​ភ្នំពេញៈ សកម្មភាព​ប្រជា​ពលរដ្ឋ​ទៅមក​ជញ្ជូន​ត្រី លើក​ដាក់​លើគោក​គរ​ជា​គំនរ​ធំៗ សម្រាប់ធ្វើ​ត្រី​ប្រហុក​នៅ​ដង​ទន្លេសាប​ម្តុំ​គីឡូម៉ែត្រ​លេខ​ ៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២៣ បាន​បាត់ស្រមោល​អស់ បន្សល់ទុក​នូវ​ក្លិនស្អុយ​ត្រី​តិចៗ​នៅ​កន្លែង​ធ្វើ​ត្រី​ប្រហុក ដែល​ត្រូវបាន​គេ​លាង​សម្អាត​ហើយ ក្រោយ​រដូវ​ត្រី​ត្រូវ​លើកដំបូង​បញ្ចប់ទៅ​។


សំឡេង​ម៉ាស៊ីន​ធ្វើ​ត្រី​ប្រហុក ធ្លាប់តែ​លាន់ឮ​ទ្រហឹងអឺងកង នៅ​ទីនោះ​ក៏បាន​ប្រែ​ក្លាយទៅជា​ស្ងាត់ ហើយ​ម៉ាស៊ីន​ទាំង​នោះ​ត្រូវបាន​គេ​លាង​សម្អាត​លើកឡើង​លើគោក​រក្សាទុក ដើម្បី​រង់ចាំ​ទទួល​ធ្វើ​ត្រី​ប្រហុក​ម្តងទៀត​ដែល​អាច​ត្រូវ​នៅ​ខ្នើត​ក្រោយ​។

លោក ម៉ូត ហូ​សាន់ ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ក្នុង​បឹង​ទន្លេសាប​នៅ​សង្កាត់​ច្រាំង​ចំរេះប្រាប់ថា រដូវ​ត្រី​ត្រូវ​លើក​ដំបូង ដែល​ទើប​បញ្ចប់​ទៅនេះ ទិន្នផល​ត្រី​ដែល​ប្រមូលបាន​ហាក់​មានការ​កើនឡើង ហើយ​ថែមទាំង​មានតម្លៃ​ថោក​ទៀតផង​។ អ្នកនេសាទ​រូបនេះ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ឆ្លៀត​មក​ទិញ​ត្រី​ធ្វើ​ប្រហុក​ហូប​ឱ្យបាន​ច្រើន នៅ​រដូវ​ត្រី​ត្រូវ​លើក​ទី​២​ ខាងមុខនេះ ខណៈ​រូបលោក ក៏​កំពុង​ត្រៀមលក្ខណៈ​នេសាទ​លើក​ទី​២​ ផងដែរ​។


លោក​ថ្លែងថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចុះមក​ធ្វើ​ត្រី​ប្រហុក​ឱ្យបាន​ច្រើន ព្រោះ​ត្រី​ឥឡូវ​ធូរៗ​ថ្លៃ​ទេ តម្លៃ​ត្រី​រយៈ​ពេល​ប្រមាណ ​២ ​ឆ្នាំនេះ ១ ​គីឡូ តែ ១ ​ពាន់​រៀល​ជាង​ទេ ចំណែក​តម្លៃ​ ២​ ពាន់​ ឬ​ ២​ ពាន់​ជាង​ដោយ​​សារ​ត្រី​វ៉ៃ​ហើយ​ទេ​»​។

កំពុង​ឈរ​នៅលើ​ដាយ​ត្រី​លេខ​ ៤ រង់ចាំ​លើក​ត្រី​ដែល​នេសាទ​បាន​តិចតួច ពី​ក្នុង​ទន្លេ លោក ម៉ូត ហូ​សាន់ ប្រាប់ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​ ២០២៣-២០២៤ ​នេះ ត្រី​ត្រូវ​វគ្គ​ដំបូង​លោក​នេសាទ​បាន ៥០ ​តោន ​ដែលមាន​ភាគច្រើន​ជា​ត្រី​រៀល និង​ត្រី​ស្លឹក​ឬ​ស្សី​។ ក្រោយ​ត្រី​ត្រូវ​វគ្គ​ដំបូង​បញ្ចប់ទៅ ការ​នេសាទ​ដោយ​ដាក់​ដាយ​ត្រី​លើក​ម្តង​បាន​ត្រី​តែ​ប្រមាណ​តែ ២០ ​ទៅ​ ៣០​ ​គីឡូក្រាម​ប៉ុណ្ណោះ ជា​ប្រភេទ​ត្រី​នៅ​សេសសល់​តាម​ទន្លេ​។


អ្នកនេសាទ​រូបនេះ​ប្រាប់ទៀតថា នៅ​ថ្ងៃទី​ ១២-១៣ ខែមករា ឆ្នាំ​ ២០២៤ ​នេះ លោក​នឹង​ចាប់ផ្តើម​រៀបចំ​ផ្លាស់ប្តូរ​របៀប​នេសាទ ដើម្បី​ចាំ​ចាប់យក​ត្រី​នៅ​រដូវ​ត្រី​ត្រូវ​វគ្គ​ចុង​​ក្រោយ គឺ​ដោយ​ដាក់​ដាយ​ឱ្យ​ត្រូវ​នឹង​ពេលវេលា​ទឹក​មិនសូវ​ហូរ​ខ្លាំង​វិញ​ម្តង នោះ​គឺ​ការនេសាទ​ដោយ​ដាក់​ដាយ​កៀរ​។

លោក​ថ្លែងថា​៖ «​ខែ​កន្លងមក​យើង​ដាក់​ដាយ​មូល ដែល​ត្រូវ​នឹង​ទឹក​ហូរ​ខ្លាំង ចំណែក​ខែ​បន្ទាប់​នេះ​គេ​ហៅថា​ដាក់​ដាយ​កៀរ ដែល​គេ​ធ្វើ​របៀប​ដូច​ឈ្នាង​បង្គី​យើង​អ៊ីចឹង ហើយ​គេ​នៅចាំ​កៀរ​យក​ត្រី ព្រោះ​ទឹក​វា​អត់​សូវ​ហូរ​»​។

លោក ឈុន ហាំង​តុង ប្រធាន​អង្គភាព​នេសាទ​រដ្ឋបាលកណ្តាល​​ស្ទឹង នៃ​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទបានឱ្យដឹងថា វគ្គ​ដំបូង​នៃ​រយៈពេល​ត្រី​ត្រូវ​ដែល​អំណោយផល​ដល់​ការ​​នេសាទ​ត្រី​សម្រាប់ធ្វើ​ប្រហុក ឆ្នាំនេះ​ទិន្នផល​ត្រី​ហាក់​បាន​ច្រើនជាង​ឆ្នាំមុន ហើយ​តម្លៃថោក​។

លោក​ថា ត្រី​ត្រូវ​ច្រើន​ហើយ​ថ្លៃ​ថោក​នេះ គឺ​អំណោយ​ផល​ល្អ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​អ្នកធ្វើ​ត្រី​ប្រហុក ទុក​ហូប​លក្ខណៈ​គ្រួសារ​។

លោក​ថ្លែងថា​៖ «​បើ​និយាយ​ពី​រកស៊ី​តម្លៃថោក យើង​បាន​លុយ​តិច ប៉ុន្តែ​បើ​និយាយ​ពី​​អ្នកទិញ​គេ​ចង់បាន​តម្លៃថោក ដើម្បី​បាន​ផល​ច្រើន ចំណាយ​តិច អ៊ីចឹង​ត្រី​មានតម្លៃ​ថោក​គឺ​ចំណេញ​ដល់​ប្រជាពលរដ្ឋ​​អ្នកធ្វើ​ប្រហុក​ផ្អក​»​។

បើតាម​លោក ហាំង តុង ក្នុង​រដូវ​ត្រី​ត្រូវ​លើកដំបូង ការ​នេសាទ​ដោយ​ដាយ​ត្រី អាច​នេសាទ​បាន​ក្នុង​មួយ​ម៉ោង​គិត​ជា​មធ្យម ចាប់ពី ៨០០​ គីឡូក្រាម ទៅ​ ១ ​តោន ចំណែក​តម្លៃ​ជា​មធ្យម​ ១​ ពាន់​រៀល ​ក្នុង​ ១​ គីឡូ​ក្រាម ថោក​ជាង​ឆ្នាំមុន​ដែលមាន​តម្លៃ​ជាង​ ២​ ពាន់​រៀល​ ក្នុង​ ១​ គីឡូក្រាម​។

យ៉ាងណាក៏ដោយ​លោក​បញ្ជាក់ថា ត្រី​ត្រូវ​ច្រើន ហើយ​ថ្លៃ​ថោក ក៏​អាចមាន​ផល​ប៉ះ​ពាល់​ខ្លះៗ ដល់​អ្នក​ប្រកប​អាជីវកម្ម​ដាយ​ត្រី ព្រោះ​ត្រី​ថោក​រកចំណូលបាន​តិច ប៉ុន្តែ​ថ្លៃ​កម្មករ​នៅតែ​ដដែល ហើយ​បើ​ការនេសាទ​បាន​តិច​ផង​នោះ នឹងមាន​ការខាតបង់​ខ្លះៗ ផងដែរ​។

ផ្ទុយ​ពី​លោក ហាំង​តុង អ្នកនេសាទ​ម្នាក់ទៀត​គឺ លោក សឺ ម៉ៅ អ្នកគ្រប់គ្រង​ដាយ​ត្រី​លេខ ​១៥ នៅ​កំពង់ដ​ភូមិ​តា​​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​កំពុង​លើកដៃ​ចង្អុល​ស្រែកប្រាប់​កម្មករ​ឱ្យ​ប្រមូល​លើកដាក់​ត្រី​ឱ្យមាន​របៀប​នៅលើ​ដាយ​ត្រី​នោះ ប្រាប់ថា លោក​មិន​មានការ​ទោ​​ម្នេញ​ចំពោះ​តម្លៃ​ត្រី ដែលមាន​ការចុះ​ថោក​ស​ម្រា​ប់​ឆ្នាំនេះ​ទេ ព្រោះ​អាជីវកម្ម​នៅតែ​ដំណើរ​ការ​បាន​ប្រហាក់ប្រហែល​ឆ្នាំមុន ដោយ​សារបាន​ទិន្នផល​ត្រី​ច្រើនជាង​ឆ្នាំមុន​យោង​។

លោក​ថ្លែងថា​៖ «​ថ្វីបើ​តម្លៃ​ត្រី​ថោក ប៉ុន្តែ​យើង​នេសាទ​បាន​ច្រើនជាង​ឆ្នាំមុន អ៊ីចឹង​ចំនួន​ទិន្នផល​ត្រី​ច្រើន​ស៊ីសង​គ្នា​ទៅ​ត្រី​ថោក​ក៏​មិន​អី​ដែរ​»​។

អ្នកនេសាទ​ដដែល​បន្ត​ថា រយៈពេល​ត្រី​ត្រូវ​លើកដំបូង​នៅ​ចន្លោះ​ថ្ងៃទី​ ១៩ ដល់​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២៣​ កន្លងទៅនេះ ដាយ​ត្រី​នៅ​កន្លែង​របស់លោក​លើក​បាន​ត្រី​ប្រមាណ​ជាង ១០០ ​តោន ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន​នេសាទ​បាន​ក្រោម ​១០០​ តោន​ប៉ុណ្ណោះ​។ ចំនួន​នេះ​បញ្ជាក់ថា ត្រី​ត្រូវ​ច្រើន ប៉ុន្តែ​ភាគច្រើន​ជា​ត្រី​ស្លឹក​ឬ​ស្សី មិនសូវ​អំណោយផល​ល្អ សម្រាប់​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​ត្រី​ប្រហុក​នោះទេ​។

លោក​ថ្លែងថា​៖ «១០០ ​តោន​ជាង​ហ្នឹង​យើង​លក់​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្លះ ហើយ​យើង​លក់​ឱ្យ​អ្នកទិញ​យកទៅ​ធ្វើជា​ម៉ាំ លើក​យកទៅលក់​នៅ​វៀតណាម​ខ្លះ ហើយក៏​មាន​វា​រី​វប្បករ​មួយចំនួន​ទិញយក​ទៅធ្វើ​ចំណី​ត្រី​ផងដែរ មិនមាន​បញ្ហា​សល់​នោះទេ​»​។

កំពុង​ធ្វើ​ត្រី​ស្លាត​ដាក់លក់​នៅ​ទីតាំង​ចែកចាយ​ផល​នេ​សាទ​ (​យឿ​ត្រី​) ​ព្រែក​ព្នៅ កញ្ញា ជា ច​ន្នី ហៅ​ស្រី​ម៉ៅ អាយុ​ ៣៥ ​ឆ្នាំ បានឱ្យដឹងថា នៅ​រដូវ​ត្រី​ត្រូវ រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយនេះ នាង​តែង​ទៅរក​ទិញ​ត្រី នៅ​កំពង់ដ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។ កញ្ញា​ថា តាម​ការចុះទៅ​ទិញ​ជាក់ស្តែង ត្រី​ឆ្នាំនេះ​ត្រូវ​ច្រើនជាង​ឆ្នាំមុន ទាំង​ចំនួន​ទិន្នផល​ត្រី និង​ពេលវេលា​នេសាទ​។

កញ្ញា​ថ្លែងថា​៖ «​វគ្គ​ដំបូង​នេះ​ត្រី​វា​ត្រូវ​តាំងពី ​២ ​កើត​រហូតដល់ ចប់​ខ្នើត គឺ​ថ្ងៃ ១៤ ​កើត ប៉ុន្តែ​រាល់ដង​ត្រី​ត្រូវ​ចាប់ពី​ ៥ ​កើត រហូតដល់ ​១០ ​កើត​អស់ហើយ​»​។

ស្រី​ម៉ៅ បានបង្ហាញ​ពី​ការ​សប្បាយចិត្ត​ដែល​ត្រី​ឆ្នាំនេះ​ត្រូវ​ច្រើនជាង​ឆ្នាំមុន ថែមទាំង​ធូរ​ថ្លៃ​។ តាម​ការចុះទៅ​ទិញ​ជាក់​ស្តែង​ពេល​ត្រី​ត្រូវ​ដំបូង​នេះ​កញ្ញា​ប្រមូល​ទិញ​ត្រី​បាន ៥០ ​តោន ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​កញ្ញា​ទិញ​បានតែ​ប្រមាណ ៣០​ តោន​ប៉ុណ្ណោះ​។ ត្រី​ ៥០ ​តោន ដែល​ប្រមូល​ទិញ​បាន​នេះ កញ្ញា​បាន​យកទៅ​ធ្វើ​ម៊ាំ​ប្រមាណ ៣០ ​តោន លក់​ទៅឱ្យ​អ្នក​កុម្មង់​ទិញ​ពី​ប្រទេស​វៀត​​ណា​ម ក្រៅពីនោះ​គឺ​លក់ដូរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក ដែល​ត្រូវការ​ត្រី​យកទៅ​ធ្វើ​ប្រហុក​។

ស្រី​ម៉ៅ ​អះអាងថា នឹង​បន្ត​ចុះ​ទៅរក​ប្រមូល​ទិញ​ត្រី​ប្រហុក​បន្តទៀត​នៅពេល​រដូវ​ត្រី​ត្រូវ​នាពេលខាងមុខ ដែល​អាច​នឹងត្រូវ​ចន្លោះ​ចាប់ពី​ថ្ងៃទី​ ១២ ខែមករា​ ឆ្នាំ​ ២០២៤ ប៉ុន្តែ​មិនដឹងថា វគ្គ​ក្រោយនេះ​ត្រី​ត្រូវ​ច្រើន​​ដូច​ពេល​ដំបូង​នេះ ឬ​យ៉ាងណា​នោះទេ​។

លោក ហេង សុភា​រិ​ទ្ធ នាយ​​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​​កណ្តាល បានឱ្យដឹងថា ការ​នេសាទ​តាម​គន្លង​ដាយ​ត្រី នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល នៅ​រដូវ​ត្រី​ត្រូវ​លើកដំបូង​នេះ ចាប់បាន​ត្រី​សរុប​ចំនួន ២ ៨៤០ ​តោន​។

លោក​ថា ថ្វីបើ​ត្រី​ត្រូវ​លើកដំបូង មាន​ចំនួន​ច្រើន ប៉ុន្តែ​ការធ្វើ​ត្រី​ប្រហុក​ផ្អក​តាម​ការរំពឹងទុក​របស់​ប្រជាពលរដ្ឋ មិន​ដូច​ចិត្ត​នោះទេ ដោយសារតែ ត្រី​ត្រូវ​លើក​នេះ​សម្បូរ​ទៅដោយ​ត្រី​ស្លឹក​ឫស្សី និង​កូន​ត្រី​​ឆ្វៀ​ត ដែល​មិនសូវ​អំណោយ​​ផល​ដល់​ការធ្វើ​ត្រី​ប្រហុក​។

លោក​បញ្ជាក់ថា នៅ​រដូវ​ត្រី​ត្រូវ​លើក​ក្រោយនេះ អាច​នឹង​សម្បូរ​ត្រី​រៀល​ដែល​គេ​និយម​យកទៅ​ធ្វើ​ត្រី​ប្រហុក​ច្រើន ហើយ​តាម​ការរំពឹងទុក នៅពេល​បញ្ចប់​រដូវ​ត្រី​ប្រហុក​ឆ្នាំនេះ ចំនួន​ទិន្នផល នឹងមាន​ការកើនឡើង​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ទោះបីជា​ត្រី​ត្រូវ​ដំបូង​នេះ​មិនបាន​គាប់ចិត្ត​គាត់​មែន ប៉ុន្តែ​មិន​​មែន​អត់​នោះទេ គឺ​ពួកគាត់​មក​ទិញ​ត្រី​បាន​តាម​ចំណែក​គួរ​​សម​ដែល​ពួកគាត់​ត្រូវការ​ដែរ អាហ្នឹង​គឺ​សភាព​ជាក់ស្តែង ដែល​ខ្ញុំ​ចុះទៅពិនិត្យ​»​។

លោក​ប្រាប់ថា នៅក្នុង​ឆ្នាំ ២០២៣ មន្ត្រី​ជំនាញ​បាន​សហការ​បង្ក្រាប​បទ​ល្មើស​នេសាទ ជាមួយ​អាជ្ញាធរ​មូល​ដ្ឋា​ន​បាន​ប្រមាណ​ជាង ២០០ ​ករណី ដែល​ចំនួន​នេះ​ភាគ​​ច្រើន​ជា​បទល្មើស​ឆក់ និង​ការ​​ដាក់​ស្បៃ​មុង​។

លោក​អះអាងថា នឹង​បន្ត​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ជលផល​បន្តទៀត​ដោយ​មិន​ដក​ដៃ ដើម្បីឱ្យ​ទិន្នផល​ត្រី​កាន់តែ​មានការ​កើនឡើង​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំក្រោយៗ​ទៀត​។

លោក ងិន ឌី នាយ​ខណ្ឌ​​រដ្ឋបាល​ជលផល​រាជ​ធានី​​ភ្នំពេញ បានឱ្យដឹង​ផងដែរ​ថា តាម​ការសង្កេត​ជាក់ស្តែង​ក្នុង​រដូវ​ត្រី​ត្រូវ​លើកដំបូង សម្រាប់​ការនេសាទ​នៅតាម​ដាយ​ត្រី​នៅ​រាជធានី​ភ្នំពេញ ក៏មាន​ការ​​កើនឡើង​ផងដែរ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ​កើន​ប្រមាណ​ ១៧​ ភាគរយ​។ ត្រី​ត្រូវ​លើកដំបូង​នេះ ដាយ​ត្រី​នៅ​រាជធានី​ភ្នំពេញ ចាប់បាន​ត្រី​ប្រមាណ​ជាង ៨០០ ​តោន​។

លោក​ថ្លែងថា​៖ «​មកដល់​ថ្ងៃនេះ​ដាយ​ត្រី​ផ្អាក​ត្រូវ​ហើយ ដោយសារ​ផុត​ខ្នើត បើ​នៅ​ចំ​ខ្នើត ឃើញ​មាន​ប្រជាពលរដ្ឋ​ច្រើន​មក​ធ្វើ​ប្រហុក​ផ្អក ជា​ពិសេស​នៅក្រោយ​យឿ​ត្រី​គីឡូ​លេខ​ ៩»​។

តាម​ស្ថិតិ​ផល​ត្រី​ដែល​បាន​ពី​ការធ្វើ​អាជីវកម្ម​នេសាទ​ដាយ​​ត្រី របស់​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការនេសាទ​ដោយ​ដាយ​ត្រី​នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ព្រៃវែង ក្នុង​ឆ្នាំ ​២០២១ អនុវត្តបាន​ត្រី​ចំនួន ៨ ៧០០ ​តោន ឆ្នាំ​ ២០២២ អនុវត្តបាន ១៣ ០០០​ តោន ឆ្នាំ​ ២០២៣ អនុវត្តបាន ១៣ ៦៥០ ​តោន​៕