​ភ្នំពេញៈ ការបង្ហាញ​ពី​ភាព​រីករាយ ទាន់សម័យ សេចក្តីសុខ សុភមង្គល​ដ៏​អស្ចារ្យ តាមរយៈ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​កត្តា​សង្គម​អូសទាញ​ផ្សេងៗ ក៏ដូចជា​ការចង់​សាក​រសជាតិ​គ្រឿង​ស្រវឹង​ដោយ​បុគ្គល​ម្នាក់ៗ គឺជា​មូលហេតុ​ន​នាំឱ្យ​មានការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​ក្នុង​សង្គមជាតិ នាពេល​បច្ចុប្បន្ន កាន់​តែមាន​វិសាលភាព ទាំង​ក្នុង​បណ្តាញ​សង្គម និង​ផ្ទាំង​ផ្សព្វផ្សាយ​ផ្សេងៗ​នៅតាម​ដងផ្លូវ​នានា នៅតាម​ភូមិ-ឃុំ-ស្រុក-រាជធានី-ក្រុង និង​ខេត្ត​។ 


​ក្នុងពេល​ថ្មីៗ​កន្លងមកនេះ​ថែមទាំង​មានការ​ផ្សាយពាណិជ្ជកម្ម ដ៏​ហួស​ហេតុ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លះ ក្នុង​កម្មវិធី​ប្រដាល់ ដែល​ឱ្យ​យុវជន​ឡើង​គាស់​ក្រវិល​ស្រា​បៀរ​មើល​រង្វាន់ ហើយ​ផឹក​បង្ហាញ​អ្នកទស្សនា​នៅលើ​សង្វៀន​ប្រកួត ក្នុងពេល​ផ្សាយ​ផ្ទាល់​។

តាមរយៈ​រឿងនេះ​យុវជន​ខ្លះ​គិតថា ការ​ផ្សាយពាណិជ្ជកម្ម​មានរ​ង្វាន់ និង​កត្តា​សង្គម​មួយចំនួន ពិតជា​ទាក់ទាញ​ឱ្យ​មានការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ចំណែក​អ្នកជំនាញ​សេដ្ឋកិច្ច លើក​ឡើង​ថា ការជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់ បញ្ជ្រាប​ការយល់ដឹង​ពី​គ្រឿង​ស្រវឹង និង​កាត់បន្ថយ​ការ​ផ្សព្វផ្សាយ​នៅ​ទីសាធារណៈ​ឱ្យបាន​ច្រើន ជា​ដំណោះស្រាយ​ល្អ​បំផុត​។​


លោក ស ថេត អគ្គស្នងការ​នគរបាល ជាតិ​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស ត្រូវ​បន្ដ​យុទ្ធ​នា​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស ត្រួតពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នក​បើកបរ​យានយន្ដ​គ្រប់​ប្រភេទ ខណៈ​ឆ្លងកាត់​យុទ្ធនាការ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​។ ឆ្លងកាត់​យុទ្ធនាការ​ប៉ុន្មាន​ថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ បើ​ធៀប​នឹង​រយៈពេល​មុន​នៃ​យុទ្ធនាការ​ត្រួតពិនិត្យ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​និង​ត្រួតពិនិត្យ​ជាតិ​អាល់​​កុល​លើ​អ្នកបើកបរ​។ ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ គឺ​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ ឬ​ឈានទៅ​លុបបំបាត់​ភាពអនាធិបតេយ្យ​លើ​ការមិន​គោរព​ច្បាប់​ចរាចរណ៍​។

​លោក សុខ សឹង្ហៈ អាយុ​​ ​៣០​​ ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ចេះ​សេព​គ្រឿង​ស្រវឹង តាំងពី​អាយុ ១៧ ​ឆ្នាំ ថ្លែងថា ដោយសារ​ការចូលរួម​កម្មវិធី​ផ្សេងៗ​ក្នុងសង្គម​ក៏​សាកល្បង ម្តង​បន្តិចៗ ហើយ​ពេលខ្លះ​ត្រូវបាន​គេ​ណែនាំ​ឱ្យ​ផឹក ពេលខ្លះទៀត​ដោយ​សារ​មិត្តភក្តិ​អូសទាញ រួមទាំង​ខ្លួនឯង​មាន​ចំណង់​ផង​នោះ នាំឱ្យមាន​ភាព​ស៊ាំ​នឹង​ការទទួល​ទាន រហូតដល់​គិតថា ពេល​ជួបគ្នា​បើ​មិនបាន​សេព​គ្រឿង​ស្រវឹង ហាក់បីដូចជា​ខ្វះ​អ្វី​ម្យ៉ាង​។​


​លោក​និយាយថា​៖ «​បើ​បាន​ផឹកស្រា​ចេះតែ​មានរឿង​និយាយ​ពីនេះ​ពី​នោះ បន្ថយ​ភាព​តានតឹង​សប្បាយ​ខ្លះ​ដែរ​»​។​

​លោក​ថ្លែងថា ពាក់ព័ន្ធ​នឹង​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផ្តល់រ​ង្វាន់ ជា​ជ្រុង​ ១ ​ជំរុញឱ្យមាន​ការសេព​សុរា​កាន់តែខ្លាំង ព្រោះ​គិតថា អាច​នឹងត្រូវ​រង្វាន់​ដូច​អ្នក​ដែល​ធ្លាប់​ត្រូវ​ដែរ តែ​ការពិត​ជាក់ស្តែង​មានតែ​ពិបាក​ក្នុង​ខ្លួន គ្រោះថ្នាក់​ចរាចរណ៍ ខកខាន​ការងារ ធ្វើ​អ្វី​មិនកើត​ដោយសារតែ​រឿង​សេពសុរា​ប៉ុណ្ណោះ​។​

​លោក​ថ្លែងថា​៖ «​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មាន​ភាព​ទាក់ទាញ​ឱ្យ​ចង់​ផឹក​ដែរ​ដោយសារ គេ​មាន​ដាក់​ជា​រង្វាន់ មាន​ជា​ឡាន ម៉ូតូ លុយ អ៊ីចឹងទៅ ចេះតែមាន​អារម្មណ៍​ថា ផឹក​ទៅ​ក្រែង​បាន​ឡាន​ជិះ​នឹង​គេ ឬ​បាន​ម៉ូតូ​ថ្មី​ជិះ​នឹង​គេ​»​។​

​លោក សុខ សឹង្ហៈ ថ្លែងថា តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ បានធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន មានការ​យល់ដឹង​ខ្លះៗ​ហើយ ពី​បញ្ហា​ដែល​កើតឡើង​ដោយ​គ្រឿង​ស្រវឹង ហើយ​មិនអាច​គ្រប់គ្រង​សតិ​បាន ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ អំពើហិង្សា​ក្នុង​គ្រួសារ និង​អំពើហិង្សា​ក្នុងសង្គម​។​

​ដោយឡែក លោក ស៊ុន ឆេ​កូ អាយុ​ជាង ​៤០​ ឆ្នាំ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញនិយាយថា ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​គួរតែ​បិទ​តែម្តង​ល្អ​ជាង ព្រោះ​ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​នេះ មិនមែន​មានតែ​អ្នក​សេព​គ្រឿង​ស្រវឹង​ទេ​ដែល​មើល នៅមាន​ប្រជាជន​ជាច្រើន​ទៀត រួមមាន​ទាំង​ក្មេងៗ​ផង​។

ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ផ្តល់រ​ង្វាន់ ក៏​គួរតែ មិន​ឱ្យមាន​ផងដែរ ព្រោះនេះ​ជា​កត្តា​ជំរុញ​លើកទឹកចិត្ត​កាន់តែខ្លាំង​ប៉ុន្តែ​ការផ្សព្វផ្សាយ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការសេព​គ្រឿង​ស្រវឹង ឱ្យបាន​ច្រើន​ទម្រង់​ទៅកាន់​សាធារណ​ជន អាច​នឹង​កាត់បន្ថយ​បាន​នូវ​ការ​​ប្រើប្រាស់​គ្រឿង​ស្រវឹង រួមទាំង​ការបង្ហាញ​ទិន្នន័យ​គ្រោះថ្នាក់ បណ្តាលមកពី​គ្រឿង​ស្រវឹង ការបង្កើត​ស្ព៉​ត ប្រៀបធៀប​គុណសម្បត្តិ និង​គុណ​​វិប្បត្តិ នៃ​ការសេព​ឬ​មិន​សេព​គ្រឿង​ស្រវឹង ព្រមទាំង​ការបន្ថែម​ពន្ធ​សម្រាប់​ការលក់ និង​ការផលិត ឬ​នាំចូល​គ្រឿង​ស្រវឹង គឺជា​រឿង​ល្អ​។​

​លោក​ថ្លែងថា​៖ «​ការធ្វើ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ជា​ផ្នែក​មួយ​ជួយ​រក​ចំណូល​ចូល​រដ្ឋ ប៉ុន្តែត្រូវ​ពិនិត្យមើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​កុំឱ្យ ចំណូល​បែរ​នាំមក​នូវ​ការខាតបង់​ធន​ធាន​មនុស្ស​ទៅវិញ ពិតណាស់​ផលិតផល​គ្រឿង​ស្រវឹង​គឺជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច តែ​ត្រូវ​គិតពី​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ផល​ប្រ​យោជន៍​សាធារណៈ​»​។​

​លោក សុខ វង្ស អាយុ​ជាង​ ៤០​ ឆ្នាំ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និយាយថា ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​មិន​ថា​រូបភាព​បែបណា​នោះទេ គឺ​មិន​ផ្តល់​ផលចំណេញ​ដល់​សង្គម​ជាតិ​ឡើយ​។ ជាក់ស្តែង​បច្ចុប្បន្ន គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​រាល់ថ្ងៃ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង ដូច្នេះ​ការផ្សព្វផ្សាយ​តាម​ផ្ទាំង​ប៉ាណូ​ធំៗ​លើ​ដងផ្លូវ គឺ​មិន​ត្រឹមត្រូវ​សោះតែ​ម្ដង​។​

​លោក​ថ្លែងថា​៖ «​វា​ជះឥទ្ធិពល​ដល់ ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ទាំងចាស់ គាត់​នឹងមាន​អារម្មណ៍​ថា ការផឹក​ស្រា ការលក់​ស្រា ការ​មាន​ហិង្សា​ក្នុង​គ្រួសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​មក ពី​ស្រា ជា​រឿង​ធម្មតា​ក្នុងសង្គម​របស់ខ្លួន​»​។​

​លោក​បន្ថែមថា​៖ «​មូលហេតុ​ទាំង​​នោះ បណ្ដាលមកពី​ការផ្សព្វផ្សាយ​ទូលំទូលាយ​ពេក​ពី​ស្រា ដោយសារ​ការផ្សព្វផ្សាយ​ទាំងនេះ​បានធ្វើឱ្យ​អ្នក​​លក់​រាល់ថ្ងៃ គ្មាន​បានគិត​ដល់​សុខ​សុវត្ថិភាព​អ្នកប្រើប្រាស់​ទេ កូនក្មេង​ក៏​លក់​ឱ្យ ឪពុកម្ដាយ​ផឹក​កូន​អង្គុយ​មើល​ពេលខ្លះ​ផឹក​ជាមួយ​ទៀត គ្រប់​កម្មវិធី​អត់​ស្រា​មិន​សប្បាយ នេះហើយ​កើតមក​ពី​ការផ្សព្វផ្សាយ​ទូលំ​ទូលាយ​ពេក​»​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា មាន​ចំណុច​ ២ ​សំខាន់ៗ​ទាក់ទង​គ្នា​ដោយ​មិនអាច​ញែក​គ្នា​ដាច់ ទី១​ គឺ​ទាក់ទង​ជាមួយនឹង​ការអប់រំ បញ្ហា​សង្គម ប្រពៃណី​វប្បធម៌ របស់​ជាតិ​សាសន៍ ចំណែក​ចំណុច​ទី​២ គឺ​ទាក់​ទង​នឹង​ទិដ្ឋភាព​សេដ្ឋកិច្ច​។​

​លោក​បញ្ជាក់ថា កន្លងមក​ការអប់រំ​ពី​គ្រឿង​ស្រវឹង​មាន​ទាំង​ក្នុង​ពុទ្ធចក្រ និង​អាណាចក្រ ហើយ​ក្រសួង​ពាក់​ព័ន្ធ​ក៏មាន​ការចូលរួម​ច្រើន​ផងដែរ​។ ក្នុងនោះ​រួមមាន​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង ការ​រឹតបន្តឹង និង​ការ​​អនុវត្ត​ច្បាប់ ព្រមទាំង​ការចូលរួម​ផ្សព្វ​ផ្សាយ​អប់រំ​ពី​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ផង​។​

​ជាមួយគ្នា​នោះ​ទិដ្ឋភាព​ក្នុងសង្គម​ក៏បាន​បង្ហាញថា កាលណា​ទទួលទាន​ស្រវឹង​ច្រើន​ហួសប្រមាណ ពិតជា​ហេតុ​នាំឱ្យមាន​គ្រោះថ្នាក់​ធ្ងន់​ធ្ង​រ​រហូត​បាត់​បង់ជីវិត​ផងដែរ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា តើ​បុគ្គល​ខ្លួនឯងបាន​យល់ បាន​ស្តាប់ ទទួលយក​ការ​ណែនាំ និង​បដិបត្តិ​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង កម្រិតណា​ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ទិដ្ឋភាព​សេដ្ឋកិច្ច​គឺ ក្រុមហ៊ុន រោងចក្រ​ផលិត​ចែកចាយ ឬ​ការ​នាំចូល​គ្រឿង​ស្រវឹង​ផ្សេងៗ ក៏បានផ្តល់​ផលចំណេញ​សេដ្ឋកិច្ច​សម្រាប់​ប្រទេសជាតិ​មួយចំនួន​ផងដែរ ហេតុនេះ​ការបិទ​សិទ្ធិ អាច​នាំឱ្យ​ប៉ះពាល់​ដល់​ដំណើរ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

​លោក​ថ្លែងថា​៖ «​យើង​មិនអាច​ទៅ​បិទ​សិទ្ធិ​ឈ្មួញ ឬក៏​ខាង​រោងចក្រ ឬក៏​ការ​នាំចូល​បានទេ ប៉ុន្តែ​ធ្វើ​ម៉េច​យើង​ជំរុញ ការអប់រំ​ផ្សព្វផ្សាយ ពី​ផល​​ប៉ះពាល់ ការយល់ដឹង​ពី​គ្រឿង​ស្រវឹង​ឱ្យបាន​ច្រើន ល្អ​ជាង​ការហាម​ប្រាម​បិទ​សិ​ទិ្ធ ទៅដល់​ឈ្មួញ ឬ​អ្នក​ប្រកបមុខរបរ​អាជីវក​ម្ម​លក់​គ្រឿង​ស្រវឹង​ហ្នឹង​ប្រសើរ​ជាង ហើយ​ត្រូវ​កាត់បន្ថយ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​ទី​សាធារណៈ​ឱ្យបាន​ច្រើន​»​។​

​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ទាក់ទង​នឹង​ការអប់រំ​បញ្ជ្រាប​ការយល់ដឹង​ពី​គ្រឿង​ស្រវឹង ក្រសួង​អប់រំ​បានដាក់​ចូលក្នុង​មុខវិជ្ជា​ជាច្រើន ក្នុង​កម្មវិធីសិក្សា​មានដូចជា​ភាសា​ខ្មែរ សីលធម៌​ពលរដ្ឋ និង​ប្រវត្តិវិទ្យា ដោយ​សារ​តែ គោលដៅ​សំខាន់ នៃ​ការអប់រំ​កម្រិត​មធ្យមសិក្សា ក៏ដូចជា​បឋមសិក្សា ពោលគឺ​នៅ​សាលា​ចំណេះ​ទូទៅ ក្រសួង​ត្រូវធ្វើ​យ៉ាងណា ឱ្យ​សិ​ស្សា​នុ​-​សិស្ស​ក្លាយជា​ពលរដ្ឋ​ល្អ​ពេញលេញ មាន​ទាំង​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា និង​ចរិយា​សម្បទា ដែល​ពលរដ្ឋ​ល្អ​នេះ​មិន​សម្រាប់តែ​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ពិភពលោក​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​ការ​អប់​ចំណេះ​ដឹង​ទាក់ទង​គ្រឿង​ស្រវឹង​នេះ ត្រូវបាន​បញ្ចូល​ទាំងមុខ​វិជ្ជា​ភាសា​ខ្មែរ ដែល​នៅ​ក្នុងនោះ​យើង​បាន​លើក​ពី​ការអប់រំ​បែប​ព្រះពុទ្ធសាសនា ក៏ដូចជា​អត្ថបទ​នានា​ក៏​បង្ហាញ​ពី​តថភាព​សង្គម ដែលជា​លក្ខណៈ​អប់រំ ក្នុងនោះ​ការណែនាំ​មិនឱ្យ​សេព​គ្រឿង​ស្រវឹង ឬ​អំពើ​អបាយមុខ​ផ្សេងៗ ក៏​ត្រូវបាន​បញ្ជ្រាប​យ៉ាងច្រើន​»​។​

​លោកស្រី​បញ្ជាក់ថា ក្រសួង​អប់រំ​ក៏បាន​សហការ និង​ធ្វើការ​ជាមួយ​មន្ទីរអប់រំ​ជុំវិញ​ខេត្ត ក្រុង ដើម្បី​ពង្រឹង​បទ​បញ្ជា​ផ្ទៃក្នុង ជាក់ស្តែង​ក្រសួង​បានចេញ​សេចក្តីណែនាំ​ថ្មី ពេល​បើកប​វេ​សន​កាល​ថ្មី​ឆ្នាំ​ ២០២៣-២០២៤ ទាក់ទង​នឹង​ស្តង់ដា​សាលារៀន​គំរូ ក្នុងនោះ​ក្រៅពី​ការអប់រំ​ពី​គ្រឿង​ស្រវឹង ក្រសួង​ក៏មាន​ការណែនាំ​ពី​បញ្ហា​សីល​​ធម៌ ការរស់នៅ​រួមគ្នា​ក្នុង​សាលា និង​អ្វីដែល​អាចធ្វើ​បាន ឬ​ធ្វើ​មិនបាន​នៅក្នុង​សាលារៀនផងដែរ​។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ ​២០២៤ របស់​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃទី ​២៣ ខែមករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុងពេល​លោក​ចុះ​បេសកកម្ម​នៅក្រៅ​ប្រទេស បានទទួល​ព័ត៌មាន​ពី​ការផ្សព្វផ្សាយ​ហួស​​ហេតុ​ ១ តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​។ ការផ្សាយ​នោះ គឺជា​ពាណិជ្ជកម្ម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង ដែល​ឱ្យ​យុវជន​ឡើង​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ​ហើយ​ទទួល​ទាន​គ្រឿង​ស្រវឹង​លើ​ឆាក​នៃ​ការ​ផ្សព្វ​ផ្សាយ​ក្នុងពេល​ផ្សាយ​ផ្ទាល់ លើ​កម្មវិធី​ដែលមាន​អ្នក​ចូល​មើល​ច្រើន​។  

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ភ្លាមៗ​លោក​បាន​បញ្ជា​ពី​ក្រៅប្រទេស​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ធ្វើការ​បញ្ឈប់​កុំឱ្យ​មានការ​ផ្សព្វផ្សាយ​បែប​នោះ​ទៀត​។ ជាមួយ​ការលើកឡើង​នោះ លោក​ក៏បាន​ផ្តាំ​ទៅ​ពិធីករ​ពិធី​ការិនី​ទាំងអស់ កុំ​ធ្វើជា​គំរូ​ក្នុងការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅលើ​ឆាក ឬ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ផ្សេងៗ​។​

​លោក​ថ្លែងថា​៖ «​ការផ្សាយពាណិជ្ជកម្ម​លើ​ផ្ទាំង​ប៉ាណូ​ជា​រឿង​មួយ ប៉ុន្តែ​ត្រូវដាក់​ពាក្យ​អប់រំ​ភ្ជាប់​ជាមួយ​ផ្ទាំង​នោះ​ផងដូចជា​ «​ស្រវឹង​កុំ​បើកបរ​» ​អ៊ីចឹងទៅ ប៉ុន្តែ​រឿង​ ១ ​ទៀត ក្នុង​កម្ម​វី​ធី​វាយ​បុក ហើយ​ឱ្យមាន​អ្នក​ទៅ​គាស់​ផឹក​ទៅ​អី គឺ​អត់​ទេ សូមឱ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​ឈប់​ឱ្យធ្វើ​បែបនេះ​»​។​

​កាលពី​ថ្ងៃទី ​៩ ខែមករា ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង ក្រើនរំឭក ដល់​ទៅ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​ផលិត​ចែកចាយ នាំចូល និង​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សរាចរ​ស្តីពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង របស់​ក្រសួង​ព័ត៌មាន ដូចជា​ការហាម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផ្តល់រ​ង្វាន់ និង​មិនឱ្យ​ជំរុញ​លើកទឹកចិត្ត ដោយ​ប្រើពាក្យ​អូសទាញ​ពលរដ្ឋ​ឱ្យ​សេព​គ្រឿង​ស្រវឹង​ហួសហេតុ​ពេក​។ មិនត្រូវ យក​ស្ត្រី ឬ​អា​នីតិជន​ក្រោម ​១៨ ឆ្នាំ​ ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នោះទេ ព្រោះ​ជាហេតុ​នាំឱ្យ​ប៉ះពាល់​សិទ្ធិ និង​តម្លៃ​ស្ត្រី​ខ្មែរ​។ ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់ ត្រូវដាក់​ប​ញ្ជូ​ល​សារ​ក្រើន​រំ​ឭ​ល​មួយចំនួន​តាម​ការណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី គឺ​ «​ពិសារ​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ​» ឬ ​«​ពិសារ​ដោយ​ការទទួលខុសត្រូវ​» ។​

​ក្រសួង​ក៏បាន​ព្រមាន​ថា នឹង​ទុកពេល​សមស្រប​ឱ្យធ្វើ​ការផ្លាស់ប្តូរ និង​កែសម្រួល​ការផ្សាយ​ដែល​ប៉ះពាល់​សីលធម៌​សង្គម ហើយ​ក្នុងករណី​ល្មើស​ការណែនាំ ក្រសួង​នឹង​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​តែម្តង​។​

​ក្រោយពី​មានការ​ប្រកា​សហា​ម​ការផ្សាយ​ហួសហេតុ ពី​រឿង​គ្រឿង​ស្រវឹង​នេះ លោក សាំ ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​បញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ ពិនិត្យមើល​ការដាក់​តាំង​ផ្ទាំង​ប៉ាណូ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង នៅតាម​គោលដៅ​សំខាន់ៗ ជាពិសេស​នៅ​គោលដៅ​ដែលមាន​ទេសចរ​ឆ្លងកាត់​ត្រូវ​ទម្លាក់​ការដាក់​តាំង​ផ្ទាំង​ផ្សព្វផ្សាយ​ទាំងនោះ​ចេញ​វិញ ដោយ​ជំនួស​មកវិញ​នូវ​ការរៀបចំ តាក់តែង ឱ្យបាន​សមរម្យ និង​មាន​ភាព​ទាក់ទាញ​ទេសចរ​។​

​លោក​បញ្ជាក់ថា ការផ្សាយពាណិជ្ជកម្ម​ពិត​ជា​បាន​នាំមក​នូវ​ចំណូល​ជូន​ជាតិ ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រសិនបើ​ចំណូល​នោះ មើលទៅ​មិន​សមរម្យ ឬក៏​ថ្លឹងថ្លែង​មើលទៅ​មិនចាំបាច់ គួរតែ​ផ្អាក​សកម្មភាព និង​រុះ​រើចេញ​។

​លោក​ថ្លែងថា​៖ «​មិនមែន​អាង​តែមាន​លុយ មាន​សេវា​ចេះតែ​ដាក់​ទេ​។ ទោះបីយ៉ាងណា​ក៏ដោយ អ្វីដែល​មិន​សមរម្យ គឺ​ខ្ញុំ​បញ្ជា​ឱ្យ​រុះរើ នេះ​ជា​កិច្ចការងារ​មួយ​ដែល​ត្រូវខិតខំ​រួមគ្នា យើង​មាន​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​ហើយ អាច​យោងទៅលើ​ទម្ងន់​សេចក្តីប្រកាស​ណែនាំ​នោះ សូមឱ្យ​យន្តការ​ទាំងអស់​ពិនិត្យមើល ស្លាក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​»​។

​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មានបានឱ្យដឹងថា វឌ្ឍនភាព​ក្រោយ​ក្រសួង​ជូនដំណឹង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​ផលិត​ចែកចាយ នាំចូល​ស្រា​បៀ​នោះ ក្រសួង​សង្ឃឹមថា ក្រុមហ៊ុន​ទាំងអស់​មានការ​កែប្រែ​ធ្វើឱ្យបាន​ល្អប្រសើរ​ជាង​មុន ក្នុងការ​ផ្សព្វផ្សាយ​សម​ស្រប និង​សង្គម​បច្ចុប្បន្ន​។

​លោក​ថ្លែងថា​៖ «​តាំងពី​ថ្ងៃ​ដែល​យើង​ចាប់ផ្តើម​ប្រជុំ ម្ចាស់​ស្ថានីយ​ទាំងអស់ បាន​សន្យាថា​នឹង​គោរព​តាម​គោលការណ៍ និង​អ្វីដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ទាំងអស់​ធានា​អនុវត្ត ហើយ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​ថែមទៀត ធ្វើឱ្យ​ម្ចាស់​ស្ថានីយ​ជាច្រើន​ចូលរួម និង​បាន​ឯកភាព​តាម​ហ្នឹង​ផងដែរ​»​។    

​នៅ​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ ​២០២៤ ក្រសួងសុខាភិបាល ក៏បាន​ចេញ សេចក្តីប្រកាស​ព័ត៌មាន អំពី​ផលប៉ះពាល់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ដែលមាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព ព្រោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង នឹងធ្វើ​ឱ្យមាន​ជំងឺ​ជាច្រើន ដូចជា ក្រិន​ថ្លើម ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ មាន​បញ្ហា​ផ្លូវចិត្ត អសមត្ថភាព​ផ្លូវភេទ ជំងឺ​ស​សៃ​ឈាម និង​បេះដូង ធ្វើឱ្យ​ទារក​លូ​លាស់​មិន​ប្រក្រតី លើសឈាម លើស​អាស៊ីត លើស​ជាតិ​ស្ករ មហារីក​បំពង់ក បំពង់​អាហារ ថ្លើម ពោះវៀន សុដន់ និង​មហារីក​ឈាម​ជាដើម​៕