​ភ្នំពេញៈ ក្រុមហ៊ុន​រចនា​ព្រ​លាន​យន្តហោះ​លំដាប់​ពិភព​លោក Foster+Partners បាន​ចាត់ទុកថា​​ «​ព្រលាន​យន្ត​​ហោះ​អន្តរជាតិ​តេ​ជោ​» ថា ជា​ព្រលានយន្តហោះ​ដ៏​សំខាន់​នៅក្នុង​ចំណោម​ព្រលានយន្តហោះ​នានា​លើ​ពិភពលោក ដែល​ឆ្លុះ​បញ្ចាំង​ពី​និមិត្តសញ្ញា​របស់ខ្លួន​ជា​ច្រកទ្វារ​សម្រាប់​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ និង​មាន​តួនាទី​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម​។​

​យោងតាម​ក្រុមហ៊ុន Foster+Partners ការសាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ កំពុង​បន្តដំណើរ​ការសាងសង់​យ៉ាង​រហ័ស​។ ស្ថិតនៅ​ចម្ងាយ ២០​ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង គម្រោង​នេះ​ផ្តល់នូវ​ចក្ខុ​​វិស័យ​ថ្មី​មួយ​សម្រាប់​កម្ពុជា​។ ការ​រចនា​នេះ​បង្កប់​នូវ​អត្ថន័យ​ទីកន្លែង​ដ៏​រឹងមាំ ដោយ​ទាក់ទាញ​ការ​បំផុសគំនិត​ពី​អរិយធម៌​ដ៏​ចំណាស់​បំផុត​មួយ​លើ​ផែនដី និង​ឆ្លើយតប​ទៅនឹង​អាកាស​ធាតុ​ត្រូ​ពិ​ក​។​


​ក្រុមហ៊ុន​បានឱ្យដឹងថា ជារួម ផែនការមេ​ដែល​ឈ្នះ​ការប្រកួត​ប្រជែង​ដោយ​ការអនុវត្ត​រួមមាន​ផែនការ​សម្រាប់​ទីក្រុង​ព្រលាន​​យន្តហោះ​ថ្មី​ដែលមាន​អគារ​ចំណត​អ្នកដំណើរ​ដ៏​ទំនើប​នៅ​ចំ​កណ្ដាល​ព្រលានយន្តហោះ​នេះ​នឹង​ផ្តល់​បទពិសោធន៍​ដល់​អ្នក​ដំ​ណើ​រ​កម្រិត​ខ្ពស់បំផុត និង​កំណត់​ស្តង់​ដា​ថ្មី​សម្រាប់​និរន្តរភាព​នៃ​ព្រលាន​។​

​លោក Stefan Behling ប្រធាន​ស្ទូ​ឌី​យោ Foster + Partners បានឱ្យដឹងថា ព្រលានយន្តហោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​អគារ​សាធារណៈ​ដ៏​សំខាន់បំផុត​ដែល​ឆ្លុះបញ្ចាំង​ពី​ឋានៈ​និមិត្ត​សញ្ញា​របស់ខ្លួន​ថា ជា​ច្រក​ផ្លូវ​ឆ្ពោះទៅកាន់​ទីក្រុង និង​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​។​


​លោក​ថ្លែងថា​៖«​ព្រលានយន្តហោះ​​អន្តរជាតិ​តេ​ជោ​ថ្មី នឹង​ក្លាយជា​ផ្នែក​មួយ​សំខាន់​នៃ​ការអភិវឌ្ឍ​ជា​បន្ត​របស់​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​អន្តរ​តំបន់ និង​អន្តរ​គំរូ​ដ៏​សំ​​ខាន់​របស់​ប្រទេស​កម្ពុជា​»​។​

​យោងតាម​ក្រុមហ៊ុន អគារ​ស្ថានីយ​អ្នកដំណើរ​នេះ​មាន​អគារ​ចំ​កណ្តាល​ដ៏​សំខាន់​មួយ​ដែលមាន​សសរ​រាង​កោង​ ២ ​នៅ​សងខាង​ដែល​បង្កើន​ប្រសិទ្ធភាព​ចម្ងាយ​ថ្មើរជើង​។ អគារ​ចំ​កណ្តាល​គឺមាន​កន្លែង​សម្រាប់​អ្នកដំណើរ ប្រកប​ដោយ​សុវត្ថិភាព និង​ច្រក​អន្តោប្រវេសន៍ និង​ហាង​លក់រាយ​នៅក្រោម​ដំបូល​រាង​កោង​។​

​លោក Nikolai Malsch ដៃគូ​ជាន់​​ខ្ពស់​របស់​ក្រុមហ៊ុន Foster + Partners បានឱ្យដឹងថា ជាមួយនឹង​ភាព​សម្បូរបែប​នៃ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​របស់​ប្រទេស​កម្ពុជា ព្រលាន​យន្តហោះ​នេះ នឹង​ក្លាយជា​ច្រកទ្វារ​នៃ​និមិត្តសញ្ញា​សម្រាប់​ភ្ញៀវទេសចរ​។​

​លោក Nikolai Malsch ឱ្យដឹងថា​៖ «​ដោយ​កត្តា​ជំរុញ​នៃ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​បេតិកភណ្ឌ​សម្រាប់​ការសាងសង់ ការ​រចនា​ស្ថានីយ​អ្នក​ដំណើរ​នេះ​តំណាងឱ្យ​វប្បធម៌​កម្ពុជា​ដ៏​ទំនើប​។ ដំបូល​ស្ថានីយ​អ្នកដំណើរ គឺជា​ការ​រំលេច​នៃ​ពន្លឺ និង​ជា​និមិត្តសញ្ញា​សម្រាប់​ការធ្វើដំណើរ​របស់​អ្នកដំណើរ​គ្រប់រូប​»​។​

ប្លង់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ​តេ​ជោ​។ រូបថត Foster+Partners

​លោក ស៊ិន ចាន់​សិរី​វុត្ថា អនុ​រដ្ឋ​លេ​ខា​ធិ​ការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​​ចរ​ស៊ីវិល ​(SSACC)​ បានឱ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ កន្លងមក​ថា ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ គឺជា​ព្រលានយន្តហោះ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ដោយសារ​ព្រលានយន្តហោះ​នេះ សង់​លើ​ផ្ទៃដី​ទំហំ ២ ៨០០​ ហិកតា​នៃ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ខេត្តតាកែវ​។

គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២៣ ការកសាង​ព្រ​លាន​យន្តហោះ​នេះ​សម្រេចបាន​ជាង ៥៨ ​ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ​២០២៤ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៥​។ ព្រលានយន្តហោះ​នេះ​ចាប់ផ្តើម​កសាង​ក្នុង​ឆ្នាំ​ ២០១៩​។​​ព្រលាន​នេះ​គឺជា​ការ​បោះទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​កម្ពុជា​បរទេស (OCIC) ​គ្រប់គ្រង​ភាគហ៊ុន ៩០ ​ភាគរយ និង SSCA កាន់កាប់ ​១០ ​ភាគរយ​។ នេះ​បើ​យោងតាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន OCIC នៅលើ​គេហទំព័រ​របស់ខ្លួន​។​

​លោក ធួន ស៊ីណាន ប្រធាន​សមា​គម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់ថា ជាមួយនឹង​វត្តមាន​របស់ TIA នឹងមាន​សារៈសំខាន់​សម្រាប់​ការ​​អភិវឌ្ឍ​អាកាសចរណ៍​របស់​កម្ពុ​ជា ព្រោះ​វា​អាច​គ្រប់គ្រង​ការហោះហើរ​ត្រង់​ចម្ងាយ​ឆ្ងាយ​ពី​គោលដៅ​ផ្សេងទៀត​ជាច្រើន​ជុំវិញ​ពិភពលោក​។​

​លោក​ថ្លែងថា​៖ «​យើង​រំពឹងថា នៅពេល​ព្រលានយន្តហោះ​នេះ​ដាក់ឱ្យ​ដំណើរការ យើង​នឹង​អាច​ស្វាគមន៍​គោលដៅ​ចម្ងាយ​ឆ្ងាយ​ថ្មីៗ មួយចំនួន​ដោយផ្ទាល់​មកកាន់​ប្រទេស​យើង​។ នៅពេលនេះ​យើង​អាច​មើលឃើញថា ចំនួន​ការមកដល់​របស់​ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បណ្តើរៗ​ហើយ នៅពេលដែល​ព្រលានយន្តហោះ​ត្រូវបាន​បញ្ចប់ និង​បើក​ដំណើរការ វា​នឹង​ដើរតួ​សំខាន់​ក្នុងការ​ស្វាគមន៍​ជើង​ហោះ​ហើរ​ថ្មីៗ​មួយចំនួន​ផ្សេងទៀត​។​

​ស្ថិតិ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​ជិត ៤,៩២​ លាន​នាក់ កើនឡើង ១៥៦,៩​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ក្នុងចំណោម​ភ្ញៀវ​ទាំងអស់ គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ​មាន​ចំនួន​ច្រើនជាងគេ​៕