បាត់ដំបង: ក្នុងដំណើរទៅកាន់ភូមិបណ្តែតទឹក ដែលមានជីវៈចម្រុះដ៏សម្បូរបែបនៃដែនជម្រកសត្វស្លាបព្រែកទាល់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ជាមួយការរស់នៅប្រកបដោយសុខដុមរមនារបស់អ្នកភូមិ និងអច្ឆរិយៈធម្មជាតិនៅលើបឹងទន្លេសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។
ពេលភ្ញៀវធ្វើដំណើរឆ្លងកាត់ព្រៃលិចទឹកដ៏ខៀវស្រងាត់ និងចូលទៅក្នុងតំបន់ការពារ ពួកគេទៅដល់ភូមិអណ្តែតទឹកដ៏អស្ចារ្យនៃព្រែកទាល់ ភាគពាយព្យនៃបឹងទន្លេសាប។ ផ្ទះសម្បែង សាលារៀន និងហាងទំនិញទាំងអស់នៅតែមានភាពអ៊ូអរ បន្ទរដោយសំឡេងម៉ាស៊ីនកាណូត បង្កើតបានជាសហគមន៍ដ៏រស់រវើក។
ជាភ្ញៀវទេសចរម្នាក់ កញ្ញា Greff Jeanne មកពីប្រទេសបារាំង បាននិយាយថា កញ្ញាចូលចិត្តទៅលេងភូមិបណ្ដែតទឹក និងជម្រកសត្វស្លាប។ កញ្ញាជឿជាក់ថា ទាំងនេះជាកន្លែងគួរទៅទស្សនាសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា។
ជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រងពេលកំពុងអង្គុយលើទូកទេសចរណ៍ កញ្ញា Jeanne បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដំណើរកម្សាន្ដនេះបានផ្តល់ឱ្យខ្ញុំនូវការយល់ដឹងកាន់តែច្បាស់អំពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋលើភូមិបណ្ដែតទឹកទាំងនេះ ក៏ដូចជាអនុញ្ញាតឱ្យខ្ញុំចំណាយពេលមួយថ្ងៃដើម្បីសង្កេតមើលជីវៈចម្រុះដ៏មិនគួរឱ្យជឿនៃខេត្តនេះ»។
កញ្ញា Jeanne វ័យ ២៥ ឆ្នាំបានបន្ដថា៖ «ខ្ញុំសូមណែនាំអ្នកដែលចង់ទៅលេងកម្ពុជា កុំភ្លេចបញ្ចូលដំណើរកម្សាន្ដភូមិបណ្ដែតទឹកទៅក្នុងបញ្ជីអ្វីដែលត្រូវមើលនៅទីនេះ។ ខ្ញុំបានស្វែងយល់ជាច្រើន ហើយពិតជាមានអារម្មណ៍ដូចជាបានផ្សាំខ្លួនទៅក្នុងជីវិតរបស់ប្រជាជនកម្ពុជាដែលរស់នៅក្នុងភូមិនេះ»។
លោក ចេន សុផល ដែលផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍មើលសត្វស្លាបដល់ព្រែកទាល់ និងទូទាំងប្រទេស បានឱ្យដឹងថា ភ្ញៀវទេសចរនឹងចេញដំណើរពីកំពង់ទូកប្រមាណមួយម៉ោងលើប្រឡាយទឹកទៅកាន់ផ្ទៃបឹងជាទីដែលភូមិបណ្ដែតទឹក ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង។
លោកនិយាយថា៖ «ភ្ញៀវទេសចរអាចចំណាយពេលទស្សនាការរស់នៅរបស់អ្នកភូមិបណ្ដែតទឹក សួនបណ្ដែតទឹក ទ្រុងចិញ្ចឹមក្រពើ សិប្បកម្មកំប្លោកនិងសាលារៀនសហគមន៍ មុនពេលចេញដំណើរទៅកាន់តំបន់ទស្សនាសត្វស្លាប»។
លោក សុផល បន្ដថា ដំណើរកម្សាន្តមួយថ្ងៃពីខេត្តសៀមរាបទៅកាន់ដែនជម្រកសត្វស្លាបនេះ រួមមាន ការទៅយកភ្ញៀវនៅសណ្ឋាគារពេលព្រឹក ការជិះទូកទៅកាន់ភូមិ ការមើលសត្វស្លាបតាមតំបន់រ៉ាមសារ ក៏ដូចជាការទស្សនាសហគមន៍ និងកន្លែងសិប្បកម្មក្នុងស្រុក។
ដំណើរកម្សាន្ដមើលសត្វស្លាបទូកកាណូតតូចដែលអាចផ្ទុកអ្នកដំណើរបាន ៥-៦ នាក់ គឺជាយានជំនិះដ៏សំខាន់សម្រាប់អ្នកភូមិបណ្ដែតទឹក។ អ្នកភូមិមិនថា ចាស់ ឬក្មេង ប្រុស ឬស្រី សុទ្ធតែមានជំនាញក្នុងការបញ្ជាដៃចង្កូតម៉ាស៊ីនកាណូតយ៉ាងស្ទាត់ជំនាញ ជាពិសេស ការនាំភ្ញៀវទៅកាន់តំបន់សត្វស្លាប។
រនាលពណ៌ ចង្កៀលខ្យង ត្រដក់ធំ ទុងប្រផេះ និងស្មោញ ជាប្រភេទសត្វងាយរងគ្រោះនិងជិតផុតពូជ មានសម្បុកពងកូនក្នុងតំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្ត្រខេត្តបាត់ដំបង ជាតួឯកសំខាន់ដែលបានអន្ទងចិត្ដភ្ញៀវមកពីគ្រប់ទិសទី។ ជម្រកសត្វស្លាបព្រែកទាល់មិនត្រឹមតែជាកន្លែងបង្កាត់ពូជដ៏សំខាន់សម្រាប់សត្វស្លាបទាំងនេះប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសក្ខីភាពនៃតុល្យភាពរវាងអត្ថិភាពរបស់មនុស្ស និងការអភិរក្សសត្វព្រៃផងដែរ។
លោក នេត្រ ជំនិត ប្រធានគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់នៃមន្ទីរបរិស្ថានខេត្តបាត់ដំបងឱ្យដឹងថា បច្ចុប្បន្ននេះមានភ្ញៀវទេសចរត្រឡប់មកវិញខ្លះៗ ទោះបីជាមិនទាន់ដូចកាលពីមុនកូវីដ ១៩ យ៉ាងណាក៏ដោយ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ឥឡូវនេះ ក្នុងមួយខែ ចំពោះភ្ញៀវទេសចរបរទេស មានចំនួនចន្លោះពី ១០០ ទៅ ២០០ នាក់ ហើយភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រហាក់ប្រហែលគ្នាដែរ»។
លោក សុផល ទទួលស្គាល់ថា ចំនួនភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតតិចតួចជាងមុនជំងឺរាតត្បាតសកលច្រើន ដោយលោកអះអាងថា អត្រាចំនួនភ្ញៀវមានត្រឹមតែមួយភាគ ៣ ប៉ុណ្ណោះ។
លោកឱ្យដឹងថា៖ «មួយអាទិត្យ យើងអាចនាំភ្ញៀវទេសចរទៅមើលភូមិឋានបណ្ដែតទឹក និងទស្សនាសត្វស្លាបនៅតំបន់ព្រែកទាល់ពី៤ ទៅ ៥ ក្រុមប៉ុណ្ណោះ ទោះបីជាខែនេះជារដូវភ្ញៀវកើនឡើងច្រើនយ៉ាងណាក៏ដោយ»។
ជាផ្នែកមួយនៃតំបន់សត្វស្លាបជាង ១៥០ ប្រភេទនៅព្រែកទាល់ លោក សុផល បានពន្យល់ថា នៅប្រទេសកម្ពុជាមានតំបន់សត្វស្លាបរស់នៅច្រើននិងបែងចែកទៅតាមប្រភេទខុសៗគ្នាភ្ញៀវទេសចរបរទេសមានយល់ដឹងច្រើននិងទៅទស្សនាសត្វស្លាបទៅតាមប្រភេទដែលពួកគេចូលចិត្ដ។ រយៈពេលដ៏ល្អសម្រាប់ការទស្សនាសត្វស្លាបព្រែកទាល់គឺចាប់ពីខែវិច្ឆិកា ដល់ខែឧសភា ជាមួយនឹងប្រភេទសត្វស្លាបផ្សេងៗគ្នាមកដល់។
ការចូលទៅកាន់បន្ទាយបក្សីអាស្រ័យទៅលើកម្រិតកម្ពស់ទឹក ដោយកម្រិតទាបចាប់ពីចុងខែកុម្ភៈ ដល់ខែមិថុនា ដែលភ្ញៀវទេសចរមិនអាចធ្វើដំណើរទៅដល់បន្ទាយផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ នេះមិនរារាំងបទពិសោធន៍មើលបក្សីខ្លាំងនោះទេ ព្រោះសត្វស្លាបជាច្រើននៅតែអាចត្រូវបានគេសង្កេតឃើញនៅតាមដងព្រែក។ ចំនួនសត្វស្លាបការថយចុះនៃចំនួនសត្វស្លាបពីខែកក្កដាដល់ខែកញ្ញា ដោយប្រភេទសត្វខ្លះវិលត្រឡប់មកវិញក្នុងខែតុលាសម្រាប់រដូវបង្កាត់ពូជ។
សហគមន៍ទទួលផលជាមួយនឹងមួកការពារកម្ដៅថ្ងៃ និងអាវដៃវែង ក្នុងនាមជាអ្នកបើកទូកទេសចរណ៍ លោក ជា ហុងដា ផ្តល់ជូនភ្ញៀវទេសចរច្រើនលើសពីការដឹកជញ្ជូន។ លោកបានរៀបរាប់អំពីភូមិសាស្ដ្រ ប្រភេទសត្វស្លាប ជាពិសេស រដូវសម្បូរសត្វស្លាបចុះច្រើនបំផុត។
លោក ហុងដា ជាអ្នកដឹកភ្ញៀវទេសចរតាំងពីឆ្នាំ ២០១១ បាននិយាយថា ឆ្នាំនេះ មានភ្ញៀវច្រើនគ្រាន់បើជាងឆ្នាំមុន ដោយមួយសប្ដាហ៍លោកបានដឹកភ្ញៀវពី ៣ ទៅ ៤ ជើង។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «សព្វថ្ងៃនេះ មិនទាន់មានភ្ញៀវដូចមុនកូវីដនោះទេ។ ប៉ុន្ដែបច្ចុប្បន្ន ខ្ញុំមានឱកាសបានចេញដឹកភ្ញៀវបានច្រើនជើងជាងមុន ដោយសារមិនសូវមានអ្នកដឹកភ្ញៀវច្រើនដូចមុន។ កាលនោះ មួយសប្ដាហ៍បានតែមួយវេននោះទេ ដោយសារមានកាណូតមានចន្លោះពី ៣០ ទៅ ៤០ គ្រឿង»។
បុរសវ័យជាង ៥០ ឆ្នាំរូបនេះ បានទទួលប្រាក់ចំណូល ៣០ ដុល្លារក្នុងពេលដឹកភ្ញៀវមួយជើងពីភូមិបណ្ដែតទឹកទៅកាន់តំបន់សត្វស្លាប ដែលចំណាយពេលធ្វើដំណើរប្រមាណជាង ៣០ នាទី និងអាចរង់ចាំភ្ញៀវទស្សនាសត្វស្លាបចន្លោះពី ៣ ម៉ោងទៅ ៥ ម៉ោង។
លោក សុផល សហស្ថាបនិកនៃសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា (CBGA) សង្កត់ធ្ងន់លើតួនាទីនៃការមើលបក្សីក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍។ (CBGA) ជាអង្គការក្នុងស្រុកមួយដែលត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០១៦ បានរៀបចំកញ្ចប់ទេសចរណ៍មើលសត្វស្លាបនៅជុំវិញប្រទេសកម្ពុជា ដើម្បីស្វែងរកថវិកាដំណើរការគម្រោងអភិរក្សសត្វស្លាប និងផ្សព្វផ្សាយ។ ក្នុងនាមជាអង្គការក្នុងស្រុកមួយ លោកសុផល បានឱ្យដឹងថា ទេសចរណ៍សត្វស្លាបជាទេសចរណ៍បែបធម្មជាតិដែលផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសហគមន៍តាមរយៈការផ្ដល់សេវាកម្មមគ្គុទេសក៍មូលដ្ឋាន សេវាកម្មចំណីអាហារ និងលក់ដូរផលិតផលផ្សេងៗ។
លោកបាននិយាយបន្តថា៖ «បេសកកម្មធំរបស់យើងគឺព្យាយាមជួយទ្រទ្រង់ជីវភាពរបស់សហគមន៍ ដោយក្នុងមួយឆ្នាំៗ យើងនាំភ្ញៀវទេសចរទៅតាមតំបន់សត្វស្លាបផ្សេងៗនៅទូទាំងប្រទេស។ យើងផ្ដល់ការងារដល់សហគមន៍តាមរយៈការជួលពួកគាត់ធ្វើការជាមួយយើង ដូចជាអ្នកនាំផ្លូវ ឬមគ្គុទេសក៍តំបន់ ចុងភៅ និងអ្នករៀបចំទីកន្លែងស្នាក់ជាដើម»។
អង្គការ (CBGA) ក៏បានផ្ដល់ជាជំនួយមូលនិធិសហគមន៍ដែលជំនួយទាំងនោះនឹងផ្ដល់សម្រួលដល់សហគមន៍ទាំងមូល ទោះបីជាប្រជាពលរដ្ឋខ្លះមិនបានប្រយោជន៍ដោយផ្ទាល់ ក៏បានដោយប្រយោល ដូចជា សកម្មភាពជីកអណ្ដូង ជួសជុលផ្លូវថ្នល់និងសង់សាលាជាដើម។
លោក ជំនិត បានលើកឡើងថា ដោយសារបញ្ហាថយចុះនៃចំនួនភ្ញៀវ អ្នកប្រកបរបរទូកទេសចរណ៍ បានផ្លាស់ប្ដូរមុខរបរជាច្រើន ខណៈកាលពីមុនជំងឺរាតត្បាតសកល ប្រជាសហគមន៍អេកូទេសចរណ៍នៅព្រែកទាល់មានសមាជិកជាង ៣០ នាក់។ ប៉ុន្ដែបច្ចុប្បន្នអ្នកដឹកភ្ញៀវទេសចរនៅសល់ជាង ១០ នាក់ប៉ុណ្ណោះ។
លោកបាននិយាយថា៖ «បើនៅខែវស្សា យើងមើលឃើញពួកវានៅលើដើមឈើជាច្រើន និងអាចចូលទៅទស្សនាដល់បន្ទាយរបស់ពួកវាផ្ទាល់ ខណៈរដូវប្រាំងនេះ ទូកនេសាទមិនអាចចូលដល់បន្ទាយរបស់ពួកវា និងពិបាកមើលឃើញនឹងភ្នែក»។
លោកបានបន្ថែមថា៖ «នៅប៉ុន្មានថ្ងៃទៀត អំឡុងខែកុម្ភៈ និងមីនាខាងមុខនេះ ទឹកកាន់តែគោក នៅសល់តែប្រភពទឹកតាមព្រែក ប្រភេទសត្វស្លាបធំៗនឹងចុះមកស៊ីចំណីនៅតាមព្រែក។ វាជាឱកាសដ៏ល្អ សម្រាប់ទស្សនាសត្វស្លាបផងដែរ»។
បញ្ហាប្រឈមនៃការអភិរក្សមិនខុសពីតំបន់ទេសចរណ៍ធម្មជាតិដទៃទៀត គោលដៅទេសចរណ៍សត្វស្លាបនៅប្រឈមហានិភ័យច្រើនពីការបរបាញ់សត្វខុសច្បាប់។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យើងត្រូវធ្វើកិច្ចការច្រើនទៀតទាក់ទងនឹងការអប់រំ និងផ្សព្វផ្សាយ។ មនុស្សដែលសំខាន់ក្នុងការចូលរួមទាំងអស់នេះ គឺប្រជាជនទូទៅ។ បើសិនជាពួកគាត់មិនចូលរួមមិនអាចមានអង្គការណា និងអ្នកការពារណាអាចអភិរក្សបាននោះទេ»។
ជាមួយបទពិសោធន៍ភ្លើងឆេះព្រៃនៅតំបន់រ៉ាមសារព្រែកទាល់ ដែលបានឆក់យកជីវិតសត្វស្លាបជាច្រើន រួមទាំង ជីវៈចម្រុះធម្មជាតិដ៏ច្រើនសន្ធឹកទៀត លោក ជំនិត បានឱ្យដឹងថា ក្រុមការងារអភិរក្សរបស់លោកបានបែងចែកជា ២ ក្រុមក្នុងការល្បាតតំបន់ព្រែកទាល់ ដែលមានផ្ទៃដីនៃតំបន់ការពាររហូតដល់ ចំនួន ២១ ៣៤២ ហិកតា ដើម្បីតាមដានភ្លើងឆេះ និងការបោះជំរំអនាធិបតេយ្យ។
លោកបានបន្ដថា ក្រុមមន្ដ្រីអភិរក្សក៏មានភារកិច្ចមើលការខុសត្រូវលើតំបន់ប្រើប្រាស់ច្រើនយ៉ាងនៃបឹងទន្លេសាប ដែលមានផ្ទៃដីជាង ១១ ម៉ឺនហិកតា។ លោក ជំនិត បានថ្លែងទទួលស្គាល់ថា៖ «យើងខ្វះមន្ដ្រីយាមល្បាតដែលតំបន់អភិរក្សមានបរិវេណធំធេង។ យើងមានការខ្វះចន្លោះច្រើន តែសំខាន់ជាងគេ យើងផ្ដោតសំខាន់លើតំបន់ស្នូល គឺតំបន់រ៉ាមសារព្រែកទាល់ ដែលជាជម្រកសត្វស្លាបដ៏កម្រជាច្រើន»។
ជម្រកសត្វស្លាបព្រែកទាល់ ដែលត្រូវបានទទួលស្គាល់ជាបន្ទាយសត្វស្លាបទឹកដ៏ធំទូលាយបំផុតរបស់អាស៊ីអាគ្នេយ៍ មានទីតាំងនៅលើបឹងទន្លេសាប។ តំបន់ដីសើមរ៉ាមសារនេះបង្កើតបានជាផ្នែកដ៏សំខាន់នៃជីវមណ្ឌលរបស់អង្គការយូណេស្កូ និងមានលក្ខណពិសេសជាចម្បងនៃព្រៃវាលភក់ទឹកសាប ដែលបម្រើជាជម្រកសម្រាប់សត្វស្លាបទឹកដ៏កម្រក្នុងរដូវប្រាំង។ ជម្រកសត្វស្លាបនេះផ្តល់នូវបទពិសោធន៍មើលសត្វស្លាបដ៏ពិសេសមួយក្នុងខេត្ដបាត់ដំបង ដោយភ្ញៀវជាច្រើនក៏ធ្វើដំណើរពីខេត្តសៀមរាបមកទស្សនាផងដែរ៕