ផ្តើមចេញពីខ្សែជីវិតដ៏វែងឆ្ងាយ ដែលបានខំប្រឹងហែលឆ្លងការលំបាករាប់មិនអស់ ក្នុងនាមជាអ្នកឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃ កីឡាករ ចាន់ណា បាននិងកំពុងដាក់ចិត្តកាន់តែខ្លាំងក្នុងការពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានកាន់តែខ្លាំង ដើម្បីសាងកេរ្តិ៍ឈ្មោះឱ្យបានល្បីល្បាញដូច ធឿន ធារ៉ា បើទោះបីជាការប្រឹងប្រែងអស់រយៈពេលជាង ៥ ឆ្នាំមកនេះរូបគេ នៅមិនទាន់មានសូម្បីម៉ូតូជិះក៏ដោយ។
សម្រាប់ការចាប់យកអាជីពជាអ្នកប្រដាល់នេះចាន់ណា ដែលមានឈ្មោះពេញនៅក្នុងបញ្ជីជាតិថា សាន់ ចាន់ណា គឺរូបគេបានសាងភាពល្បីរួចមកហើយ សម្រាប់ការប្រកួត នៅលើទឹកដីថៃ ប៉ុន្តែអ្នកកំលោះរូបនេះអះអាងថា រូបគេចង់សាងភាពល្បីល្បាញ សម្រាប់ការវិលមកប្រកួតនៅប្រទេសកំណើតរបស់ខ្លួន ហើយក៏មិនទាន់គិតដល់ការបញ្ចប់អាជីពជាកីឡាករនេះដែរ បើទោះបីជាពេលនេះឪពុកម្តាយរបស់គេសុំឱ្យឈប់ពីអាជីពឈឺសាច់នេះ ដើម្បីទៅធ្វើការនៅប្រទេសឡាវក៏ដោយ។
ជាកូនទី៦ ក្នុងចំណោមបងប្អូន ៧ នាក់ (ស្រី ២ នាក់) ចាន់ណា ជាក្មេងប្រុសដែលរស់នៅក្នុងស្ថានភាពលំបាក និងមិនមានសំណាងបានរៀនសូត្រដូចក្មេងឯទៀតនោះទេ គឺរៀនបានត្រឹមថ្នាក់ទី២ ក៏បានឈប់រៀន ដោយសារស្ថានភាពគ្រួសារមានការខ្វះខាតខ្លាំងពេក ហើយមិនយូរប៉ុន្មាន ចាន់ណា ក៏បានចាកចេញពីស្រុកកំណើត នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅធ្វើការជាអ្នកចុះទូកនេសាទ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ត្រឹមអាយុ ១៥ ឆ្នាំ ដើម្បីរកប្រាក់មកជួយផ្គត់ផ្គត់គ្រួសារ។
ជាមួយការផ្ញើខ្លួនលើទូកនេសាទនៅកណ្តាលសមុទ្រធំល្វឹងល្វើយ មិនឃើញកោះត្រើយនេះ ចាន់ណា បានទទួលប្រាក់កម្រៃខែដំបូងចំនួន ១ ម៉ឺនបាត (ប្រមាណ ១ ១៤៨ ០០០ រៀល) ហើយវាជាលុយដំបូង ដែលក្មេងប្រុសម្នាក់នេះ បានផ្ញើមកលោក ចេន សាន់ និងអ្នកស្រី សន សុខា ដែលជាឪពុកម្តាយរបស់ខ្លួន ប៉ុន្តែទម្រាំទទួលបានលុយខែដំបូងនេះ ចាន់ណា ជួបការលំបាកច្រើនណាស់។
កីឡាកររូបនេះ បានបញ្ជាក់ពីស្ថានភាពនាពេលនោះថា៖ «នៅពេលចុះទៅនេសាទដំបូង ខ្ញុំមានការពិបាកខ្លាំង ណាមួយពុលរលកសមុទ្រហើយពេលជួបហេតុការណ៍បែបនេះ ខ្ញុំមានការនឹករឭកខ្លាំងដល់ឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំ។ នៅកណ្តាលសមុទ្រ ដែលមានរលកធំៗនោះ ខ្ញុំបានដេកយំតែម្នាក់ឯង និងចង់ត្រឡប់មកផ្ទះវិញ ប៉ុន្តែមិនអាចទេ ព្រោះក្នុងរយៈពេលកន្លះខែ ទៅ ១ ខែ ទើបទូកឡើងគោកម្តង»។
យ៉ាងណាក្តីក្នុងរយៈពេលជាង ១ ខែក្រោយមក ចាន់ណា អាចសម្របខ្លួនចំពោះការផ្ញើជីវិតលើទូកនេសាទ នៅកណ្តាលសមុទ្រនេះបាន។ ម្យ៉ាងទៀតដោយសារនៅលើទូកនេសាទ មានជនជាតិខ្មែរភាគច្រើនផងនោះកាន់តែធ្វើឱ្យយុវជនវ័យ ១៥ ឆ្នាំម្នាក់នេះមានអារម្មណ៍កក់ក្តៅ ចំពោះការចាប់យកមុខរបរមួយនេះ និងជានិច្ចកាល ចាន់ណា អាចប្រើពេលសម្រាករបស់ខ្លួន វ៉ៃគ្នា ឬចាប់បោកគ្នាលេងជាមួយអ្នកនេសាទនៅលើទូក។
សកម្មភាពវ៉ៃប្រឡែងគ្នា និងការហាត់ដាល់សម្បកកង់ឡានឡើងឈាមដៃរបស់ចាន់ណា បានធ្វើឱ្យតៃកុងទូកម្នាក់ ដែលជាអតីតកីឡាករប្រដាល់របស់ថៃ មានការចាប់អារម្មណ៍ពីទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ចាន់ណា ហើយបានបបួលចាន់ណា ឱ្យចូលហាត់ប្រដាល់វិញ នៅអំឡុងឆ្នាំ ២០១៧ បន្ទាប់ពីក្មេងប្រុសរត់ទៅពីកម្ពុជាម្នាក់នេះ បានចុះទូកបានចូល ៣ ឆ្នាំ។
រំឭកដល់រឿងនេះ ចាន់ណាបញ្ជាក់ថា៖ «តៃកុងទូកម្នាក់នោះមិនត្រឹមតែជាអតីតអ្នកប្រដាល់ប៉ុណ្ណោះទេ ប៉ុន្តែឪពុករបស់គាត់ក៏មានក្លិបប្រដាល់ដែរ ហើយនៅពេលគាត់បានព្យាយាមបញ្ចុះបញ្ចូល និងប្រាប់ខ្ញុំជាច្រើនលើកពីស្ថានភាពប្រដាល់នៅប្រទេសថៃ បានធ្វើឱ្យរូបខ្ញុំ កើតចិត្តចង់ហាត់ប្រដាល់ ដើម្បីបានឡើងប្រកួត បើទោះបីកន្លងមក ខ្ញុំមិនធ្លាប់បានមើលប្រដាល់សោះ»។
សម្រាប់ការចូលហាត់ប្រដាល់ក្នុងវ័យ ១៧ ឆ្នាំនេះចាន់ណាបានឱ្យដឹងថា មានការពិបាក និងហត់ខ្លាំងហើយក៏ចង់ឈប់ម្តងៗផងដែរ ព្រោះនៅថៃមានការហ្វឹកហាត់ខ្លាំង ហើយម្យ៉ាងទៀត ចាន់ណាខ្លួនឯងក៏មិនទាន់បានយល់ពីតាក់ទិក និងរបៀបរបបនៃការហាត់ប្រដាល់យ៉ាងម៉េចដែរ។ យ៉ាងណាក្តី ដោយមានការយកចិត្តទុកដាក់ពីប្រធានក្លិប និងគ្រូបង្វឹក ដែលរ៉ាប់រងចំពោះ ចាន់ណា ទាំងលើការហូបចុក ស្នាក់នៅ និងបានធ្វើទិដ្ឋាការឱ្យរស់នៅប្រទេសថៃដោយស្របច្បាប់ទៀតនោះ បានធ្វើឱ្យកីឡាករកម្ពុជារូបនេះ ដាក់ចិត្តហ្វឹកហាត់ពិតប្រាកដហើយហាត់បានត្រឹមជាង១ខែចាន់ណាចាប់ផ្តើមទទួលបានឱកាសប្រកួត ប៉ុន្តែជាការប្រកួតនៅតាមវត្ត និងកម្មវិធីបុណ្យផ្សេងៗ នៅស្រុកថៃ។
ផ្តើមចេញពីការទទួលបានតម្លៃខ្លួនត្រឹម ៥០០ បាត ចាន់ណា បានវ៉ៃកីឡាករថៃ ដែលទើបហ្វឹកហាត់ថ្មីថ្មោងដូចគ្នា ឱ្យសន្លប់នៅក្នុងទឹកទី៣ ហើយការចាប់ផ្តើមយ៉ាងល្អនេះ ចាន់ណា តែងតែទទួលបានឱកាសប្រកួតជាបន្តបន្ទាប់។ បើទោះបីជាប្រាក់តម្លៃខ្លួន ទទួលបានពីការប្រកួតទាំងអស់នេះ មិនអាចសេសសល់សម្រាប់រូបគេ ផ្ញើឱ្យឪពុកម្តាយដូចពេលចុះទូក ប៉ុន្តែកីឡាករកម្ពុជាផ្ញើខ្លួននៅស្រុកគេម្នាក់នេះ មិនបានរាថយ ចំពោះការចាប់យកអាជីពប្រដាល់នេះទេ។
មិនយូរប៉ុន្មាន ចាន់ណា ត្រូវបានសង្វៀន Max Muay Thai ដែលមានមូលដ្ឋាននៅទីក្រុង ផាតាយ៉ា ខេត្តឈុនប៊ុរី បានផ្តល់ឱកាសឱ្យឡើងប្រកួតជាលើកដំបូង បន្ទាប់ពីរូបគេ បានប្រកួតនៅតាមវត្ត និងកម្មវិធីបុណ្យផ្សេងៗបានចំនួន ២០ ដង ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ ចាន់ណា បានផ្តួលកីឡាករថៃឱ្យសន្លប់ នៅក្នុងទឹកទី៣ ជាមួយការទទួលបានតម្លៃខ្លួនដំបូងចំនួន ៩ ពាន់បាត។
ចាន់ណា បញ្ជាក់ថា៖ «ការប្រកួតបើកឆាក នៅ Max Muay Thai បានក្លាយជាការប្រកួតដ៏សំខាន់បំផុតដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្ញុំចាប់ផ្តើមរះឡើង។ ខ្ញុំទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាជនកម្ពុជា ដែលរស់នៅប្រទេសថៃ ព្រោះកីឡាករថៃដែលខ្ញុំបានវ៉ៃឱ្យសន្លប់នោះ ជាជម្រើសល្អ ១ រូប ដែលម្ចាស់សង្វៀនបានយកមកហើយរូបខ្ញុំផ្ទាល់ ក៏មិននឹកស្មានថា អាចធ្វើបានល្អបែបនេះដែរ»។
ជាមួយការបង្កើតបានប្រជាប្រិយភាពយ៉ាងលឿននេះ ចាន់ ណា បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ ដែលសង្វៀន Max Muay Thai បានរៀបចំដាក់ឱ្យប្រកួតជាប្រចាំ ក្នុងចន្លោះពេល៣សប្តាហ៍ឬ ១ ខែម្តងហើយក្រោយបង្ហាញខ្លួនជាបន្តបន្ទាប់បានជាង ២០ ដង ចាន់ណា ត្រូវបានម្ចាស់សង្វៀន Max Muay Thai ផ្តល់ឱកាសឱ្យប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ទម្ងន់ ៥៩ គីឡូក្រាម។
សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ នោះ ចាន់ ណា បានយកឈ្នះពិន្ទុកីឡាករថៃ ផេត មិតម៉ាយ នៅក្នុងវគ្គជម្រុះ និងបានបន្តយកឈ្នះកីឡាករថៃ ផេត ផាតាយ៉ានៅវគ្គជម្រុះ ដើម្បីឈ្នះបានខ្សែក្រវាត់ជាលើកដំបូង នៅក្នុងអាជីពអមជាមួយប្រាក់រង្វាន់ចំនួន ៥ ម៉ឺនបាត ហើយការឈ្នះបានខ្សែក្រវាត់នេះធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ ចាន់ណា កាន់តែល្បីល្បាញខ្លាំង។
សាន់ ចាន់ណា បញ្ជាក់ថា៖ «ការឈ្នះខ្សែក្រវាត់ នៅ Max Muay Thai បានក្លាយជាជោគជ័យយ៉ាងសំខាន់បំផុត ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្ញុំ មានភាពល្បីរន្ទឺខ្លាំង។ មិនថាតែអ្នកគាំទ្រទាំងនៅកម្ពុជា និងនៅថៃទេ ដែលបានគាំទ្រខ្ញុំ គឺសូម្បីអាជ្ញាធរដូចជាប៉ូលិសចរាចរណ៍ជាដើម គឺពួកគាត់ស្គាល់មុខខ្ញុំច្បាស់មែនទែន ហេតុនេះនៅពេលខ្ញុំជិះម៉ូតូភ្លេចពាក់មួកសុវត្ថិភាពក៏គាត់មិនចាប់ដែរព្រោះគាត់ស្រឡាញ់ និងឱ្យតម្លៃដល់សមត្ថភាពប្រកួតរបស់យើង»។
ជាមួយការសាងបានកេរ្តិ៍ឈ្មោះយ៉ាងត្រដែតនេះ ចាន់ណា ត្រូវបានផ្តល់ឱកាសឱ្យប្រកួតដណ្តើមខ្សែក្រវាត់ នៅសង្វៀន Super Champ ម្តងទៀត ប៉ុន្តែសម្រាប់ការប្រកួត កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នោះ ចាន់ណា ត្រូវបានប្រកាសឱ្យចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះរបស់ថៃ Khun Pun ដោយពិន្ទុ ហើយការឡើងប្រកួតនៅថៃ ក្នុងអំឡុងពេលកំពុងល្បីឈ្មោះនោះ ចាន់ណា ទទួលបានតម្លៃខ្លួនចន្លោះពី ២០ ០០០ ទៅ ២៥ ០០០ បាត ហើយរាល់ប្រាក់កម្រៃដែលរកបានរូបគេតែងតែផ្ញើមកឱ្យឪពុកម្តាយ។
យ៉ាងណាក៏ដោយ នៅពេលជម្លោះពាក្យសម្ដីរវាងអ្នកគាំទ្រ «គុនខ្មែរ» និង Muay Thai បានផ្ទុះឡើងខ្លាំង នៅចុងឆ្នាំ ២០២២ ក្នុងពេលដែលម្ចាស់ផ្ទះកម្ពុជាប្រកាសដាក់ Kun Khmer ជំនួសកីឡា Muay (Muay Thai) ចូលទៅក្នុងការប្រកួតស៊ីហ្គេម ជាលើកដំបូង កាលពីខែឧសភា ឆ្នាំ ២០២៣ នោះ បានធ្វើឱ្យអាជីពប្រដាល់របស់ ចាន់ណាបានស្លាប់ ព្រោះគ្រប់សង្វៀននៅប្រទេសថៃ មិនផ្គូផ្គងឱ្យកីឡាករកម្ពុជា ឡើងប្រកួតទៀតទេ ហើយពលករ ដែលធ្វើការនៅប្រទេសថៃមួយចំនួនធំ ក៏បានជួបវិបត្តិក្នុងគ្រានោះដែរ។
រំឭកទៅដល់បញ្ហានោះ ចាន់ណា បញ្ជាក់ថា៖ «កាលនោះ ខ្ញុំនៅតែរក្សាការហ្វឹកហាត់បានល្អ ប៉ុន្តែគេមិនចាប់គូឱ្យកីឡាករខ្មែរយើងឡើងប្រកួតទេ ហើយមានរឿងជាច្រើនទៀត បានកើតមានឡើង ក្នុងពេលដែលគុនខ្មែរ និង Muay Thai ឈ្លោះគ្នានោះ។ អ៊ីចឹងខ្ញុំត្រូវដេកដាច់បាយអស់រយៈពេលជាច្រើនខែ ហើយនេះជាមូលហេតុ ដែលខ្ញុំសម្រេចវិលមកប្រកបអាជីព នៅស្រុកខ្មែរយើងវិញ»។
យ៉ាងណាក្តីការវិលត្រឡប់មករស់នៅ និងប្រកបអាជីពជាអ្នកប្រដាល់នៅប្រទេសកំណើតរបស់ខ្លួនឯងនេះ ចាន់ ណាបានទម្លាយដោយមិនលាក់ថា រូបគេទទួលបានលទ្ធផលចាញ់ ច្រើនជាងឈ្នះ ហើយការធ្លាក់ចុះនោះ មិនទាក់ទងនឹងការហ្វឹកហាត់ទេ ប៉ុន្តែដោយសារការផ្គូផ្គងភាគច្រើន មិនសូវមានតម្លាភាពចំពោះរូបគេ មានន័យថា ពេលខ្លះ ចាន់ណា ត្រូវប្រកួតជាមួយអ្នកមានទម្ងន់ ៦០-៥៩ ឬ ៥៨ គីឡូក្រាម ខណៈរូបគេមានទម្ងន់មិនគ្រប់ ៥៧ គីឡូក្រាមផង។
ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ Krud Kun Khmer ទម្ងន់ ៥៧ គីឡូក្រាម នៅសង្វៀន ទទក ដែលបានដំណើរការចូល ១ ខែកន្លងមកនេះ ចាន់ណា កំពុងធ្វើបានល្អ ដោយរូបគេ បានផ្តួលកីឡាករឡាវ Kong Poachai ឱ្យសន្លប់នៅក្នុងទឹកទី៤ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ និងបានម៉ាត់កីឡាករថៃ Meknasak Serimon ឱ្យសន្លប់ត្រឹមទឹកទី២ កាលពីថ្ងៃទី ៧ ខែមករា ដើម្បីឈរនៅកំពូលតារាងប្រចាំពូល A ជាបណ្តោះអាសន្ន។
បើទោះបីជាការប្រកួតនេះ ចាន់ណា ត្រូវប្រឈមជាមួយកីឡាករជើងខ្លាំង ១ ទៀត ប៉ុន្តែរូបគេបានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការដណ្តើមយកខ្សែក្រវាត់នេះឱ្យបានដើម្បីសាងប្រជាប្រិយភាពនៅស្រុកខ្មែរខណៈពេលនេះរូបគេក៏មិនទាន់មានអ្វីជាដុំកំភួនសម្រាប់ខ្លួនឯងដែរ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះនិយាយថា៖ «បើនិយាយពីកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅស្រុកថៃ គឺមានភាពល្បី ប៉ុន្តែសម្រាប់ការវិលមកប្រកួតនៅកម្ពុជានេះ ខ្ញុំរាងធ្លាក់ជាងមុន។ តែទោះយ៉ាងណា សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ Krud Kun Khmer នៅសង្វៀន ទទក សមត្ថភាពខ្ញុំរាងកើនឡើងវិញ ដោយខ្ញុំបានផ្តួលកីឡាករឡាវ និងថៃ ឱ្យសន្លប់ដូចគ្នា ហើយជាមហិច្ឆតារបស់ខ្ញុំ គឺត្រូវដណ្តើមយកខ្សែក្រវាត់នេះឱ្យបាន ដើម្បីសាងបានភាពល្បី និងមានកេរ្តិ៍ឈ្មោះនៅស្រុកខ្មែរ»។
បន្ថែមទៅលើការដាក់ទិសដៅដណ្តើមឱ្យបានខ្សែក្រវាត់ ជាលើកដំបូងនៅកម្ពុជានេះ ចាន់ណា ក៏បានតាំងចិត្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យបានកាន់តែខ្លាំង ដើម្បីមានឱកាសឈានទៅដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក និងប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ធំៗ នាពេលខាងមុខផងដែរ។ នាពេលនេះចាន់ណាបានផ្តោតលើការហ្វឹកហាត់ខ្លាំងជាមួយលោកគ្រូសួង បញ្ញា នៅក្លិប HAHA Super Fight & Gym ស្ថិតនៅជាន់ទី៣ ផ្សារទំនើបអូឡាំព្យ៉ា។
ចាន់ណា បន្ថែមថា៖ «ខ្ញុំចង់សាងភាពល្បីល្បាញឱ្យដូចកីឡាករ ធឿន ធារ៉ា ដើម្បីមានឱកាសវ៉ៃដណ្តើមយកឡាន និងប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក ហើយការដាក់ចិត្តនេះ ខ្ញុំគិតថា វាមិនទាន់យឺតពេលនោះទេ ព្រោះសុខភាព កម្លាំង និងរាងកាយរបស់ខ្ញុំ នៅមានភាពរឹងមាំដដែលបើទោះបីជាពេលនេះ ខ្ញុំមានអាយុ ២៥ ឆ្នាំក៏ដោយ»។
យ៉ាងណាក៏ដោយ ជាមួយការដាក់គោលដៅនេះ ចាន់ណា ក៏កំពុងទទួលរងសម្ពាធជាថ្មី នៅពេលឪពុកម្តាយ បានសុំឱ្យរូបគេឈប់ឡើងប្រដាល់ ព្រោះការតស៊ូឡើងប្រកួតប្តូរឈាមស្រស់ សាច់ស្រស់លើសង្វៀនជាង៦ឆ្នាំមកនេះចាន់ណា នៅមិនទាន់សល់អ្វីជាដុំកំភួនទេ គឺមានតែស្នាមបែកនៅពាសពេញផ្ទៃមុខ៕