សៀមរាបៈ ក្រៅតែពី​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​តាមរយៈ​ប្រាង្គ​ប្រាសាទ​នានា ខេត្តសៀមរាប​ក៏​នៅមាន​តំបន់​សហ​គម​ន៍​ចំនួន​ ១៧​ កន្លែង​ទៀត​ ដែល​កំពុងតែ​រួមចំណែក​ទាក់​ទាញ​ភ្ញៀវ​បរទេស​ផងដែរ ក្នុងនោះ​គ្រាន់តែ​សហគមន៍​រទេះក្របី​ ១ ​អាច​ទាក់ទាញ​ភ្ញៀវ​បរ​​ទេស​ក្នុង ​១ ​ខែៗ បាន​ចន្លោះ​ពី​ ៦០០ ទៅ ​៧០០​ នាក់​។​

​តាមរយៈ​សហគមន៍រ​ទេះ​ក្របី​នេះ​មិន​ត្រឹមតែ​ចូលរួម​បង្កើន​សក្តានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ដ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​អភិរក្ស​និង​បង្ហាញ​ពី​គុណ​តម្លៃ​ប្រពៃណី​នៃ​ការ​ស្រ​ឡាញ់​សត្វ​គោក្របី​របស់​ខ្មែរ​ដល់​ភ្ញៀវទេសចរ​បរទេស​ទៀត​ផង​។​ម្យ៉ាងទៀត​ទេសចរណ៍​សហគមន៍​នេះ​ក៏បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ក៏ដូចជា​អ្នករស់នៅ​ជុំវិញ​នោះ​ឱ្យមាន​ការងារ​ធ្វើ​ផងដែរ​។​នេះ​ជាការ​លើកឡើង​របស់លោក ធី​ម សេរី​វុ​ទ្ធ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។​

​មិន​ខុស​អី​ពី​ការលើកឡើង​ខាងលើ​នោះទេ ជាក់ស្តែង​អ្នក​​ស្ត្រី ចិក ធឿ​ត អាយុ​ ៥៧ ​ឆ្នាំ ជា​សមាជិក​សហគមន៍​រទេះក្របី​នៅ​ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​បាន​ប្រាប់ថា អ្នកស្រី​មាន​សត្វ​ក្របី​ឈ្មោល​ចំនួន​ ២ ​ក្បាល ហើយ​បាន​ចូល​ជា​សមាជិក​ក្នុង​សហ​គម​ន៍​រទេះក្របី​នេះ​បាន​ជិត​ ២ ​ឆ្នាំ​មកហើយ​។​


​អ្នកស្រី​បានឱ្យដឹងថា ក្នុង​សត្វ​ក្របី​ ១ ​ក្បាល​សហគមន៍​ឱ្យ​ប្រាក់ខែ ៥០ ​ដុល្លារ ដូច្នេះ​បើ​គិត​ទាំង​ប្រាក់ខែ​របស់​អ្នកស្រី​ដែល​បម្រើការ​នៅក្នុង​សហគមន៍​នេះ​ចំនួន ​១២០​ ដុល្លារ​ផង​សរុប​​ទៅបាន​ចំនួន​ ២២០​ ដុល្លារ​ ក្នុង​ ១ ​ខែ ហើយ​បើ​ថ្ងៃ​ណា​មិនសូវមាន​ភ្ញៀវ​គឺ​អ្នកស្រី​អាចជួយ​វេច​នំអន្សម​ក្នុង​សហគមន៍​សម្រាប់​ធ្វើជា​អាហារសម្រន់​ដល់​ភ្ញៀវ​ផងដែរ​។​

​ស្ត្រី​ដែលមាន​ដើមកំណើត​នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​រូបនេះ​បាន​បន្តថា អ្នកស្រី​តែង​ក្រោក​ពី​ព្រលឹម​ចេញពីផ្ទះ​ធ្វើដំណើរ​ដោយ​ជិះ​កង់​មកកាន់​សហគមន៍​ហើយ​ពេល​ល្ងាច​អ្នកស្រី​ត្រូវធ្វើ​ដំណើរ​ត្រឡប់ទៅផ្ទះ​វិញ​ដែលមាន​ទីតាំងនៅ​ជិត​សហគមន៍ ចំណែក​ក្របី​របស់​អ្នកស្រី​គឺ​ទុក​នៅក្នុង​សហគមន៍​។​


​អ្នកស្រី​បាន​រៀបរាប់ថា ដោយ​សារ​មាន​វ័យ​ចំណាស់ អ្នកស្រី​មិនដឹងថា​នឹង​រក​ចំណូល​អ្វី​បាន​តាម​វិធី​ណា​ទេ។ រីឯ​ការធ្វើ​ស្រែចម្កា​ររ​បស់​អ្នកស្រី​ក៏​មិនសូវ​ជា​ពឹង​ផ្អែកលើ​កម្លាំង​សត្វ​គោក្របី​ដូច​មុន​ទៀត​ដែរ ព្រោះ​គេ​ប្រើ​ម៉ាស៊ីន​ជំនួស​កម្លាំង​គោក្របី​អស់​ទៅហើយ តែ​អ្នកស្រី​នៅតែ​ស្រឡាញ់​សត្វ​គោក្របី​ដដែល​។​

​អ្នក​ស្ត្រី​ ចិក ធឿ​ត បាន​ប្រាប់ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​បើទោះជា​ខ្ញុំ​មាន​វ័យ​ចំណាស់​មែន តែ​សហគមន៍​បានផ្តល់​ការងារ​ឱ្យ​ខ្ញុំ​បានធ្វើ​គ្រាន់​ចិញ្ចឹមជីវិត​។​ ខ្ញុំ​បាន​ប្រាក់ខែ​នេះ​គ្រាន់​ដោះ​ស្រាយ​ជីវភាព​របស់​គ្រួសារ​ខ្ញុំ​សមរម្យ​។​ការងារ​នេះ​ខ្ញុំ​ក៏​ចូល​​រួម​អភិរក្ស​ប្រពៃណី​រទេះគោ​-​ក្របី​ដែរ​»​។​

ផែនទីសហគមន៍​រទេះក្របី។ រូបថត រដ្ឋបាលខេត្តសៀមរាប

​លោក​ ឆេង ឆោម ជា​អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​សហគមន៍​នេះ​បានឱ្យដឹងថា សហគមន៍​រទេះក្របី​មាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េ​ហើយ​បាន​ជួល​ដី​សម្រាប់​ធ្វើជា​សហគមន៍​រទេះក្របី​នេះ​អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ​មកហើយ​។​

​ប៉ុន្តែ​នៅ​សម័យ​កូ​វីដ​ ១៩ សហ​គម​ន៍​បាន​បិទ​ ៣ ​ឆ្នាំ​ទើបតែ​បើក​ឡើងវិញ​នៅ​ឆ្នាំ​ ២០២២​។ ដោយឡែក​បច្ចុប្បន្ន​សហ​គម​ន៍​រទេះក្របី​មាន​បុគ្គលិក​ប្រុស​ស្រី​បម្រើការ​ចំនួន​ ២០​ នាក់​ ដោយបាន​បែងចែក​ជា​ផ្នែកៗ​។​

​ចំពោះ​រទេះ​សម្រាប់​ដឹក​ភ្ញៀវ​វិញ ​គឺ​នៅ​រក្សា​ទម្រង់​ជា​រទេះគោ​-​ក្របី​តាមបែប​ខ្មែរ​ដដែល ដោយ​គ្រាន់តែ​មានការ​ផ្លាស់ប្តូរ​ឈើ​តួ​រទេះ​ខ្លះ​ដោយសារ​ឈើ​រទេះ​សល់​ពីមុន​វា​ពុកផុយ​មិនអាច​ទ្រ​ទម្ងន់​បាន​។​លោក​បាន​បន្តថា បច្ចុប្បន្ន​សហគមន៍​មាន​រទេះក្របី​ចំនួន ​១៦ ​គ្រឿង ជា​កម្មសិទ្ធិ​របស់​សហ​គម​ន៍​សម្រាប់​ដឹក​ភ្ញៀវ​កម្សាន្ត​នៅតាម​ភូមិឋាន​របស់​អ្នកស្រុក​ដើម្បី​មើល​ទេសភាព​វាលស្រែ​និង​ចង់ឱ្យ​ភ្ញៀវ​បរទេស​ស្វែងយល់​ពី​ជីវិត​រស់នៅ​របស់​កសិក​រ​ខ្មែរ​ផង​។​នេះ​ជា​អ្វីដែល​សហគមន៍​បម្រើ​ដល់​ភ្ញៀវ​ដើម្បីឱ្យ​ពួកគាត់​មាន​អារម្មណ៍​ជា​មួយ​ធម្មជាតិ​និង​សហគមន៍​។​

​ចំពោះ​ការ​ជិះរទេះ​ក្របី​នេះ លោក ឆេង ឆោម បានឱ្យដឹង​ដែរ ភ្ញៀវ​អាចមាន​ពេល​ជិះរទេះ​លម្ហែ​អារម្មណ៍​បាន​៣០​នាទី ដោយ​ទទួល​បទពិសោធន៍​ជាមួយ​ធម្មជាតិ​ផ្ទាល់​នៅលើ​រទេះក្របី​តែម្តង​។ រីឯ​តម្លៃ​វិញ​ក្នុង​ភ្ញៀវ​បរទេស​ម្នាក់​ ២០​ ដុល្លារ ហើយ​ក្នុង​រទេះ ​១ ​គ្រឿង​អាច​ជិះ​បាន​ ៣ ​នាក់ តែ​បើជា​ភ្ញៀវ​ក្នុងស្រុក​វិញ សហគមន៍​យកតែ​ម្នាក់ ​៧ ​ដុល្លារ​ប៉ុណ្ណោះ​។

ក្រៅពីនោះ បន្ទាប់ពី​ចប់​ដំណើរ​កម្សាន្ត​រួច​សហគមន៍​ក៏មាន​ជា​នំ​ខ្មែរ​ដូចជា នំអន្សម​ និង​ផ្លែ​ឈើជូន​ភ្ញៀវ​បរិភោគ​ដោយ​មិន​គិតថ្លៃ​បន្ថែម​ទៀតឡើយ​។ ជា​ទម្លាប់​ខ្មែរ​ គឺ​ការ​ទឹម​រទេះគោ​ក្របី​គេ​ប្រើ​ ១ ​នឹម ​(​គោ ​ឬ​ក្របី​ ២​ ក្បាល​) តែ​សម្រាប់​សហគមន៍​នេះ​គឺ​ប្រើក្របី​តែ​ ១ ​ក្បាល​ទេ ហើយ​វា​អាច​អូស​រទេះ​បាន​ដូចគ្នា ហើយ​ការដែល​លោក​ធ្វើបែបនេះ ​គឺ​ដើម្បី​បង្ហាត់​ក្របី​ឱ្យ​វា​ចេះ​អូស​រទេះ​តែឯង​និង​មើលទៅ​ប្លែក​ភ្នែក​ផង​។​

​បើតាម​លោក ឆេង ឆោម សមាជិក​ខ្លះ​គាត់​មាន​ក្របី​ខ្លួន​គាត់ បើ​គាត់​មាន​ក្របី ​១ ​ក្បាល​ គឺ​សហគមន៍​គិត ​១ ​ខែ​ជូន​គាត់ ​៥០ ​ដុល្លារ ហើយ​បើ​គាត់​បរទេះ​ជូន​ភ្ញៀវ​ទៀត ​គឺ​សហគមន៍​ផ្តល់​ប្រាក់ខែ​ជូន​គាត់ ​១២០ ​ដុល្លារ​សរុប​ ១៧០​ ដុល្លារ​ ក្នុង​ ១ ​ខែ​។​

​ក៏ប៉ុន្ដែ​ប្រសិនបើ​អ្នកណា​មាន​ក្របី​ ១​ នឹម ហើយ​បរទេះ​ជូន​ភ្ញៀវ​ទៀត​នោះ​គឺ​គាត់​ទទួលបាន​ប្រាក់​ប្រចាំខែ​ ២២០​ ដុល្លារ​។​ ការងារ​នេះ​បើទោះជា​ខែ​ខ្លះ​មិនសូវមាន​ភ្ញៀវ​គ្មាន​ប្រាក់ចំណូល​គ្រប់គ្រាន់​ក្នុង​សហគមន៍​ក្តី​ក៏​ថៅកែ​កូរ៉េ​បើក​ជូន​គាត់​គ្រប់​ចំនួន​ដែរ​។​ដោយ​ក្នុង​បុគ្គលិក​ម្នាក់​ជា​មធ្យម​អាច​ដឹក​ភ្ញៀវ​បាន​ពី ​១ ​ជើង​ទៅ​ ២ ​ជើង តែមាន​ថ្ងៃ​ខ្លះ​បុគ្គលិក​ម្នាក់​មិនបាន​ដឹក​ភ្ញៀវ​បាន ​១ ​ជើង​ក៏មាន​។​ក្រៅពីនេះ​ដើម្បី​ជាការ​ទាក់ទាញ​អារម្មណ៍​ដល់​ភ្ញៀវ​ក៏មាន​រៀបចំ​ជា​សួនផ្កា​ឬ​ជា​ចម្ការ​ដំណាំ​ផ្សេងៗ​និង​មាន​ដាំ​ស្រូវ​បង្កើតជា​ទេស​ភាព​វាលស្រែ​សម្រាប់​ភ្ញៀវ​ទស្ស​​នា​តាម​រដូវ​កាល​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​សហ​​គម​ន៍​រទេះក្របី​បង្កើតឡើង​នេះ​មិន​សំដៅ​តែ​រកប្រាក់​ចំណូល​ទេ​តែ​ជាការ​ជួយ​ដល់​ពលរដ្ឋ​រស់នៅក្នុង ឬ​ជុំវិញ​សហគមន៍​ឱ្យមាន​ចំណូល​ចិញ្ចឹម​គ្រួសារ​។​ម្យ៉ាងទៀត​ចង់​អភិរក្ស​ប្រពៃណី​រទេះគោ​ក្របី​របស់​ខ្មែរ​យើង​ដែល​កំពុង​បាត់ទៅ​បន្តិច​ម្តងៗ​ផង ព្រោះ​ពីមុន​មកដល់​ឥឡូវ​នៅតែមាន​អ្នកដើរ​ទិញ​កង់រទេះ​និង​រទេះ​គោក្របី​យកទៅលក់​ឱ្យ​ប្រទេសជិតខាង​ទៀត​»​។​

​លោក​បាន​ថ្លែងថា សម្រាប់​ភ្ញៀវ​ជនជាតិ​កូរ៉េ​វ័យ​ចំណាស់ៗ​នៅពេល​គាត់​ឡើង​ជិះរទេះ​គាត់​សំពះ​ក្របី​សិន ហើយ​ពេល​គាត់​ចុះ​ពី​រទេះ​វិញ​គាត់​ក៏​សំពះ​ក្របី​ទៀត​។

សកម្មភាពដឹកភ្ញៀវតាមរទេះក្របីកាលពីថ្ងៃទី​ ៤ កុម្ភៈ។ រូបថត រដ្ឋបាលខេត្ដសៀមរាប

លោក​គិតថា ពួកគាត់​ប្រហែល​ចង់​អរគុណ​ ឬ​សុំ​ខ​មា​ទោស​ដល់​សត្វ​ក្របី​ដែល​បម្រើ​ពួកគាត់ ហើយ​ពេលខ្លះ​ភ្ញៀវ​កូរ៉េ​ជា​មនុស្ស​ចាស់​ខ្លះ​មាន​ទឹកភ្នែក​រលីងរលោង​ទៀតផង ពីព្រោះ​បើតាម​ភ្ញៀវ​ប្រាប់ថា ទិដ្ឋភាព​ជិះរទេះ​បែបនេះ​បាន​រំឭក​ពី​ជីវិត​ពិត​ដែល​ពួកគាត់​ធ្លាប់បាន​ឆ្លងកាត់​បទពិសោធ​ផ្ទាល់​នៅក្នុង​ជីវិត​។​

​លោក​ ធី​ម សេរី​វុ​ទ្ធ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ឱ្យដឹងថា នៅ​ខេត្តសៀមរាប​មាន​ផលិតផល​ទេសចរណ៍​ជាច្រើន​ទៀត​ក្រៅពី​ប្រាសាទ​អង្គរ​វត្ត ជាពិសេស​គឺ​បែប​ទេសចរណ៍​សហគម​ន៍​។ អ៊ីចឹង​ដំណើរការ​របស់​អ្នកបង្កើត​សហគមន៍​គឺ​ដូចជា​កម្មវិធី​ទេសចរណ៍​របស់​សហគម​ន៍​ដែរ ដូចជា​គាត់​រៀបចំ​ឱ្យមាន​ជា​រទេះគោ​រទេះក្របី​ឬក៏​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ទាក់​​ទាញ​ភ្ញៀវទេសចរ​ផង​និង​ដើម្បី​កសិករ​អាច​ទាញ​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​ពី​ក្នុង​សហ​គម​ន៍​របស់គាត់​ផង​។​

​លោក​ សេរី​វុ​ទ្ធ បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ខេត្តសៀមរាប​យើង​មាន​ទេសចរណ៍​សហគមន៍​ចំនួន​ ១៧ ​កន្លែង​គ្រាន់តែ​ថា អ្នកខ្លះ​គាត់​រៀបចំ​មាន​អ្វីៗ​ក្នុង​សហគមន៍​បាន​ហើយ តែ​មិនទាន់បាន​សុំ​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​។​ដូច្នេះ​ក្នុង​ខេត្ត​រៀប​មាន​ជា​ទ្រង់ទ្រាយ​បែប​ជា​ទេសចរណ៍​សហគមន៍​ហ្នឹង​បាន ​១៧ ទីតាំង​ហើយ​»​។​

​បើតាម​លោក សេរី​វុ​ទ្ធ តំបន់​ទេសចរណ៍​សហ​គម​ន៍​ទាំង​ ១៧​ ទីតាំង​នេះ​ក៏មាន​ការរៀប​ចំ​ខុសៗ​គ្នា​ទៅតាម​តំបន់​នីមួយៗ​ដោយ​ផ្អែកទៅលើ​សក្តានុពល​ដែលមាន​ស្រាប់ ពោលគឺ​បើ​តំបន់​នោះ​មានអី​ច្រើន​ស្រាប់​គឺ​គាត់​ធ្វើ​ហ្នឹង ទៅតាម​ផលិតផល​ជាក់ស្តែង​នីមួយៗ​របស់គាត់​ដូចជា កន្លែង​មាន​សក្ដានុពល​ផ្នែក​ព្រៃឈើ​ធម្មជាតិ មាន​ភ្នំ និង​មាន​ទឹកធ្លាក់​ជាដើម​។ និ​យាយ​ជារួម​ទៅ​គឺ​តំបន់​ដែលមាន​ភ្ញៀវទេសចរ​ទៅលេង​ស្រាប់ ហើយ​គ្រាន់តែ​គេ​រៀបចំ​កែច្នៃ​បន្ថែមទៀត​តែប៉ុណ្ណោះ​៕