់កសិករដែលងាយទទួលរងគ្រោះបំផុតដោយសារតែការក្រឡុកទីផ្សារពីសំណាក់ក្រុមឈ្មួញ។
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៣ ខែមករា បានដឹកនាំកិច្ចប្រជុំលើកដំបូងនៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពក្រុមការងារដែលនឹងរួមមានអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងនៃក្រសួងពាណិជ្ជកម្ម និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិកសមាជិកានៃក្រុមការងារជាច្រើនរូប។
ក្រសួងបញ្ជាក់ថា៖ «ក្រុមការងារនេះ ត្រូវបានបង្កើតក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល»។
កាលពីឆ្នាំ ២០២៣ កម្ពុជាបាននាំចេញកសិផលជាង ៨,៤ លានតោន ធ្លាក់ចុះ ១,៩ ភាគរយបើធៀបនឹងឆ្នាំ ២០២២ និងមានទឹកប្រាក់នាំចេញជាង ៤,៣ ពាន់លានដុល្លារ ក្នុងនោះការនាំចេញអង្ករមានតម្លៃជាង ៥៦៧ លានដុល្លារ ស្រូវ ៩៣៩ លានដុល្លារ និងផលិតផលកសិកម្មផ្សេងៗទៀត ជាង ២,៧៩៩ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងកសិកម្ មរុក្ខាប្រមាញ់ និងនេសាទ (MAFF)។
លោក សុង សារ៉ន ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយសារនឹងបើកទីផ្សារក្នុងស្រុកសម្រាប់កសិផល ជាពិសេសកសិករដែលតែងតែប្រឈមមុខនឹងបញ្ហាតម្លៃក្នុងរដូវប្រមូលផល។
លោកបញ្ជាក់ថា៖ «យើងគាំទ្រទាំងស្រុងដែលមានទីផ្សារលក់ដុំសម្រាប់វិស័យកសិកម្ម ដោយសារយើងផលិតបានច្រើន ប៉ុន្តែមិនមានទីផ្សារដែលអាចប្រមូលផលិតផលទាំងអស់នោះនៅកន្លែងតែមួយ។ ក្នុងនាមអាជីវករ ១ រូប ទីផ្សារលក់ដុំមិនត្រឹមតែរក្សាស្ថិរភាពតម្លៃសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកន្លែងកណ្តាលដែលអ្នកទិញទាំងអស់អាចដឹងថាយើងមានស្តុកប៉ុន្មានសម្រាប់ដំណាំនីមួយៗ ហើយបន្ទាប់មកយើងអាចបើក ឬទាក់ទាញអ្នកទិញកាន់តែច្រើន ដើម្បីទិញផលិតផលទាំងនោះ»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ទីផ្សារលក់ដុំនឹងដើរតួដ៏សំខាន់ក្នុងការរក្សាការប្រែប្រួលតម្លៃក្នុងវិស័យនេះ ពិសេសក្នុងរដូវប្រមូលផលកសិករតែងប្រឈមនឹងបញ្ហាដោយសារមិនមានទីផ្សារដើម្បីលក់។
លោកលើកឡើងថា៖ «យើងមើលឃើញថា គឺជាគំនិតផ្តួចផ្តើមដ៏ល្អដែលវានឹងក្លាយជាកាតាលីករថ្មីមួយសម្រាប់វិស័យនេះ ដើម្បីធ្វើឱ្យមានស្ថិរភាពតម្លៃ ខណៈវាក៏នឹងក្លាយជាកន្លែងមួយ ដែលទាំងអ្នកទិញក្នុងស្រុក និងបរទេសអាចមករកទិញ និងចរចាតម្លៃនៅពេលយើងប្រមូលបានផលិតផលទាំងអស់ដាក់នៅកន្លែងតែ ១ នៅក្នុងទីក្រុង និងខេត្តទូទាំងប្រទេស»។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលបញ្ជាក់អំពីផលិតផលកសិកម្មចម្រុះដែលរួមបញ្ចូលក្នុងប្រភេទផ្សេងទៀតរួមមាន ដំឡូងមីស្ងួតចំនួន ១,២ លានតោន ដំឡូងមីស្រស់ចំនួន ១,៩ លាន ម្សៅដំឡូងមីជាង ៣៦ ០០០ តោន កាកសំណល់ដំឡូងមីជាង ៧៤ ០០០ តោន និងស្វាយចន្ទី ៤២០ ០០០ តោន ពោត ៧១ ០០០ តោន និងសណ្ដែកសៀងជាង ៥៤ ០០០ តោន។
ចំណែកការនាំចេញផ្លែឈើ គឺចេកស្រស់ជិត ២៩០ ០០០ តោន ស្វាយស្រស់ជាង ១៦០ ០០០ តោន តំណាប់ស្វាយជាង ២៧០ ០០០ តោន និងមៀនស្រស់ចំនួនជាង ១៧០ ០០០ តោន។ ការនាំចេញកសិផលផ្សេងទៀតរួមមានប្រេងដូងជាង ៧៩ ០០០ តោន ម្រេចជាង ៦ ០០០ តោន និងបន្លែចម្រុះ ២២០ តោនកើនជិត ៥៤០ ០០០តោននៅក្នុងផលិតផលកសិកម្ម ១០០ មុខផ្សេងៗគ្នា។
ក្រសួងឱ្យដឹងទៀតថា កាលពីឆ្នាំ ២០២៣ កសិករធ្វើស្រែប្រាំងបាន ៥៥៤ ២១០ ហិកតា ប្រមាណ ១១១,២៥ ភាគរយនៃផែនការកំណត់ចំនួន ៤៩៨ ១៧០ ហិកតា៕