ភ្នំពេញ: ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាក្នុងឆ្នាំ ១៩៩៧ មក ប្រទេសនេះមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងវិស័យទំនាក់ទំនង អាជីវកម្ម និងការអប់រំ ដែលជំរុញដោយការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
មុនសម័យអ៊ីនធឺណិតប្រជាជនកម្ពុជាប្រឈមមុខនឹងការចំណាយខ្ពស់ និងជម្រើសមានកម្រិតសម្រាប់ទំនាក់ទំនងទៅក្រៅប្រទេសដោយពឹងផ្អែកជាចម្បងលើការហៅទូរស័ព្ទតម្លៃថ្លៃៗ រួមទាំងការស្រាវជ្រាវមេរៀន។
ការបើកដំណើរការហាងអ៊ីនធឺណិត ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ បាននាំមកនូវការផ្លាស់ប្តូរថ្មី ដោយផ្តល់ជូននូវការប្រើប្រាស់អ៊ីនធឺណិតដែលមានតម្លៃសមរម្យ និងបដិវត្តន៍ពីរបៀបដែលប្រជាជនកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក។
ហាងអ៊ីនធឺណិត ឬអ៊ីនធឺណិតកាហ្វេទាំងនេះមិនត្រឹមតែជួយសម្រួលដល់ការហៅទូរស័ព្ទទៅក្រៅប្រទេសតាមរយ:សេវាកម្ម VoIP ដូចជា Skype ប៉ុណ្ណោះទេ ថែមទាំងផ្តល់វេទិកាសម្រាប់ការសិក្សានិងស្រាវជ្រាវ បើទោះបីមានបញ្ហាប្រឈមនៃការចូលប្រើមានកម្រិតល្បឿនទាប និងការចំណាយខ្ពស់ដែលទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិតដំបូងក៏ដោយ។
លោក ដុម ប៊ុនលីម បានរំឭកថា កាលពីជាង ២០ ឆ្នាំមុន លោកតែងតែទៅហាងអ៊ីនធឺណិតឆែករកព័ត៌មានការងារថ្មីៗនៅលើវេបសាយ BongThom ទោះបីជាលោកកំពុងតែសិក្សានៅមហាវិទ្យាល័យ និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងយ៉ាងណាក៏ដោយ។
លោកបន្ដថា ក្រៅពីការផ្ដោតលើវិស័យការងារ ការប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យនោះ គ្រាន់តែជាការមើលអ្វីប្លែកៗដោយមិនច្បាស់ទៅលើប្រធានបទអ្វីឡើយ និងមិនដែលសិក្សាស្រាវជ្រាវតាមអ៊ីនធឺណិតនោះទេ ដោយសារលោកមិនដឹងថា អ្នកសិក្សាអាចស្វែងរកមេរៀននៅតាមវេបសាយនានាទេ។
ជាអ្នកជំនាញ HR Professional ក្នុងក្រុមហ៊ុនឯកជនមួយលោកប៊ុនលីម បច្ចុប្បន្នអាយុ ៤៤ ឆ្នាំប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «បើយើងប្រៀបធៀបមកសម័យបច្ចុប្បន្ន អ៊ីនធឺណិតពិតជាទូលំទូលាយ។ ប្រជាជនយើងដឹងថា នៅតាមវេបសាយមួយចំនួនធំ ជាប្រភពនៃព័ត៌មានទាំងអស់ ដែលសិស្ស-និស្សិត រួមទាំងអ្នកជំនាញផ្សេងៗអាចស្វែងរកទិន្នន័យបានយ៉ាងងាយនៅលើបាតដៃ»។
បដិវត្តន៍ឌីជីថលនេះបានអភិវឌ្ឍលើសពីការទំនាក់ទំនង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអប់រំ។ ការប្រើប្រាស់អ៊ីនធឺណិតបានធ្វើឱ្យទំនាក់ទំនងសកលលោកកាន់តែកៀកនឹងក្រសែភ្នែក កាត់បន្ថយគម្លាតរវាងប្រជាជនកម្ពុជាក្នុងប្រទេស និងក្រៅប្រទេស ហើយក៏បានបង្កើតឱកាសអាជីវកម្មថ្មីៗផងដែរ។ ទោះជាយ៉ាងណាការវិវឌ្ឍនៃបច្ចេកវិទ្យា និងការថយចុះនៃការចំណាយនៅទីបំផុតបាននាំឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការចូលប្រើអ៊ីនធឺណិតផ្ទាល់ខ្លួនដោយកាត់បន្ថយការពឹងផ្អែកលើហាងអ៊ីនធឺណិត។
ការផ្លាស់ប្តូរនេះមានឥទ្ធិពលជាពិសេសនៅក្នុងវិស័យអប់រំ ដែលការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតបានបើកផ្លូវថ្មីសម្រាប់ការរៀនសូត្រ និងការផ្លាស់ប្តូរចំណេះដឹង។
លោក សម្យ កំសាន្ត នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបន្ទុកសាលាជំនាន់ថ្មីបានឱ្យដឹងថា ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបពិតជាចាំបាច់ខ្លាំងសម្រាប់ធ្វើបដិវត្ដកម្មនៃកម្មវិធីសិក្សា រួមទាំងរបៀបរៀន និងបង្រៀននាយុគសម័យបច្ចុប្បន្ននេះ។
កម្ពុជានឹងក្លាយជាប្រទេសមួយដែលឆ្លើយតបតាមតម្រូវការធនធានមានកម្រិតចំណេះដឹងខ្ពស់ ដែលទាមទារកម្រិតបច្ចេកវិទ្យាខ្ពស់នៃផ្នែកឌីជីថលក្នុងប្រព័ន្ធអប់រំ។
លោក កំសាន្ដ ថ្លែងថា៖ «នៅក្នុងសាលាជំនាន់ថ្មី យើងបានធ្វើទំនើបកម្មទៅលើកម្មវិធីសិក្សា វិធីរៀន និងបង្រៀនតាំងពីការកកើតសាលាជំនាន់ថ្មីនេះ ដែលហៅថា សាលាបច្ចេកវិទ្យា ឬសាលាឌីជីថល។ យើងបានដាក់កម្មវិធីសិក្សាតាំងពីថ្នាក់ទី៧ គឺថា រៀនកុំព្យូទ័រ ៤ ម៉ោង ក្នុង ១ សប្ដាហ៍ ដែលផ្ដោតលើការសរសេរកូដ ដើម្បីឱ្យយល់ច្បាស់អំពីដំណើរការនៃបច្ចេកវិទ្យា»។
គិតត្រឹមដើមឆ្នាំ ២០២៣ យោងតាម DataReportal ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការប្រើប្រាស់អ៊ីនធឺណិត និងការចូលរួមប្រព័ន្ធផ្សព្វផ្សាយសង្គម។ មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណ ១១,៣៧ លាននាក់ស្មើ ៦៧,៥ ភាគរយនៃចំនួនប្រជាជនសរុប។ លើសពីនេះ ប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រមាណ ១០,៩៥ លាននាក់ ឬ ៦៥ ភាគរយនៃចំនួនប្រជាជនសរុប។
បើយោងតាម DataReportal បង្ហាញថា៖ «កម្ពុជាក៏បានរាយការណ៍ផងដែរពីចំនួនខ្ពស់នៃការតភ្ជាប់ទូរស័ព្ទចល័តប្រហែល ២២,១៦ លាននាក់ ដែលលើសពីចំនួនប្រជាជនសរុបទៅទៀត។ ទិន្នន័យនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឌីជីថលដ៏ឆាប់រហ័សដែលកម្ពុជាបានឆ្លងកាត់ និងបានជះឥទ្ធិពលលើវិស័យផ្សេងៗ រួមទាំងការអប់រំ ការទំនាក់ទំនង និងអាជីវកម្ម»។
ការមកដល់ប្រព័ន្ធអ៊ីនធឺណិត (ទសវត្សរ៍ ១៩៩០)
លោក ជិន ថូមីត ផលិតករប្រតិបត្ដិកម្មវិធីបញ្ញវន្ដឌីជីថលបាននិយាយថា បន្ទាប់ពីកម្ពុជាងើបចេញពីសង្គ្រាម បច្ចេកវិទ្យាជួយឱ្យប្រជាជនមានការអភិវឌ្ឍលឿន និងប្រកបដោយប្រសិទ្ធភាព។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «បច្ចុប្បន្ននេះ យើងមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ប្រសិនបើយើងមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតទូលំទូលាយច្រើនតាំងពីជំនាន់ ៩០ ជាង ម្ល៉េះថ្ងៃនេះ យើងមិនចាំបាច់ប្រឹងប្រែងរត់តាមគេច្រើនទេ»។
ការកើនឡើងនៃហាងកាហ្វេអ៊ីនធឺណិត (ទសវត្សរ៍ ២០០០)
លោកថូមីត មើលឃើញអត្ថប្រយោជន៍ជាវិជ្ជមានចំនួន ៤ ស្ដីពីប្រតិបត្ដិការហាងអ៊ីនធឺណិត។ វាផ្ដល់ឱកាសឱ្យប្រជាជនរួមទាំងរូបលោកក្នុងការទទួលបានព័ត៌មាន ចំណេះដឹងថ្មីៗ ជាទ្វារដ៏ធំមួយដែលអនុញ្ញាតឱ្យទទួលបានអ្វីថ្មីៗ ពុំធ្លាប់មាន។ ជាក់ស្ដែង សូម្បីតែ Facebook អំឡុងឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៥ ជាពិសេស ២០១០ ធ្វើឱ្យក្មេងៗជាច្រើនចេះប្រើប្រាស់បណ្ដាញសង្គម ដែលស្គាល់ពីពិភពលោកដ៏មានសារៈសំខាន់។ ប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត និងចាប់ផ្ដើមយុគសម័យឌីជីថលបណ្ដើរៗ ដូចជា Software និងមូលដ្ឋានគ្រឹះអំពីឌីជីថល ទោះវាមិនសូវទូលំទូលាយក្នុងទសវត្សរ៍ឆ្នាំ ២០០០។
អ៊ីនធឺណិតបានក្លាយជាប្លាតហ្វមសិក្សាបែបមិនផ្លូវការដល់ប្រជាពលរដ្ឋ ខណៈអំឡុងដើមទសវត្សរ៍ឆ្នាំ ២០០០ ប្រជាពលរដ្ឋនៅសិក្សាបែបប្រពៃណីនៅឡើយ។ ប៉ុន្ដែយុវជនដែលមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យអ៊ីនធឺណិតហាងកាហ្វេ ទទួលបានឱកាសសិក្សាក្រៅផ្លូវការយ៉ាងច្រើន។
លោកនិយាយថា៖ «សូម្បីតែការលេងហ្គេម ក៏ជាការសិក្សាក្រៅផ្លូវការផងដែរ ដែលផ្ដល់ឱកាសឱ្យពួកគាត់រៀនបានច្រើន។ ជាក់ស្ដែង ជំនាន់ខ្ញុំ ដែលហ្គេមល្បីខ្លាំង គឺ Yuri Revenge ការបញ្ជាទ័ព ឬ Counter Strike ជាហ្គេមមួយចំនួន ដែលធ្វើឱ្យយើងចេះគិតពិចារណា មានការរៀបចំផែនការ មានទំនាក់ទំនងល្អ និងភាពជាអ្នកដឹកនាំក្នុងការលេងហ្គេម»។
ចុងក្រោយ វាពាក់ព័ន្ធនឹងអាជីពការងារ និងសេដ្ឋកិច្ចដែលផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅតាមបណ្ដាខេត្ដអាចទទួលបានព័ត៌មានកាន់តែច្រើន ស្មើនឹងអ្នករស់នៅក្នុងទីក្រុងដែរ។
លោក កំសាន្ដ បន្ដថា ទាំងនេះ គឺជាមូលហេតុក្នុងការស្រាវជ្រាវក្នុងការយល់ដឹងអំពីបច្ចេកវិទ្យា។ ដូច្នេះ សិស្សានុសិស្សទាំងនោះ នឹងមានផែនការអនាគតទៅជាអ្នកវិទ្យាសាស្ដ្រ អ្នកស្រាវជ្រាវ និងបច្ចេកវិទ្យានេះ។ ប្រព័ន្ធអ៊ីនធឺណិតផ្ដល់អត្ថប្រយោជន៍ខ្លាំង ដោយកាលពេលមុន សិស្ស-និស្សិតត្រូវរៀនសៀវភៅ ១ ក្បាលប្រើពេល ១ ឆ្នាំ ខណៈការប្រើប្រាស់បច្ចេកវិទ្យា អ្នកសិក្សាមិនចាំបាច់ត្រូវចាយពេលដល់ ១ ឆ្នាំទេ ដែលអាចចំណេញចំណេះដឹងស្ទើរតែ ១ គុណ ១០០ដ ងជាមួយចំណេះដឹងសម្បូរបែប។
លោកកំសាន្ដ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ចំពោះវិស័យអប់រំនៅកម្ពុជា បើសិនជាយើងមិនធ្វើទំនើបកម្មបច្ចេកវិទ្យាការងារឌីជីថល ការអប់រំយើងនឹងដើរយឺតៗ មិនអាចរត់ទាន់សម័យកាល និងប្រទេសអភិវឌ្ឍន៍បានទេ។
បច្ចេកវិទ្យា និងនវានុវត្ដន៍នាពេលបច្ចុប្បន្ន
លោក ថូមីត បានបន្ដថា បច្ចេកវិទ្យា AI នឹងក្លាយជាមុខងារពេញនិយមបំផុតដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់បាន និងទំនើបខ្លាំងមែនទែន។ កម្ពុជាចាប់ផ្ដើមក្រោយបណ្ដាប្រទេសជាច្រើន ដោយសារបញ្ហាសង្គមខ្មែរ។ ប៉ុន្ដែ AI បានធ្វើឱ្យកម្ពុជាស្ថិតក្នុងកម្រិតមួយដែលស្មើគ្នាជាមួយបណ្ដាប្រទេសផ្សេងៗ។ ជាក់ស្ដែង កម្ពុជាចាប់ផ្ដើមប្រើប្រាស់ Microsoft ក្រោយគេ និងអ៊ីនធឺណិតក្រោយគេ។
ប៉ុន្ដែពេលនេះ AI ចាប់ផ្ដើមស្មើនឹងចិន អាមេរិក ដែលដំណើរការនៅពេលដំណាលគ្នា ដោយប្រជាពលរដ្ឋគ្រប់ប្រទេសទទួលបានឱកាសប្រើប្រាស់បច្ចេកវិទ្យានៅពេលដំណាលគ្នា។
លោកនិយាយថា៖ «បើសិនជាយើងព្យាយាមកេងយកប្រយោជន៍ពី AI ឱ្យខ្លាំងបំផុត ខ្ញុំជឿថា ប្រទេសកម្ពុជារបស់យើងទទួលបានឱកាសច្រើនមែនទែនទាំងកត្ដាវិជ្ជមានបំផុត និងអវិជ្ជមានមួយចំនួន។វានឹងធ្វើឱ្យវិស័យអប់រំបែបទាន់សម័យមានការរីកចម្រើនខ្លាំង ប្រសិនបើរាជរដ្ឋាភិបាល និងប្រជាជនចាប់យកឱ្យទាន់បច្ចេកវិទ្យានេះ»។
នៅឆ្នាំ ២០៣៥ រាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យប្រជាជនកម្ពុជាក្លាយទៅជា Digital Literacy Citizens និង Digital Government។ ដូច្នេះ ប្រជាជនត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ខណៈចំណេះដឹងជាក់ស្ដែងនាពេលនេះនៅមានកម្រិតខ្លាំងនៅឡើយដែរ។
លោក ថូមីត លើកឡើងថា ប្រជាពលរដ្ឋរាប់លាននាក់មិនអាចរៀនបច្ចេកវិទ្យាទាំងនេះក្នុងរយៈពេលខ្លីទេ តែជាចំណេះដឹងបញ្ជ្រាបពួកគេបន្ដិចម្ដងៗ។ ជាក់ស្ដែងកម្មវិធី «បញ្ញវន្ត ឌីជីថល» ក៏ដូចជាកម្មវិធីផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ចំណេះដឹងផ្នែកបច្ចេកវិទ្យា។ តាមរយៈការសង្កេតរបស់លោកចំពោះការបញ្ចូលកម្មវិធីបច្ចេកវិទ្យាក្នុងការអប់រំ «ថ្មីៗនេះ ឯកឧត្ដម ជា វ៉ាន់ដេត ចាប់ផ្ដើមបំពាក់មន្ទីរពិសោធន៍មួយចំនួនធំ នៅសាលាក្នុងខេត្ដតាកែវ និងពង្រីកខ្លួនទៅទូទាំងប្រទេសកម្ពុជា។ មួយវិញទៀត កម្មវិធីសិក្សាជារឿងមួយដ៏ធំខ្លាំង»។
យ៉ាងណាមិញ លោកកត់សម្គាល់ថា លោកមើលឃើញពីកម្មវិធីសិក្សាបែបប្រពៃណីនៅឡើយដែលស្ថិតក្នុងដំណាក់កាលសមាហរណកម្មទៅក្នុងយុគសម័យឌីជីថល។
លោកឱ្យដឹងថា៖ «កម្ពុជាគួរតែប្រឹងប្រែងគុណនឹង ៤ ដង ទាំងកម្លាំង និងការវិនិយោគទៅលើវិស័យអប់រំ ធ្វើយ៉ាងណាច្របាច់បញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សាឱ្យកាន់តែលឿនជាទីបំផុត និងបង្កើនសមត្ថភាពគ្រូបង្រៀន»។
គុណសម្បត្ដិ និងគុណវិបត្ដិនៃបច្ចេកវិទ្យា
អ្នកស្រី ភិន លីណា ទទួលស្គាល់ថា ការប្រើប្រាស់អ៊ីនធឺណិតពិតជាជួយដល់ការសិក្សារបស់កូនអ្នកស្រីបានច្រើន និងងាយស្រួលចំពោះការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រូ លោកគ្រូ និងមិត្ដភក្ដិរួមថ្នាក់របស់កូន។
អ្នកស្រីឱ្យដឹងថា៖ «នៅសាលារៀនឯកជនរបស់កូនស្រីខ្ញុំអាយុ ៧ ឆ្នាំ ដែលកំពុងតែរៀនភាសាអង់គ្លេស ពួកគាត់ប្រើប្រាស់កម្មវិធី Mobile App សម្រាប់ការសិក្សា ជាពិសេស ធ្វើលំហាត់នៅផ្ទះ។ ពួកគាត់អាចមើលឃើញការសិក្សារបស់មិត្ដរួមថ្នាក់ និងទាក់ទងជាមួយគ្រូ»។
ក្រៅពីកម្មវិធីទូរស័ព្ទដៃ ពួកគេក៏បានផ្សារភ្ជាប់ទំនាក់ទំនងរវាងអាណាព្យាបាលនៅលើកម្មវិធី Telegram ថែមទៀត ដែលកាន់តែផ្ដល់ភាពងាយស្រួល។
អ្នកស្រី លីណា អាយុ ៣៣ ឆ្នាំ បានបន្ដថា ដោយសារកូនស្រីកំពុងតែរៀនថ្នាក់ទី២ នៅសាលារដ្ឋ ឆ្នាំនេះ អ្នកស្រីកត់សម្គាល់ឃើញអ្នកគ្រូបន្ទុកថ្នាក់ក៏បានបង្កើតក្រុម Telegram រវាងអ្នកគ្រូ និងអាណាព្យាបាលសម្រាប់ការប្រាស្រ័យទាក់ទង ដាក់កិច្ចការផ្ទះ និងជូនដំណឹងផ្សេងៗ ដែលកូនតូចៗមានការខកខានជម្រាបប្រាប់ឪពុកម្ដាយរបស់ពួកគេ។
យ៉ាងណាក្តីអ្នកស្រីទទួលស្គាល់ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតដ៏សម្បូរមាតិកាច្រើនសន្ធឹក ដែលអ្នកស្រីគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការតាមដានកូនៗ វាពិតជាធ្វើឱ្យអ្នកស្រីព្រួយបារម្ភផងដែរ។
អ្នកម្ដាយរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ អំពីដំណោះស្រាយបច្ចុប្បន្ននេះថា៖ «ដោយសារគាត់នៅតូច ខ្ញុំឱ្យគាត់ប្រើប្រាស់គណនីរបស់ខ្ញុំនៅលើទូរស័ព្ទ ដែលខ្ញុំអាចដឹងអំពីការចូលរួមមើលមាតិកាផ្សេងៗក្នុងកម្មវិធី យូធូប និងអនុវត្ដឱ្យគាត់លេងតែហ្គេមសម្រាប់កុមារប៉ុណ្ណោះ។ ប៉ុន្ដែដល់ពេលគាត់ធំ និងមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាលើសពីនេះ ចាំគិតទៀត»។
លទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិត តែមានឱកាស ដែលបច្ចេកវិទ្យាក្នុងវិស័យអប់រំនេះ វាស្ទើរតែពេញលេញទៅហើយនៅក្នុងទាំងប្រទេសកម្ពុជា ពីព្រោះក្នុងចំណោមប្រជាជនជាង ១៧ លាននាក់នេះ មានការប្រើប្រាស់ទូរស័ព្ទជាង ២០ លានគ្រឿង និងចូលប្រើ Facebook មានគណនីជាង ១១ លាន។
លោក ថូមីត ទទួលស្គាល់ថា៖ «បើសិនជាយើងប្រើវាខុស វានឹងបំពុលសង្គមតាមរយៈមាតិកាមួយចំនួន។ វាពាក់ព័ន្ធនឹងអ្នកតម្រង់ទិស អ្នកបង្ហាញផ្លូវ ទាំងលោកគ្រូ-អ្នកគ្រូនៅសាលា Influencers និងអ្នកដឹកនាំក្នុងសង្គមដែលខ្ញុំគិតថា ទាំងនេះជាបញ្ហាធំដោយសារប្រជាពលរដ្ឋខ្មែរងាយរងឥទ្ធិពលណាស់តាមរយៈបណ្ដាញសង្គម ជាពិសេស បញ្ញវន្តកម្ពុជាមិនសូវមានការចែករំលែកនៅលើបណ្ដាញសង្គមច្រើននៅឡើយ»។
លោកឱ្យដឹងថា សឹងតែគ្រប់ជំនាញការងារទាំងអស់សុទ្ធតែពាក់ព័ន្ធផ្នែកបច្ចេកវិទ្យាឌីជីថល និងនវានុវត្ដន៍។ សូម្បីតែការធ្វើម្ហូបលក់ ពួកគេគួរមានចំណេះដឹងផ្នែកឌីជីថលក្នុងការអភិវឌ្ឍផ្នែកលក់កាន់តែល្អ និងល្បីល្បាញ។
លោកបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្ដប្អូនៗជាយុវជន និងយុវសិស្សខិតខំបំពេញចំណេះដឹងខ្លួនឯងកាន់តែច្រើន ជាពិសេស ក្រេបជញ្ជក់ផ្នែកបច្ចេកវិទ្យា ឌីជីថល និងនវានុវត្ដន៍ដើម្បីឱ្យពួកគាត់យកទៅបំពេញការងារកាន់តែងាយស្រួល និងប្រសិទ្ធភាព។ នៅកម្ពុជាយើងត្រូវការអ្នកមានចំណេះដឹងផ្នែកបច្ចេកវិទ្យានេះច្រើនណាស់»។
លោក កំសាន្ដ ទទួលស្គាល់ថា វាជារឿងធម្មតា ដែលការងារអភិវឌ្ឍន៍តែងតែមានផលប៉ះពាល់ដោយទាមទារការកែលម្អ។ លោកមើលឃើញថា ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀននៅមានកម្រិត ដែលនៅមានភាពស្មុគស្មាញក្នុងការដើរឱ្យទាន់បច្ចេកវិទ្យា។
លោកបន្ដថា៖ «ក្មេងតូចៗ មានភាពរហ័សរហួនជាងលោកគ្រូអ្នកគ្រូក្នុងការរៀនលើផ្នែកបច្ចេកវិទ្យា។ បើសិនជាគ្រូមិនបានតាំងចិត្ដក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍសមត្ថភាពទៅលើបច្ចេកវិទ្យាទេ ប្រហែលជាកូនសិស្សដើរទៅលឿនមុនហើយ»។
លោក កំសាន្ដ បានឱ្យដឹងថា ក្រៅពីការអភិវឌ្ឍសមត្ថភាពគ្រូ ការគ្រប់គ្រងទៅលើការប្រើប្រាស់បច្ចេកវិទ្យាខុសគោលបំណង ដោយសាលាចង់ឱ្យការប្រើប្រាស់បច្ចេកវិទ្យាផ្ដោតលើការពង្រឹងចំណេះដឹង ក៏ដូចជា ធ្វើឱ្យងាយស្រួលក្នុងការរៀន និងបង្រៀន។ ប៉ុន្ដែជាក់ស្ដែង សិស្សានុសិស្សមួយចំនួនប្រើបច្ចេកវិទ្យាក្នុងបំណងផ្សេង រួមទាំង ការលេងហ្គេម និងធ្វើអ្វីផ្ដេសផ្ដាស។
លោកបានផ្ដល់ដំណោះស្រាយថា សម្រាប់សិស្សានុសិស្ស ពួកគេត្រូវទទួលការអប់រំបន្ថែម ដាក់វិធានការក្នុងការប្រើប្រាស់បច្ចកវិទ្យា ប្រើប្រាស់ទូរស័ព្ទ ដើម្បីឱ្យពួកគេយល់ និងចេញទាញប្រយោជន៍ពីគ្រឿងអ៊ីនធឺណិតសម្រាប់ជាចំណេះដឹង មិនមែនសំដៅលើការកម្សាន្ដសប្បាយតែមួយមុខនោះទេ។ គ្រូត្រូវតែដើរឱ្យទាន់យុគសម័យបច្ចេកវិទ្យា ដោយមិនអាចបណ្ដែតបណ្ដោយទៅតាមការអប់រំបែបប្រពៃណីទេ។
លោកបានបញ្ជាក់ថា៖ «សាលាជំនាន់ថ្មីត្រូវតែអភិវឌ្ឍខ្លាំងលើបច្ចេកវិទ្យា អ៊ីនធឺណិត និងឧបករណ៍ដែលត្រូវតែនាំមុខក្នុងការនាំយកចំណេះដឹងជូនដល់យុវជនឱ្យក្លាយជាធនធានឌីជីថល។ ប្រទេសជឿនលឿនដើរខ្លាំងទៅលើបច្ចេកវិទ្យា ដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយដោះស្រាយបញ្ហាក្នុងសង្គម ជួយធ្វើការងារឱ្យមនុស្ស»។
លោក កំសាន្ដ លើកទឹកចិត្ដឱ្យប្រជាជនទាំងអស់ត្រូវតែនាំគ្នាប្រើប្រាស់បច្ចេកវិទ្យាទាំងការស្រាវជ្រាវ និងជួយទប់ស្កាត់ក្នុងការប្រើប្រាស់ខុសបំណង ដើម្បីឱ្យមនុស្សទូទៅយល់ថា បច្ចេកវិទ្យាជួយមនុស្សក្នុងការអភិវឌ្ឍសមត្ថភាព បណ្ដុះស្មារតីជួយបង្កើនធនធានទាន់សម័យ៕