ភ្នំពេញៈ ការជំរុញឱ្យ​រថយន្ត​ដឹកទំនិញ​កែច្នៃ​ដឹក​កម្មករ​​កាត់ដេរ​ប្តូរ​ជា​រថយន្ត​មាន​កៅអីអង្គុយ​ឬ​ជា​រថយន្តក្រុង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចំពោះ​កម្មករ ប៉ុន្តែ​ដំណើរការ​នេះ​នៅតែ​មិន​សម្រេចបាន​តាម​គោល​ដៅ​ព្រោះ​កត្តា​ជីវភាព​របស់​អ្នកបើកបរ ខណៈ​ក្នុង​ឆ្នាំ ​២០២៣​ មាន​កម្មករនិយោជិត​ជួប​គ្រោះ​ថ្នាក់​ការងារ​និង​គ្រោះថ្នាក់​ច​រា​​ចរណ៍​ទាំងប្រុស និង​ទាំងស្រី​សរុប ១៤ ៣១២​ នាក់​។​


​កំពុង​ដេក​ក្នុង​អង្រឹង​ដែល​ខ្សែ​ម្ខាង​ចង​នឹង​ច​ង្រឹ​ង​ទ្រុង​ដែក​ផ្សាភ្ជាប់​នឹង​រថយន្ត​ក្រោម​ម្លប់​ដើម​ស្នាយ​ ១​ ដើម​ ជាមួយនឹង​ចំហាយ​កម្តៅ​ពេល​ថ្ងៃត្រង់​ គឺ​លោក សុខ​ខៃ ប្រសើរ អ្នកបើករថយន្ត​ដឹក​កម្មករ​កាត់ដេរ​ក្នុងចំណោម​អ្នកបើកបរ​ ៤​ នាក់​ផ្សេងទៀត​។      

​អំឡុងពេល​កំពុង​រង់​ចាំ​ដល់ពេល​ល្ងាច​ដើម្បី​ប្រមូល​ដឹក​កម្មករ​ទៅ​លំនៅឋាន​វិញ​នោះ​លោក​ សុខ​ខៃ ប្រសើរ បាន​និយាយថា លោក​បាន​ប្រកបមុខរបរ​ជា​អ្នកបើករថយន្ត​ដឹក​កម្មករ​កាត់ដេរ​រយៈ​ពេល​ ៧ ​ឆ្នាំ​មកហើយ ហើយ​រថយន្ត​ចំណុះ ​២​ តោន​កន្លះ​ ១ ​គ្រឿង​នេះ​ គឺ​លោក​បាន​ពី​ការខ្ចី​ពី​ធនាគារ​ចំនួន​ ១៥ ០០០ ​ដុល្លារ​។ ប៉ុន្តែ​ការធ្វើ​ជំនួញ​ជាមួយ​បងប្អូន​កម្មករ​កាត់ដេ​រ​នេះ​មិនបាន​សល់​លុយកាក់​សម្រាប់​ធ្វើជា​អ្នក​មានអី​ទេ​។​


​បុរស​សម្បុរ​ស្រអែម​មកពី​ភូមិ ត្រពាំង​ឈូក ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ​រូបនេះ​បាន​បន្តថា ដើម្បី​ឱ្យទាន់​ម៉ោង​ចូលធ្វើការ​គឺ​លោក​ត្រូវ​ក្រោក​ពី​ទៀបភ្លឺ​បើក​ដើរ​ប្រមូល​កម្មករ​ក្នុងភូមិ​ហើយ​ត្រូវ​បន្តដំណើរ​ជាង​ ២០ ​គីឡូម៉ែត្រ​ទៀត​ទើប​ដល់​រោងចក្រ​នៅ​កំបូល​។​

រីឯ​ប្រាក់​សេវា​ដឹក​ ​គឺ​លោក​ត្រូវយក​ពី​បងប្អូន​កម្មករ​ក្នុង​ម្នាក់ៗ ​៦ ​ម៉ឺន​រៀល​ដែល​សរុប​ក្នុង​ ១ ​ខែ​បាន​ប្រហែល ​៧៥០ ​ដុល្លារ​ដែរ​ហើយ​ថ្វីបើ ថ្លៃ​សេវា​ដឹក​មើលទៅ​ឃើញថា បាន​គ្រាន់បើ​ក៏ពិតមែន​តែ​ត្រូវ​ចំណាយ​ទៅវិញ​ស្ទើរតែ​មិន​សល់​ប្រាក់ចំណេញ​ ៤០​ ម៉ឺន​រៀល​ផង​ក្នុង​ ១ ​ខែ​។​ម្យ៉ាងទៀត​បើ​សមត្ថកិច្ច​តម្រូវឱ្យ​កែ​ពី​រថយន្ត​ដឹកទំនិញ​មកជា​រថយន្ត​មាន​កៅអី​នោះ​ក៏​កាន់តែ​ទៅ​មិន​រួច​ទៀត​ព្រោះ​ដឹក​បាន​មនុស្ស​តិច​។​


​លោក សុខ​ខៃ ប្រសើរ ថ្លែងថា​៖ «​ប្រាក់​ថ្លៃឈ្នួល​ដែល​ខ្ញុំ​ប្រមូលបាន​ពី​កម្មករ​គ្រាន់តែ​ទប់ទល់​ការចំណាយ​ទៅវិញ​ស្ទើរ​មិន​រួចខ្លួន​ផង​។​ខែ​ខ្លះ​ខ្ញុំ​បង់​ទៅ​ធនាគារ​មិន​គ្រប់​ផង​អត់​សល់​អី​ទេ​ហើយ​ណាមួយ​ប្រេងសាំង​ក៏​ថ្លៃ​ទៀត​»​។​

​ការប្រើ​រថយន្ត​ដឹកទំនិញ​កែច្នៃ​ជា​រថយន្ត​ដឹក​កម្មករនិយោជិត​កាត់ដេរ​នេះ​ក៏​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ចាត់ជា​ផ្នែក​មួយ​នៃ​បញ្ហា​គ្រោះថ្នាក់​ច​រា​ចរណ៍​ដែរ​។​ ប៉ុន្តែ​ត្រូវបាន​លោក​ប្រសើរ​ប្រាប់ថា ជា​ញឹកញយ​លោក​ក៏ត្រូវ​បាន​ខាង​ភាគី​រោង​ចក្រ​កាត់ដេរ​រួមទាំង​អង្គការ​ដែល​ធ្វើកា​ងារ​ពាក់ព័ន្ធ​គ្រោះ​ថ្នាក់​ចរាចរណ៍​អញ្ជើញលោក​ក៏ដូចជា​អ្នកបើករថយន្ត​ដឹក​កម្មករ​ផ្សេងទៀត​ចូលរួម​រៀន​​សូត្រ​ក្នុង​រោងចក្រ​ហើយ​លោក​ក៏​យល់ដឹង​ខ្លះៗ​ដែរ​។​

​ដោយឡែក​លោក ពៅ សុភា អាយុ​ ២៤​ ឆ្នាំ ​ដែល​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​ប្រពន្ធ​កូន ​៣​ នាក់​ទៀត​និង​មាន​លំនៅ​ម្តុំ​ភ្នំ​ប្រសិទ្ធិ៍ ហើយក៏​ជា​អ្នកបើករថយន្ត​ដឹក​កម្មករ​មួយរូប​ដែរ​នោះបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មាន​រថយន្ត​ប្រភេទ​ដឹកទំនិញ​ហើយ​កែច្នៃ​ផ្សា​ដែក​ធ្វើ​ទ្រុង​សម្រាប់​ដឹក​កម្មករ​ដែល​ក្នុង​ ១ ​រថយន្ត​អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល ​៥០ ​នាក់ ក្នុង​មនុស្ស​ម្នាក់ ត្រូវយក​ថ្លៃ​សេវា​ដឹក ​៥ ​ទៅ​ ៦ ​ម៉ឺន​រៀល​ ក្នុង ​១ ​ខែ​ទៅតាម​ទីតាំង​ផ្ទះ​ជិត​ផ្ទះ​ឆ្ងាយ​។​

​លោក​ឱ្យដឹង​បន្តថា ពាក់ព័ន្ធ​ការប្រកាស​ឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​មក​កែសម្រួល​ជា​រថយន្ត​ប្រភេទ​មាន​កៅអីអង្គុយ នោះ​គឺ​សម្រាប់​លោក​ផ្ទាល់​មិនទាន់​អាចធ្វើ​ទៅបាន​ទេ ព្រោះ​បើ​រៀបចំ​ឱ្យមាន​កៅអី​គឺ​ដឹក​បានតែ​ ២០ ​ទៅ​ ២៥ ​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាត់​អ្នកជិះ​អស់​ពាក់កណ្តាល​ឯណោះ​ហើយ​បើ​បាត់​អ្នកជិះ​ចំណូល​ក៏​បាត់​ដែរ​។

លោក​ថ្លែងថា ការខ្ចី​បុល​លុយ​ពី​ធនាគារ​ជាង ​១​ ម៉ឺន​ដុល្លារ​មក​ទិញ​រថយន្ត​កូរ៉េ​ ១​ គ្រឿង​ចំណុះ ​២ ​តោន​កន្លះ​ ដើម្បី​ដឹក​កម្មករ​កាត់ដេរ​និង​យកលុយ​បាន​ពី​សេវា​ដឹក​ទៅ​បង់​ធនាគារ​វិញ​វា​ត្រូវការ​សន្សំ​ខ្លាំងណាស់​។​

​លោក​ថ្លែងថា​៖ «​ទោះជា​ខ្ញុំ​ដឹក​មនុស្ស​ច្រើនក្តី​តែ​ពេល​បើក​បរ​តាមផ្លូវ​ខ្ញុំ​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច​ធានា​សុវត្ថិភាព​ដល់​អ្នកជិះ​ហើយ​ខ្ញុំ​ដាក់​ដែក​ឱ្យ​គាត់​តោង​ដែរ​ហ្នឹង​។​បើ​ខ្ញុំ​ដាក់​កៅអី​មិនអាច​ទប់ទល់​នឹង​ការចំណាយ​បានទេ​»​។​

​ដោយ​លើកឡើង​ទាក់ទិន​នឹង​ការ​ជិះ​រថយន្ត​កែច្នៃ​នេះ​ត្រូវបាន​អ្នកស្រី សាន ស្រីមុំ អាយុ​ ៣៨ ​ឆ្នាំ នៅ​ភូមិ​ប្រចក្ស ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និយាយថា ក្នុងនាម​ជា​កម្មករ​កាត់ដេរ​នៅ​រោងចក្រ ​១ ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជា​អ្នកជិះរថយន្ត​ដឹក​កម្មករ​ឈរ​ដែរ​នោះបាន​ចំណាយ​លើ​សេវា​ជិះ​រថយន្ត​ ១៣ ​ម៉ឺន​រៀល​ក្នុង ១ ​ខែ ខណៈដែល​បាន​ប្រាក់ខែ​គោល​ត្រឹម ​២០៤ ​ដុល្លារ​ក្នុង​ ១ ​ខែ​។​

អ្នកស្រី សាន ស្រីមុំ និយាយថា​៖ «​ខ្ញុំ​ជិះឡាន​ពេលខ្លះ​កំពុងបើក​ស្រាប់តែ​ជាន់​ប្រាំង​ធ្វើឱ្យ​អ្នកជិះ​ដួល​គរ​លើ​គ្នា​មានពក​​ក្បាល​និង​គ្រេច​ដៃជើង​ក៏មាន បើ​មាន​ឡាន​ជា​កៅអី​វិញ​ក៏​ខ្ញុំ​សប្បាយចិត្ត​ដែរ​»​។​

​អ្នកស្រី សាន ស្រីមុំ ថ្លែងថា នៅក្នុង​រោងចក្រ​កាត់ដេរ​ដែល​កំពុងធ្វើកា​រ​បច្ចុប្បន្ន​ក៏មាន​នគរ​បាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​អង្គការ​បាន​ចុះទៅ​បង្រៀន​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ដល់ក​ម្មករ​ជា​ញឹកញាប់​ដែរ ហើយ​ក៏បាន​យល់ដឹង​ខ្លះៗ​ដែរ​ស្តីពី​ច្បាប់​ចរាចរណ៍​នេះ​។​

​សម្រាប់​អ្នកជំនាញ​ដែល​ធ្វើ​ការងារ​ជាមួយ​កម្មករនិយោជិត​កាត់ដេរ​លោក អាត់ ធន់ ដែលជា​ប្រធាន​សហភាព​ការងារ​កម្ពុជាឱ្យដឹងថា ការកែប្រែ​បច្ចេកទេស​រថយន្ត​ដឹក​កម្មករនិយោជិត​កាត់ដេរ​នាពេល​បច្ចុប្បន្ន​នៅ​មិនទាន់​មានការ​​កែប្រែ​ច្រើន​នៅឡើយ​ទេ​ពោលគឺ​កម្មករ​នៅតែ​ជិះ​រថយន្ត​ឈរ​ប្រជ្រៀត​គ្នា​ដដែល​។ រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​វិញ​ដែល​អ្នកខ្លះ​គ្មាន​ជំនាញ​បើក​បរ​ចេះ​បើកបរ​តាម​គ្នា​គ្មាន​ការបណ្តុះបណ្តាល​ពីសា​លា​ជំនាញ​បើកបរ​ត្រឹមត្រូវ​ហើយ​អ្នកខ្លះ​ក៏​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដែរ​ចំពោះ​បញ្ហា​កែប្រែ​រថយន្ត​ដឹក​កម្មករ​នេះ​ គឺ​ខាង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​) រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជជែក​គ្នា​ច្រើនលើក​មកហើយ​ថា​នឹង​គួររៀបចំ​ជា​រថយន្តក្រុង​ឬ​រថយន្ត​កែច្នៃ​ដែលមាន​បច្ចេក​ទេស​ត្រឹម​ត្រូវតែ​នៅ​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ធ្វើ​វិ​និ​យោគ​នៅឡើយ​ទេ​។​

​លោក​បញ្ជាក់ថា​៖ «​រឿងនេះ​វា​អាចពាក់ព័ន្ធ​នឹង​ការចំណាយ​ព្រោះ​បច្ចុប្បន្ននេះ​កម្មករ​ចំណាយ​តិច​លើ​សេវា​ជិះ​រថយន្ត​រួម​។​ប៉ុន្តែ​បើ​រថយន្ត​ថ្មី​ជិះ​បាន​គ្នា​តិចជាង​មុន​ហើយ​វា​អាច​ខាង​ក្រុមហ៊ុន​ចេញថ្លៃ​ធ្វើដំណើរ​បន្ថែម​ឬក៏​រដ្ឋ​អាចជួយ​ផ្នែក​ណាមួយ​អ៊ីចឹង​ទៅហើយ​ក្រុម​ហ៊ុន​កំពុងតែ​ពិបាក​ហើយ​បើ​បន្ថែម​ចំណាយ​ទៀត​ក៏​ជា​បញ្ហា​ដែរ​»​។ «​តាមពិតទៅ​រឿង​រថយន្ត​ដឹក​កម្មករ​ដូចជា​មិនទាន់មាន​ការកែលម្អ​អី​ទេ​ព្រោះ​ឥឡូវ​នៅ​ប្រើ​រថយន្ត​ចាស់​កែច្នៃ​ខុស​ស្តង់ដា​បច្ចេកទេស​និង​ប្រើ​រឺ​ម៉ក​ចាស់​ដដែល​។​អ្វី​ដែលជា​ផែនការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏ដូចជា ​(​ប​.​ស​.​ស​)​ រួម​នឹង​សហជីព​ធ្លាប់​ជជែក​គ្នា​នោះ​គឺ​គេ​ចង់ឱ្យមាន​រថយន្ត​ថ្មី​ឬ​រថយន្ត​កែច្នៃ​តាម​បច្ចេកទេស​តែ​នៅតែ​ដដែល​នៅឡើយ​»​។​

​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ឱ្យដឹងថា កន្លង​ទៅខាង​ស្ថាប័ន​រាជ​រដ្ឋា​ភិ​បាល​ដែល​ពាក់ព័ន្ធ​បាន​ខិតខំ​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ ប៉ុន្តែ​មិនទាន់​បានកំណត់​ជា​លក្ខណៈ​ផ្លូវច្បាប់​ឱ្យបាន​ច្បាស់លាស់​អំពី​ការផ្លាស់ប្តូរ​នោះ​ជា​យ៉ាងម៉េច​ទេ​?

​លោក​ថ្លែងថា​៖ «​សម្រាប់​រថយន្ត​បច្ចុប្បន្ន​ដែលជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ហើយ​បាន​កែច្នៃ​ជា​រថយន្ត​ដឹក​កម្មករ​នេះ បើ​និយាយ​តាម​មាត្រា​ច្បាប់​តែម្តង​គឺ​ច្បាប់​ហាមឃាត់​ការ ប្រើប្រាស់​ប្រភេទ​រថយន្ត​ដឹក ទំនិញ​ទៅ​ដឹក​មនុស្ស​។ អ៊ីចឹង​និយាយ​ដោយ​ខ្លី​ទៅ​រថយន្ត​ដែល​ប្រើប្រាស់​សម្រាប់​ដឹក​​ជញ្ជូន​កម្មករ​ ១ ភាគ​ធំ​ដែល​បច្ចុប្បន្ន​មាន​ប្រហែលជា​ ៦០​ ភាគរយ​ហ្នឹង​គឺជា​ប្រភេទ​រថយន្ត​ដែល​ប្រើប្រាស់​ខុសច្បាប់​»​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ហើយ​បានជា​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​ខិតខំ​ជំរុញ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​និង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៅក្នុង​ការជំរុញ​ការប្រើប្រាស់​ប្រភេទ​រថយន្ត​ដឹក​​អ្នកដំណើរ​ដូចជា​រថយន្ត​ ១៥ ​កៅអី​ ៣៥​ ឬ ​៤០​ កៅអី​ជាដើម​ដែល​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​មនុស្ស​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​ហ្នឹង​សម្រាប់​ផ្តល់​សេវា​ដឹកជញ្ជូន​កម្មករនិយោជិត​»​។​

​លោក​បញ្ជាក់ថា ទោះយ៉ាងណា​ក៏ដោយ​ការយល់ដឹង​របស់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​មួយចំនួន​គាត់​មិនបាន​ដឹងថា​គាត់​ប្រើប្រាស់​រថយន្ត​ប្រភេទ​ខុសច្បាប់​ទេ​? គាត់​ឃើញ​គេ​ទិញ​ដឹក​កម្មករ​បាន​គាត់​ក៏​ទិញ​យកមក​ដឹក​ដែរ ដោយ​កម្មករ​ខ្លួនឯង​ដែល​ពេលខ្លះ​គាត់​ចង់បាន​សេវា​ដឹកជញ្ជូន​ធូរ​ថ្លៃ​។​

​លោកថ្លែងថា អ្នកបើកបរ​រថយន្ត​ដឹក​កម្ម​ករពី​ ៦០ ​ទៅ​ ៨០ ភាគរយ​បាន​ទៅរក​កម្ចី​ ដើម្បី​ទិញ​រថយន្ត​ហើយ​កម្ចី​នោះ​មាន​អត្រា​ការប្រាក់​ខ្ពស់​មាន​ចន្លោះ​ពី​ជាង​ ១០ ​ទៅជិត ២០​ ភាគរយ ដូច្នេះ​ក្នុង​ ១ ​ខែៗ​ត្រូវ​ចំណាយ​ខ្ពស់ ស្រប​ពេលដែល​ការទទួលបាន​សេវា​ដឹកជញ្ជូន​នៅ​ទាប​ដែល​មិនទាន់​អាច​ផ្លាស់ប្តូរ​រថយន្ត​កៅអី​មាន​ផា​​សុកភាព​បាន​។​

​លោក បញ្ញា បញ្ជាក់ថា ដើម្បី​ឱ្យមាន​រថយន្ត​ដឹក​កម្មករ​មាន​សុវត្ថិភាព​បាន​ត្រូវ​ពិនិត្យ​រក​វិធី​ជួយ​អ្នកបើកបរ​ឱ្យ​គាត់​មានលទ្ធភាព​ទៅ​ទិញ​រថយន្ត​ដឹក​អ្នកដំណើរ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ពី ៥​ ទៅ​ ៦ ​ភាគរយ​ក្នុង ​១ ​ឆ្នាំ​។ ឱ្យ​អ្នកបើក​បរមាន​ចំណូល​តាមរយៈ​ដំឡើង​ប្រាក់​ឈ្នួល​ថ្លៃ​ដឹក​កម្មករ​ឬ​ភាគី​រោង​ចក្រ​ជួល​គាត់​តែម្តង​ឬ​យក​គាត់​ធ្វើជា​បុគ្គលិក​តែម្តង​ដើម្បី​គាត់​មាន​ចំណូល​បន្ថែម​យកទៅ​បង់​ការប្រាក់​និង​ពិនិត្យ​លើ​កត្តា​ផ្លូវ​។​

​លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កម្មករ​ជួប​គ្រោះថ្នាក់​ការងារ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​ ១ ​ឆ្នាំ​ ២០២៣ មាន​ជន​រង​គ្រោះ​សរុប​ ១៤ ៣១២ ​នាក់​។​ឆ្នាំ ​២០២២ មានកម្ម​ករ​ជួប​គ្រោះថ្នាក់​ការងារ​ និង​គ្រោះ​​ថ្នាក់​ចរាចរណ៍​សរុប​ចំនួន​ប្រ​មាណ​ ១៤ ៩១៦​ នាក់​៕