ជាមួយរាងស្រឡូនខ្ពស់ ស្នាមញញឹមស្រស់ យុវតីសម្បុរសណ្ដែកបាយ ប៊ុន ជាវត្តី មិនខ្លាចនឹងអាប់រូបសម្រស់ ជាមួយការហ្វឹកហាត់ហក់លោតដូចបុរស ដើម្បីសម្រេចក្ដីសុបិនជាមន្ត្រីការពារជាតិដ៏មានសមត្ថភាពតាមរយៈការសិក្សាពីសាលាយោធាដ៏ល្បីនៅប្រទេសបារាំង។
អនុសេនីយ៍ទោ ប៊ុន ជាវត្តី ទើបតែបានបញ្ចប់ការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃសាធារណរដ្ឋបារាំង កាលពីខែសីហាកន្លងទៅនេះ និងកំពុងបម្រើការនៅនាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ។
មានទីកំណើតកើតជានៅសង្កាត់រតនៈ ក្រុងបាត់ដំបង កញ្ញាគឺជាកូនច្បងក្នុងគ្រួសារ មានបងប្អូនបីនាក់។ ខុសប្លែកពីនារីជាច្រើនដែលប្រាថ្នាអាជីពការងារស្រាលៗក្នុងម្លប់ វត្តី បែរជាដាក់គោលដៅបន្តវេនពីឪពុកដែលបម្រើការជាទាហាន។
យុវតីវ័យ ២៤ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ជាក់ស្ដែងអាជីពនៃក្ដីស្រមៃរបស់ខ្ញុំគឺ ឯកសណ្ឋានមួយនេះឯង ព្រោះអីខ្ញុំស្រឡាញ់ ដោយសារតែប៉ាខ្ញុំគាត់ជាទាហាន អ៊ីចឹងនៅពេលដែលខ្ញុំឃើញគាត់ស្លៀកឯកសណ្ឋានម្ដងៗ ខ្ញុំមើលឃើញថាប៉ាខ្ញុំសង្ហាណាស់ អ៊ីចឹងទៅខ្ញុំក៏ចាប់ផ្ដើមស្រឡាញ់តាំងពីពេលហ្នឹងមក»។
អ្វីដែល វត្តី រឹតតែគោរពចងចាំនោះគឺការលះបង់របស់ឪពុកចំពោះអាជីពការងារ។ ទោះលោកមិនសូវមានពេលវេលាសម្រាប់គ្រួសារ តែការស្មោះស្ម័គ្របម្រើប្រទេសជាតិ ជាអ្វីដែលជំរុញឱ្យយុវតីរូបនេះមានមោទនភាពដើរតាមគន្លងរបស់ឪពុក។
កញ្ញាបានលះបង់ឱកាសអាជីពការងារផ្សេងទៀត មកចាប់យកការហ្វឹកហាត់ ឆ្ពោះទៅកាន់ឯកសណ្ឋានក្នុងក្ដីស្រមៃ។
កញ្ញាបានរំឭកប្រាប់ពីការសម្រេចចិត្តដ៏ច្បាស់លាស់យ៉ាងដូច្នេះថា៖ «នៅឆ្នាំ២០១៧ហ្នឹងខ្ញុំបានចប់សញ្ញាប័ត្រទុតិយភូមិ។ មុនខ្ញុំជាប់ទាហានហ្នឹង ខ្ញុំបានជាប់គ្រូបឋមរួចហើយ ខ្ញុំបានចូលរៀនវគ្គគរុកោសល្យពីរខែ។ ខ្ញុំក៏បានដាក់ពាក្យប្រឡងចូលហ្វឹកហាត់នៅសាលា ដល់ពេលខ្ញុំជាប់ទាហាន ខ្ញុំសម្រេចចិត្តថា ជ្រើសរើសខាងទាហាន»។
ដើមឡើយការសម្រេចចិត្តរបស់ វត្តី បានធ្វើឱ្យក្រុមគ្រួសាររារែកនឹងទទួលយកដែរ ដោយយល់ឃើញថា នារីគួរតែរើសការងារស្រួលមិនទាមទារកម្លាំងកាយធ្ងន់ធ្ងរ។
យុវតីរូបនេះបានរំឭកប្រាប់ថា៖ «ពីដំបូងពិបាកដែរ ដោយសារម៉ាក់ និងប៉ាគាត់អត់ចង់ទេ ណាមួយយើងកូនស្រី។ ហើយធម្មតាពេលដែលចូលហ្វឹកហាត់ទាហានហ្នឹង វាពិបាក ត្រូវការកាយសម្បទាហ្វឹកហាត់ខ្លាំង អត់សូវមានពេលផ្ទាល់ខ្លួនទេ អ៊ីចឹងពីដំបូងរាងពិបាកដែរ គាត់អត់ចង់ឱ្យខ្ញុំមកសោះ»។
កញ្ញា វត្តី ទទួលបានការគាំទ្រច្រើនពីមិត្តភក្ដិ តែជារឿយៗកញ្ញានៅតែត្រូវឆ្លើយនឹងសំណួរថា ហេតុអ្វីបានជាស្រឡាញ់អាជីពពិបាកដូច្នោះ។
កញ្ញាបានបន្តទៀតថា៖ «មានមតិមួយចំនួនដែរ ដែលលើកឡើងថា យើងស្រី យើងទៅទាហានធ្វើអី ពិបាកណាស់ នៅរៀនគ្រូទៅស្រណុកជាង។ ប៉ុន្តែបើសម្រាប់ខ្ញុំតែម្ដង ខ្ញុំស្រឡាញ់អាជីពបែបការផ្សងព្រេង ខ្ញុំចូលចិត្តបែបការលោតហក់អីអ៊ីចឹងទៅ អ៊ីចឹងយើងបានជួបអ្វីថ្មីៗច្រើន»។
ដោយជ្រើសរើសយកការងារក្នុងក្ដីស្រមៃ យុវតីរូបនេះបានចាប់ផ្ដើមចូលហ្វឹកហាត់នៅសាលានាយទាហានសកម្មឃុំត្មាតពង នៅខេត្តកំពង់ស្ពឺ ក្នុងវ័យ ១៨ឆ្នាំ។
សម្រាប់ការហ្វឹកហាត់រយៈពេល ៤ឆ្នាំ មុននឹងទទួលបានបរិញ្ញាប័ត្រយោធា វត្តី សិក្សាលើមុខវិជ្ជាចំណេះដឹងទូទៅ វិទ្យាសាស្ត្រនយោបាយ និងវិទ្យាសាស្ត្រសង្គម។ រីឯវគ្គសិក្សាជំនាញ មានការហ្វឹកហ្វឺនកាយសម្បទា ការសិក្សានៅលើទីលាន និងក្នុងថ្នាក់។
យុវតីរូបនេះបានរៀបរាប់ពីការប្រឈមថា៖ «ចំពោះការហ្វឹកហាត់គឺរាងពិបាក គឺទី១សម្រាប់យើងមនុស្សស្រីយើងត្រូវពិបាកជាងប្រុសៗបន្តិច ដោយសារកម្លាំងយើងអត់សូវដល់។ អ៊ីចឹងចំពោះ៣ខែដំបូង ពួកខ្ញុំអត់បានចេញចុងសប្ដាហ៍ទេ គឺពួកខ្ញុំនៅតែក្នុងបន្ទាយ អាហ្នឹងហ្វឹកហាត់ដំបូង»។
កញ្ញាត្រូវអនុវត្តកីឡាខ្ជាប់ខ្ជួន ចម្រុះរួមមានការហែលទឹក និងការរត់ឧបសគ្គជាដើម ក្រៅពីចុះសមយុទ្ធដើរយប់ពីរបីថ្ងៃជាប់គ្នា ដែលជាបទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់ វត្តី។
យុវតីរូបនេះបានរៀប់រាប់ថា៖ «អីដែលខ្ញុំចាំជាងគេហ្នឹងគឺពួកខ្ញុំចុះសមយុទ្ធនៅកំពង់ចាម ហើយពេលហ្នឹងយើងដើរបីយប់បីថ្ងៃជាប់គ្នា ជាមួយកាំភ្លើងមួយដើម និងសាកាដូធ្ងន់ ហើយងអត់បានគេងទៀត ដើរដល់ទៀបភ្លឺម៉ោង ៣។ ចំណុចហ្នឹងពិបាកខ្លាំង តែបើឱ្យយំតែម្ដងគឺអត់ទេ ព្រោះយើងជាអ្នកសម្រេចចិត្តជ្រើសរើសដើរផ្លូវហ្នឹង ហើយត្រូវតែទទួលយក ហើយជម្នះវាឱ្យទាល់តែបាន ខ្ញុំមិនដែលនឹកឃើញថាចង់បោះបង់វាទេ»។
បន្ថែមពីការប្រកាន់ខ្ជាប់វិន័យទាហានដ៏រឹង រួមមានការហ្វឹកហ្វឺនជំនាញឆ័ត្រយោង នៅបញ្ជាការដ្ឋានទ័ពពិសេសផងនោះ វត្តី ក៏បានចាប់ផ្ដើមរៀនបារាំងតាំងពីឆ្នាំ ២០១៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងយោធាកម្ពុជា និងយោធាបារាំង។
កញ្ញាបានឱ្យដឹងថា៖ «ពួកគាត់បានឱ្យគ្រូដែលជាគ្រូភាសាបារាំងមកបង្រៀនពួកខ្ញុំ។ ពួកខ្ញុំបានចាប់ផ្ដើមរៀនភាសាបារាំង ហើយដោយឃើញថាមានសិស្សច្បងគាត់ធ្លាប់ចេញទៅបន្តការសិក្សា អ៊ីចឹងខ្ញុំក៏មានទឹកចិត្តថា ខ្ញុំនឹងខំរៀនបារាំងដើម្បីឱកាសមួយហ្នឹង»។
បន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រយោធា នៅសាលានាយទាហានសកម្ម ក្នុងឆ្នាំ ២០២២ កញ្ញាវត្តី បានមករាជធានីភ្នំពេញ ដោយចូលបម្រើការនៅនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។ ក្រោយពីបម្រើការបានរយៈពេលមួយឆ្នាំ វត្តី ក៏បានដឹងដំណឹងពីសហប្រតិបត្តិការយោធាបារាំងប្រចាំនៅកម្ពុជាអំពីឱកាសទៅបន្តសិក្សាហ្វឹកហាត់ជំនាញវិស្វកម្មនៅប្រទេសបារាំងរយៈពេលមួយឆ្នាំ។
យុវតីរូបនេះបានប្រាប់ថា៖ «អ៊ីចឹងពេលហ្នឹង មានបេក្ខភាពដូចជា ៨នាក់ហើយយើងក៏មានការធ្វើតេស្តសម្ភាសផ្ទាល់ជាមួយប្រធានកិច្ចសហប្រតិបត្តិការ»។
ដោយសារតែ កញ្ញា វត្ថី មានចំណេះដឹងភាសាបារាំងស្ទាត់ជំនាញ និងថែមទាំងបានសិក្សាភាសាបារាំងជំនាញការទូត នៅវិទ្យាស្ថានភាសាបារាំងទៀតនោះ កញ្ញាត្រូវបានជ្រើសរើសជាបេក្ខភាពពីប្រទេសកម្ពុជា ទៅរៀនវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម នៅសាលាវិស្វកម្ម École du Genie នៅខេត្តអង់ហ្សេ (Angers) ប្រទេសបារាំង។
កញ្ញាបាននិយាយថា៖ «ក្នុងចំណោមអ្នកទៅរៀនវគ្គនេះសរុប ១០៣ មានតែម្នាក់មកពីប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ថាមានមោទនភាពជាខ្លាំងដែលបានទៅរៀនតំណាងឱ្យប្រទេសកម្ពុជា»។
ការសិក្សារយៈពេលមួយឆ្នាំ ផ្ដោតលម្អិតទៅលើជំនាញវិស្វកម្មរួមមានយុទ្ធវិធីពាក់ព័ន្ធនឹងទ័ពវិស្វកម្ម ការដាក់មីន ដាក់អន្ទាក់ ស្វែងយល់ពីគ្រឿងចក្រ ដែលយើងអាចប្រើប្រាស់នៅក្នុងជំនាញវិស្វកម្ម ដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យកងទ័ព។
យុវតីរូបនេះបានពន្យល់ថា៖ «ជំនាញវិស្វកម្មគឺជាជំនាញមួយដែលយើងដាក់ចូលក្នុងជំនាញថ្មើរជើងដែរអាច ជួយដល់កម្លាំងថ្មើរជើងនៅពេលប្រយុទ្ធជាក់ស្ដែងបាន។ ឧទាហរណ៍ថាដូចជាការសាងសង់លេណដ្ឋាន អ៊ីចឹងប្រសិនបើអត់មានខាងទ័ពវិស្វកម្មទេ គឺអត់អាចមានលេណដ្ឋានបានទេ»។
ការហ្វឹកហាត់នៅប្រទេសជឿនលឿនធ្វើឱ្យ កញ្ញា វត្តី មានអារម្មណ៍រំភើប និងមោទនភាពដែលអាចជម្នះការលំបាកផ្នែកយេនឌ័រ វប្បធម៌ ទំនៀមទម្លាប់ ម្ហូបអាហារ អាកាសធាតុ និងកម្រិតកាយសម្បទាជានារីភេទ ដែលមានត្រឹមតែ ៨នាក់ ក្នុងចំណោមបុរស ៩៥នាក់មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក។
ក្រៅពីការលំបាកទាំងនេះ វត្តី ស្ទើរតែមិនជឿថាខ្លួនអាចមកដល់ថ្ងៃនេះ ដោយកញ្ញាបានរៀបរាប់ថា៖ «មានច្រើនគ្រោះថ្នាក់ ទី១ផ្នែកយុទ្ធវិធីគឺពួកខ្ញុំបានចុះទីលានច្រើនដងនៅតាមខេត្ត នៅតាមអង្គភាពផ្សេងៗនៅក្នុងប្រទេសបារាំងហ្នឹង គឺយើងចុះយុទ្ធវិធីជាក់ស្ដែងគឺបីដូចជាយើងកំពុងស្ថិតនៅក្នុងសង្គ្រាមពិតៗ មានការបាញ់ មានការធ្វើដំណើរតាមរថក្រោស រថពាសដែក»។
ក្រោយពីបញ្ចប់ការសិក្សានៅឆ្នាំ ២០២៤ ដោយនាំយកចំណេះដឹងពីប្រទេសជឿនលឿនមកបម្រើការនៅនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិ កញ្ញា វត្តី ចង់លើកទឹកចិត្តស្ត្រីក្នុងវិស័យការពារជាតិ ឱ្យហ៊ានសាកល្បងដើម្បីសម្រេចគោលដៅអាជីពក្នុងក្ដីស្រមៃរបស់ខ្លួន។
យុវតីរូបនេះបាននិយាយថា៖ «នៅក្នុងវិស័យការពារជាតិ ខ្ញុំគិតថាស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការងារទំនាក់ទំនងផ្សេងៗ ក៏ដូចជាពិធីការ និងមានការងារជាច្រើនដែលគាត់ធ្វើបាន និយាយរួមបុរសធ្វើបាន គាត់ក៏ធ្វើបានដូចគ្នា»។
កញ្ញាក៏បានលើកពីចំណុចសំខាន់នៃការទទួលបានឱកាសទៅសិក្សាជំនាញយោធាផងដែរថា ចំណេះដឹងភាសាបារាំង និងបច្ចេកទេសគឺពាក់ព័ន្ធនឹងផ្នែកយុទ្ធវិធី ដែលអនុញ្ញាតឱ្យនាយទាហានទាំងអស់យល់ដឹង និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមជាក់ស្ដែង។
ក្រោយពីបញ្ចប់ការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មនៅប្រទេសបារាំង និងអនុសេនីយ៍ទោ ប៊ុន ជាវត្តី បានដាក់គោលដៅកាន់តែវែងឆ្ងាយ។
យុវតីរូបនេះបានប្រាប់ថា៖ «ទីមួយគឺគោលដៅក្នុងអាជីពការងាររបស់ខ្ញុំ ខ្ញុំចង់ទៅបន្តថ្នាក់ការពារជាតិនៅប្រទេសបារាំង ដែលជាសាលាចុងក្រោយ សាលាធំជាងគេ សាលាសង្គ្រាម (The War College ឬ École de Guerre) សម្រាប់វិស័យយោធានៅប្រទេសបារាំង និងបន្តកិច្ចសហប្រតិបត្តិការរវាងយោធាបារាំង និងកម្ពុជាឱ្យកាន់តែស្អិតរមួត»។ឮ
ស្ត្រីដែលមានការសិក្សាខ្ពស់ខ្ពស់ផ្នែកយោធារូបនេះក៏បានសម្ដែងការដឹកគុណដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ ដែលនាំឱ្យឯកភាពជាតិពេញលេញ រួមទាំងបុគ្គលសំខាន់ៗដែលដើរតួនាទីក្នុងអាជីពការងារដ៏គួរឱ្យស្ញប់ស្ញែងនេះផងដែរ។
កញ្ញារៀបរាប់ថា៖ «នាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ ដែលផ្ដល់ឱកាស និងតែងតែជំរុញលើកទឹកចិត្ត ដល់នាយទាហានក្រោមឱវាទ ឱ្យចេញទៅបន្តការសិក្សាក៏ដូចជាស្វែងរកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងនៅក្នុងអាជីពការងារ»។
កញ្ញា វត្តី ក៏ថ្លែងអំណរគុណដល់ស្ថានបេសកកម្មផ្នែកការពារបារាំងប្រចាំនៅកម្ពុជា ដែលបានផ្ដល់វគ្គសិក្សាភាសាបារាំង ដែលនាំមកនូវឱកាសបន្តការសិក្សានៅបរទេស។
ទន្ទឹមនឹងនោះ កញ្ញា វត្តី បានបង្ហាញអ្នកដែលផ្ដល់កម្លាំងចិត្តដ៏ឱ្យកញ្ញាតស៊ូដល់ទីបំផុតនោះ ដោយកញ្ញានិយាយទាំងរលីងរលោងថា៖ «ជាចុងក្រោយសូមអរគុណដល់ក្រុមគ្រួសារ ម៉ាក់ ហើយប៉ា ដែលជាទឹកចិត្តដល់សំខាន់របស់ខ្ញុំក្នុងការហ្វឹកហាត់ មិនថានៅខ្មែរ ឬនៅប្រទេសបារាំងទេ។ ម៉ាក់ប៉ាខ្ញុំគាត់តែងតែនិយាយថា គាត់អត់មានដើមទុនអីឱ្យខ្ញុំទេ តែខ្ញុំតែងតែឆ្លើយទៅវិញថា គាត់បានផ្ដល់ជីវិតនេះដល់ខ្ញុំដែលខ្ញុំអាចមានថ្ងៃនេះបាន»៕