​ភ្នំពេញៈ បុរស​ម្នាក់ រួម​ជា​មួយ​សង្សារ​បានធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​នៃ​ផ្ទះ​ ១​ កន្លែង ស្ថិតនៅ​ក្រុមទី​ ១៨ ភូមិ​ ៥ ក្រុង​ខេត្ត​ព្រះសីហនុ ធ្វើឱ្យ​មានការ​ភ្ញាក់​​ផ្អើល​កាលពី​ល្ងាច​ថ្ងៃទី ​១៦ ខែមករា ឆ្នាំ​ ២០២៤​។ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ថា ការធ្វើអត្តឃាត​របស់​អ្នក​ទាំង​ ២ ​នេះ ទំនងជា​កើតឡើង​ដោយ​សារ​ភ្លើង​ប្រចណ្ឌ ខាង​ប្រុស​បាញ់សម្លាប់​នារី​ជា​សង្សារ​រួចហើយ​ក៏​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​តែម្តង​។ 


​ករណី ​១​ ទៀត​ដែរ​ ដោយសារតែ​ការ​​ប្រចណ្ឌ បុរស​ម្នាក់​មាន​លំនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត បាន​ថតវីដេអូ​គំរាម​ចងក​សម្លាប់​កូន​ប្រុស​របស់ខ្លួន ដែល​ទើប​មាន​អាយុ​ ៥ ​ឆ្នាំ បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បីឱ្យ​ប្រពន្ធ​បានឃើញ និង​ត្រឡប់​មករក​ខ្លួន​វិញ​។ ចំពោះ​រឿងនេះ លោក ហ៊​ន ប៊ុន​ស៊ី​ដេ​ត អធិការនគរបាល​ស្រុក​អង្គរជ័យ បាន​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត បើ​មាន​ករណី​ស្រដៀង ឬ​ដូចគ្នានេះ ឬ​បញ្ហា​ក្នុង​គ្រសារ​ផ្សេងៗ ត្រូវ​ចេះ​អត់ធ្មត់ ហើយ​ស្វែងរក​ដំណោះ​​ស្រាយ​ដែល​ល្អ កុំ​ធ្វើ​សកម្ម​ភាព​ដោយ​មិនបាន​គិត​វែង​ឆ្ងាយ​នាំឱ្យមាន​បញ្ហា​ប្រឈម​នឹង​ផ្លូវច្បាប់​។

​លោក​អធិការ​បាន​លើក​ឡើង​ថា ការធ្វើ​តាម​កំហឹង​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​នោះទេ ហើយ​រឿងរ៉ាវ​ទាំងអស់​ក៏​មិនមែន​គ្មាន​ដំណោះស្រាយ​នោះដែរ គ្រាន់តែ​ថា តើ​អ្នក​ជួប​បញ្ហា​អាច​រៀន​ដោះស្រាយ​បញ្ហា​ឱ្យបាន​ល្អប្រសើរ​ដោយ​របៀប​ណា​ប៉ុណ្ណោះ​។​


​លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ម៉េច ឱ្យមាន​ភាព​អត់ធ្មត់ ហើយ​ការ​ប្រចណ្ឌ​ហ្នឹង​ធ្វើ​ម៉េច​ឱ្យ​កាត់បន្ថយ កុំឱ្យ​ប្រចណ្ឌ​ហើយ​ដល់​ថ្នាក់​ធ្វើ​របៀបនេះ អាហ្នឹង​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។ មាន​កិច្ចការ​អី​គឺ​យើង​ជំនុំគ្នាពិភាក្សាគ្នា​រក​ដំ​ណោះ​ស្រាយ​ទៅ ក្នុង​រង្វង់​គ្រួ​​សារ​កុំ​ឱ្យមាន​បញ្ហា​អ៊ីចឹង​ទៀត ព្រោះ​បើ​មាន​បញ្ហា​បែប​ហ្នឹង​វា​ប្រឈម​នឹង​ផ្លូវច្បាប់​ហើយ​»​។​

​ការសម្លាប់​ជីវិត​ឆៅៗ ភ្លាមៗ​ដោយ​មិនបាន​គិតគូរ​វែងឆ្ងាយ ឧទាហរណ៍​ដូច​ក្នុងករណីនេះ អាច​បណ្តាលមកពី​ចិត្ត​របស់​បុគ្គល​នោះ មិន​ធ្លាប់បាន​អប់រំ ជាពិសេស​មិន​ធ្លាប់​ហ្វឹកហាត់​ធ្វើ​សេចក្តី​ល្អ​ដាក់​អ្នកដទៃ ហេតុនេះ នៅពេល​ជួបប្រទះ​រឿងរ៉ាវ​ក្តៅក្រហាយ​ផ្សេងៗ ចិត្ត​នោះ​ស្ទុះ​ចេញទៅ​ធ្វើ​នូវ​អំពើអាក្រក់ ដោយ​គ្មានអ្វី​ជា​របាំង​អាច​រារាំង​បានឡើយ​។​


​បញ្ហា​ផ្លូវចិត្ត​តែង​កើតមាន​លើ​មនុស្ស​គ្រប់គ្នា គ្រាន់តែ​ខ្លះ​មាន​តិច ខ្លះ​ច្រើន​ប៉ុណ្ណោះ​។​ដំណោះស្រាយ នៃ​ការ​គ្រប់​​គ្រង​ចិត្ត​ឱ្យបាន​ល្អ ភិក្ខុសង្ឃ និង​អ្នកជំនាញ​ចិត្តសាស្ត្រ ណែនាំ​ឱ្យ​រៀន​អប់រំ​ចិត្ត​តាម​ព្រះពុទ្ធសាសនា ហាត់ពត់​លត់​ដំ​ចិត្ត រៀន​ព្រម​ល្មម​ក្នុង​ជីវិត ចេះ​ទទួលយក​ការពិត​ផង និង​ចេះ​រក​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្លូវចិត្ត​ផង ដើម្បី​ជា​ពន្លឺ​បន្ថែម​ក្នុងការ​ដោះស្រាយ​បញ្ហា មិន​ត្រូវយក​ការស្លាប់​ដាក់​មុខ​នោះទេ​។​

​សម្តេច​ព្រះមហា​អរិយវង្ស យ៉​ន សេង​យៀ​ត សាកលវិទ្យាធិការរង នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ និង​ជា​ព្រះ​បាឡាត់​គណ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ដើម្បី​កុំឱ្យ​ចិត្ត​ស្ទុះ​ទៅ​ឃាត់​មិន​ឈ្នះ​តួយ៉ាង​ដូច​ករណី​អត្តឃាត​នេះ​ជាដើម បុគ្គល​គួរតែ​ហាត់ពត់​ចិត្ត ដោយ​យក​ខ្លួនឯង​ជា​ឧបមា ចំពោះ​សេចក្តីស្រឡាញ់ នៃ​ជីវិត​របស់ខ្លួន កុំ​បណ្តោយឱ្យ​ភាព​ល្ងង់​ខ្លៅ​គ្របដណ្តប់​ចិត្ត​រហូត​គិតថា ការធ្វើអត្តឃាត​គឺជា​រឿង​ត្រឹមត្រូវ​។​

​សម្តេច​សង្ឃ​បញ្ជាក់ថា​៖ «​ត្រូវ​គិតថា ជីវិត​នេះ​មានតម្លៃ​ណាស់ ជន​ដទៃ​ណា ដែល​រស់​នៅ​ជុំវិញ​យើង ជន​ទាំងឡាយ​នោះ​គឺមាន​ការស្រឡាញ់​ជីវិត​របស់ខ្លួន ដូច​យើង​ស្រឡាញ់​ជីវិត​របស់​យើង​ដែរ​»​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ការធ្វើអត្តឃាត​មិនបាន​នាំមក​នូវ​ប្រយោជន៍​អ្វី​សូម្បីតែ​បន្តិច​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ ហេតុនេះ គ្រប់គ្នា​ត្រូវតែ​ចៀសវាង នូវ​ការ​ធ្វើអំពើ​ជា​អកុសល​ជា​ឃាត​កម្មណា​មួយ ហើយ​ធ្វើអត្តឃាត​ខ្លួនឯង ពីព្រោះ​ទង្វើ​ទាំង ​២ ​នេះ មិន​ត្រឹមតែ​គ្មាន​ផលចំណេញ​ទេ ប៉ុន្តែ​ថែមទាំង នាំមក​នូវ​សេចក្តី​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ​ផង គ្រួសារ​ខ្លួនឯង​ផង និង​នាំទុក្ខ​ដល់​សង្គមជាតិ​ទៀតផង​។​

​បើតាម​សម្តេច​សង្ឃ យ៉​ន សេង​យៀ​ត បញ្ហា​ស្មុគស្មាញ​ផ្លូវ​ចិត្តជា​ផ្នែក​ ១ ​នៃ​ជីវិត​មនុស្ស ហើយ​វា​មិនមែនជា​រឿង​ថ្មី​នោះទេ​។​នេះ​ជា​ធម្មជាតិ​មួយ ដែល​តែងតែ​ប្រាកដ​មាន​ឡើង​សម្រាប់​គ្រប់គ្នា ដែលមាន​ជីវិត​តាំងនៅ​។ ដើម្បី​ប្រឈមមុខ​ចំពោះ​បញ្ហា​ទាំងនោះ តាម​ទស្សនវិជ្ជា​ព្រះ​ពុទ្ធសាសនា អ្នកមាន​បញ្ហា​ផ្លូវ​​ចិត្ត ជាដំបូង​ត្រូវ​ទទួលស្គាល់ថា​ខ្លួន​មាន​បញ្ហា បន្ទាប់មក​ត្រូវ​ដឹងថា បញ្ហា​ដែល​កើតឡើង​នោះ​ជា​អ្វី ហើយ​កើតចេញ​មកពី​ប្រភព​ណា​។

ប្រភព​ក្នុងន័យនេះ ព្រះពុទ្ធសាសនា ចង់​សំដៅលើ ចិត្ត​របស់​មនុស្ស​គឺ​គ្រប​ដណ្តប់​ដោយ​លោកធម៌​ ៨ ​យ៉ាង គឺ​លាភ អលាភ យស អយ​ស និន្ទា សរសើរ សុខ ទុក្ខ នៅពេល​ដឹង​ពី​ប្រភព​បញ្ហា​ហើយ ចុងក្រោយ​គឺ​ត្រូវ​រក​ដំណោះ​ស្រាយ​ដែល​ត្រឹមត្រូវ​។​ 

​ព្រះ​តេជគុណ​បន្ថែមថា បញ្ហា​ផ្លូវចិត្ត​រមែង​ជះឥទ្ធិពល​ដល់​ផ្លូវ​កាយ ព្រោះ​ចិត្ត​និង​កាយ​មានការ​ទាក់ទង​គ្នា ពោលគឺ​បើ​ចិត្ត​ឈឺ នោះ​កាយ​ក៏​ឈឺ​ទៅតាម​នោះដែរ ហេតុនេះ​ពេល​ឈឺចិត្ត​ត្រូវ​ស្វែងរក​ការពិភាក្សា​ជាមួយ​ព្រះសង្ឃ ដែលមាន​ការយល់​ដឹង​អំពី​ការអប់រំ​ចិត្ត ឬក៏​អាច​ស្វែងរក​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ ដែល​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​។ ដោយឡែក​ពេល​ឈឺ​កាយ ក៏​គួរ​ណាស់​តែ​ទៅ​ស្វែង​រក​ពេទ្យ​ផងដែរ ព្រោះ​គេ​មិនអាច​ទៅ​ពឹង​ខុស​ទំនង ដូចជា​ទៅ​ពឹង​ការរក​ស្រោច​ទឹក ឬ​គ្រូ​ហ្ម វត្ថុ​ស័ក្តិសិទ្ធិ បន់ស្រន់​ឱ្យ​ជា​បាន​នោះទេ​។​

​សម្តេច​មាន​សង្ឃដីកា​ថា​៖ «​នៅក្នុង​ព្រះពុទ្ធសាសនា​មិន​មាន​ណែនាំ​ឱ្យ​បួងសួង​ដើម្បី​ព្យាបាល​រោគ​ទេ​។​ព្រះពុទ្ធ​ជា​ម្ចាស់​ពេល​លោក​អាពាធ លោក​ឱ្យ​ពេទ្យ​មក​មើល​អ៊ីចឹង​ដែរ ពរ ពាក់ព័ន្ធ​នឹង​រាងកាយ​ព្រះអង្គ អ៊ីចឹង ការ​ទៅ​ស្នើសុំ​បួងសួង​ដើម្បីឱ្យ​ជា​រោគ មិនគួរ​មាន​ទេ ពរ ព្រោះ​វា​នាំមក​នូវ​ផល​អ​វិ​ជ្ជ​មាន​មិន​ផ្តល់​អ្វី​ជា​ដុំកំភួន​នោះទេ គួរ​ជឿ​លើ​ខ្លួនឯង និង​វិធីសាស្ត្រ​ព្យាបាល​របស់​គ្រូពេទ្យ​»​។​

​ភិក្ខុ​អគ្គ​ធ​ម្មោ ជ្រួញ ពិសី គង់នៅ​វត្ត​បឹងរាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​-​ខេត្តបាត់ដំបង មាន​សង្ឃ​ដីកា​ថា នៅពេល​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត បញ្ហា​ផ្លូវ​ចិត្ត​ផ្សេងៗ អ្នក​ជួប​បញ្ហា​ផ្ទាល់​ត្រូវ​សិក្សា​ស្វែងយល់ សង្កេត​ពិនិត្យមើល​ខ្លួនឯង ជាដំបូង​ត្រូវ​ដឹង​ពី​មូលហេតុ​នៃ​បញ្ហា ហើយ​ត្រូវ​ពិនិត្យមើល​លទ្ធភាព​ជាក់ស្តែង​ក្នុងការ​ដោះស្រាយ​។បើ​ដោះ​មិន​ចេញ​ក៏​មិនត្រូវ​បង្ខំ​នោះដែរ គឺ​ត្រូវ​សម្រាក​ហើយ​រិះរក​វិធីសាស្ត្រ​ផ្សេងៗ ឬ​រក​អ្នកណា​ដែល​អាច​ផ្តល់​ប្រឹក្សា ផ្តល់​ដំណោះស្រាយ​ល្អ​បាន​។

ប្រភព​ដដែល​បន្តថា សំខាន់​គឺ​ត្រូវ​ចេះ​ទទួលស្គាល់​ការពិត ទទួលស្គាល់​រឿងរ៉ាវ​ដែល​កើតមានឡើង​ក្នុង​ជីវិត និង​ចេះ​រក្សា​ចិត្ត​កុំឱ្យ​បែកគំនិត​គិត​រក​ទៅ​បញ្ចប់ជីវិត ព្រោះថា​ទោះបី​ជីវិត​ត្រូវ​បញ្ចប់ ក៏​មិនអាច​ដោះស្រាយ​បញ្ហា​បានដែរ​។ ការដោះស្រាយ​បញ្ហា​ឱ្យ​អស់ពី​លទ្ធ​ភាពជា​រឿង​ល្អ​បំផុត​។​

​បើតាម​ភិក្ខុ​អគ្គ​ធ​ម្មោ ជ្រួញ​ ពិសី ផ្នត់គំនិត​ជំនឿ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​តាំងពី​យូរ​មកហើយ គឺ​ពេល​មាន​បញ្ហា​ទៅ​ពឹង​រក គ្រូ​ពូកែ វត្ថុ​ស័ក្តិសិទ្ធិ ការ​បន់ស្រន់​ផ្សេងៗ ដែល​សកម្មភាព​ទាំងនោះ​ការពិត​មិនបាន​ជួយ​អ្វី​ឱ្យ​ត្រូវ​ត្រង់​តាម​សេចក្តី​ពិត​នៃ​ការដោះស្រាយ​បញ្ហា​ឡើយ ពេលខ្លះ​បែរជា​បន្ថែម​បន្ទុក​បញ្ហា​ទៅវិញ​។​

​ព្រះ​តេជគុណ​បញ្ជាក់ថា​៖ «​វិធីសាស្ត្រ​នៃ​ការដោះស្រាយ​បញ្ហា​យើង​មិនអាច​រក​គ្រូ​ស្រោច​ទឹក ឬក៏​រក​វត្ថុ​ស័ក្តិសិទ្ធិ មក​ដើម្បីឱ្យ​រួច​រំដោះ​ពី​រឿង​ទាំង​អស់ហ្នឹង​បានទេ ជួប​បញ្ហា​ណា​ដោះស្រាយ​បញ្ហា​ហ្នឹង​ព្រោះ​បញ្ហា​នេះ យើង​អាច​ដោះ​ស្រាយ​ដោយ​សមត្ថភាព​របស់ខ្លួន​ឯង​ផ្ទាល់ យើង​មិនអាច​ទៅរក​វត្ថុ​ស័ក្តិសិទ្ធិ​បារមី​គ្រូ​ពូកែ​មកជួយ​បានទេ​»​។​

​ចំពោះ​ការពឹង​រក​វត្ថុ​ស័ក្តិសិទ្ធិ​គ្រូ​បារមី​ផ្សេងៗ​នេះ ក៏មាន​បុគ្គល​ខ្លះ​ឈឺ​កាយ ប៉ុន្តែ​បែរជា​មិន​ព្រម​ទៅរក​ពេទ្យ​ព្យាបាល​ក៏មាន ព្រោះ​គេ​ជឿថា ការឈឺ​នោះ​បណ្តាលមកពី​ខុស​នេះ​ខុស​នោះ ហើយក៏​ទៅរក​គ្រូ​មើល​។ ចំណុច​នេះ​ភិក្ខុ​អគ្គ​ធ​ម្មោ ជ្រួញ ពិសី ប្រាប់ថា ជឿ​អ្វី​ក៏​ជឿ​ចុះ ប៉ុន្តែ​យ៉ាងណាក៏ដោយ កុំ​​ភ្លេច​យក​អ្នកជំងឺ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ផង ដើម្បី​ពិនិត្យ​ឱ្យដឹង​ការពិត និង​អាច​ព្យាបាល​ទាន់ពេលវេលា​។  

​ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា​៖ «​រឿង​ជំនឿ ជន​គ្រប់រូប​មាន​សិទ្ធិ​នៅក្នុង​ការជ្រើសរើស ប៉ុន្តែ​សូម​ប្រាកដ​ដោយ​ការ​​ថ្លឹងថ្លែង កុំឱ្យ​ចោល​វិទ្យាសាស្ត្រ ព្រោះ​សម័យកាល​យើង​នេះ​ជា​សម័យ​កាលដែល​ដើរ​បែប​វិទ្យាសាស្ត្រ សូម្បី​ការអប់រំ​ក៏​បែប​វិទ្យាសាស្ត្រ​ដែរ​»​។

​លោក ទូច បូរិទ្ធ ប្រធាន​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​បេស​​ឡាប បាន​និយាយថា ទាក់ទង​នឹង​បច្ចេកទេស​សុខាភិបាល ដើម្បីឱ្យ​សុក្រឹត​លុះត្រាតែ​អ្នក​​ជំងឺ​មក​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ជាពិសេស​ឆ្លងកាត់​ការពិនិត្យ​តាមរយៈ​មន្ទីរពិសោធន៍ ប៉ុន្តែ​បើ​អ្នកជំងឺ មិនបាន​ទៅរក​ការ​ពិនិត្យ​បាន​ត្រឹមត្រូវ​តាម​វិទ្យា​​សាស្ត្រ​សុខាភិបាល បែរ​ទៅជា​ទៅ​ពឹង​រក​គ្រូមន្តអាគម គ្រូ​​បារមី​ផ្សេងៗ​ព្យាបាល​នោះ គឺគ្រូ​ទាំងនោះ​បានត្រឹមតែ​ព្យា​បាល​តាម​ទម្លាប់​របស់​ពួកគាត់​ប៉ុណ្ណោះ ហើយ​កត្តា​នេះ​មិន​ត្រឹមតែ​មិនជា ពេលខ្លះ​នាំឱ្យ​អ្នកជំងឺ​កាន់តែ​ឈឺធ្ងន់ធ្ងរ​។​

​លោក ​ទូច បូរិទ្ធ បាន​លើក​​ឡើង​ថា មាន​ជំងឺ​មួយចំនួន​ដែល​នៅក្នុង​ផ្នត់គំនិត​ប្រជា​ពលរដ្ឋ​ខ្មែរ​យល់ថា ត្រូវ​ខ្មោច​កាច់ ឬ​ត្រូវ​អំពើ​គេ ហើយក៏​ប្រញាប់​ទៅរក​គ្រូមន្តអាគម​ឱ្យជួយ​ព្យាបាល ក្នុងនោះ​មាន​ជំងឺ​មួយ​ដែល​ឧស្សាហ៍​ឈឺ​ចុកចាប់​តាម​សាច់ដុំ តាម​សន្លាក់​ផ្សេងៗ ដែល​តាម​ការពិត​ជំងឺ​ទាំងនេះ​កើតឡើង​ដោយសារ​ការ​លើស​អាស៊ីត និង​បញ្ហា​សន្លាក់​ប៉ុណ្ណោះ ក្រៅពីនេះ​នៅមាន​ជំងឺ​ស្កន្ទ​ជាន់ ឆ្កួតជ្រូក​ជាដើម ក៏​ពលរដ្ឋ​មួយចំនួន​យល់ថា ត្រូវ​ខ្មោច​ធ្វើ ឬ​ត្រូវ​អំពើ​គេ​ដែរ​។ 

​លោក​ប្រធាន​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​បេស​ឡាប បាន​លើកឡើងថា ដើម្បី​កុំឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ សាច់ញាតិ​អ្នកជំងឺ​គួរតែ​ឆ្លៀត​យក​អ្នកជំងឺ​ទៅពិនិត្យ​តាម​វិទ្យាសាស្ត្រ​សុខាភិបាល​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ​តាម​ក្បួន​វិ​ជ្ជ​សាស្ត្រ​ទាន់ពេលវេលា ជាជាង​ទៅរក​គ្រូ​មន្ត​ត​អាគម ឬ​គ្រូ​ដោះ​អំពើ​ផ្សេងៗ ។​

​លោក​បញ្ជាក់ថា​៖ «​សម័យមុន​យើង​អត់​ទាន់​មាន​ភាពជឿនលឿន​ផ្នែក​សុខាភិបាល តែ​ឥឡូវ​យើង​ឈាន​ចូលដល់​ចំណុច​ខ្ពស់​ហើយ រហូតដល់​សូម្បី​យើង​ឈឺក្បាល​មិន​បាត់ មិនជា ក៏មាន​បច្ចេកទេស​ក្នុង​ង​ការ​ពិនិត្យមើល​ច្រើន​ដែរ ពីមុន​យើង​ឈឺក្បាល​យល់ថា​គេ​ធ្វើអំពើ​ធ្វើ​អី តែ​ការពិត​ដុះ​ដុំ​សាច់​ក៏​ឈឺក្បាល ខ្វះ​គ្រាប់​ឈាម​ក៏​ឈឺក្បាល យើង​អាច​វិភាគ​មើល​បាន​»​។​

​លោក ម៉េ​ត តារា​មូ​ន វេជ្ជបណ្ឌិត​ឯកទេស​ជំងឺផ្លូវចិត្ត និង​គ្រឿងញៀន នៃ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺផ្លូវចិត្ត អា​ម៉ា​រី បានឱ្យដឹងថា ជំងឺផ្លូវចិត្ត​មាន​ជាង ២០០ ប្រភេទ ក្នុងនោះ​អ្នកជំងឺ​ផ្លូវចិត្ត​មួយចំនួន​មិនអាច​ផ្សាភ្ជាប់​រវាង​ការពិត និង​ការ​ស្រមើល​ស្រមៃ​បានទេ ហេតុនេះ​នៅពេល​អ្នកជំងឺ​មាន​រោគសញ្ញា និង​ការគិត​ប្លែកៗ មិនថាតែ​នៅ​កម្ពុជា​ទេ ជាពិសេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​តែម្តង តែង​គិត​ទៅដល់​រឿង​ជំនឿ​អ​រូបិយ ពោលគឺ​ពេល​ឈឺ​តែង​គិតថា ត្រូវ​អំពើ​គេ ឬក៏​ត្រូវ​ខ្មោច​ធ្វើ​ជាដើម​។​

​លោក​បន្តថា ការយក​អ្នកជំងឺ​ទៅ​គ្រូ​ព្យាបាល​តាម​ជំនឿ មិនអាច​ជួយ​ឱ្យ​អ្នកជំងឺ​បានជា​សះស្បើយ​ត្រឹមត្រូវ​នោះទេ ផ្ទុយទៅវិញ​អាច​បណ្តាលឱ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​និង​ពិបាក​ព្យាបាល រហូត​មាន​អ្នកខ្លះ ហួសពេល​សម្រាប់​ការព្យាបាល​តាម​វេជ្ជសាស្ត្រ​តែម្តង​។

លោក​ថ្លែងថា​៖ «​នៅពេលដែល​យើង​ផ្សាភ្ជាប់​ជាមួយ​ជំងឺ និង​ជំនឿ​ហ្នឹង វា​ធ្វើឱ្យ​ជះឥទ្ធិពល​មិនល្អ​ខ្លាំង ប៉ះពាល់​ខ្លាំងណាស់​ដល់​អ្នកជំងឺ​។ ជំងឺ​គាត់​ត្រូវ​ញ៉ាំ​ថ្នាំ​ជាសះស្បើយ បែរជា​ទៅរក​គ្រូខ្មែរ​ ៤-១០ នាក់ ធ្វើបាប​គាត់​គ្រប់យ៉ាង នាំឱ្យ​អ្នកជំងឺ​កាន់តែ​ពិបាកទៅៗ​»​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ការព្យាបាល​តាមរយៈ​ការអប់រំ​ផ្លូវចិត្ត​តាមបែប​ព្រះពុទ្ធសាសនា គឺមាន​អំណោយផល​ល្អ​និង​អាចជួយ​បាន​យ៉ាងច្រើន​ចំពោះ​អ្នកជំងឺ​ផ្លូវចិត្ត ដូចជា​ការធ្វើ​សមាធិ​ជាដើម​។ អ្នកជំនាញ​រូបនេះ​ប្រាប់ថា ​មាន​មូលហេតុ​ ៣ ​យ៉ាង​ដែលនាំឱ្យ​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត គឺ កត្តា​ផ្លូវចិត្ត ផ្លូវកាយ និង​សង្គម​។

លោក​បញ្ជាក់ថា កត្តា​ទី​១ ​គឺ​បញ្ហា​ផ្លូវចិត្ត​អាច​កើតឡើង​ដោយសារ​បុ​គ្ក​លិ​ក​លក្ខណៈ​របស់​មនុស្ស​ពី​កំណើត ចូលចិត្ត​គិត​ច្រើន បារ​ម្មណ៍​និង​ខ្វល់ខ្វាយ​ច្រើន ចំណែក​ទី​២ ទាក់ទង​និង​កត្តា​ផ្លូវកាយ គឺ​ទាក់ទង​នឹង​ភាពមិនធម្មតា​នៃ​ខួរក្បាល កាលណា​ខួរក្បាល​មាន​ភាពមិនធម្មតា​ផ្នែក​ណាមួយ​ក៏​ជះឥទ្ធិពល​នាំឱ្យមាន​បញ្ហា​ផ្លូវចិត្ត​ផងដែរ​។​

​លោក​បន្ថែមថា ដោយឡែក​ចំពោះ​កត្តា​មួយទៀត​ដែល​ទាក់ទង​នឹង​សង្គម ក៏​អាច​បណ្តាលឱ្យ​មនុស្ស​មាន​ជំងឺផ្លូវចិត្ត​កើតឡើង​ផងដែរ ឧទាហរណ៍​ដូចជា​ពេល សង្គម​ត្រូវ​បិទ​ខ្ទប់​ដោយ​ជំងឺ​រា​ត្បា​ត​សកល​ផ្សេងៗ ឬក៏​អាច​កើតឡើង​ដោយសារ​ទំនាក់ទំនង​ផ្សេងៗ​ដែល​កើតឡើង​ក្នុងសង្គម​។​

​បើតាម​លោក ម៉ែត ដា​រា​មូ​ន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ គ្រប់គ្នា​ត្រូវតែមាន​ការចាប់អារម្មណ៍​ដឹង​ពី​ភាព​ប្លែក​ខុសធម្មតា​របស់ខ្លួន ហើយ​ត្រូវ​កំណត់​ដឹងថា សុខភាព​ផ្លូវចិត្ត​ក៏​ចេះ​ឈឺ​ដូច​ផ្លូវកាយ​ដែរ​។ មួយវិញទៀត​របៀបរ​បប​នៃ​ការរស់នៅ​ល្អ ក៏​ជា​ជ្រុង​មួយ​ជួយ​កុំ​ឱ្យមាន​បញ្ហា​ជំងឺផ្លូវចិត្ត​។ បន្ថែម​លើ​នេះ​ការស្វែងយល់​ពី​វិធីសាស្ត្រ​ក្នុងការ​ទប់ទល់​កំហឹង កាត់បន្ថយ​ការតានតឹង វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​នៅពេល​ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗ ការ​គេង​ឱ្យបាន​គ្រប់គ្រាន់ ហាត់ប្រាណ និង​ទទួលទាន​អាហារ​ឱ្យបាន​ទៀងទាត់ ក៏​ជា​ផ្នែក​១ ​ជួយ​កុំ​ឱ្យមាន​បញ្ហា​ផ្លូវចិត្ត​ផងដែរ​៕