កំពង់ចាម: សហគមន៍កសិកម្មសំបូរមានជ័យ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអភិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តកសិកម្ម និងភាពរីកចម្រើនសេដ្ឋកិច្ចដោយសារការកសាងប្រឡាយបេតុងថ្មី។ ដោយទទួលបានមូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះមិនត្រឹមតែធ្វើឱ្យទិន្នផលស្រូវប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ការដាំដុះស្លឹកគ្រៃ ប្រែក្លាយវាទៅជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋានថែមទៀតផង។
លោក ផុត សារិទ្ធ សមាជិកសហគមន៍ បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទិន្នផលស្រូវ ខណៈដែលអ្នកស្រី ម៉ម គឹមហុង បានលើកឡើងពីការបង្កើនផលិតភាពដំណាំកសិកម្ម ដូចជា ស្លឹកគ្រៃ។ សហគមន៍ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ជាមួយសមាជិកចំនួន ៨៨ នាក់ បានកើនឡើងដល់ជិត ២ ពាន់នាក់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យទទួលបានទិន្នផលស្លឹកគ្រៃ ១ ៥០០ តោន ក្នុង ១ ឆ្នាំ។
លោក សារិទ្ធ និយាយថា៖ «នៅពេលដើមស្លឹកគ្រៃងាយស្រួលដាំ និងអាចដាំបាននៅគ្រប់ទីកន្លែង ប្រជាពលរដ្ឋរួមទាំងចាស់ៗកាន់តែច្រើននាំគ្នាដាំ ខណៈអ្នកបង្កបង្កើនផលស្រូវបង្កើនបរិមាណដីដាំ ដោយសារមានប្រភពទឹកគ្រប់គ្រាន់»។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានប្រឡាយទឹកបេតុងមក ទិន្នផលស្រូវ និងស្លឹកគ្រៃរបស់លោកបានកើនឡើង។
ដោយបង្ហាញពីការរីកចម្រើន និងជោគជ័យដ៏គួរឱ្យកត់សម្គាល់នៃវិស័យកសិកម្មរបស់សហគមន៍ លោក ប៉ែន វុទ្ធី សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មសំបូរមានជ័យបានលើកឡើងពីសមិទ្ធផលជាក់ស្ដែងរបស់ប្រជាសហគមន៍។ លោកថ្លែងថា៖ «ទីផ្សារស្លឹកគ្រៃប្រចាំឆ្នាំរបស់យើងតែ ១មុខលក់បានជាង ១ ៥០០ តោន ដោយពង្រីករយៈពេលផ្គត់ផ្គង់របស់យើងពី ៦ ទៅ ១១ ខែ ក្នុង ១ ឆ្នាំ»។
ប្រែក្លាយកាកសំណល់ទៅជាមាសបៃតង
ក្រៅពីប្រើប្រាស់គល់ស្លឹកគ្រៃ ស្លឹករបស់វាត្រូវបានប្រែក្លាយទៅជាប្រភពឱសថបុរាណ ផ្តល់ចំណូលបន្ថែមដល់សហគមន៍។ ក្នុងឆ្នាំ ២០១៨ សហគមន៍បានព្យាយាមស្វែងរកវិធីកែច្នៃស្លឹកគ្រៃទៅជាប្រេង ព្រោះការបោះចោលមិនប្រើ បន្ទាប់ពីកាត់គល់វា ចេះតែបណ្តាលឱ្យមានកាកសំណល់យ៉ាងច្រើន។
លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មសំបូរមានជ័យពន្យល់ថា៖ «យើងបានស្រាវជ្រាវលើបច្ចេកទេសកែច្នៃ ដោយសហការជាមួយសិប្បកម្មនៅខេត្តសៀមរាប និងសិក្សាពីជំនាញរបស់ពួកគេ»។ «នៅចុងឆ្នាំ ២០១៩ យើងបានផ្តួចផ្តើមសិប្បកម្មផ្ទាល់ខ្លួន ដើម្បីកែច្នៃប្រេងស្លឹកគ្រៃដោយជួយសង្គ្រោះស្លឹកពីកាកសំណល់ដែលសហគមន៍របស់យើងចាប់ផ្តើមដាំដុះរុក្ខជាតិនៅឆ្នាំ ២០១៦»។ ជាមួយនឹងសមត្ថភាពរបស់សហគមន៍ក្នុងការកែច្នៃស្លឹកគ្រៃ លោកអាចបង្កើតប្រាក់ចំណូលបន្ថែមតាមរយៈការលក់ស្លឹកដែលទុកចោលជាកាកសំណល់ ឬប្រើជាជី។
លោក ថុង បានឱ្យដឹងថា៖ «យើងលក់ស្លឹកដែលជាធម្មតាចាត់ទុកជារបស់គ្មានប្រយោជន៍បន្ទាប់ពីកាត់ដើមហើយ ឥឡូវនេះយើងអាចរកប្រាក់ចំណូលបានខ្លះពីពួកវា»។
ប្រេងស្លឹកគ្រៃសហគមន៍កសិកម្មសំបូរមានជ័យនៃស្រុកស្ទឹងត្រង់ ត្រូវបានទទួលស្គាល់ដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម។
លោក ពូន រុន ប្រធានមន្ទីរបានថ្លែងការគាំទ្រ និងលើកទឹកចិត្ដចំពោះការកែច្នៃសំណល់ផលិតផលកសិកម្មទៅជាផលិតផលមានគុណប្រយោជន៍ផ្សេងៗទៀត។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខាងមន្ទីរបានគាំទ្រក្នុងការជួយរៀបចំឯកសារ បទដ្ឋានទាំងអនាម័យ គុណភាព និងការវេចខ្ចប់ដើម្បីឱ្យផលិតផលសិប្បកម្មប្រេងស្លឹកគ្រៃរបស់សហគមន៍ត្រូវបានទទួលស្គាល់។ ខ្ញុំពិតជាកោតសរសើរដល់សហគមន៍ ដែលពួកគាត់រិះរកវិធីកែច្នៃស្លឹកគ្រៃដ៏សម្បូរក្នុងមូលដ្ឋានពួកគាត់»។
លោក រុន លើកឡើងថា ក្រៅពីកិច្ចរដ្ឋបាល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម តែងតែជំរុញ និងលើកទឹកឱ្យសហគមន៍ចូលរួមដាក់តាំងផលិតផលរបស់ខ្លួននៅក្នុងពិព័រណ៍ថ្នាក់ខេត្ដ និងថ្នាក់ជាតិថែមទៀត។
ការកែច្នៃប្រេងស្លឹកគ្រៃតាមបែបប្រពៃណីត្រូវធ្វើតាមជំហានជាបន្តបន្ទាប់ ចាប់តាំងពីការប្រមូលផលស្លឹកគ្រៃដើម្បីរក្សាបានក្លិនក្រអូបរបស់វា។ វិធីសាស្ត្របុរាណប្រើការចំហុយដោយចំហាយទឹក ដែលស្លឹកគ្រៃដាក់ក្នុងឆ្នាំងចំហុយ រួចហូរមកជាមួយទឹក ហើយបន្ទាប់មក ប្រេងត្រូវបានរក្សាទុក ក្រោយពេលបង្ហូរទឹកនៅផ្នែកខាងក្រោមនៃកែវអស់។
អ្នកស្រី ហាក់ ចំរើន ជាអ្នកកាន់គម្រោងសិប្បកម្មកែច្នៃប្រេងស្លឹកគ្រៃនៃសហគមន៍កសិកម្មសំបូរមានជ័យថ្លែងថា៖ «បន្ទាប់មកបង្ហូរទឹកនៅផ្នែកខាងក្រោមចេញអស់ ដោយសារទឹកធ្ងន់ជាងប្រេង ប្រេងស្លឹកគ្រៃបានក្លាយជាផលិតផលសម្រេចដែលសុទ្ធ»។ ស្លឹកគ្រៃដែលត្រូវបានកាត់ចេញពីគល់ក្នុងបរិមាណ ១៥០ គីឡូក្រាម អាចផលិតបានប្រេងស្លឹកគ្រៃកន្លះលីត្រ ខណៈដែលស្លឹកទាំងនេះមានតម្លៃ ៤០០ រៀល ក្នុង ១ គីឡូក្រាម។
អ្នកស្រី ចំរើន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ប្រសិនបើស្លឹកគ្រៃត្រូវបានហាលស្ងួតខ្លាំង លទ្ធផលប្រេងចេញមកមានពណ៌លឿងចាស់ និងបរិមាណតិចជាងកន្លះលីត្រ ហើយបើហាលមិនសូវស្ងួតខ្លាំង ប្រេងបានច្រើនជាង តែមានសភាពថ្លា។ វាមានគុណភាពល្អដូចគ្នា គ្រាន់តែប្រេងពណ៌ដិតមានក្លិនខ្លាំងជាង»។
ក្នុងឡដុតរម្ងាស់ ដែលទទួលបានបរិមាណប្រេងស្លឹកគ្រៃកន្លះលីត្រនោះ សហគមន៍បានយកប្រេងច្រកកូនដបក្នុងចំណុះ ១០ មីល្លីលិត្រ លក់តម្លៃ ១៧ ០០០ រៀល ១ កូនដបនៅលើទីផ្សារ។
អ្នកស្រី ចំរើន ជាអ្នកមកពីឃុំទួលសំបួរអះអាងថា៖ «ខ្ញុំធ្លាប់ឃើញប្រេងស្លឹកគ្រៃដាក់លក់តាមពិព័រណ៍ផ្សេងៗដែរតែមានលក្ខណៈខុសពីសហគមន៍យើង។ យើងប្រើប្រេងសុទ្ធ ១០០ ភាគរយ និងមានក្លិនឈ្ងុយ»។
ដៃម្ខាងកាន់សៀវភៅ និងប៊ិក ខណៈដៃម្ខាងទៀតកាន់ដបប្រេងស្លឹកគ្រៃ អ្នកស្រីបានរៀបរាប់ថា៖ «ប្រហែលជាខ្ញុំនៅខ្វះតិចនិកក្នុងការបញ្ចុះបញ្ចូល ឬអាចមកពីឌីហ្សាញមិនសូវទាក់ទាញ យើងមិនទាន់អាចដាក់លក់ផលិតផលយើងនៅតាមម៉ាត ផ្សារទំនើប និងឱសថស្ថានបាននៅឡើយទេ»។
បច្ចុប្បន្ននេះអរគុណដល់បណ្ដាញសង្គម ផលិតផលប្រេងស្លឹកគ្រៃអាចលក់បានប្រមាណជាង ២០ លីត្រ ក្នុង ១ ខែ។ អ្នកស្រីនិយាយថា គ្រាន់តែស្លឹកគ្រៃទិញពីសមាជិកមានតម្លៃ ៤០០ រៀល ក្នុង ១ គីឡូក្រាម និងកម្លាំងពលកម្មម្នាក់ ១ ថ្ងៃ ៣៥ ០០០ រៀល ហើយបុគ្គលិកផ្នែកលក់ម្នាក់ប្រមាណ ៣ ម៉ឺនរៀល ក្នុង ១ ថ្ងៃទៀត។
លោក ថុង បានលើកឡើងពីអត្ថប្រយោជន៍នៃប្រេងស្លឹកគ្រៃ ដោយបញ្ជាក់ថា វាអាចបំបាត់ការរលាកស្បែក កាត់បន្ថយការឡើងក្រហម និងបំបាត់ការរលាកតិចតួចឬសត្វល្អិតខាំ។ វាក៏មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់សាច់ដុំ និងសន្លាក់ផងដែរ។
លោក ថុង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ការប្រើប្រាស់ប្រេងស្លឹកគ្រៃដ៏មានប្រសិទ្ធភាពបំផុត គឺកម្ចាត់សត្វល្អិត ជាពិសេសមូស ដោយចាក់ប្រេង ១ តំណក់ទៅលើសំឡី ហើយដាក់វានៅកន្លែងណាមួយក្នុងបន្ទប់។ សត្វកន្លាតក៏មិនហ៊ាននៅក្បែរក្លិនប្រេងស្លឹកគ្រៃដែរ»៕