​កំពង់ឆ្នាំងៈ​ កាលពី​ឆ្នាំ​ ២០១៨ លោក​ គង់ ឃី មិនអាច​រក​វិធី​សាស្ត្រ​ដាំ​ដំណាំ​ឱ្យបាន​ល្អ​ឡើយ​ដោយ​ពេលនោះ​លោក​គ្រាន់តែ​ជា​កសិករ​ដ៏​សាម​ញ្ញា​ម្នាក់​ប៉ុណ្ណោះ តែ​សម្រាប់​បច្ចុប្បន្ន លោក​ចេះ​ពី​វិធី​ដាំ​ដំណាំ​ផ្សេងៗ ជាពិសេស​ដើម​ល្ហុង​បាន​ជិត​ ២០០ ​ដើម ដោយ​ក្នុង​ ១ ​ដើម អាច​ទទួលបាន​ផ្លែ​ប្រហែល ​១០០ ​គីឡូក្រាម ហើយ​ក្នុង​ដើម​ល្ហុង​ ១​ ដើម​លោក​ក៏​អាច​បំបៅ​ចេញ​ជា​កូន​ល្ហុង​បាន​ ១០០​ ដើម​ទៀតផង​។ រីឯ​សាច់​ល្ហុង​បាន​ពី​កូន​បំបៅ​ក៏មាន​រស​ជាតិ​ដូចដើម​មេ​វា​ដែរ​។​


​ដោយ​មើលឃើញ​ពី​ការវិវឌ្ឍ​ផ្នែក​ការដាំដុះ​ដំណាំ​កសិកម្ម​ក្នុងប្រទេស​និង​ពី​ការប្រកួតប្រជែង​ផលដំណាំ​នាំចូល​ដែល​ភាគច្រើន​ត្រូវគេ​ដឹងថា​អ្នក​បរិភោគ​ប្រឈម​នឹង​បន្លែ​ប្រើ​សារធាតុ​គីមី​លើស​​លប់​នោះបាន​ធ្វើឱ្យ​លោក គង់ ឃី ដែលជា​អ្នក​ស្រឡាញ់​ការ​ដំ​ដុះ​បាន​ចំណាយពេល​ ៥​ ឆ្នាំ​ទើប​ទទួលបាន​ជោគជ័យ​លើ​វិស័យ​កសិកម្ម​។​

​ដំណាំ​ដែល​លោក​ គង់ ឃី ដាំ​មានដូចជា ស្ពៃក្តោប ស្ពៃចង្កឹះ ខាត់ណា​ដើម ប៉េង​បោះ​ខ្ទឹម​ស្លឹក​រួម​ដំណាំ​សម្រាប់​រដូវ​កាល​ខ្លី​និង​ដំណាំ​ហូប​ផ្លែ​រដូវ​កាល​វែង​ជាច្រើន​ប្រភេទ​ទៀត​។​


​បើទោះបី​ពេលនេះ​លោក​មាន​វ័យ ​៦៤ ​ឆ្នាំ​ហើយ​ក្តី តែ​លោក​នៅតែ​ស្រឡាញ់​វិស័យ​កសិកម្ម​។​លោក​បាន​និយាយថា មុន​ឆ្នាំ​ ២០១៨ លោក​បាន​ដាំ​តាម​លក្ខណៈ​ធម្មជាតិ​ទាំងអស់ តែ​នៅ​ថ្ងៃមួយ​ដើម​ល្ហុង​របស់លោក​បាន​ដួល​នឹង​ដី ហើយ​វាចា​ប់​ចេញ​ឫស្សី​តាម​ដើម​។ បន្ទាប់មក​លោក​បា​នប​ញ្ឈ​រ​ដើម​ល្ហុង​ ១ ​ដើម​នោះ​វិញ ហើយ​យក​កាំបិត​ទៅ​ឆូត​សម្បក​និង​យក​ដី​ទៅ​រុំ​​បាន​ប៉ុន្មាន​ថ្ងៃ​វា​ក៏​ដុះ​ឫស​ឡើង​។​

​លោក​បាន​ថ្លែងថា​៖ «​មុនដំបូង​ខ្ញុំ​មិនដឹង​ពី​បច្ចេកទេស​បណ្តុះ​ឫស​អី​ទេ តែ​ខ្ញុំ​បាន​យក​ដី​ដែលមាន​ស្លឹកឈើ​ងាប់​រលួយ​មក​លាយ​ជាមួយ​កម្ទេច​ចំបើង​ហើយ​ខ្ញុំ​រុំ​។ ក្រោយមកទៀត​ទើប​ខ្ញុំ​ស្រាវជ្រាវ​រកឃើញ​ពពួក ​M150​ ពពួក​កា​ប៉ិ ពពួក​ទឹកត្រី​អ៊ីចឹងទៅ លាយ​ជាមួយ​ដី​ហើយ​ការប្រើ​វិធី​លើក​ក្រោយនេះ​វា​ឆាប់​ដុះ​លឿន អ៊ីចឹង​រយៈពេល​ខុសគ្នា​ប្រហែល​ ១០ ​ថ្ងៃ​»​។​


​ដោយមាន​ដី​ទំហំ​ ១ ​ម៉ឺន​ម៉ែត្រការ៉េ ​ឬ​ស្មើ​ ១ ​ហិកតា និង​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​ពី​បច្ចេកទេស​លាយ​ផ្សំ​ជីកំប៉ុស​និង​ពី​បច្ចេកទេស​ដាំ​ដុះ​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ​គង់ ឃី បាន​យក​ដី​មួយចំណែក​ជីក​ស្រះ​ចិញ្ចឹម​ត្រី​និង​សល់​ប៉ុន្មាន​លោក​ដាំ​ដំណាំ​ចម្រុះ ក្នុងនោះ​មាន​ដាំ​ដើម​ល្ហុង​ជិត ​២០០​ ដើម​ផង​។ ​ចំពោះ​ដំណាំ​ដែល​លោក​ដាំ​ចែកជា​រដូវ​កាល​គឺ​ទី​១ ​ដំណាំ​អាយុ​ក្រោម​ ១ ​ខែ​(​ខ្ទឹម​ស្លឹក ស្ពៃ​សា​​ឡា​ដ ខាត់ណា​ជាដើម​។​ ទី​២​ ដំណាំ​ក្រោម​អាយុ​ ១ ​ឆ្នាំ ​(​ត្រសក់ សណ្តែកកួ ត្រឡាច ននោង​ម្រះ​។​ល​។​)​និង​ទី ៣​ មាន​ដំណាំ​អាយុកាល​លើសពី ​១ ​ឆ្នាំមាន​ចេក ដូង ស្វាយល្ហុង​។​ល​។​)​ដែល​ដំណាំ​ទាំងអស់នេះ​លោក​ដាំ​តែម្នាក់ឯង​ដោយ​មិន​ប្រើ​កម្មករ​ទេ ហើយ​លោក​អាច​ប្រមូល​ផល​ពេញៗ ​១​ ឆ្នាំ​តែម្តង​។​

​បុរស​ដែល​រស់នៅ​ភូមិ​ឫស្សី​ដូច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​រូបនេះ ឱ្យដឹងថា​ចំពោះ​ល្ហុង​របស់លោក​ដាំ​ជា​ពូជ​ល្ហុង​ថៃ​ដែល​ក្នុង​ ១​ ដើម​អាច​ផ្តល់​ផ្លែ​ជាង ​១០០​ គីឡូក្រាម ហើយ​ក្នុង​ ១ ​ផ្លែៗ​ទម្ងន់​ចន្លោះ​ពី​ ៧ ​ទៅ​ ៨​ គីឡូក្រាម​។​ក្នុង​ផ្លែ​ល្ហុង​ខ្ចី​ ១ ​គីឡូក្រាម​ថ្លៃ ១ ០០០ ​រៀល ហើយ​បើ​ទុំ​ថ្លៃ ​១ ៥០០ ​រៀល រីឯ​ផ្លែ​ល្ហុង​អ្នកផ្សេង ​១​ គីឡូក្រាម​ថ្លៃ​ ៧០០ ​រៀល​ទេ នៅលើ​ទីផ្សារ​តែ​ផ្លែ​ល្ហុង​គេ​ទុក​បានតែ​ ២​ ទៅ​ ៣​ ថ្ងៃ​ខូច​ហើយ ដែល​ខុសពី​ល្ហុង​របស់លោក​អាច​ទុក​បា ន​៥ ថ្ងៃ​ក៏​មិនទាន់​ទន់​សាច់ តែ​លោ​កនៅ​បូមទឹក​ស្រោច​នៅឡើយ​ទេ​។​

​បើតាម​លោក គង់ ឃី ដោយ​សារ​លោក​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើ​កសិកម្ម ទើប​ខាង​ក្រ​​សួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានផ្តល់​វិញ្ញាបនបត្រ ​(​កសិកម្ម​ល្អ​)​ ក្នុង​ឆ្នាំ​ ២០២២​។​ ទន្ទឹមនឹងនេះ​លោក​ក៏បាន​ចង​ក្រង​ជា​សហគមន៍​មាន​សមាជិក​ចំនួន​ ៤៨ ​គ្រួសារ​ហើយក៏​មាន​កសិក​រ​មកពី​គ្រប់​រាជធានី ខេត្ត​ផ្សេង​មក​ដកស្រង់​បទពិសោធ​នៅ​កសិដ្ឋាន​របស់លោក​ស្ទើរ​រាល់ថ្ងៃ​ដែល​ក្នុង​ ១ ​ខែៗ​អាចមាន​ពី​ ២០ ​ទៅ​ ៣០ ​នាក់​។ ចំពោះ​ផលដំណាំ​ដូចជា​ស្ពៃក្តោប ស្លឹក​ខ្ទឹម ប៉េង​បោះ ឬ​បន្លែ​ស្លឹក​ផ្សេងទៀត​ក្នុង​ ១ ​ថ្ងៃ​លោក​អាច​ប្រមូលបាន​ពី ​១០​ ទៅ​ជាង​ ២០ ​គីឡូ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​បទពិសោធន៍​ផ្ទាល់ ​គឺ​ខ្ញុំ​បាន​ចង​ក្រង​ឯកសារ​ជាង​ ១០០​ មេរៀន​ហើយ​សម្រាប់​ទុក​ជូន​អ្នក​ដែល​ចង់​ចេះ​ពី​បច្ចេកទេស​ដាំ​ដំណាំ​។​ខ្ញុំ​ធ្វើបែបនេះ​ដើម្បី​ទុកជា​ស្នាដៃ​របស់ខ្ញុំ ណាមួយ​បើ​ខ្ញុំ​ស្លាប់ទៅ​ក៏​នៅ​ស្នាដៃ​ខ្ញុំ​ដែរ​»​។​

​មាន​កសិករ​ច្រើនណាស់​ដែល​ប្រកប​អាជីព​ដាំ​ដំណាំ​កសិកម្ម តែមាន​ភាគច្រើន​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។ ប្រការនេះ​ដោយសារ​ពួកគេ​មិនមាន​ការ​ទទួលខុសត្រូវ​ឬ​មិន​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​។​ ដូចដែល លោក​ ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្ត​កំពង់​ឆ្នាំង លើកឡើងថា មន្ទីរ​ក​សិ​កម្ម​ខេត្តកំពង់ឆ្នាំង​បាន​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដំណាំ​និង​បាន​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​ដើម្បីឱ្យ​កសិករ​ទទួលបាន​ទិន្នផល​ល្អ​។​ប៉ុន្តែ​មាន​កសិករ​ខ្លះ​ទាមទារ​ឱ្យ​ផ្តល់​ជា​ទុន ១០០ ​ភាគរយ ​ទើប​គាត់​អាច​បង្កបង្កើនផល​បាន​។​

​លោក​ថា​៖ «​សម្រាប់​លោក គង់ ឃី ជា​កសិករ​គំរូ​ឆ្នើម ​១ ​រូប​ផ្នែក​កសិកម្ម ព្រោះ​គាត់​ខិតខំ​ស្វែងយល់​បន្ថែម​លើ​អ្វីដែល​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តកំពង់ឆ្នាំង​បង្រៀន​គាត់​។ ពេល​បាន​ផលដំណាំ​គឺ​គាត់​អាច​រក​ទីផ្សារ​លក់ខ្លួន​គាត់​បាន​ទៀតផង​»​។​

​លោក ឃឹម ហ្វី​ណង់ អនុ​​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​កសិករ​គំរូ​ច្រើន​នៅតាម​ខេត្ត​នីមួយៗ ហើយ​ក្រសួងកសិកម្ម​ក៏​តែងតែ​ជំរុញ​មន្ត្រី​ឱ្យ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​កសិកម្ម​។ ការ​ផ្សព្វផ្សាយ​នេះ​មាន​ទាំង​បច្ចេក​ទេស​ទទួលបាន​ពី​ការស្រាវជ្រាវ​របស់​ក្រសួង​ឬ​បច្ចេកទេស​ដែល​ទទួលបាន​ពី​ការចែករំលែក​បទពិសោធ​ល្អៗ​ពី​ទីតាំង​ផ្សេងៗ​នៅ​ទូទាំងប្រទេស​។​

​លោក​បន្តថា​ជាគោលការណ៍​សំខាន់​របស់​ក្រសួង គឺ​ការ​ចងក្រង​និង​ប្រមូលផ្តុំ​ឱ្យ​កសិករ​ធ្វើ​កសិកម្ម​តាមបែប​គ្រួសារ​ឱ្យ​ងាក​មក​ធ្វើ​កសិកម្ម​តាម​ទម្រង់​ឧស្សា​​ហ​កម្ម​វិញ​ពោល​គឺជា​សហគមន៍​ខ្នាត​ធំ​ដែល​យើង​ហៅថា​ជា​សហគមន៍​កសិកម្ម​ទំនើប​ដូចដែល​គាត់​ដាំ​បន្លែ​ហ្នឹង​គឺ​យើង​លើកទឹកចិត្ត​ឱ្យ​ជា​ប្រភេទ​សហ​គម​ន៍​មាន​ទំហំ​ធំ មាន​ការធ្វើ​ផលិតកម្ម​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ថ្លៃដើម​ធ្លាក់ចុះ​និង​ទំហំ​នៃ​ការផ្គត់ផ្គង់​មាន​និរន្តរភាព​។​

​លោក​ថា​៖ «​នេះ​ជា​អាទិភាព​ចម្បង​របស់​ក្រសួង​ចំពោះ​កសិករ​ទាំងអស់​ដែល​គិតថា ​ខ្លួនឯង​មាន​បច្ចេកទេស​មិន​ដល់​ខ្វះ​បទ​ពិសោធ​។ ​បញ្ហា​នេះ​ក្រសួង​នឹង​ផ្តល់​ច្រក​នេះ​ដើម្បី​អនុញ្ញាតឱ្យ​កសិករ​ទូទាំងប្រទេស​អា​ច​ចូលរួម​ជាមួយ​សហគម​ន៍​បង្កើតបានជា​សហគម​ន៍​ខ្នាត​ធំ ផលិត​នូវ​ទំនិញ​មានគុណ​ភាព​ស្តង់ដា​មានតម្លៃ​ប្រកួតប្រជែង​ហើយ​និង​មាន​បរិមាណ​ផ្គត់ផ្គង់​អាចបំពេញ​តម្រូវការ​ទីផ្សារ​បាន​»៕