​ភ្នំពេញៈ ក្រសួងកសិកម្ម​នឹង​អនុវត្ត​កម្មវិធី​នយោបាយ​កសិកម្ម​ទំនើប​សាក​ល្បង នៅ​សហគមន៍​ក្នុងស្រុក​ ២ នៃ​ខេត្តកំពង់ចាម និង​កំពង់ធំ ដោយ​ផ្តោតលើ​បន្លែ ស្រូវ ស្វាយចន្ទី និង​ម្រេច ដោយ​ឱ្យ​កសិករ​ងាក​មក​ធ្វើ​កសិកម្ម​រួមគ្នា​ដែលមាន​ស្តង់ដា​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ និង​មាន​ស្ថិរភាព​ទីផ្សារ​។​


​សហគមន៍​កសិកម្ម​ទំនើប​នេះ នឹងមាន​ការគ្រប់គ្រង​ច្បាស់លាស់ មាន​ធនធាន​​មនុស្ស​និង​ថវិកា​គ្រប់គ្រាន់​មាន​បច្ចេកទេស​ផលិត​ត្រឹម​ត្រូវមាន​ថ្លៃដើម​ផលិត​ទាប កសិផល​មានគុណ​ភាព​ស្តង់ដា ព្រមទាំង​មាន​ផែន​ការផលិត​ជាក់លាក់​ដែល​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​បាន និង​បែងចែក​ភាគលាភ​ដល់​សមា​​ជិ​ក​ប្រកបដោយ​សមធម៌​។​នេះ​បើតាម​ឯកសារ​ទស្សនទាន​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ក្រសួងកសិកម្ម កំពុង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​នៅ​គ្រប់​បណ្តា​ខេត្ត​ឱ្យ​ងាក​មក​ធ្វើ​កសិកម្ម​បែប​ទំនើប​និង​ស្របតាម​លក្ខណៈ​បច្ចេកទេស​វិញ ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុងស្រុក​។ បញ្ហា​នេះ​ក៏​ដូចនឹង​អ្វីដែល​លោក​ឃឹម​ហ្វី​ណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងកសិកម្ម​លើកឡើង​ដែរ​ថា សហគមន៍​កសិកម្ម​ទំនើប​នេះ​សង្កត់​ធ្ងន់​លើ​ផ្នែក​ផលិតកម្ម​ដែល​ធ្វើ​យ៉ាង​ណា​ឱ្យ​គុណភាព​កសិផល​របស់​ក​សិ​ករ​មាន​លក្ខណៈ​ស្តង់ដា​ហើយ​ធ្វើឱ្យ​ថ្លៃដើម​របស់​កសិករ​ធ្លាក់ចុះ​និង​ធ្វើឱ្យ​បរិមាណ​ផ្គត់ផ្គង់​របស់​ប្រជាកសិករ​មាន​ស្ថិរភាព​។​


​ចំពោះ​សហគមន៍​ប្រភេទ​នេះ ​គឺ​ទាម​ទារ​ឱ្យ​កសិករ​យក​ដី​ឬក៏​ដំណាំ​ចម្ការ​ធ្វើជា​ដើមទុន​។ ក្រសួង​មិន​លើកទឹកចិត្ត​ចំពោះ​ការដាក់​ជា​ថវិកា​ទេ ដោយសារតែ​ក្រសួង​ចង់​ធានា​នូវ​កម្រិត​បរិ​យាប​ន្ន​និង​ការបែងចែក​ភាគលាភ​ជា​សមធម៌​ដល់​សមាជិក​នីមួយៗ​។

លោក ​ឃឹម​ ហ្វី​ណង់ ​បាន​ថ្លែងថា​៖ «​ដូច្នេះ​បើសិនជា​យើង​លើកទឹកចិត្ត​ឱ្យ​កសិករ​យក​ថវិកា​មក​ដាក់ នោះ​វា​ស្មើនឹង​បើក​ក្រុមហ៊ុន​ចូល​ហ៊ុន​គ្នា​រកស៊ី​ដូច្នោះ​ដែរ​។ ការងារ​នេះ​យើង​ចង់​ជួយ​ដល់​អ្នក​ចង់​ធ្វើ​កសិកម្ម​ពិតប្រាកដ ហើយ​គាត់​មានលទ្ធភាព​នៅតែ​បន្ត​ផលិត​ដដែល​តែ​ក្នុង​ទម្រង់​រួមគ្នា និង​លក់​រួមគ្នា​ដើម្បី​ទទួលបាន​ផលចំណេញ​រួមគ្នា​»​។​


​បើតាម​លោក​ ឃឹម ហ្វី​ណង់ នៅក្នុង​ដំណាក់កាល​សាកល្បង​នេះ គឺ​ក្រសួងកសិកម្ម ចាប់ផ្តើម​ពី​ខេត្ត​មួយចំនួន​សិន​ហើយ​ផ្តោតលើ​ដំណាំ​ ៤​ ប្រភេទ ដូចជា បន្លែ ស្រូវ ស្វាយចន្ទី និង​ម្រេច​។ មិន​​មែន​មានតែ​ខេត្តកំពង់ចាម​ និង​កំពង់ធំ​ទេ ការងារ​នេះ​អាចធ្វើ​ឡើង​បាន​គ្រប់​ទីកន្លែង​សមស្រប ហើយ​ខេត្តបាត់ដំបង ក៏​នឹងមាន​គម្រោង​សហគមន៍​កសិកម្ម​ទំនើប​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ដែរ​។​

​ក្នុងនោះ​ក្រសួងកសិកម្ម បាន​ចុះ​អនុ​​ស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ធនាគារ​វី​ង​ដោយ​ធនាគារ​វី​ង​បាន​តម្កល់​ប្រាក់​ ៥​ លាន​ដុល្លារ ទុក​នៅ​ក្រសួង សម្រាប់​ផ្តល់​កម្ចី​ជូន​ប្រជា​សហគមន៍ និង​កសិករ ក្នុង​អត្រា​កា​ប្រា​ក់ទាប ចន្លោះ​ពី​ ៧ ទៅ​ ៨​ ភាគរយ ក្នុង ១​ ឆ្នាំ  ​ហើយ​កម្ចី​នេះ មិន​តម្រូវឱ្យ​ដាក់​វត្ថុ​បញ្ចាំ​អ្វី​នោះទេ​។​

​បើទោះជា​កម្មវិធី​នេះ​ទើប​បង្កើតឡើង​ថ្មី​ក្តី​តែ​សម្រាប់​លោក​ សូត្រ ថា ដែលជា​សមាជិក​សហគម​ន៍​ម្នាក់​មានបទពិសោធន៍​ក្នុង​ការងារ​ធ្វើ​កសិកម្ម​នៅក្នុង​សហគមន៍​ស្រាប់ គឺ​លោក​នឹង​ត្រៀមខ្លួន​ចូលរួម​ក្នុង​កិច្ចដំណើរការ​សាកល្បង​នេះ​។

លោក​ សូត្រ ថា អាយុ​ ៦០​ ឆ្នាំ​និយាយថា លោក​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ជិត ​២​ ពាន់​នាក់ ក្នុង​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ​ស្ថិតក្នុង​ភូមិ​សំបូរ ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ ត្រង់​ខេត្តកំពង់ចាម​។​

​សហគមន៍​មួយ​នេះ​បាន​ចងក្រង​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០១០ ​ហើយ​សហគមន៍​កសិក​ម្ម​សំបូរ​មានជ័យ​មាន​ដំណាំ​ស្រូវ កៅស៊ូ ស្វាយ​ចន្ទី ចេក ម្នាស់ និង​ដំណាំ​ស្លឹក​ច្រើន​ប្រភេទ​ទៀត​ពិសេស​ដំណាំ​ស្លឹកគ្រៃ​តែម្តង​។ ដោយសារតែ​សហគមន៍​មាន​កិច្ចដំណើរការ​ល្អ​ផ្នែក​ផលិត​កសិផល​រួមទាំង​ការផលិត​ពូជស្រូវ​សម្រាប់​លក់​ផង​នោះ​ទើប​ក្រសួងកសិកម្ម​ជ្រើសរើស​ធ្វើជា​សហគមន៍​កសិកម្ម​ទំនើប​សាក​​ល្បង​។​

​បើតាម​លោក​ សូត្រ ថា បច្ចុប្បន្ន​លោក​មាន​ដី​ ៥ ​ហិកតា សម្រាប់ធ្វើ​ស្រូវ​និង​ដាំ​ដំណាំ​បន្លែ​ស្លឹក​ ១​ ឆ្នាំ​ពេញ​ ១ ​ឆ្នាំ​តែម្តង​ ហើយ​កសិផល​ប្រមូលបាន​ពី​ចម្ការ​លោក​បាន​ដឹក​ទៅ​សហគមន៍​ដើម្បីឱ្យ​សហគមន៍​លក់​ឱ្យ​។ ចំពោះ​លុយ​បាន​ពី​ការលក់​ផលដំណាំ​បើ​ផាត់​ការចំណាយ​គ្រប់បែបយ៉ាង​គឺ​លោក​អាច​សល់​ក្នុង​ ១ ​ខែៗ​ជាង ​១​ លាន​រៀល​ដែរ​។

ចំពោះ​ក្រសួងកសិកម្ម​មានកម្ម​វិធី​ជួយ​សហ​​គម​ន៍​កសិកម្ម​សំបូរ​មានជ័យ ឱ្យ​ងាក​មក​ធ្វើ​កសិកម្ម​បែប​ទំនើប​លោក​សប្បាយ​​ចិត្ត​។

លោក​សូត្រ ថា និយាយថា​៖ «​ការធ្វើ​កសិកម្ម​រួមគ្នា​នេះ​ល្អ​មែនទែន​ព្រោះ​ក្រសួង​ធានា​រក​ទីផ្សារ​ឱ្យ​ក្រសួង​មាន​លុយ​ឱ្យ​សហគមន៍​ខ្ចី​ធ្វើ​ដើមទុន​តែ​យើង​មិន​យក​ដី​ទៅ​ដាក់​រួមគ្នា​ទេ ព្រោះ​សហគមន៍​ទិញ​ដី​រួមគ្នា​បាន ​១៣ ​ហិកតា​ហើយ​។ យើង​គ្រាន់តែ​ធ្វើ​កសិកម្ម​រួមគ្នា​នៅលើ​ដី​ដែល​ទិញ​រួមគ្នា​តែប៉ុណ្ណោះ​»​។​

​ដោយឡែក​អ្នកស្រី ថា សុខ​ហ៊ាង អាយុ​ ៤៥​ ឆ្នាំ​ បាន​ប្រាប់​ដែរ​ថា ការ​សាក​ល្បង​របស់​ក្រសួងកសិកម្ម​នេះ​បាន​ជួយ​សហគមន៍​ពិសេស​កសិករ​មិន​បារម្ភ​ពី​រឿង​ទីផ្សារ​។ «​ក្រសួង​មាន​ប្រាក់កម្ចី​ដល់​សហគមន៍​ហើយ​គាត់​ចង់ឱ្យ​យើង​ធ្វើ​លើដី​រួម​ ១៣​ ហិកតា ​ក្នុង​សហគមន៍​តែម្តង​»​។ 

​ក្រសួងកសិកម្ម ឱ្យ​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ ជ្រើសរើស​សាក​ល្បង​ធ្វើជា​សហគមន៍​កសិកម្ម​ទំនើប​មួយ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ ៧០ ​ម៉ឺន​ដុល្លារ ​លើ​ផ្ទៃដី​ ១៣ ​ហិកតា​។ ក្នុងនោះ​រៀបចំ​ជា​ផ្ទះ​សំណាញ់​ជាង​ ១០០​ ខ្នង​ និង​រក​ដៃគូ​សម្រាប់​ទទួល​ទិញ​បន្លែ​ពី​សហគមន៍​។ ចំពោះ​ប្រាក់​ត្រូវ​ចំណាយ​ ១​ ផ្នែក​ជា​ទុន​មាន​ស្រាប់​ក្នុង​សហគមន៍ ១​ ផ្នែក​ទៀត​ខ្ចី​ពី​ក្រសួងកសិកម្ម រួម​នឹង​ប្រាក់​ក្នុង​គម្រោង​ផ្សេងៗ​ទៀត​។​

​បើតាម​លោក​ឆេង ថុង ប្រធាន​សហ​គម​ន៍​កសិកម្ម​សំបូរ​មានជ័យ បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក​ជិត​២​ពាន់​គ្រួ​សារ ​និង​មាន​ផ្ទៃដី​សរុប​ជាង​ ២​ ពាន់​ហិ​ក​​តា​។ ចំពោះ​ដំណាំ​ហូប​ផ្លែ​មាន​ដូង ចេក ម្នាស់​។

ចំណែក​ស្លឹកគ្រៃ​ក្នុង​ ១ ​ថ្ងៃៗ​នាំ​ចេញទៅ​ទីផ្សារ​ក្នុងស្រុក​ជាង ​៣ ​តោន​។ ចំពោះ​សហគមន៍​កសិកម្ម​ទំនើប​ដែល​បង្កើតឡើង​ថ្មី​ ១​ ទៀត គឺ​សមាជិក​ចាស់​ដដែល​ហើយ​នឹង​អាច​ដំណើរ​ការដាំ​បន្លែ​ក្នុង​ខែឧសភា ឆ្នាំ​ ២០២៤​។ ជា​ជំហាន​ដំបូង​ត្រូវ​ដាំ​ស្ពៃ​តឿ ខាត់ណា​-​ដើម ព្រោះ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ ១​ តម្រូវ​ឱ្យដាំ​។  

​លោក​ ឆេង ថុង​ បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា សហគមន៍​កសិកម្ម​ទំនើប​នឹង​ទទួលបាន​ជោគជ័យ​ព្រោះ​មាន​ក្រសួង​ក​សិ​កម្ម​ជួយ​ហើយ​យើង​ក៏មាន​ទីផ្សារ​ស្រាប់​ដែរ​។ ម្យ៉ាង​ខាង​ក្រសួង​ជួយ​ស្ទើរតែ​ទាំងស្រុង ហើយ​កសិករ​យើង​ចាំតែ​ផលិត​ទេ​»​។ ពាក់ព័ន្ធ​ការងារ​សហគមន៍​កសិក​ម្ម​ទំនើប​នេះដែរ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទៅ​លោក ​ស៊ឹម ថាវរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​ដែរ តែ​ត្រូវ​លោ​កប​ដិ​​សេធ​ធ្វើ​អត្ថាធិប្បាយ​៕