បាត់ដំបងៈ ត្រី និង​អំបុក អ្នកផង​អាច​នឹង​គិតថា វា​គ្រាន់តែ​ជា​អាហារ​សាមញ្ញ​ប៉ុណ្ណោះ តែមាន​សហគ្រាស​មួយ​ក្នុង​ក្រុង​បាត់ដំបង​បាន និងកំពុង​កែច្នៃ​ឱ្យទៅជា​អាហារ​សម្រេច​ និង​គ្រោង​នាំ​ចេញទៅ​ប្រទេស​ចិន​ ប្រមាណ​ ១៥ ​តោន ហើយក៏​ត្រៀម​នឹង​នាំ​ចេញទៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​ផងដែរ​។


ស្ថិតក្នុង​សម្លៀកបំពាក់​ខោអាវ​ពណ៌​ស ដែល​នៅលើ​ក្បាលមាន​គ្រប​ទៅដោយ​ក្រណាត់​ស្បៃ​ស្តើង​ពណ៌​លឿង​ដែល​កំពុង​ឈរ​ម្តុំ​គ្នា​ទៅតាម​ទីតាំង​ធ្វើ​ការងារ ប្រសិនបើ​គេ​មើល​មួយ​ភ្លែត​អាច​នឹង​គិតថា ​ជា​ក្រុមគ្រូពេទ្យ​។ ក៏​ប៉ុន្តែ​តាម​ការពិតទៅ​អ្នក​ទាំងនោះ ​គឺជា​ក្រុមការងារ​ដែល​កំពុង​ធ្វើ​សកម្មភាព​វេច​ខ្ចប់​កែច្នៃ​ត្រី និង​អំបុក​ក្នុង​សហ​គ្រាស ហេង ច័ន្ទនី​អង្គរមាស​ ដែល​ស្ថិត​ក្នុងភូមិ​រំចេក​ ២ សង្កាត់​រតនៈ ក្រុង​​ខេត្តបាត់ដំបង​។

កញ្ញា វាសនា វេជ្ជ​រ៉ា​វ៉ា អាយុ ​២៩ ​ឆ្នាំ ដែលជា​ម្ចាស់​សហគ្រាស ​(Heng Channy Angkor Meas)​ បាន​ប្រាប់ថា សហគ្រាស​កែច្នៃ​ត្រី​ជា​ត្រី​សាច់​ផ្សំ​គ្រឿង និង​អំបុក​កែច្នៃ​របស់​គ្រួសារ​កញ្ញា​បានចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៧ តែ​កាលនោះ​គ្រាន់តែ​ជា​អាជីវកម្ម​តាមបែប​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ រីឯ​ការ​​ផលិត​ក៏​ធ្វើឡើង​ដោយ​ម៉ាស៊ីន​កែច្នៃ​ដែរ ដូច្នេះហើយ​ទម្រាំ​តែ​ចេញ​ជា​ផលិតផល​សម្រេច ​គឺ​ត្រូវ​ប្រើពេល​យូរថ្ងៃ​ទើប​រួច​។


លុះ​ចូលដល់​ឆ្នាំ​ ២០១៩ បន្ទាប់ពី​កញ្ញា​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយ​មន្ទីរ​ឧស្សាហកម្ម​ខេត្តបាត់ដំបង និង​ចូលរួម​ជាមួយ​អង្គ​​ការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍ​ឧស្សា​​ហក​ម្ម ​(UNIDO) ​ទើប​ខាង​ស្ថាប័ន​ពាក់​​ព័ន្ធ​ផ្តល់​ជា​ម៉ាស៊ីន ខណៈ​ក្រសួងបរិស្ថាន​តាមរយៈ​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អា​កាស​ធាតុ​បាន​ជួយ​ជា​គម្រោង​ក្នុងការ​​បណ្តុះបណ្តាល​ដើម្បី​រៀបចំ​ជា​អាង​ប្រព្រឹត្តិ​កម្ម​ដើម្បី​ចម្រោះ​កាកសំណល់ ​និង​ទឹក​កខ្វក់​មិនឱ្យ​បំ​ភាយ​ក្លិន​អាក្រក់​ចូលទៅក្នុង​បរិយាកាស​។

កញ្ញា វេជ្ជ​រ៉ា​វ៉ា បាន​ប្រាប់ថា​៖ «​ដោយ​សារ​ពីមុនមក​ខ្ញុំ​មិនបាន​យល់ដឹង​ធ្វើ​តែ​តាម​ទម្លាប់​មិន​គិតដល់​ផលប៉ះពាល់​ដល់​បរិស្ថាន​ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ប៉ុន្តែ​ពេលនេះ​ក្រោម​ការជួយ​ទំនុក​បម្រុង​របស់​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​​អាកាសធាតុ​ (CCCA) ​ក្នុងការ​បណ្តុះ​​បណ្តាល​ទើប​ខ្ញុំ​ប្រើប្រាស់​ទុកដាក់​កាក​​សំណល់​ដែល​ពីមុន​ចេះតែ​បោះចោល​មិន​យកចិត្តទុកដាក់​»​។


​សកម្មភាព​វេច​ខ្ចប់​អំបុក​ក្នុង​សហគ្រាស​កាលពី​ខែធ្នូ ឆ្នាំមុន​។គឹម សារុំ

កញ្ញា វេជ្ជ​រ៉ា​វ៉ា បា​នប​នុ្ត​ថា នៅក្នុង​សហ​គ្រាស​របស់​កញ្ញា​មាន​កែច្នៃ​អំបុក​( អំបុក​សារាយសមុទ្រ អំបុក​ផ្លែឈើ​ចម្រុះ អំបុក​ពិសេស អំបុក​ចេក និង​អំបុក​ធម្ម​​ជាតិ​)​។ ចំពោះ​ត្រី​វិញ គឺ​កញ្ញា​ជ្រើស​រើស​យកតែ​ត្រី​រ៉ស់​និង​ត្រី​អណ្តែង​មក​ទេ​ គឺ​កែច្នៃ​ជា​ប្រភេទ​ត្រី​ឆ្ងាញ់​ធម្មជាតិ ត្រី​ឆ្ងាញ់​ទន្លេសាប ត្រីឆ្អើរ​បាត់ដំបង ត្រី​​រសជាតិ​ហឹរ និង​ត្រី​រសជាតិ​ល្ង ហើយ​​ក្រៅពីនោះ​ក៏មាន​កែច្នៃ​ជា​កាហ្វេ​ម្សៅ​ចេក ចេក​ល្ងស និង​ចេក​រសជាតិ​ត្រី​ផងដែរ​។

បើតាម កញ្ញា វេជ្ជ​រ៉ា​វ៉ា សម្រាប់​ត្រី​កិន​កែច្នៃ និង​អំបុក​កែច្នៃ​គឺ​សហគ្រាស​គ្រោង​នឹង​នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន​ ១៥​ តោន​ក្នុងពេល​ឆាប់ៗ​នេះ ចំណែក​ឯខាង​ប្រទេស​កូរ៉េខាងត្បូង​ក៏​ត្រៀម​នឹង​នាំ​​ចេញ​ផ​លិ​ផល​កែច្នៃ​ទាំង​ ២​ ប្រភេទ​នេះដែរ តែ​មិនដឹងថា​នឹងមាន​ចំនួន​ប៉ុន្មាន​តោន​ទេ​។ ដោយឡែក​ខាង​អ្នកជំនួញ​បង់​ក្លា​ដែ​ស​ក៏​កំពុងដំណើរការ​កា​រិ​យា​​ល័យ​សម្រាប់​លក់​នៅក្នុង​ប្រទេស​ជប៉ុន ​១ ​ទៀត​ដែរ​​ ដើម្បី​នាំ​ផលិតផល​កែច្នៃ​របស់​កញ្ញា​ចេញទៅ​លក់​នៅ​ទីនោះ​។

កញ្ញា​បាន​បន្ដថា ពាក់ព័ន្ធ​នឹង​ការនាំ​​ចេញ​នេះ ខាង​ក្រសួងពាណិជ្ជកម្ម​កំពុង​រៀបចំ​ជា​វិញ្ញាបនបត្រ​ដល់​សហគ្រាស​របស់​ក​ញ្ញា​ដើម្បី​បាន​យកទៅ​ដាក់លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​តែម្តង​។ ចំពោះ​ប្រភេទ​ត្រី​កែច្នៃ​ជា​ត្រី​ម៉ដ្ឋ​នេះ​មាន​ទម្ងន់​ចាប់ពី​ ៥០ ​ក្រាម ១០០ ​ក្រាម ២០០ ​ក្រាម  ៥០០ ​ក្រាម រហូតដល់ ​១​ គីឡូក្រាម ហើយ​នៅក្នុង​សហគ្រាស​របស់​កញ្ញា​មាន​បុគ្គ​លិ​ក​ប្រុស​ស្រី​ដែល​កំពុង​ជួយ​ការងារ​ទាំងអស់​ចំនួន​ ១៨​ នាក់​។

កញ្ញាបាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សប្បាយ​​ចិត្ត​ និង​មាន​ទំនុកចិត្ត​ទៅលើ​ក្រសួង​ពាក់​​ព័ន្ធ​រួម​នឹង​ក្រសួងពាណិជ្ជកម្ម​ដែល​ជួយ​ធ្វើ​កម្មសិទ្ធិបញ្ញា​ឱ្យ​យើង​។ បរទេស​ចាប់​​អារម្មណ៍​ផលិតផល​សហគ្រាស​រប​ស់​ខ្ញុំ​ គឺ​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា​យើង​។​ ផលិតផល​យើង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ដោយសារ​ផលិតផល​យើង​មាន​រសជាតិ​ហើយ ថែមទាំង​មាន​ស្តង់ដា​ទៀត ហ្នឹងហើយ​ជា​ទំនុកចិត្ត​»​។

កញ្ញា​ក៏​ឱ្យដឹង​ដែរ​ថា កន្លងមក កញ្ញា​តែងតែ​ចូលរួម​ការតាំងពិព័រណ៍​ពាណិជ្ជ​​កម្ម​នៅតាម​ខេត្ត​មួយចំនួន​ ឬ​តាមរយៈ​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ឬ​​តាមរយៈ​ភូមិ​ ១ ​ផលិតផល ​១ គឺ​ស្ថាប័ន​ទាំងអស់​បាន​ជួយ​ជំរុញ​សហគ្រាស​របស់​កញ្ញា ​ដើម្បី​ឱ្យគេ​ស្គាល់​។ ការជួយ​ជំរុញ​នេះ​បានធ្វើឱ្យ​ផលិតផល​កែច្នៃ​ក្នុងស្រុក​របស់​កញ្ញា​កាន់តែ​មានការ​គាំទ្រ​ច្រើន តែ​ផលិតផល​កែច្នៃ​នេះ​ក៏​នៅ​មិនទាន់បាន​ដាក់លក់​នៅតាម​ម៉ា​ត​ឬ​តាម​ផ្សារ​ទំនើប​នៅឡើយ​ដែរ​។

ផលិតផលរបស់សហគ្រាស Heng Channy Angkor Meas។ រូបថត Heng Channy Angkor Meas

ដោយឡែក​លោកស្រី ឃ្លោក វិចិត្រ​​រដ្ឋា អនុប្រធាននាយកដ្ឋាន​ប្រែប្រួល​​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន​បាន​ប្រាប់​​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន​ថា នៅក្នុង​ឆ្នាំ​ ២០១០ ក្រសួង​បរិ​​ស្ថាន​បាន​បង្កើត​គម្រោង ​១ ​ហៅថា​ គម្រោង​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ហៅ​កាត់ ​(CCCA) ហើយ​បាន​អនុវត្ត​ពី​ដំណាក់កាល​ទី​១​ ដល់ទី​៣​ ដែល​កំពុង​បន្ត​មកទល់ពេលនេះ​។

គម្រោង​នេះ​ក្រ​​សួង​បរិស្ថាន​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​មូលនិធិ​ពី​សហគមន៍​អឺ​រុ​ប​ពី​ប្រទេស​ស៊ុយអែត និង​ពី​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP)​ ហើយ​តាមរយៈ​មូលនិធិ​នេះ ​គឺ​ក្រសួងបរិស្ថាន​បាន​សហ​​ការផ្តល់​មូលនិធិ​ដល់​គម្រោង​អនុវត្ត​នៅក្នុង​ដំណាក់កាល​ទី​៣ ​ហៅថា ​(CCCA3)​​ បាន ​២២​គម្រោង​ក្នុង​ខេត្តបាត់ដំបង​។

លោកស្រី​បាន​ថ្លែងថា​៖ «​ក្នុង ​២២ ​គម្រោង​យើង​បាន​ផ្តល់ជូន​សហគ្រាស​ធុន​មធ្យម និង​សហគ្រាស​ធុន​តូច​។​ នេះ​ជា​ឱកាស​មួយ​ដែល​បង្ហាញ​ពី​ការ​​ជំរុញ​របស់​រាជរដ្ឋាភិបាល​ទៅដល់​សហ​គ្រាស​ធុន​មធ្យម និង​ធុន​តូច​ដើម្បី​ចូល​-​រួម​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាស​​ធាតុ​»៕