ភ្នំពេញៈ វត្តមាននៃរោងចក្រកែច្នៃដំឡូងមី TWPC Investment(Cambodia) Co., Ltd នឹងជួយឱ្យទិន្នផល និងទីផ្សារដំឡូងមីកម្ពុជាកាន់តែមានភាពវិជ្ជមាន ខណៈរាជរដ្ឋាភិបាលបានចាត់ទុកដំឡូងមី ជាដំណាំកសិ-ឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។
បន្ទាប់ពីបើកដំណើរការសាកល្បងនាអំឡុងខែធ្នូ ឆ្នាំ ២០២៣ រោងចក្រកែច្នៃដំឡូងមីតម្លៃជាង ១០ លានដុល្លាររបស់ក្រុមហ៊ុន TWPC Investment (Cambodia) Co., Ltd ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤។
ដំឡូងមី ជាដំណាំកសិឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ កាលពីដើមឆ្នាំ ២០២១ កម្ពុជាបានប្រកាសដាក់ចេញជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥» នៅក្នុងគោលបំណងដើម្បីបង្កើនផលិតកម្ម និងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មទៅទីផ្សារអន្តរជាតិ។
រោងចក្រមានសមត្ថភាពកែច្នៃដំឡូងមីស្រស់ ៦០០ តោន ក្នុង ១ ថ្ងៃ
លោក ភ្លាំង ពុធ អ្នកសម្របសម្រួលផ្នែកកសិកម្ម និងជាបុគ្គលិកផ្នែកគ្រប់គ្រងកសិដ្ឋាន និងវត្ថុធាតុដើមនៅរោងចក្រ TWPC Investment (Cambodia) Co., Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែកុម្ភៈថា រោងចក្រកែច្នៃដំឡូងមី TWPC Investment (Cambodia)Co., Ltd បានបើកដំណើរការសាកល្បងនាអំឡុងខែធ្នូ ឆ្នាំ ២០២៣ និងបានបើកដំណើរការផ្លូវការកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤។ លោកបន្តថា នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដោយនៅពេលអនាគតក្រុមហ៊ុននឹងបន្តពង្រីកចង្វាក់ផលិតបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖«តាមផែនការចង្វាក់ផលិតកម្មរបស់យើងនឹងដំណើរការពេញលេញចាប់ពីថ្ងៃទី ២១ ខែកុម្ភៈតទៅ ដោយក្នុង ១ ថ្ងៃរោងចក្រមានសមត្ថភាពកែច្នៃដំឡូងមីស្រស់បាន ៦០០ តោន ឬស្មើនឹងម្សៅដំឡូងមីប្រហែល ១៥០ តោន។ ដំណើរការរបស់រោងចក្រនឹងធ្វើឡើងពេញ ១ ឆ្នាំដោយយើងមិនមានការបារម្ភពីគុណភាព និងបរិមាណដំឡូងមីស្រស់ត្រូវយកចូលរោងចក្រឡើយ»។
រោងចក្រ TWPC Investment (Cambodia) Co., Ltd គឺស្ថិតក្រោមក្រុមហ៊ុនមេ Thai Wah ដែលមានមូលដ្ឋាននៅប្រទេសថៃ និងកំពុងមានប្រតិបត្តិការរោងចក្រកែច្នៃដំឡូងមី ក្នុងប្រទេសថៃ វៀតណាម និងកម្ពុជា ព្រមទាំងកំពុងស្វែងរកទីតាំងវិនិយោគនៅប្រទេសឡាវផងដែរ។ នេះបើយោងតាមលោក ភ្លាំង ពុធ។
កសិករនៅក្នុងតំបន់នឹងលែងបារម្ភពីទីផ្សារ និងតម្លៃ
ប្រធានសមាគមកសិករដំឡូងមីខ្មែរ លោក អិល ឈិញ បានប្រាប់ថា វត្តមានរោងចក្រកែច្នៃដំឡូងមី TWPC Investment (Cambodia) Co., Ltd នឹងរួមចំណែកច្រើនក្នុងការជួយលើកកម្ពស់ការដាំដុះ គុណភាព និងតម្លៃដំឡូងមី របស់កសិករនៅកម្ពុជា ជាពិសេសនៅខេត្ដឧត្ដរមានជ័យ ខណៈក្រុមហ៊ុននឹងប្រមូលទទួលទិញដំឡូងមីស្ទើរទាំងស្រុងពីកសិករ ខុសពីរោងចក្រមួយចំនួនដែលមានចម្ការដាំដំឡូងមីផ្ទាល់ខ្លួន។
លោកថ្លែងថា៖ «ការបង្កើតរោងចក្រផ្ទាល់ គឺមិនត្រឹមតែជួយឱ្យប្រជាកសិករលែងសូវបារម្ភពីបញ្ហាទីផ្សារ និងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើតការងារដល់ប្រជាជនមូលដ្ឋាន និងប្រាក់ចំណូលគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ»។
យោងតាមលោក អិល ឈិញ នៅពេលរោងចក្រដំណើរការពេញលេញ ក្រុមហ៊ុនក៏គ្រោងនឹងជួយដល់ប្រជាកសិករ តាមរយៈការផ្តល់បច្ចេកទេសដាំដុះ ពូជ ជី និងធនធានមួយចំនួន ដើម្បីជួយលើកកម្ពស់ទិន្នផល និងគុណភាពដំឡូងមីកម្ពុជា។
តារាងតម្លៃដំឡូងមីស្រស់ នៃសមាគមកសិករដំឡូងមីខ្មែរ ឱ្យដឹងថា ដំឡូងមីស្រស់ (ថ្ងៃទី ៥ ខែកុម្ភៈ) នៅខេត្តឧត្តរមានជ័យ មានតម្លៃពី ២៩៥-៣៤០ រៀលក្នុង ១ គីឡូក្រាម។
បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រកែច្នៃដំឡូងមីយ៉ាងហោច ៦ ក្នុងនោះ ៣ នៅខេត្តក្រចេះ, ១ នៅខេត្តឧត្តរមានជ័យ, ១ នៅខេត្តកំពង់ស្ពឺ និង ១ នៅខេត្តរតនគិរី។ ដំឡូងមីស្រស់ពី ៦០-៧០ ភាគរយត្រូវបានឈ្មួញនាំទៅលក់នៅក្រៅប្រទេសរៀងរាល់ឆ្នាំ។ នេះបើតាមប្រធានសមាគមកសិករដំឡូងមីខ្មែរ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន ដែលបានចូលរួមផ្ទាល់ក្នុងពិធីសម្ពោធរោងចក្រកែច្នៃដំឡូងមី បាននិយាយថា រោងចក្រនេះនឹងក្លាយជាចំណែកមួយក្នុងការជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករខ្មែរខិតខំបង្កើនការដាំដុះ និងគុណភាពដំឡូងមីឱ្យកាន់តែប្រសើរ។
លោកនិយាយថា៖ «ការបើករោងចក្រនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់បែបនេះ ផ្តល់ផលវិជ្ជមានច្រើនសម្រាប់ក្រុមហ៊ុនកែច្នៃ ព្រោះអាចទទួលបានដំឡូងមីដែលមានគុណភាពល្អ និងមានតម្លៃសមរម្យជាងមុន ចំណែកអ្នកមូលដ្ឋានក៏ទទួលបានប្រាក់ចំណូលច្រើនជាងមុន និងការបង្កើតការងារថ្មី»។
ស្ថិរភាពនយោបាយ និងច្បាប់វិនិយោគថ្មី ជួយឱ្យកម្ពុជាបានទទួលគម្រោងវិនិយោគផ្ទាល់កាន់តែច្រើន
អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ បាននិយាយថា ស្ថិរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងប្រព័ន្ធច្បាប់វិនិយោគល្អបានធ្វើឱ្យខេត្តឧត្តរមានជ័យ ទាក់ទាញបានការមកបណ្តាក់ទុនជាបន្តបន្ទាប់។ រោងចក្រកែច្នៃដំឡូងមីគឺពិតជាផ្តល់ផលចំណេញច្រើនដល់ប្រជាជនក្នុងតំបន់ តាមរយៈការបង្កើតការងារ និងធ្វើឱ្យកសិករទទួលបានចំណូលខ្ពស់ជាងមុន។
លោកបញ្ជាក់ថា៖«នៅពេលមានរោងចក្រកែច្នៃផ្ទាល់ គឺនឹងជួយកាត់បន្ថយក្តីបារម្ភរបស់ប្រជាកសិករ និងអ្នកវិនិយោគពីកង្វះទីផ្សារ និងការទម្លាក់ថ្លៃពីក្រុមឈ្មួញ ព្រោះមិនមែនមានតែច្រកនាំទៅប្រទេសជិតខាងទៀតឡើយ។ ក្នុងនាមអាជ្ញាធរ យើងពិតជាចង់ឱ្យមានការវិនិយោគបែបនេះ»។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញផលិតផលដំឡូងមី សរុបជាង ៣ លានតោន។ ក្នុងនោះដំឡូងមីស្រស់ ១,៩៦ លានតោន, ចំណិតដំឡូងមីក្រៀម ១,២ លានតោន, ម្សៅដំឡូងមី ៣៦ ២៥៦,៨ តោន និងកាកសំណល់ដំឡូងមី ៧៤ ៧៩៦ តោន៕