បាត់ដំបង: ស្ថិតនៅលើមហាបឹងទន្លេសាប តំបន់ព្រែកទាល់នៃស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាភូមិឋានបណ្ដែតទឹកបង្ហាញភាពវិសេសក្នុងការទាក់ទាញភ្ញៀវទេសចរ។ នៅតំបន់សមុទ្រទឹកសាបនេះ ចំពោះលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារតូចៗ ពួកគេត្រូវបញ្ជាចង្កូតទូកទៅកាន់សាលារៀនដោយខ្លួនឯង។
នាពេលព្រឹកព្រលឹម កុមារអាយុត្រឹម ៦-៧ ឆ្នាំ ចេះជំនាញបើកទូកកាណូតយ៉ាងប៉ិនប្រសព្វ ជាទម្លាប់ដែលពួកគេតែងតែអនុវត្ដរៀងរាល់ថ្ងៃ។ កុមារី ម៉ាប់ ស្រីនិច បាននាំប្អូន ២ នាក់ទៀត បញ្ឆេះម៉ាស៊ីននៅផ្នែកខាងក្រោយនៃទូកស្មាច់តូច ចេញដំណើរពីផ្ទះឆ្ពោះទៅកាន់សាលារៀន។
ស្រីនិចអាយុ ១៤ ឆ្នាំ មិនបានទៅរៀនដូចសព្វដងនោះទេ នៅថ្ងៃសៅរ៍ សិស្សរៀនថ្នាក់ទី៤ រូបនេះ ជាមួយសិស្សានុសិស្សផ្សេងទៀតមានភារកិច្ចសម្អាតថ្នាក់រៀន។ កុមាររស់នៅភូមិបណ្ដែតទឹកព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ រូបនេះបាននិយាយថា ខ្លួនបានបើកទូកម៉ាស៊ីនដោយខ្លួនឯង និងពេលខ្លះខកខានមិនបានទៅសាលារៀន ដោយសារតែគ្មានមធ្យោបាយធ្វើដំណើរ ពេលឪពុកម្ដាយមានធុរៈប្រើប្រាស់ទូក។ យ៉ាងណាក្តី ស្រីនិច បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំភាគច្រើនមិនបានរៀនដោយសារជីវភាពក្រីក្រ គ្មានទូកជិះមករៀន ខ្វះសម្ភារ»។
នៅសហគមបណ្ដែតទឹក មិនសុទ្ធតែមានគ្រួសារមានលទ្ធភាពទិញទូកសម្រាប់ជាជលជំនិះឱ្យកូនៗជិះមករៀននោះទេ ដោយគ្រួសារជួបនូវបញ្ហាលំបាកដើម្បីឱ្យកូនៗទទួលបាននូវការអប់រំ។
ការផ្ដោតសំខាន់លើការអប់រំ គឺជាគោលដៅចាំបាច់របស់សហគមន៍ក្នុងការប្រែក្លាយជីវភាព ដោយអ្នកផ្ដល់ការអប់រំ និងជនគំរូបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារនៅក្នុងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេមិនគ្រាន់តែអំពីការផ្សារភ្ជាប់ចម្ងាយផ្លូវកាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងអំពីការបង្កើនសក្តានុពលនិងការបង្កើតអនាគតដោយសង្កត់ធ្ងន់លើការអប់រំដែលអាចផ្លាស់ប្តូរជីវិតនៅក្នុងសហគមន៍ដូចជាព្រែកទាល់។
អ្នកគ្រូ កៃ ស្រីសុខ ជាគ្រូទើបចេញមកបង្រៀននៅឆ្នាំទី១ ក្រោយពីសិក្សាផ្នែកគរុកោសល្យរយៈពេល ៤ ឆ្នាំ នៅក្រុងសៀមរាប បាននិយាយថា កុមារនៅទីនេះ រស់នៅដាច់ស្រយាលពីទីប្រជុំជនផង និងកត្ដាជីវភាពផង ដែលធ្វើឱ្យពួកគេជាច្រើនមិនអាចបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ នោះទេ។
ដោយបញ្ហាខ្វះគ្រូបង្រៀន និងសមត្ថភាពនៃការអានអក្សរខ្មែររបស់កុមារនៅភូមិបណ្ដែតទឹកនៅមានកម្រិតទាបខ្លាំងធ្វើឱ្យកញ្ញា ស្រីសុខ ចាប់អារម្មណ៍ចាប់យកជំនាញគ្រូបង្រៀននៅក្នុងសហគមន៍របស់ខ្លួន។
អ្នកគ្រូដែលទទួលជំនួយសិក្សាពីអង្គការគាំទ្រដោយសមាគមសាសនាកាតូលិកឱ្យដឹងថា កញ្ញាមានគំនិតចង់ធ្វើជាគ្រូបង្រៀននៅសហគមន៍នេះតាំងពីរៀនថ្នាក់ទី៦ នៅថ្នាក់អនុវិទ្យាល័យ ផ្នែកផែនដី និងជីវវិទ្យា។ តែលទ្ធផលនៃការប្រឡង ជាប់ត្រឹមគ្រូបឋម។
កញ្ញា ស្រីសុខ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ក្មេងៗនៅទីនេះជួនកាលមករៀនជួនកាលអត់។ ពេលសួរទៅ ពួកគេនិយាយថា អត់មានមធ្យោបាយធ្វើដំណើរ។ ឪពុកម្ដាយត្រូវទៅរាយមង នេសាទត្រី។ ខ្ញុំតែងតែផ្ដែផ្ដាំដល់កុមារមានទូកជិះជួយចូលយកមិត្ដភក្ដិបានមករៀនផង»។
លោក វន ពិសី នាយកសាលាបឋមសិក្សាព្រែកទាល់ ស្ថិតក្នុងភូមិព្រែកទាល់ បានឱ្យដឹងថា បច្ចុប្បន្ននេះ សិស្សសរុប ២៨០ នាក់ និងស្រី ១៣២ នាក់។
នាយកសាលាដែលខិតខំអភិវឌ្ឍសាលាបឋមសិក្សាតាំងពីនៅជាផ្ទះបណ្ដែតក្បូនរហូតដល់បានអគារពីសប្បុរសជនខ្ពស់ផុតពីផ្ទៃទឹករដូវវស្សាក្នុងឆ្នាំ ២០១៩ បានគ្រប់គ្រងសាលារៀននេះតាំងពីឆ្នាំ ២០១០។
លោកឱ្យដឹងថា៖ «ក្រៅពីការចូលរួមបង្កើតសមិទ្ធផលអគារសាលា ខ្ញុំមានមោទនភាពចំពោះសហគមន៍ដែលមានអ្នកគ្រូជាអតីតសិស្សនៅទីនេះបានមកចូលរួមអភិវឌ្ឍសហគមន៍តាមរយៈការខិតខំប្រឹងប្រែងប្រឡងចូលក្របខ័ណ្ឌ និងខ្លះទៀតបង្រៀនក្នុងនាមជាគ្រូជាប់ កិច្ចសន្យា»។
លោកមានសំណូមពរឱ្យរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បើអាច សូមឱ្យអ្នកគ្រូស្ម័គ្រចិត្ដបង្រៀនជាច្រើនឆ្នាំ និងជាអ្នកនៅក្នុងសហគមន៍ស្រាប់ ឱ្យពួកគេបានចូលក្របខ័ណ្ឌរដ្ឋ។ បើតាមលោកពិសី បច្ចុប្បន្ននេះគ្រូទាំងមានក្របខ័ណ្ឌ គ្រូជាប់កិច្ចសន្យា និងបណ្ណារក្សស្ម័គ្រចិត្ដមានចំនួន ៨ នាក់ សុទ្ធតែស្ដ្រី។
ការជួយកុមារក្នុងសហគមន៍ក្រីក្ររាប់បញ្ចូលទាំងភូមិបណ្តែតទឹក គឺជាកម្មវិធីជំនួយការអប់រំដែលអង្គការអេដ អេ អាកស្យុង (AEA) បាននិងកំពុងអនុវត្ត។ AEA ជាអង្គការអន្តរជាតិមួយបាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំនៅតំបន់ក្រីក្ររបស់ប្រទេសកម្ពុជាជាពិសេសនៅក្នុងភូមិបណ្ដែតទឹកនេះ។
គម្រោងសំខាន់ៗរួមមានការបង្កើតបណ្ណាល័យនៅសាលាបឋមសិក្សាកោះជីវាំងក្នុងខេត្តបាត់ដំបង។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់អក្ខរកម្មនិងធនធានអប់រំនៅក្នុងសហគមន៍ទំនាបលិចទឹកនៃបឹងទន្លេសាប។
ជាមួយសៀវភៅអ៊ីនធឺណិតនិងទូរទស្សន៍ឆ្លាតវៃបណ្ណាល័យបម្រើជាធនធានអប់រំដ៏សំខាន់ជាពិសេសនៅក្នុងទីតាំងដាច់ស្រយាលនិងតំបន់លិចទឹក។ កាលពីថ្ងៃទី ២០ ខែមករាលោកវ៉ន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Aide et Action (AEA) បានឱ្យដឹងថា ទិវាអប់រំអន្ដរជាតិ ទើបត្រូវបានអនុម័តប្រារព្ធឡើងជាលើកទី៦ ហើយនៅថ្ងៃទី ២៤ ខែមករា ពិភពលោកទាំងមូលរៀបចំទិវានេះ។
អង្គការបានផ្តល់ជំនួយដល់សិស្សក្រីក្រជាង ១០០ សាលា នៅទូទាំងប្រទេស ដែលផ្ដល់អាហារូបត្ថម្ភជាង ១០០០ ចានក្នុងមួយថ្ងៃ ផ្ដល់ទូកជាង ២០ គ្រឿង បណ្ណាល័យចល័ត បណ្ណាល័យឌីជីថល អគ្គិសនីសូឡា ក៏ដូចជា ផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូមតេយ្យជាង ៤០ នាក់ជួសជុលថ្នាក់រៀន ផ្ដល់ប្រាក់ឧបត្ថម្ភ ហើយចំពោះសាលាបឋមសិក្សា អង្គការផ្ដល់អាហារូបករណ៍ដល់កុមារក្រីក្រ សម្ភារសិក្សាផ្សេងៗ។
លោក សំភាស់ នាយកអង្គការ AEA ប្រចាំកម្ពុជា ថ្លែងថា៖«ក្រោយវិបត្ដកូវីដ ១៩ មានកុមារប្រមាណ ៨០០ នាក់ ខណៈសិស្សនៅលើផ្ទៃបឹងទន្លេសាបមានប្រមាណ ៨០ នាក់ ទទួលការសិក្សាបំប៉នដើម្បីសមារណកម្មក្រោយកុមារខកខានការសិក្សាជាង ២ ឆ្នាំ»។
បញ្ហាប្រឈមរបស់កុមារក្រីក្រនៅលើបឹងទន្លេសាប
ស្របតាមបេសកកម្មជាសកលរបស់ពួកគេ (AEA) សហការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដើម្បីបង្កើតជម្រើសនៃការអប់រំនិងកែលម្អលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់ប្រជាជនដែលមិនរាប់បញ្ចូល។ អង្គការ និងដៃគូបានចាប់ផ្តើមគម្រោងផ្តល់ការអប់រំកុមារតូច ដល់កុមារជាង ១៣ ០០០ នាក់នៅក្នុងភូមិបណ្តែតទឹកចំនួន ១៣៧ នៅតាមដងទន្លេសាបនិងបឹងទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអប់រំពិសេសនៅក្នុងសហគមន៍បណ្តែតទឹករបស់កម្ពុជា។
លោក សំភាស់ បានកោតសរសើរចំពោះអ្នកគ្រូលោកគ្រូទាំងមានក្របខ័ណ្ឌ ជាប់កិច្ចសន្យានិងស្ម័គ្រចិត្ដដែលលះបង់កម្លាំងកាយចិត្ដក្នុងការផ្ដល់ការអប់រំដល់កុមារនៅលើភូមិបណ្ដែតទឹកតាំងពីកវែកកឆ្នាំងរហូតដល់មានការអភិវឌ្ឍអគារសិក្សា និងរចនាសម្ព័ន្ធនានា។
ទោះបីជាកុមារនៅភូមិបណ្ដែតទឹកមានជីវភាពខ្វះខាតច្រើនយ៉ាងណាក្តី ក៏លោកសំភាស់ មើលឃើញថា កុមារនៅតាមជាយដែននៅខេត្តមណ្ឌលគិរី និងរតនគិរីមានការលំបាកជាង។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពួកគេរស់នៅរាយប៉ាយឆ្ងាយពីគ្នា ដែលពិបាកធ្វើការកៀរគរមកទទួលការអប់រំ ខណៈភូមិបណ្ដែតទឹកជាលំនៅឋានប្រ
មូលផ្ដុំក្បែរសាលារៀន»។
លោកបន្ដថា តួអង្គជាបុគ្គលគំរូពិតជាដើរតួសំខាន់ក្នុងការទាក់ទាញឱ្យកុមារខិតខំយកគំរូតាម។ ជាក់ស្ដែង អ្នកស្រី ចាន់និមល ដែលខិតខំតស៊ូពុះពារសិក្សាដើម្បីស្វែងរកពន្លឺជីវិតថ្មីពី វិស័យអប់រំ។ AEA បានទទួលស្គាល់ពីតម្លៃនៃរឿងរ៉ាវជីវិតរបស់អ្នកស្រីហើយបានរៀបចំការចែកចាយសៀវភៅរបស់អ្នកស្រីដល់កុមារចំនួន ៥ ម៉ឺននាក់នៅទូទាំងប្រទេសដោយសង្ឃឹមថាជាការបំផុសគំនិតនិងលើកទឹកចិត្តពួកគេឱ្យផ្តល់អាទិភាពដល់ការរៀនសូត្រសម្រាប់អនាគតដ៏ត្រចះត្រចង់។
អានុភាពនៃការអប់រំ
ដើម្បីអបអរទិវាអប់រំអន្ដរជាតិជាមួយអង្គការ AEA អ្នកស្រី ប៊ុន ចាន់និមល អគ្គនាយក និងស្ថាបនិក Sastra Film បានថ្លែងពីគំរូជោគជ័យរបស់ខ្លួនដល់កុមារក្នុងសហគមក្រីក្រដើម្បីឱ្យពួកគេផ្ដល់អាទិភាពចម្បងលើការអប់រំជាជាងការប្រញាប់ចេញរកប្រាក់។
អ្នកស្រី ប៊ុន ចាន់និមល បានរំឭកថា ដោយមានការលើកទឹកចិត្ដតាមរយៈការអានរឿងពីសំណាក់និស្សិតជនជាតិជប៉ុន អ្នកស្រី ក៏ដូចជាសិស្សនៅតំបន់ដាច់ស្រយាលមួយនៃក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ន មានអារម្មណ៍ភ្ញាក់ខ្លួន និងតាំងចិត្ដខិតខំប្រឹងប្រែងសិក្សា។ ជាគំរូដល់កុមារនៅភូមិឋានដាច់ស្រយាល អ្នកស្រីចាន់និមល ជាម្ចាស់ផលិត Sastra Film បានលើកឡើងថា៖ «ដើម្បីការសិក្សាខ្ញុំសុខចិត្ដស្នាក់នៅក្នុងវត្ដ និងពុះពារឧបសគ្គជាច្រើនទៀត។ នៅពេលខ្ញុំរៀនចប់ ធ្វើការងារ និងបង្កើតក្រុមហ៊ុនដ៏ជោគជ័យ ជីវភាពខ្ញុំផ្លាស់ប្ដូរខ្ញុំចង់ចែករំលែកហេតុផលដ៏ចាំបាច់នៃការរៀនសូត្រ»។
ដូច្នេះ អ្នកស្រីបានចងក្រងពីជីវិតរបស់អ្នកស្រី ដោយផ្ដោតតែលើការសិក្សាសម្រាប់កុមារអាន ដែលជាសៀវភៅសរសេរមានរូបភាព និងសំណេរខ្លីៗ។ អ្នកស្រី មានបំណងជំរុញទឹកចិត្ដ និងកុំបោះបង់ការសិក្សា។
ថ្លែងទៅកាន់លោកគ្រូអ្នកគ្រូក្នុងបន្ទប់សាលារៀន ដែលសង់ខ្ពស់ផុតពីដីប្រមាណ ៤ ម៉ែត្រ អ្នកស្រី ចាន់និមល ថ្លែងថា៖ «ខ្ញុំជឿថា ពេលកូនៗបានអានសៀវភៅឱ្យឪពុកម្ដាយពួកគាត់ស្ដាប់ ពួកគាត់នឹងលែងហៅកូនៗជួយការងាររកលុយ ដោយមើលឃើញពីអនាគតកូនៗជាងការរកលុយចំពោះមុខ»។
អ្នកស្រីឱ្យដឹងថា អ្នកស្រីបានចងក្រងសៀវភៅ «ខ្ញុំត្រូវតែរៀន» និងបន្ដគាំទ្របោះពុម្ពចំនួន ៥ ម៉ឺនក្បាល ដោយអង្គការ អេដ អេ អាកស្យុង ដោយគិតថា វាមានអត្ថប្រយោជន៍ចំពោះសិស្សានុសិស្ស។ «ពេលយើងនៅក្មេង យើងរៀន ហើយពេលរៀនចប់ យើងប្រកបកិច្ចការងារ ក៏ដូចជាមកជួយអភិវឌ្ឍសហគមន៍»។
ការប្ដេជ្ញាចិត្ដលើវិស័យអប់រំ
ស្ថិតនៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រសាលបឋមសិក្សាឃុំកោះជីវាំង មានសិស្ស ៣៤២ នាក់ (ស្រី ១៩៦ នាក់) ជាមួយគ្រូងបង្រៀន ១០ នាក់។
លោកខេង សំណាងជាបណ្ណារក្សរបស់អង្គការ អេដ អេ អាកស្យុង បានដំណើរបណ្ណាល័យចល័ត កាលពីដើមឆ្នាំ ២០២៣។ ដោយធ្វើការចល័តបណ្ណាល័យទៅកាន់សាលាចំនួន ៦ នៃឃុំកោះជីវាំង លោក សំណាង បានឱ្យដឹងថា ការអានពិតជាមានសារៈសំខាន់ និងពេញនិយមចំពោះកុមារ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ការបង្កើតបណ្ណាល័យចល័តនេះ បានផ្ដល់ជាការលើកទឹកចិត្ដឱ្យពួកគាត់ចូលចិត្ដការអាន និងការរៀនសូត្រ។ យើងខ្ញុំមិនត្រឹមតែផ្ដល់សៀវភៅអានប្រមាណ ៧០០ ក្បាលប៉ុណ្ណោះទេ តែខ្ញុំក៏បានណែនាំដល់ឪពុកម្ដាយកុំបញ្ចប់ការសិក្សារបស់កូនៗ និងនាំពួកគាត់ទៅតាមផ្សារនិងតាមព្រៃ»។
ថ្វីដ្បិតតែត្អូញត្អែរពីជីវភាពគ្រួសារក្រីក្រ រួមទាំងស្ថានភាពនៃការធ្វើដំណើរលំបាក កុមារា សឿង ម៉េងអ៊ី រៀនថ្នាក់ទី៩ នៃវិទ្យាល័យកោះជីវាំង និងកុមារី រ៉េន ស្រីពេជ្រ រៀនថ្នាក់ទី ៩ នៅតែបង្ហាញគោលដៅជីវិត។
កុមារី ស្រីពេជ្រ និយាយថា៖ «បើសិនជាម្ចាស់ទូក (ជាមិត្ដភក្ដិរួមថ្នាក់) មិនបានមករៀន ខ្ញុំក៏មិនអាចដែរដោយសារខ្ញុំសុំគាត់ជិះទូកមកជាមួយដែរ។ កុមារា ម៉េងអ៊ីបាននិយាយថា ខ្លួនចង់ក្លាយជាមគ្គុទេសក៍ទេសចរណ៍ដើម្បីជួយទាក់ទាញភ្ញៀវមកលេងកម្ពុជា ជាពិសេសតំបន់សហគមន៍របស់កុមារារូបនេះ។
កុមារារូបនេះបញ្ជាក់ថា៖ «ដោយសារជីវភាពមិនធូរធារក្រៅពីការនេសាទ និងចិញ្ចឹមក្រពើ ទេសចរណ៍តាមសហគមន៍ ក៏អាចទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកបានដែរ។ដូច្នេះហើយទើបខ្ញុំចង់ធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍»៕