ស្ទឹងត្រែងៈ កសិករម្នាក់បានអង្គុយរាប់លុយនៅតុឈើមូលពណ៌ក្រហម ដោយទឹកមុខសើចសប្បាយរីករាយ ខណៈកម្មករកំពុងញាប់ដៃញាប់ជើងនាំគ្នាលើកបាវស្រូវដាក់លើឡាន គឺជាសកម្មភាពលក់ដូរស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬហៅថា ស្រូវត្រយងដែលទើបប្រមូលផលបានកន្លងទៅថ្មីៗ។
ការដាំដុះស្រូវត្រយងត្រូវបានប្រជាពលរដ្ឋមួយចំនួនលើកឡើងថា បានផ្តល់អត្ថប្រយោជន៍ច្រើន ហើយងាយស្រួលលក់ដូរជាងការដាំដុះស្រូវតាមប្រពៃណីដែលពួកគាត់ធ្លាប់ធ្វើ។ កសិករដាំស្រូវត្រយងកាន់តែមានជីវភាពធូរធារជាងមុន ខណៈឆ្នាំថ្មីផលស្រូវលក់បានថ្លៃខ្ពស់ អំណោយផលដល់ការចាយវាយប្រចាំថ្ងៃ សល់ប្រាក់រៀបចំកែលម្អផ្ទះសំបែង ទិញរបស់របរប្រើប្រាស់ និងទិញសត្វចិញ្ចឹមបន្ថែមផង។
កំពុងជជែកគ្នានៅវាលស្រែពិនិត្យមើលទីតាំងជីកស្រះទឹកថ្មី លោក ផុន វណ្ណ អាយុ ៥០ ឆ្នាំ រស់នៅភូមិខិះក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បាននិយាយថា លោកបានប្តូរពីការដាំដុះស្រូវតាមទម្លាប់គ្មានបច្ចេកទេសច្បាស់លាស់ ប្រើប្រាស់ថ្នាំគីមី មកចូលរួមការដាំដុះស្រូវត្រយងដែលមានបច្ចេកទេសកសិកម្មត្រឹមត្រូវតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។
ការដាំដុះស្រូវត្រយងមានភាពងាយស្រួល និងមានប្រយោជន៍ច្រើន ថែមទាំងធ្វើឱ្យលោកមានអង្ករល្អសម្រាប់បរិភោគ ផ្ទុយពីមុន ដែលលោកបានដាំដុះស្រូវដោយប្រើជីគីមីច្រើន ហើយការលក់ដូរស្រូវក៏មិនសូវអំណោយផល។
លោកឱ្យដឹងថា នៅចុងឆ្នាំ ២០២៣ ថ្មីៗនេះលោកបានប្រមូលផលស្រូវត្រយងបានប្រមាណ ៦ តោន ក្នុងនោះមួយចំនួនលោកបានរក្សាទុកសម្រាប់ធ្វើស្បៀងពេញ ១ ឆ្នាំ ហើយក្រៅពីនោះលោកលក់បានថវិកាជាង ១០ លានរៀល។
និយាយពីអតីតកាលមុនធ្វើការដាំដុះស្រូវត្រយងនេះលោក ផុន វណ្ណ ប្រាប់ថា ជីវភាពគ្រួសាររបស់លោកមិនសូវជាល្អប្រសើរប៉ុន្មានទេ ប៉ុន្តែក្រោយពីបានដាំដុះស្រូវត្រយង លោកមានចំណូលកើនឡើង ហើយអាចសន្សំប្រាក់បានយកទៅទិញម៉ូតូថ្មីជិះ ទិញគោមេបាន ៤ ក្បាល និងរៀបចំចាក់សាប តសំយាបតុបតែងផ្ទះ ព្រមទាំងតភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។
លោកនិយាយថា៖ «ជីវភាពខ្ញុំពីមុនមិនធូរធារប៉ុន្មានទេខ្ញុំទទួលស្គាល់ថា ខ្លួនឯងមានជីវភាពខ្សត់ខ្សោយព្រោះគ្រួសារខ្ញុំ ក្របីគោក៏គ្មានលក់ដូចគេ ប៉ុន្តែពេលចូលសមាជិកស្រូវត្រយងហ្នឹងអាចមានដង្ហើមខ្លះ លក់ ១ឆ្នាំ ២-៣ តោន ឬ ៤-៥ តោន តក់ៗអ៊ីចឹងទៅ»។
កសិករវ័យ ៥០ ឆ្នាំរូបនេះបានឱ្យដឹងទៀតថា ការដាំដុះស្រូវត្រយង មិនមែនល្អតែសម្រាប់សុខភាព និងជីវភាពនោះទេ ប៉ុន្តែការដាំស្រូវនេះក៏បានចូលរួមក្នុងការការពារអភិរក្សធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃជាច្រើនផងដែរ។
លោកប្រាប់ថា ពីមុនប្រជាពលរដ្ឋជាច្រើន បានចូលព្រៃតំបន់អភិរក្សសៀមប៉ាង បរបាញ់សត្វ និងរកកាប់ឈើដើម្បីជីវភាព ប៉ុន្តែពេលនេះ មានប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ នាំគ្នាកែប្រែពីការចូលព្រៃមកធ្វើស្រែដាំស្រូវត្រយង រកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាព។
លោកថ្លែងថា៖ «កសិករនៅភូមិខ្ញុំចូលក្នុងគម្រោងដាំស្រូវត្រយងចង់ ៩០ ភាគរយ ខ្ញុំគិតថា គាត់ទទួលអត្ថប្រយោជន៍ច្រើនដែរ ក្នុងកសិករ ១ គ្រួសារៗ លក់ឡើងអ្នកខ្លះ ២-៣ តោន អ្នកខ្លះ ១ តោនឬ ១ តោនកន្លះហើយដូចជាខ្ញុំអី លក់បាន ៤-៥ តោនដែរឆ្នាំនេះ»។
ចំណែកអ្នកស្រី ចន្ទ ដារ៉ា អាយុ ២១ ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ បាននិយាយថា ការដាំដុះស្រូវសរីរាង្គ ឬស្រូវត្រយងនេះល្អជាងការដាំដុះស្រូវ ដែលធ្លាប់ធ្វើតាមទម្លាប់ ទី១ គឺស្រូវសរីរាង្គដាំបានផលហើយមិនពិបាកក្នុងការលក់ដូរ ពោលគឺមានទីផ្សារចាំទទួលយកស្រាប់ផ្ទុយពីការដាំដុះស្រូវតាមទម្លាប់ដាក់ជីគីមី គឺដាំបានហើយលក់មិនសូវបានថ្លៃ។ ទី២ គឺ ផលស្រូវសរីរាង្គល្អចំពោះសុខភាព ព្រោះគ្មានដាក់ថ្នាំគីមី ហើយជាក់ស្តែងផលដែលបានមកមួយចំណែកអាចលក់បានថ្លៃរីឯមួយចំណែកទៀតអាចរក្សាទុកជាស្បៀងពេញ ១ ឆ្នាំបាន។
អ្នកស្រីនិយាយថា៖ «កាលខ្ញុំដាំតាមទម្លាប់ពីមុន ក៏បានផលប្រហាក់ប្រហែលហ្នឹងដែរ ប៉ុន្តែខ្ញុំអត់បានលក់ ព្រោះឈ្មួញទិញថោក យើងទុកហូបខ្លួនឯងអ៊ីចឹងទៅ ប៉ុន្តែបើស្រូវសរីរាង្គនេះវិញ យើងលក់បានក្រែលដែរ ហើយនៅរក្សាការផ្គត់ផ្គង់ហូបចុកប្រចាំថ្ងៃបានដដែល»។
កសិករជានារីវ័យក្មេងរូបនេះប្រាប់ថា នាងបានចូលជាសមាជិកដាំដុះស្រូវត្រយង ប្រមាណ ៥ ឆ្នាំមកហើយ ដែលការដាំដុះប្រមូលផលស្រូវត្រយងនេះបានជួយឱ្យជីវភាពគ្រួសារអ្នកស្រីមានភាពល្អប្រសើរជាងមុន និងមានចំណូលបន្ថែមសម្រាប់ចំណាយប្រចាំថ្ងៃកាន់តែល្អជាងមុន។ ឆ្នាំនេះអ្នកស្រីបានប្រមូលផលស្រូវលក់បានជាង៣លានរៀល។
រីឯអ្នកស្រី សាន ស្រីនីម អាយុ ២៣ ឆ្នាំ កសិករនៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនិយាយថា៖«ការលក់ដូរស្រូវកាលពីមុនលក់ឱ្យឈ្មួញបានតិច តែដល់ពេលចូលជាសមាជិករបស់អង្គការលក់បានថ្លៃហើយ មានទីផ្សារស្រាប់ទៀត»។
អ្នកស្រី នីម បានការចូលជាសមាជិកដាំដុះស្រូវត្រយង តាំងពីឆ្នាំ ២០១៩ តាមរយៈការធ្វើជាសមាជិកនេះធ្វើឱ្យអ្នកស្រីចេះដឹងពីបច្ចេកទេសក្នុងការដាំដុះស្រូវសរីរាង្គបានល្អ ដែលនាំមកនូវចំណូលតាមរយៈការលក់ស្រូវមួយចំនួន ធ្វើឱ្យជីវភាពគ្រួសារបានល្អប្រសើរជាងមុនទោះបីមិនធូរធារខ្លាំង ប៉ុន្តែការដាំស្រូវត្រយងនេះងាយស្រួលជាងការដាំដុះមុន ចូលជាសមាជិក។
ស្រីនីមនិយាយថា៖ «ជីវភាពរាងធូរជាងមុន មិនមែនធូរណាស់ណាទេ ប៉ុន្តែគ្រាន់តែថា យើងធ្វើស្រែហ្នឹងវាអត់ពិបាកភ័យព្រួយ រឿងទីផ្សារ ហើយណាមួយយើងមានគេចុះបង្រៀនផង យើងទទួលបានចំណេះដឹង ហើយមួយទៀតយើងបានប្រាក់លើកទឹកចិត្តផង ធ្វើឱ្យជីវភាពយើងធូរមួយគ្រាៗអ៊ីចឹងទៅ»។
ប្រភពដដែលលើកឡើងថា ការចូលរួមដាំស្រូវត្រយងនេះ ជាការរួមចំណែកយ៉ាងធំក្នុងការរក្សាការពារសត្វព្រៃ និងព្រៃឈើទុកសម្រាប់អ្នកជំនាន់ក្រោយ។ ចូលរួមរក្សាព្រៃឈើ និងសត្វព្រៃត្រង់ថា តាមរយៈគម្រោងដាំដុះស្រូវត្រយង គឺមិនអាចប្រើប្រាស់ថ្នាំគីមី ជីគីមីចូលរុករានដីព្រៃ ឬបរបាញ់សត្វនោះទេ។ មួយវិញទៀតប្រជាកសិករដែលបានចូលរួមដាំដុះស្រូវត្រយងនេះក៏ទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯងផងដែរ ជាក់ស្តែងគឺទទួលបានសុខភាពល្អ ដោយមានអង្ករធម្មជាតិល្អសម្រាប់ទទួលទាន។
ស្រីនីមប្រាប់ថា កន្លងមកមានប្រជាពលរដ្ឋក្នុងភូមិបានចូលព្រៃដើម្បីដាក់អន្ទាក់ចាប់សត្វជ្រូកព្រៃ ប៉ុន្តែមិនមានបំណងធ្វើឱ្យវិនាសសត្វព្រៃនោះទេ គឺដោយសារតែជ្រូកព្រៃចេញមកបំផ្លាញស្រូវ។ យ៉ាងណាក៏ដោយ សត្វកម្រផ្សេងៗត្រូវបានពលរដ្ឋចូលរួមថែរក្សា ទោះមានអ្នកខ្លះគាត់មិនទាន់បានចូលរួមក្នុងការដាំដុះស្រូវត្រយងក៏ដោយ។
លោក កែវ សុជាតិ នាយកប្រតិបត្ដិ នៃអង្គការសន្សំម្លប់ព្រៃ បានឱ្យដឹងថា កសិករដាំដុះស្រូវត្រយងឆ្នាំ ២០២៣ កើនដល់ ២ ៣៧១ គ្រួសារ ខណៈឆ្នាំ ២០២២ មាន ១ ៥០០ គ្រួសារនៅតំបន់គោលដៅនៃខេត្តចំនួន ៤ គឺខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដើម្បីគាំទ្រផលិតផលស្រូវគ្មានជាតិគីមី ចូលរួមអភិរក្សព្រៃឈើ និងការពារសត្វព្រៃ។
ក្នុងឆ្នាំ ២០២៣ កសិករដាំដុះស្រូវត្រយង អាចលក់ស្រូវសរីរាង្គរបស់ខ្លួនបានតម្លៃខ្ពស់ជាងទីផ្សារប្រមាណ ៥៤ ភាគរយ ដែលមានតម្លៃចាប់ពី ១ ៨៥០ រៀល ដល់ ២ ០៥០ រៀល ក្នុង ១ គីឡូក្រាម។
លោកបញ្ជាក់ថា ការដាំដុះស្រូវត្រយងជួយឱ្យប្រជាកសិករមានទំនុកចិត្តខ្ពស់ដោយទទួលបានទីផ្សារច្បាស់លាស់ និងតម្លៃខ្ពស់បង្កើនចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ បានចូលរួមថែរក្សាការពារធនធានធម្មជាតិ កាត់បន្ថយការប្រែប្រួលអាកាសធាតុ ទទួលបានអាហារមានសុវត្ថិភាព ជាពិសេសគឺទទួលបានបច្ចេកទេសកសិកម្មថ្មីៗ។
លោកថា៖ «ការអនុវត្តគម្រោងស្រូវត្រយងបានជួយលើកកម្ពស់ជីវភាព និងជំរុញឱ្យប្រជាកសិករ ដែលរស់នៅក្នុងដែនជម្រកសត្វព្រៃ និងក្បែរតំបន់អភិរក្ស ចូលរួមក្នុងការការពារធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មតាមគោលការណ៍សរីរាង្គ ដែលមានទីផ្សារលក់ច្បាស់លាស់ និងតម្លៃខ្ពស់ និងគោរពតាមគោលការណ៍ការពារធនធានធម្មជាតិ និងសង្គ្រោះសត្វព្រៃ»។ លើសពីនេះការដាំដុះស្រូវសរីរាង្គ ឬស្រូវត្រយងនេះ ក៏បានជួយធានា សន្ដិសុខសុវត្ថិភាពស្បៀងអាហារក្នុងតំបន់គោលដៅផងដែរ។
បើតាមលោកសុជាតិ ការចូលជាសមាជិកដាំដុះស្រូវត្រយង គឺមិនគិតថ្លៃទេ ហើយគម្រោង នឹងផ្តល់ពូជស្រូវល្អដល់ប្រជាពលរដ្ឋសម្រាប់ដាំដុះ។ យ៉ាងណាក្តីលោកបញ្ជាក់ថា ការអនុវត្តគម្រោងស្រូវត្រយង គឺតម្រូវឱ្យកសិករ ដែលជាសមាជិកស្រូវត្រយងទាំងអស់ អនុវត្តតាមគោលការណ៍សំខាន់ៗដែលផ្សារភ្ជាប់ជាមួយការពារធនធានធម្មជាតិ ក្នុងនោះរួមមានទី១ គឺត្រូវដាំស្រូវត្រូវគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិត។
រីឯទី២ គឺគោលការណ៍ដាំដុះ ដែលមានបច្ចេកទេស និងមានការបង្ហាត់បង្រៀនពីសំណាក់មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវ ដែលដាំដុះទាំងអស់នោះត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញពីប្រទេសអ្នកបញ្ជាទិញស្រូវត្រយងនេះ។
ចំណែកទី៣ គឺប្រជាកសិករ ដែលបានដាំស្រូវត្រយង ដាច់ខាត ត្រូវប្រើប្រាស់ដី ដែលមិនមែនបានពីការកាប់ទន្ទ្រានកាន់កាប់ដីព្រៃ និងទី៤ ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ ពោលគឺមិនត្រូវចូលព្រៃបរបាញ់សត្វទេ។
តាមហ្វេសប៊ុករបស់អង្គការសន្សំម្លប់ព្រៃបានឱ្យដឹងថា ការប្រមូលទិញស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង នៅតាមតំបន់គោលដៅទាំង ៤ ឃើញថា ទិន្នផលស្រូវ មានការកើនឡើងលើសពីការរំពឹងទុកជាពិសេសផលិតផលស្រូវដែលលក់ចេញបានកើនឡើងរហូតដល់ ៧៦,៦ ភាគរយ បើធៀបទៅនឹងបរិមាណសរុបកាលពីឆ្នាំ ២០២២។ ផលិតផលស្រូវលក់ចេញកើនឡើង ដែលនាំឱ្យកសិករ ជាសមាជិកទទួលបានប្រាក់ចំណូលជាមធ្យមជិត ៣,៣ លានរៀលក្នុង ១ គ្រួសារ៕