ភ្នំពេញៈ អ្នកជំនាញមានសុទិដ្ឋិនិយមថា ទឹកប្រាក់នាំចេញនាំចូលទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នឹងកើនឡើងថែមទៀតក្នុងឆ្នាំ ២០២៤ នេះ ខណៈក្នុងឆ្នាំ ២០២៣ សម្រេចបានជាង ៣,៣ ពាន់លានដុល្លារ កើនឡើងជាង ១/៣ ដង បើធៀបទៅនឹងឆ្នាំ ២០២២។
ស្ថិតិរបស់ SSEZ ទើបចេញផ្សាយថ្មីៗនេះ បង្ហាញថា ចន្លោះពីខែមករា-ធ្នូ ឆ្នាំ ២០២៣ ទំហំទឹកប្រាក់នាំចេញ-នាំចូលទំនិញរបស់រោងចក្រ/សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប ៣ ៣៦២ លានដុល្លារកើនឡើង ៣៤,៨៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ទឹកប្រាក់នាំចេញ នាំចូលរបស់ SSEZ គឺស្មើនឹង ៧,១៨ ភាគរយនៃទឹកប្រាក់នាំចេញ នាំចូលទំនិញសរុបកម្ពុជាឆ្នាំ ២០២៣ ដែលមានចំនួន ៤៦,៨៣ ពាន់លានដុល្លារ។
ចំនួនទឹកប្រាក់នាំចេញ-នាំចូល SSEZ នឹងបន្តកើនឡើង
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមករាថា កំណើនរោងចក្រ/សហគ្រាសថ្មីៗដែលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានធ្វើឱ្យទឹកប្រាក់នាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់កែច្នៃ និងទឹកប្រាក់នាំទំនិញទៅទីផ្សារអន្តរជាតិកើនជាបន្តបន្ទាប់។
លោកបន្ថែមថា មូលហេតុដែល SSEZ អាចទទួលបានរោងចក្រ/សហគ្រាសមកបណ្តាក់ទុនកាន់តែច្រើន គឺដោយសារស្ថានភាពនយោបាយ និងសន្តិសុខនៅកម្ពុជាល្អប្រសើរ ច្បាប់វិនិយោគមានលក្ខណៈអំណោយផល និងនៅជិតកំពង់ផែទឹកជ្រៅដែលផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូន។
លោកថ្លែងថា៖ «ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកពេលនេះមិនទាន់ល្អ ប៉ុន្តែខ្ញុំមានជំនឿថា ចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញរបស់កម្ពុជា ពិសេសបណ្តារោងចក្រ/សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងកើនឡើងច្រើនទៀត។ មូលហេតុដែលទឹកប្រាក់នាំចេញ-នាំចូលទំនិញកម្ពុជាកើនឡើង គឺដោយសារតែការបណ្តាក់ទុនផ្ទាល់នៅប្រទេសកម្ពុជា មានភាពអំណោយផលច្រើនសម្រាប់វិនិយោគិន»។
លោកបន្ថែមថា ភាគច្រើននៃរោងចក្រ/សហគ្រាសនៅក្នុង SSEZ គឺមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងមានផលិតផលចម្រុះជាច្រើន ពិសេសផលិតផលកាត់ដេរ គ្រឿងម៉ាស៊ីន អេឡិចត្រូនិក អគ្គិសនី គ្រឿងសង្ហារិម ក្តារបន្ទះ និងរោងចក្រផលិតសម្បកកៅស៊ូកង់យានយន្ត ជាដើម។ ទំនិញដែលផលិតបានភាគច្រើនត្រូវបាននាំចេញទៅទីផ្សារ អាមេរិក អឺរ៉ុប និងក្នុងទ្វីបអាស៊ី។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ជាទូទៅការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួលសម្រាប់វិនិយោគិន ទាំងការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញឯកសារនាំចេញ-នាំចូលជាដើម។ ការកើនឡើងចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញរបស់ SSEZ គឺបញ្ជាក់ពីសមត្ថភាពនៃផលិតកម្មនៅទីនោះ និងកំណើននៃរោងចក្រ/សហគ្រាសផងដែរ។
លោកបន្តថា ភាពវិជ្ជមាននៃសកម្មភាពផលិតកម្ម និងទឹកប្រាក់នាំចេញ នាំចូលជាលំដាប់នេះ ក៏ដោយសារតែកម្ពុជាមានទីផ្សារទទួលទិញកាន់តែច្រើន ព្រមជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចិន, កូរ៉េ, កិច្ចព្រមព្រៀង RCEP, និងប្រព័ន្ធអនុគ្រោះពន្ធគយពីប្រទេសមួយចំនួនផងដែរ។
លោកលើកឡើងថា៖ «ចំនួនទឹកប្រាក់នាំចេញ នាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងកើនឡើងថែមទៀតក្នុងឆ្នាំ ២០២៤ នេះ ខណៈការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកគឺនឹងល្អប្រសើរជាងឆ្នាំ ២០២៣»។ លោកបានបន្តថា៖ «សម្រាប់ចំនួនក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកដែលវិនិយោគនៅកម្ពុជាក៏កំពុងកើនឡើងច្រើនផងដែរ»។
តម្លៃថាមពលជាផ្នែកសំខាន់ក្នុងការទាក់ទាញវិនិយោគិន
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉រ បាននិយាយថា បើសិនកម្ពុជាអាចធ្វើឱ្យតម្លៃអគ្គិសនីកាន់តែទាបថែមទៀតនោះ វានឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យបញ្ចេញទុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ តម្លៃអគ្គិសនីទាប នឹងជួយកាត់បន្ថយចំណាយថ្លៃដើមដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកាន់តែខ្លាំង។
លោកប្រាប់ថា៖ «តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិន ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីចំណាយទៅលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគនឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»។
ចំនួនក្រុមហ៊ុនបណ្តាក់ទុននៅ SSEZ បន្តកើនឡើង
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា គិតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន ២៣១ មកពី ១០ ប្រទេសកំពុងបើកដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមួយនឹងទុនវិនិយោគជាង ១,២ ពាន់លានដុល្លារ។ បន្ថែមលើនេះក៏មានរោងចក្រចំនួន ៣២ កំពុងសាងសង់ និងគ្រោងបើកដំណើរការពេលឆាប់ៗ។ SSEZ កំពុងដើរតួនាទីសំខាន់នៅក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា។
ស្ថានភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ ២០២៣
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលប្រាក់បានជាង ២២,៦៥ ពាន់លានដុល្លារពីការនាំទំនិញទៅទីផ្សារអន្តជាតិ កើនឡើង ១,៨ ភាគរយពីចំនួន ២២,២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងការនាំចេញ កម្ពុជាក៏នាំចូលទំនិញពីក្រៅប្រទេសចំនួន ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយពីចំនួន ២៥,៤៦ ពាន់លានដុល្លារ។
ផ្អែកតាមទិន្នន័យខាងលើ គឺពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយបើធៀបឆ្នាំ ២០២២ ដែលមាន ៤៧,៧១ ពាន់លានដុល្លារ៕