​ភ្នំពេញៈ ជាមួយនឹង​ចំនួន​ប្រជាជន​អាស៊ី រួមទាំង​ប្រជាជន​ខ្មែរ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន​នាំ​​ចេញ​អង្ករ​កម្ពុជា​ជាច្រើន​បាន​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​នាំចេញ​អង្ករ​ទៅ​ទីនោះ​។​

​កាលពី​ថ្ងៃទី​ ​២០ ខែមករា Amru Rice(Cambodia) ដែលជា​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ និង​នាំចេញ​អង្ករ​ឈានមុខ​គេ​មួយ​របស់​កម្ពុជា បាន​នាំ​ចេញ​អង្ករ​ក្រអូប​ប្រភេទ​អង្ករ​ផ្កាម្លិះ​ប្រ​ណី​ត​ជាច្រើន​តោន​ទៅ​លក់​នៅ​គ្រប់​ទីតាំង​ទាំងអស់​នៃ​ផ្សារ​ទំនើប Shun Fat ក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​។​


​ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) លោក សុង សារ៉ន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​អង្ករ​លើកដំបូង​ចំនួន ៤០ ​តោន ឬ ២ ​កុងតឺន័រ​ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​គ្រប់​ទីតាំង​ផ្សារ​ទំនើប Shun Fat ដែលជា​ទីផ្សារ​ធំ​មួយ​ក្នុងចំណោម​ទីផ្សារ​អាស៊ី​ជាច្រើន​នៅ​ទីនោះ ខណៈ​តម្រូវការ​អង្ករ​ប្រណីត​មាន​ចំនួន​ច្រើន​។​

​លោក​ថ្លែងថា​៖ «​យើង​ទើប​ដឹកជញ្ជូន​អង្ករ​ក្រអូប​ប្រណី​តរបស់​យើង​ចំនួន​តិច​តួច​ទៅ​ផ្គត់ផ្គង់​នៅ​គ្រប់​ទីតាំង​ផ្សារ​ទំនើប Shun Fat ដើម្បី​បម្រើប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​អាស៊ី​ដែល​កំពុង​រស់​នៅ​អាមេរិក រួមទាំង​ប្រជាជន​អាមេរិក​បាន​ភ្លក្ស​រសជាតិ​អង្ករ​ប្រណីត​យើង​ផង​ដែរ​។ តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន​ពេលនេះ គឺ​អង្ករ​របស់​យើង​ទាំងអស់​នៅ​ផ្សារ​ទំនើប​ត្រូវបាន​លក់​អស់ហើយ​។ នេះ​គឺជា​សញ្ញា​មួយ​ល្អ​ណាស់​»​។​


​លោក​លើកឡើងថា​៖ «​ខ្ញុំ​នឹង​នាំចេញ​ជាថ្មី​ដែលមាន​ចំនួន​ពី​ ៤ ទៅ ៥​ កុងតឺន័រ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ដើម្បី​បម្រើ​តម្រូវការ​ខ្ពស់​នៅ​ទីនោះ​»​។​

​ការនាំចេញ​បរិមាណ​បច្ចុប្បន្ន​នៅតែមាន​កម្រិត​ទាប ប៉ុន្តែ​សក្តានុពល​ធំ​

​លោក ឡាយ ឈុន​ហួរ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export Co., Ltd បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា ប្រទេស​អាមេរិក គឺជា​អតិថិជន​អង្ករ​​ក្រអូប​ឈានមុខ​គេ និង​មាន​សក្តានុពល​សម្រាប់​ក​ម្ពុ​ជា​ក្នុង​ការទាញយក​ប្រ​យោ​​ជន៍ និង​ពង្រីក​ការនាំចេញ ខណៈដែល​ប្រទេសជិតខាង​នានា ដូចជា​ប្រទេស​ថៃ កំពុង​នាំចេញ​ក្នុង​បរិមាណ​ច្រើន​ជា​​រៀងរាល់​ឆ្នាំទៅ​ទីនោះ​។​

​លោក​បន្តថា​៖ «​តាម​ការសង្កេត​របស់​ខ្ញុំ អាមេរិក​ជាទី​ផ្សារ​ដ៏​ធំ​មួយ​ដែលមាន​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាស៊ី​រស់​នៅ​ទីនោះ​ច្រើន​។ បើ​យើង​ប្រៀបធៀប​នឹង​អឺរ៉ុប អាមេរិក​ជា​កន្លែង​ដែល​ប្រជា​ជនកម្ពុជា និង​ជនជាតិ​អាស៊ី​រស់នៅ​ច្រើនជាងគេ​។ ការណ៍​នេះ​បញ្ជាក់ថា​យើង​មាន​ទីផ្សារ​កាន់តែ​ធំ​សម្រាប់​អង្ករ​របស់​យើង​នៅ​ទីនោះ​។ ប៉ុន្តែ​តម្រូវការ​ទីផ្សារ​ភាគច្រើន​គឺ​អង្ករ​ក្រអូប​»​។​

​យោងតាម​លោក ឈុន​ហួរ ក្រុមហ៊ុន​របស់លោក​បាន​នាំចេញ​អង្ករ​ប្រហែល​ពី ២០-៣០ ​កុងតឺន័រ​ ក្នុង ១​ ឆ្នាំ​ទៅកាន់​ទីផ្សារ​អាមេរិក ដោយសារតែ​កម្ពុជា​មិនទាន់​បានធ្វើការ​ផ្សព្វផ្សាយ​ទូលំទូលាយ​នៅ​ទីនោះ​។​

​លោក​បាន​បន្ថែមថា​៖ «​តាមពិតទៅ យើង​ចាំបាច់​ត្រូវធ្វើ​សកម្មភាព​ពាណិជ្ជ​កម្ម​បន្ថែមទៀត ដើម្បី​លើកកម្ពស់​អង្ករ​របស់​យើង​ដល់​អ្នកប្រើប្រាស់ ហើយ​ក្រុមហ៊ុន នាំចេញ​ផ្សេងទៀត​ត្រូវ​រួមគ្នា ដើម្បី​លើកកម្ពស់​ការនាំចេញ​»​។​

​ទស្សនៈវិស័យ​ជំរុញ​ការនាំចេញ​

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បានឱ្យដឹង នាពេល​កន្លងមក​កម្ពុ​ជា​ធ្លាប់បាន​នាំចេញ​អង្ករ​ប្រណី​តទៅ​សហរដ្ឋអាមេរិក​ដែរ ប៉ុន្តែ​ក្នុង​បរិមាណ​តិច គឺ​មិនទាន់​ពង្រីក​ចូលទៅ​ទីផ្សារ​នេះ​បាន​ច្រើន​ទេ​។​

​លោក​បញ្ជាក់ថា ថ្មីៗ​នេះ​ក្រុមហ៊ុន Amru Rice (Cambodia) ​កំពុង​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ី​ឈានមុខ​គេ​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដោយមាន​ការគាំទ្រ​ពី​ស្ថាន​អគ្គ​កុងស៊ុល និង​តំណាង​សភាពាណិជ្ជកម្ម​នៅ​ទីនោះ ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចេញ​។​

​លោក​បញ្ជាក់ថា​៖ «​វា​ជា​មោទនភាព​​ជាតិ​ក្នុង​វិស័យ​ស្រូវ​អង្ករ​របស់​យើង ការ​​ណ៍​ដែល​យើង​ពង្រីក​ការនាំ​ចេញទៅ​អាមេរិក​។ ខ្ញុំ​ក៏​សូម​ជម្រាបជូន​ថា អា​មេ​រិ​ក​គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​អង្ករ​ក្រអូប ព្រោះ​ប្រទេស​នេះ​នាំចូល​អង្ករ​ក្រអូប​ពី​ប្រទេស​ថៃ​ប្រមាណ ៦០ ​ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំ​។ ដូច្នេះ​អាមេរិក គឺជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​យើង ដូច្នេះ​អា​មេ​​រិ​ក គឺជា​ទីផ្សារ​ថ្មី​មួយ​សម្រាប់​កម្ពុជា ដែល​ទាមទារ​ឱ្យមាន​សកម្មភាព​ផ្សព្វ​ផ្សាយ និង​ទីផ្សារ​កាន់តែ​ទូលំទូលាយ ហើយ​ថែមទាំង​តម្រូវឱ្យ​យើង​យល់ដឹង​ពី​តម្រូវការ​ជាក់ស្តែង និង​លក្ខខណ្ឌ​ផ្លូវច្បាប់​ផ្សេងៗ​ទៀត​នៃ​ការ​នាំចូល​នៅ​ទីនោះ​ផងដែរ​»​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​សហព័ន្ធ​ស្រូវ​អង្ករ យើង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹង​​ប្រែង​ដែល​យើង​បានធ្វើ​នាពេល​កន្លងមក​នៅលើ​ទីផ្សារ​អាមេរិក ហើយ​យើង​ក៏​សង្ឃឹមថា យើង​នឹងមាន​ក្រុមហ៊ុននាំចេញ​កាន់តែច្រើន​ដើម្បី​បង្កើន​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​នេះ​ផងដែរ​»​។​

​យោងតាម​លោក សារ៉ន ជាមួយនឹង​តម្រូវការ​ខ្ពស់​អង្ករ​ក្រអូប​ប្រណីត​នៅ​ទីផ្សារ​អាមេរិក លោក​គ្រោង​នឹង​បង្កើន​ការផ្គត់ផ្គង់​របស់លោក ដើម្បី​ដណ្តើម​ចំណែក​ទីផ្សារ​នៅ​ទីនោះ​។

លោក​បន្ថែមថា​៖ «​តាមពិត​ពួកគេ​ចង់បាន​អង្ករ​ប្រភេទ​ប្រណីត​នេះ​ច្រើន​ពី​កម្ពុជា​យើង គឺ​គេ​ចង់​នាំចូល​រាប់ម៉ឺន​តោន​ពី​យើង​។ ប៉ុន្តែ​យើង​មិនមាន​គ្រប់គ្រាន់​ក្នុងការ​​ផ្គត់ផ្គង់​ដល់​ពួកគេ​ទេ​នាពេលនេះ​»​។​

​លោក​ប្រាប់ទៀតថា លោក​គ្រោង​នឹង​បង្កើន​ការផ្គត់ផ្គង់​បន្ថែមទៀត​ក្នុង​រយៈ​​ពេល​ច្រើន​ឆ្នាំ​ខាងមុខ​។​

​យោងតាម​ទិន្នន័យ​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា ​(CRF) កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៦៥៦ ៣២៣ ​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០២៣ កើនឡើង ៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ការ​នាំចេញ​នេះ ទទួលបាន​ប្រាក់ចំណូល​ចំនួន ៤៦៦ ​លាន​ដុល្លារ​កើនឡើង ១៣ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ អង្ករ​​កម្ពុជា​ត្រូវបាន​នាំ​ចេញទៅ ៦១ ​ប្រទេស​និង​ដែនដី​តាមរយៈ​ក្រុមហ៊ុននាំចេញ​ចំនួន ៦៣៕